ហេតុអ្វី​បាន​ជា​ហ្វីលីពីន​ប្រាប់​នាវា​នេសាទ​របស់​ខ្លួន​ឲ្យ​នេសាទ​នៅ​កន្លែង​ដែល​ចិន «ហាមឃាត់»?

  • Ralph Jennings

រូប​ឯកសារ៖ រូបថត​ទទួល​បាន​ពី​កងទ័ព​ជើង​គោក​ហ្វីលីពីន​នេះ បង្ហាញ​ទង់ជាតិ​ហ្វីលីពីន​បក់​​នៅ​លើ​នាវា​ល្បាត​​មួយ​នៅ​ជិត​ប្រជុំ​កោះ Spratly ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។

រដ្ឋាភិបាល​ហ្វីលីពីន​បាន​ចាត់​វិធានការ​មួយ​ទៀត​ប្រឆាំង​នឹង​ប្រទេស​ចិន​កាលពី​ពេល​ថ្មីៗ​នេះ ដោយ​បាន​ប្រាប់​នាវា​នេសាទ​របស់​ខ្លួន​ឲ្យ​ធ្វើ​ព្រងើយ​កន្តើយ​ចំពោះ​ការ​ហាមឃាត់​ការ​នេសាទ​ប្រចាំ​ឆ្នាំ​របស់​រដ្ឋាភិបាល​ចិន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ដែល​នៅ​ទី​នោះ ប្រទេស​ទាំង​ពីរ​មាន​ជម្លោះ​ដែនទឹក​ជាមួយ​គ្នា។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ប្រទេស​ហ្វីលីពីន​បាន​រាយការណ៍​ថា ក្រុម​ការងារ​សមុទ្រ​ចិន​ខាង​ត្បូង​របស់​រដ្ឋាភិបាល​ហ្វីលីពីន​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ទី ៤ ខែ​ឧសភា​កន្លង​ទៅ​នេះ​ថា ការ​ហាមឃាត់​ការ​នេសាទ​នៅ​ឆ្នាំ​នេះ «មិន​អនុវត្ត​ចំពោះ​អ្នក​នេសាទ​របស់​ហ្វីលីពីន​នោះ​ទេ»។

វិបសាយ​ព័ត៌មាន Philstar.com បាន​រាយការណ៍​ថា មន្ត្រី​រដ្ឋាភិបាល​ហ្វីលីពីន​បាន «លើក​ទឹកចិត្ត» នាវា​នេសាទ​របស់​ខ្លួន​ឲ្យ​ធ្វើ​ការ​នេសាទ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។

ការ​ហាមឃាត់​របស់​ចិន​ដែល​បាន​ធ្វើ​ឡើង​ដោយ​ឯកតោភាគី​ចាប់​ពី​ឆ្នាំ ១៩៩៩ មក នៅ​ផ្នែក​ខាង​ជើង​នៃ​សមុទ្រ​ចិន​ខាងត្បូង​នេះ បាន​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី ១ ខែ​ឧសភា កន្លង​មក រហូត​ដល់​ថ្ងៃ​ទី ១៦ ខែ​សីហា​ខាង​មុខ ក្នុង​គោលបំណង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​អេកូឡូស៊ី​របស់​សមុទ្រ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ Xinhua របស់​ចិន​កាលពី​ខែ​មុន។

ទីភ្នាក់ងារ​ព័ត៌មាន​នេះ​បាន​បន្ថែម​ថា នាវា​ចិន​ជាង ៥០.០០០ គ្រឿង​នឹង​ផ្អាក​ប្រតិបត្តិការ​របស់​ខ្លួន។

អារម្មណ៍​ប្រឆាំង​ចិន​កើនឡើង

អ្នក​ជំនាញ​នានា​បាន​និយាយ​ថា ការ​កើនឡើង​នៃ​សម្ពាធ​របស់​សាធារណជន​នៅ​ហ្វីលីពីន​នៅ​ក្នុង​ការ​ប្រឆាំង​នឹង​ប្រទេស​ចិន​បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ហ្វីលីពីន​ច្រានចោល​ការ​ហាម​ឃាត់​របស់​ចិន​នេះ​ជា​សាធារណៈ។

