វិមានសភាជាតិអាមេរិក — លោក Donald Trump ជាប្រធានាធិបតីទី៣ក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិកដែលត្រូវរងការចោទប្រកាន់ទម្លាក់ពីតំណែងផ្អែកលើបទល្មើសជាក់លាក់ដែលថា លោកបានរំលោភអំណាចនៃការិយាល័យរបស់លោក។
រដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិកមិនបញ្ជាក់ដោយចំៗទេថា ការរំលោភអំណាចជាមូលហេតុមួយដែលសភា Congress របស់សហរដ្ឋអាមេរិកអាចទម្លាក់ប្រធានាធិបតីមួយរូបបាន។ ជំនួសវិញ រដ្ឋធម្មនុញ្ញបានចែងពីមូលហេតុ «ក្បត់ជាតិ ស៊ីសំណូក បទឧក្រិដ្ឋធ្ងន់ធ្ងរ និងបទល្មើសមជ្ឈិម»។
អ្នកតាក់តែងច្បាប់ពីខាងគណបក្សប្រជាធិបតេយ្យ អ្នកជំនាញផ្នែកច្បាប់ជាច្រើន និងករណីយុត្តិសាស្ត្រនៅក្នុងនីតិវិធីទម្លាក់ប្រធានាធិបតីពីតំណែងក្នុងពេលកន្លងមក គាំទ្រនីតិវិធីនៅពេលបច្ចុប្បន្ននេះ។
លោកប្រធានាធិបតី Trump ថា លោកមិនបានធ្វើអ្វីខុសទេ ហើយថា ការចោទប្រកាន់របស់អ្នកតំណាងរាស្ត្រពីខាងគណបក្សប្រជាធិបតេយ្យជា «បទចោទទម្លាក់ពីតំណែង ដែលមិនគួរឲ្យជឿបាន យ៉ាប់យឺន និងគួរឲ្យអស់សំណើច»។
តើបទចោទ Articles of Impeachment និយាយអ្វីខ្លះអំពីការរំលោភអំណាចរបស់លោក Trump?
បទចោទអំពីការរំលោភអំណាចនេះ ផ្អែកសំខាន់ទៅលើការចោទប្រកាន់ថា លោក Trump បានកំណត់ឲ្យ មានការបញ្ចេញថវិកា ៣៩១លានដុល្លារ ជាជំនួយយោធាទៅឲ្យប្រទេសអ៊ុយក្រែន និងជំនួបមួយនៅសេតវិមានសម្រាប់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ដើម្បីជាថ្នូរនឹងប្រទេសអ៊ុយក្រែនប្រកាសការស៊ើបអង្កេតគូប្រជែងរបស់លោក Trump នៅក្នុងការបោះឆ្នោតឆ្នាំ២០២០ គឺលោក Joe Biden និងកូនប្រុសរបស់លោកឈ្មោះ Hunter Biden។
បទចោទករណីទីមួយ ដែលត្រូវបានអ្នកតំណាងរាស្ត្រខាងគណបក្សប្រជាធិបតេយ្យស្នើឡើងកាលពីថ្ងៃទី១០ ខែធ្នូ បានចែងថា៖ «ប្រធានាធិបតី Trump បានចូលរួមនៅក្នុងគ្រោងការណ៍នេះ ឬ ការប្រព្រឹត្តមួយដើម្បីសម្រេចបំណងបែបពុករលួយ ក្នុងគោលដៅទទួលប្រយោជន៍ខាងនយោបាយ»។
បទចោទនេះបន្តថា «ក្នុងការប្រព្រឹត្តនេះ លោកប្រធានាធិបតី Trump បានប្រើអំណាចនៃតំណែងប្រធានាធិបតី ក្នុងរបៀបមួយដែលធ្វើឲ្យខូចដល់សន្តិសុខជាតិនៃសហរដ្ឋអាមេរិក និងធ្វើឲ្យខូចខាតដល់បូរណភាពនៃដំណើរការប្រព័ន្ធប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក។ ដូច្នេះលោក (Trump) មិនអើពើនិងធ្វើឲ្យខូចខាតដល់ផលប្រយោជន៍ប្រទេសជាតិ»។
ហេតុអ្វីបានជា«ការរំលោភអំណាច» ស្ថិតនៅក្នុងប្រភេទ «បទឧក្រិដ្ឋធ្ងន់ធ្ងរ និងបទល្មើសមជ្ឈិម»?
