ភរិយា​លោក នី ណាក់ ស្នើ​តុលាការ​ដោះលែង​ស្វាមី​មុន​ថ្ងៃ​ប្រកាស​សាលក្រម

រូបឯកសារ៖ លោក នី ណាក់ ផ្តល់​បទសម្ភាសន៍​ដល់​អ្នកសារព័ត៌មាន​​វីអូអេ នៅ​ក្បែរ​រូប​សំណាក​យាយ​ពេញ ក្បែរ​វត្ត​ភ្នំ ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)

នៅ​មុន​ថ្ងៃ​ប្រកាស​សាលក្រមលើ​សកម្មជនសង្គម​ជំនាញ​កសិកម្មលោក នី ណាក់ អ្នក​ស្រី សុខ ស៊ីណែត ដែល​ជា​ភរិយា​ ស្នើ​តុលាការដោះលែង​ស្វាមី​ឱ្យ​នៅ​ក្រៅ​ឃុំ​ ដោយ​អះអាង​ថា ស្វាមី​អ្នកស្រី​មាន​បញ្ហា​សុខភាព ​និង​ស្រក​ទម្ងន់ ១៥ ​គីឡូ​។

លោក នី ណាក់ ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី ​៥ ​ខែ​មករា​ ឆ្នាំ​ ២០២៤ ​ក្រោម​បទ​ចោទ​ «ការ​មិន​រាង​ចាល​ក្នុង​បទ​មជ្ឈិម បន្ទាប់​ពី​ការ​ផ្តន្ទាទោស​បទ​មជ្ឈិម​បរិហារ​កេរ្តិ៍​ជា​សាធារណៈ​ និង​ញុះញង់​ឱ្យមាន​ការ​រើស​អើង» ដែល​ប្តឹង​ដោយ​រដ្ឋមន្រ្តី​ក្រសួង​ការងារ លោក ​ហេង សួរ ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​សារ​នៅ​លើ​ហ្វេស​ប៊ុក​របស់​លោក។

សាលាដំបូង​រាជធានី​ភ្នំពេញ​នឹង​ប្រកាស​សាលក្រមលើ​សំណុំ​រឿង​របស់​លោក នៅ​ព្រឹក​ថ្ងៃ​ទី ២១ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ ខាង​មុខ​នេះ បន្ទាប់​ពី​បាន​ពន្យា​រ​ពេលតាំង​ពី​ថ្ងៃទី ២២ ខែ​សីហា ឆ្នាំ ​២០២៤​។ នេះ​បើ​តាម​ភរិយា​លោក នី ណាក់ និង​មេធាវី។

អ្នកស្រី សុខ ស៊ីណែត ភរិយា​របស់​លោក នី ណាក់ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារថា ក្រោយ​ស្វាមី​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​មណ្ឌល​កែប្រែទី៣ ខេត្ត​ត្បូង​ឃ្មុំ ​រយៈពេល​ជិត​មួយ​ឆ្នាំ​មក​នេះ​ ស្វាមី​របស់​ខ្លួន​ស្រក​គីឡូ​ពី​ ៨៣គីឡូ មកនៅ​ត្រឹម​តែ​ ៦៩គីឡូ​។ អ្នកស្រី​ថា មូល​ហេតុ​នៃ​ការ​ស្រក​គីឡូ​ ដោយ​សារ​តែ​ការ​ហូប​ចុក​មិន​គ្រប់គ្រាន់ សម្រាក​មិន​សូវ​បាន​ និងនោម​ញឹក។

ខណៈ​ថ្ងៃ​ប្រកាស​សាលក្រម​កាន់​តែ​ខិត​ជិត​មក​ដល់​ អ្នក​ស្រី សុខ ស៊ីណែត​ ស្នើសុំ​ឱ្យ​តុលាការ​ដោះ​លែង​ស្វាមី​ឱ្យ​នៅ​ក្រៅ​ឃុំ​ ដើម្បី​វិល​ត្រឡប់​មក​ប្រករបរ​កសិកម្ម​វិញ​។

អ្នកស្រី​ថ្លែងថា៖ «សំណូមពរ​ឱ្យ​តុលាការ​ដោះលែង​គាត់​ឱ្យ​បាន​នៅ​ក្រៅ​ឃុំ​ ឱ្យ​គាត់​បាន​បន្ត​កិច្ចការ​របស់​គាត់​ដូចជា​ចំណេះជំនាញ​ផ្នែកសិកម្ម​របស់​គាត់​។ បើ​បន្ត​ដាក់​ឃុំ​គាត់​នៅ​ក្នុង​ហាក់​ដូចជា​ ចំណេះ​ជំនាញ​ដែល​គាត់​ធ្លាប់​ជួយ​ប្រជាកសិករ​កន្លង​មក​ហ្នឹង​វា​ដូច​ជា​កប់​ទៅ​តាម​គាត់​នៅ​ក្នុង​គុក​។ វា​អត់​មាន​ផល​អី​ចំណេញ​ដល់​សង្គម​ជាតិ​ទេ។ បើដោះលែង​គាត់​ទៅ​ ឱ្យ​គាត់​បាន​នៅ​ក្រៅ​ឃុំ​បន្ត​កិច្ចការ​របស់​ជួយ​សង្គម​ជាតិ​ផ្នែក​កសិកម្ម​ ជួយ​ផ្តល់​ចំណេះជំនាញ​ដល់​កសិករ​ ដែល​តែងតែ​ស្រឡាញ់​រាប់អាន​គាត់ ​ដែល​ទទួល​បាន​ចំណេះដឹង​ពី​គាត់​កន្លង​មក​។​ សង្ឃឹម​ថា​អ៊ីចឹង»។