អ្នក​ជំនាញ​បាន​បន្ថែម​ថា ការ​ធ្វើ​ដូច្នេះ​ផ្ដល់​នូវ​ប្រយោជន៍​សក្តានុពល​មួយ​ចំពោះ​វិស័យ​នេសាទ​ក្នុង​ប្រទេស​ហ្វីលីពីន ដែល​ផ្តល់​ការងារ​ដល់​មនុស្ស​ប្រមាណ ២ លាន​នាក់។

ប្រធានាធិបតី​ហ្វីលីពីន​លោក Rodrigo Duterte បាន​បង្កើត​មិត្តភាព​ថ្មី​ជាមួយ​នឹង​រដ្ឋាភិបាល​ចិន​កាលពី​ឆ្នាំ ២០១៦ ដោយ​បាន​ទុក​បញ្ហា​ជម្លោះ​អធិបតេយ្យភាព​មួយ​ឡែក ប៉ុន្តែ​នាវា​របស់​ចិន​នៅតែ​បន្ត​មាន​វត្តមាន​នៅ​ក្នុង​ដែន​ទឹក​ដែល​ទាមទារ​ដោយ​រដ្ឋាភិបាល​ក្រុង​ម៉ានីល​ដដែល។

សម្ព័ន្ធមិត្ត​នយោបាយ​របស់​លោក Duterte ដែល​មាន​គម្រោង​ប្រជែង​យក​តំណែង​ប្រធានាធិបតី​នៅ​ឆ្នាំ​ក្រោយ បន្ទាប់ពី​លោក Duterte ចប់​អាណត្តិ​របស់​ខ្លួន ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ធ្វើ​តាម​គំនិត​របស់​សាធារណជន​ទាក់ទិន​នឹង​បញ្ហា​ជាមួយ​នឹង​ប្រទេស​ចិន​នេះ។

រូប​ឯកសារ៖ ក្រុម​បាតុករ​ដង្ហែ​ក្បួន​ទៅ​កាន់​ស្ថាន​កុងស៊ុល​ចិន​នៅ​ក្រុង​រណប Makati ក្បែរ​រដ្ឋធានី​ម៉ានីល ​ប្រទេស​ហ្វីលីពីន កាល​ពី​ថ្ងៃ​ទី​៩ ខែ​មេសា ឆ្នាំ​២០១៩។

លោក Eduardo Araral សាស្ត្រាចារ្យ​មហាវិទ្យាល័យ​គោល​នយោបាយ​សាធារណៈ​នៃ​សាកលវិទ្យាល័យ​ជាតិ​សិង្ហបុរី (National University of Singapore) បាន​ថ្លែង​ថា៖ «មាន​កម្តៅ​នយោបាយ​ជា​ច្រើន ដូច្នេះ​រដ្ឋាភិបាល​ហ្វីលីពីន​ត្រូវ​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​គេ​យល់​ឃើញ​ថា ខ្លួន​ទទួល​យក​សម្ពាធ​របស់​ចិន​ដោយ​មិន​មាន​ការ​តវ៉ា​នោះ»។

លោក Jay Batongbacal សាស្ត្រាចារ្យ​កិច្ចការ​សមុទ្រ​អន្តរជាតិ​នៃ​សាកលវិទ្យាល័យ University of the Philippines នៅ​ក្នុង​ទីក្រុង Quezon ប្រទេស​ហ្វីលីពីន បាន​បញ្ជាក់​ថា ប្រតិបត្តិករ​នាវា​នេសាទ​នានា​ចង់​ឲ្យ​រដ្ឋាភិបាល​ហ្វីលីពីន​ប្រកាន់ «ជំហរ​រឹងមាំ​ខ្លាំង​ជាង​នេះ» លើ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង។

លោក​បាន​បន្ត​ថា ប្រតិបត្តិករ​ទាំង​នោះ​បាន​ត្អូញត្អែរ​ថា ពួកគេ​កម្រ​ឃើញ​កងទ័ព​ជើង​ទឹក ឬ​កង​ឆ្មាំ​ការពារ​ដែន​សមុទ្រ​របស់​ប្រទេស​ខ្លួន​ណាស់។ នាវា​កងទ័ព​ជើង​ទឹក​ហ្វីលីពីន​ចំនួន ៤ គ្រឿង បាន​ចេញ​ដំណើរ​កាលពី​ពេល​ថ្មីៗ​នេះ​ទៅ​គាំទ្រ​នាវា​នេសាទ​នានា​របស់​ហ្វីលីពីន​នៅ​ប្រជុំ​កោះ Spratly នៃ​សមុទ្រ​ចិន​ខាងត្បូង។

លោក Batongbacal បាន​បន្ថែម​ដូច្នេះ​ថា៖ «ដោយសារតែ​មាន​សម្ពាធ​កាន់តែ​ខ្លាំង​ឡើង​ពី​សាធារណជន រដ្ឋាភិបាល​ហ្វីលីពីន​បាន​ឆ្លើយតប​ដោយ​បញ្ជូន​នាវា​ទៅ​ទីនោះ​ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​នូវ​វត្តមាន​របស់​ខ្លួន និង​ដើម្បី​លើក​ទឹក​ចិត្ត​អ្នក​នេសាទ​ឲ្យ​ធ្វើ​ការ​នេសាទ»។

ប្រទេស​ចិន​ទាមទារ​ប្រមាណ ៩០% នៃ​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​មាន​ទំហំ ៣ លាន ៥ សែន​គីឡូម៉ែត្រ​ការ៉េ។ ប្រទេស​នេះ​គឺជា​ប្រទេស​ដែល​មាន​យោធា​ទំនើប​បំផុត​ក្នុង​ចំណោម​រដ្ឋាភិបាល​ទាំង ៦ ដែល​ទាមទារ​អធិបតេយ្យភាព​នៅ​ក្នុង​ដែន​សមុទ្រ​នេះ។

ប្រទេស​ព្រុយណេ ម៉ាឡេស៊ី វៀតណាម និង​កោះ​តៃវ៉ាន់​ក៏​បាន​ទាមទារ​កាន់កាប់​ផ្នែក​ខ្លះ ឬ​ទាំង​ស្រុង​នៃ​សមុទ្រ​ចិន​ខាង​ត្បូង​នេះ​ផងដែរ។ ភាគី​ជម្លោះ​ទាំង​នេះ​ផ្តល់​តម្លៃ​ដល់​ផ្លូវ​ទឹក​មួយ​នេះ ដោយសារតែ​វា​សម្បូរ​ធនធាន​ត្រី​និង​ប្រេង​ឥន្ធនៈ។

តំបន់​ហាមឃាត់​របស់​ចិន​នេះ​មាន​រួម​បញ្ចូល​ទាំង​ដែន​ទឹក​ដែល​ប្រើប្រាស់​ដោយ​តៃវ៉ាន់ ម៉ាឡេស៊ី និង​ហ្វីលីពីន​ផងដែរ។

ទំនាក់ទំនង​ស្តួចស្តើង

លោក Duterte បាន​ធ្វើ​ទស្សនកិច្ច​ទៅកាន់​ទីក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី​ឆ្នាំ ២០១៦ ដោយ​ទុក​បញ្ហា​អធិបតេយ្យភាព​ចោល​មួយ​ឡែក។ ក្រោយ​មក រដ្ឋាភិបាល​ចិន​បាន​សន្យា​ផ្តល់​ថវិកា​ចំនួន ២៤ ពាន់​លាន​ដុល្លារ​អាមេរិក តាម​រយៈ​ប្រាក់​ជំនួយ​និង​ការ​វិនិយោគ​ដល់​ប្រទេស​ហ្វីលីពីន។