មេធាវីការ​ពារ​ក្តី​ឱ្យ​លោក នី ណាក់ លោក ជូង ជូងី សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ ដោយ​ប្រាប់​ឱ្យរងចាំ​លទ្ធផល​នៃ​ការ​ប្រកាស​សាលក្រម​នា​ថ្ងៃទី ២១ ខែវិច្ឆិកា ខាងមុខ​នេះ។​

វីអូអេមិន​អាច​សុំ​ការ​អត្ថាប្បាយ​ពី​ លោក អ៊ី រិន្ទ អ្នក​នាំ​ពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​នៅ​ឡើយ​ទេ។

លោក កត្តា អ៊ន អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​ ប្រាប់​វីអូអេ​នៅ​ថ្ងៃអង្គារថា​ តុលាការ​មាន​ចំណាត់​ការ​ដោយ​អនុលោម​តាម​អង្គហេតុ និង​អង្គច្បាប់​។ លោក​បន្ត​ថា ​ការ​សម្រេច​បែប​ណា ​គឺជា​ឆន្ទានុ​សិទ្ធិ​របស់​ចៅក្រម​។​

លោក​ក៏ធ្លាប់​ប្រាប់​វីអូអេ​កាល​ពី​កន្លង​ទៅ​ថា លោក ​នី ណាក់ ​បាន​ផ្សព្វ​ផ្សាយ​«ព័ត៌មាន​មិន​ពិត​ មាន​ចេតនា​ទុច្ចរិត​ក្នុង​ការ​ញុះញង់» ​បណ្តាល​ឱ្យ​ប៉ះពាល់​កិត្តិយស​សេចក្តី​ថ្លៃ​ថ្នូរ​របស់​លោក ​ហេង សួរ ពាក់ព័ន្ធ​នឹង​ការ​ចោទថា​មានការ​កាត់ដី​ចំនួន​ ១០០ ​ហិកតា​នៅ​ខេត្ត​កំពត ​ផ្តល់​ទៅ​ឈ្មោះ ​ហេង សួរ ដែល​ឈ្មោះ​នេះ ​មិន​មែន​ជា​រដ្ឋមន្រ្តី​ក្រសួង​ការងារ​នោះ​ទេ។

លោក នី ណាក់ ជាម្ចាស់​គណនី​សង្គម​ហ្វេសប៊ុក​ឈ្មោះ ​IMan-KH ​ដែល​មាន​ជំនាញ​ក្នុង​វិស័យ​កសិកម្ម និងតែង​តែ​រិះគន់​ចំណុច​អវិជ្ជ​មាន​នានាក្នុង​សង្គម ​ជា​ពិសេស​ពាក់​ព័ន្ធ​នឹង​វិស័យ​កសិកម្ម។

លោក នី សុខា ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក យល់ថា ការ​ឃុំ​ខ្លួន​លើ​អ្នក​បញ្ចេញ​មតិ​មិន​ចំណេញ​សម្រាប់​រដ្ឋាភិបាល​ទេ។ លោក​ថា ​ការ​បញ្ចេញ​មតិ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​មាន​ការ​បើក​ទូលាយ​សម្រាប់​ប្រជាពលរដ្ឋ​ដើម្បី​ចូលរួម​ឆ្លុះ​បញ្ចាំង​ភាព​ខ្វះខាត​ទៅ​រដ្ឋាភិបាល។

លោក​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​ថា៖ «យើង​នៅ​តែ​មាន​ការ​ទទួច​ស្នើ​ទៅ​ឱ្យ​រដ្ឋាភិបាល​ ពិសេស​គឺ​តុលាការ​ធ្វើ​យ៉ាង​ណា​ ធ្វើ​ការ​ដោះ​លែង​អ្នក​ដែល​ជាប់​ចោទ អ្នក​ដែល​ជាប់​ឃុំ​ដោយសារ​ការ​ប្រើប្រាស់​សេរីភាព​ក្នុង​បញ្ចេញ​មតិ​ឱ្យ​មាន​សេរីភាព​ឡើង​វិញ​ ដើម្បី​ឱ្យ​គាត់​ចូល​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​សង្គម​ជា​មួយ​គ្នា​បន្ត​ទៀត​។ សម្រាប់​បញ្ហា​លោក នី ណាក់ ក៏​មិន​ខុស​គ្នា​ដែរ​។ ខ្ញុំ​គិត​ថា ការ​ឃុំ​ខ្លួន​លោក​ នី ណាក់ មិន​មាន​អី​ចំណេញ​សម្រាប់​រដ្ឋាភិបាល​ទេ»។

លោក នី ណាក់ ​ធ្លាប់​ជាប់​ពន្ធនាគារ ១៨ ​ខែ ​ពី​បទ ​«ជេរ​ប្រមាថ​ជា​សាធារណៈ និង​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍»​ កាល​ពី​ចុង​ឆ្នាំ​ ២០២០ ​ពាក់​ព័ន្ធ​នឹង​ការ​បង្ហោះ​សារ​លើ​បណ្តាញ​ទំនាក់​ទំនង​សង្គម​ហ្វេសប៊ុក​ក្នុង​លក្ខណៈ​កំប្លែង​ រឿង​ទិញ​ម៉ាស់​ពាក់​ឱ្យ​មាន់​ អំឡុង​ពេល​មាន​ការ​ឆ្លង​រាត​ត្បាត​ជំងឺ​កូវីដ​១៩៕