ប៉ុន្តែ លោក Duterte បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ហ្វីលីពីន​មាន​កំហឹង​ចាប់​តាំងពី​ពេល​ដែល​លោក​បាន​ធ្វើ​ទស្សនកិច្ច​នោះ​មក ដោយ​លោក​បាន​និយាយ​ថា ចិន​មាន​កម្លាំង​ខ្លាំងក្លា​ណាស់​នៅ​លើ​ផ្ទៃ​សមុទ្រ​ដែល​ធ្វើ​ឲ្យ​ហ្វីលីពីន​មិន​អាច​ប្រឆាំង​បាន។

លោក Araral បាន​និយាយ​ថា មន្ត្រី​រដ្ឋាភិបាល​ហ្វីលីពីន​មិន​បាន​និយាយ​អ្វី​ច្រើន​ទេ​អំពី​ការ​ហាមឃាត់​ការ​នេសាទ​របស់​ចិន​កាលពី​មុន។ នាវា​នេសាទ​ហ្វីលីពីន​ដឹង​ថា​កន្លែង​ណា​មាន​សុវត្ថិភាព​និង​កន្លែង​ណា​ដែល​មិន​មាន​សុវត្ថិភាព បន្ទាប់ពី​មាន​ការ​ហាមឃាត់​អស់​ជាច្រើន​ឆ្នាំ​មក។

រូប​ឯកសារ៖ នៅ​ក្នុង​រូបថត​ផ្តល់​ឱ្យ​ដោយ​កង​ឆ្មាំ​សមុទ្រ​ហ្វីលីពីន​នេះ កង​ឆ្មាំ​សមុទ្រប្រើ​អូប័រ​ល្បាត​ក្បែរ​នាវា​ចិន​នៅ​តំបន់ Whitsun Reef ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មេសា ឆ្នាំ​២០២១។

ប្រទេស​ចិន​បាន​បង្ក​ឲ្យ​មាន​អរិភាព​ជា​សាធារណៈ​តាមរយៈ​ការ​អនុញ្ញាត​ឲ្យ​នាវា​នេសាទ​រាប់​រយ​គ្រឿង​របស់​ខ្លួន​ឆ្លងកាត់​ក្បែរ​កោះ​ដែល​គ្រប់គ្រង​ដោយ​ហ្វីលីពីន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​យ៉ាង​ហោច​ណាស់​ក៏​ពីរ​ដង​ដែរ។

នាវា​តូចៗ​រហូត​ដល់ ២២០ គ្រឿង​បាន​ចត​នៅ​តំបន់​ថ្ម​ប៉ប្រះ​ទឹក Whitsun Reef នៅ​ក្នុង​ប្រជុំ​កោះ Spratly កាលពី​ខែ​មីនា។ មន្ត្រី​ហ្វីលីពីន​បាន​ទាមទារ​ឲ្យ​នាវា​ទាំង​នោះ​ចាកចេញ​ពី​តំបន់​ដែល​មិន​មាន​ការ​កាន់កាប់​នេះ។

ហ្វីលីពីន​មិន​ដែល​ចាត់ទុក​ចិន​ថា​ជា​មិត្ត​នោះ​ទេ​នៅ​មុន​ឆ្នាំ ២០១៦ ដោយ​ខ្លួន​បាន​ចង​សម្ព័ន្ធមិត្ត​ផ្នែក​យោធា​ជាមួយ​សហរដ្ឋ​អាមេរិក​ចាប់​តាំងពី​ទសវត្សរ៍ ១៩៥០ មក។ នៅ​ពេល​នេះ មន្ត្រី​រដ្ឋាភិបាល​ហ្វីលីពីន​មាន​បំណង​រក្សា​ទុក​កិច្ច​ព្រមព្រៀង​ទស្សនកិច្ច​យោធា (Visiting Forces Agreement) ជាមួយ​នឹង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​នៅ​ឆ្នាំ​នេះ​ដដែល ទោះបីជា​លោក Duterte ធ្លាប់​បាន​សន្យា​ថា​នឹង​លុប​វា​ចោល​ក៏ដោយ។

លោក Collin Koh អ្នក​ស្រាវជ្រាវ​ផ្នែក​សន្តិសុខ​ដែន​សមុទ្រ​នៃ​សាកលវិទ្យាល័យ​បច្ចេកវិទ្យា Nanyang នៅ​ក្នុង​ប្រទេស​សិង្ហបុរី បាន​ថ្លែង​ថា៖ «សម្រាប់​លោក Duterte នេះ​គឺជា​ឱកាស​មួយ​ក្នុង​ការ​បង្ហាញ​ថា លោក​នៅតែ​មាន​ឆន្ទៈ​ប្រឆាំង​នឹង​ចិន​តាម​វិធី​ដែល​លោក​យល់​ថា​សក្តិសម»។

ចិន​ត្រូវ​បាន​រំពឹង​ថា​នឹង​បន្ថយ​ឥទ្ធិពល​របស់​ខ្លួន

ប្រទេស​ចិន​មិន​បាន​ប្រឆាំង​នឹង​រដ្ឋាភិបាល​ហ្វីលីពីន​ជា​សាធារណៈ​នោះ​ទេ ទាក់ទិន​នឹង​ករណី​ដែល​រដ្ឋាភិបាល​ហ្វីលីពីន​បាន​ជំរុញ​នាវា​នេសាទ​របស់​ខ្លួន​មិន​ឲ្យ​គោរព​តាម​ការ​ហាមឃាត់​របស់​ចិន។ លោកAraral ថា ចិន​ប្រហែលជា​គ្រាន់តែ​ស្នើ​ឲ្យ​នាវា​ទាំង​នោះ​ចាកចេញ​ពី​តំបន់​ហាមឃាត់​តែ​ប៉ុណ្ណោះ ជាជាង​រឹបអូស​យក​នាវា​ទាំង​នោះ​ដែល​អាច​ធ្វើ​ឲ្យ​ហ្វីលីពីន​កាន់តែ​ខឹង​ខ្លាំង​ជាង​មុន។

ទំនាក់ទំនង​ប្រេះស្រាំ​រវាង​ចិន​និង​ហ្វីលីពីន​អាច​នឹង​រុញច្រាន​រដ្ឋាភិបាល​ក្រុង​ម៉ានីល​ឲ្យ​កាន់តែ​ជិតស្និទ្ធ​នឹង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន។ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មិន​ពេញចិត្ត​នឹង​វត្តមាន​របស់​សហរដ្ឋ​អាមេរិក​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​នោះ​ទេ ទោះបីជា​សហរដ្ឋ​អាមេរិក​មិន​មាន​ការ​ទាមទារ​ដែន​ទឹក​នៅ​ទីនោះ​ក៏ដោយ។

លោក Aaron Rabena អ្នក​ស្រាវជ្រាវ​នៃ​អង្គការ Asia-Pacific Pathways to Progress Foundation នៅ​ក្នុង​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន បាន​និយាយ​ថា ចិន​ប្រហែលជា​អាច​ប្រាប់​នាវា​នេសាទ​របស់​ខ្លួន​ឲ្យ​ចាកចេញ​ពី​តំបន់​ថ្ម​ប៉ប្រះ​ទឹក Whitsun Reef និង​អនុញ្ញាត​ឲ្យ​អ្នក​នេសាទ​ហ្វីលីពីន​ធ្វើ​ការ​នេសាទ​នៅ​ក្នុង​តំបន់​ហាមឃាត់​នោះ។

លោក​បាន​បញ្ជាក់​ដូច្នេះ​ថា៖ «ស្ថានការណ៍​អាច​នឹង​មាន​ស្ថិរភាព​គ្រាន់បើ ប្រសិនបើ​នាវា​នេសាទ​ដក​ចេញ​ពី​តំបន់​នោះ ហើយ​ចិន​មិន​អនុវត្ត​ការ​ហាមឃាត់​ការ​នេសាទ​នោះ​មក​លើ​ហ្វីលីពីន»៕