ខណៈដែលអ្នកតាក់តែងរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិកមិនបានចែងចំៗអំពីករណីរំលោភអំណាច ថាជាបទល្មើសដែលអាចទម្លាក់ពីតំណែងបាន តំណាងរាស្ត្រពីខាងគណបក្សប្រជាធិបតេយ្យបានជជែកអះអាងកាលពីសប្តាហ៍មុនថា ស្ថាប័នសភាសហរដ្ឋអាមេរិកត្រូវបានប្រគល់អំណាចឲ្យដកប្រធានាធិបតីពីតំណែងក្នុងករណីមានស្ថានភាពបែបនេះ។
លោក Adam Schiff ប្រធានគណៈកម្មាធិការស៊ើបការណ៍សម្ងាត់នៃរដ្ឋសភា ថ្លែងកាលពីថ្ងៃទី១០ ខែធ្នូ ក្នុងពេលធ្វើការបង្ហាញអំពីបទចោទពីរករណី (Articles of Impeachment) ថា៖ «អ្នកតាក់តែងរដ្ឋធម្មនុញ្ញ[សហរដ្ឋអាមេរិក] បានមើលឃើញថា នៅថ្ងៃណាមួយនឹងមានប្រធានាធិបតីដែលមកកាន់តំណែង ហើយប្រើការិយាល័យប្រធានាធិបតីនេះ ដោយក្បត់ទំនុកចិត្តសាធារណៈ និងធ្វើឲ្យខូចខាតដល់សន្តិសុខជាតិ ដើម្បីជាថ្នូរនឹងការទទួលបានជំនួយបរទេសក្នុងយុទ្ធនាការដើម្បីជាប់ឆ្នោតជាថ្មី។
លោកបន្ថែមថា៖ «ពួកគេបានមើលឃើញពីគ្រោះថ្នាក់នេះ ហើយបានកំណត់មធ្យោបាយដោះស្រាយ ហើយមធ្យោបាយនោះគឺនីតិវិធីទម្លាក់ពីតំណែង»។
អ្នកជំនាញថា ការពិតដែលថា ជំនួយសម្រាប់ប្រទេសអ៊ុយក្រែនត្រូវបានអនុម័តដោយស្ថាប័នអំណាចមួយទៀតនៃរដ្ឋាភិបាលសហរដ្ឋអាមេរិក ធ្វើឲ្យករណីនេះជាករណីរំលោភអំណាចយ៉ាងជាក់ច្បាស់។
អ្នកស្រី Barbara Ann Perry ប្រធានផ្នែកការសិក្សាអំពីប្រធានាធិបតី នៅមជ្ឈមណ្ឌល Miller នៃសាកលវិទ្យាល័យ Virginia ថ្លែងថា៖ «តាមរដ្ឋធម្មនុញ្ញ លោក [Trump] ពិតជាមិនមានសិទ្ធិអ្វីនឹងសម្រេចថា[ជំនួយ]ត្រូវគេផ្តល់ឲ្យទៅប្រទេសអ៊ុយក្រែនឬយ៉ាងណានោះ»។ អ្នកស្រី Perry បន្ថែមថា លោកប្រធានាធិបតី Trump ថែមទំាងរំលោភអំណាចទៀតក្នុងករណីដែលលោកបានភ្ជាប់ការពន្យារពេលជំនួយនេះ ទៅនឹង(លក្ខខណ្ឌ)នៃការស៊ើបអង្កេតចំពោះគូប្រជែងនយោបាយរបស់លោក។
តើបទចោទចំពោះលោក Trump មានលក្ខណៈយ៉ាងណាបើប្រៀបធៀបទៅនឹងបទចោទចំពោះប្រធានាធិបតីមុនៗ?
អ្នកតាក់តែងច្បាប់ក្នុងករណីនីតិវិធីទម្លាក់ប្រធានាធិបតីពីតំណែងមុនៗ បានប្រើអត្ថន័យទូលំទូលាយនៃពាក្យ «បទឧក្រិដ្ឋធ្ងន់ធ្ងរ និងបទល្មើសមជ្ឈិម» ដើម្បីរួមបញ្ចូលទាំងការចោទប្រកាន់អំពីការរំលោភអំណាចប្រឆាំងនឹងប្រធានាធិបតីមុនៗ។
លោក Louis Michael Seidman សាស្ត្រាចារ្យផ្នែកច្បាប់រដ្ឋធម្មនុញ្ញនៅមជ្ឈមណ្ឌលច្បាប់នៃសាកលវិទ្យាល័យ Georgetown ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ថ្លែងថា៖ «បញ្ហាស្នូលនៃនីតិវិធីចោទប្រកាន់ទម្លាប់ពីតំណែងនេះគឺនៅត្រង់ថា បុគ្គលម្នាក់ដែលបានដល់ឋានៈជាប្រធានាធិបតី ហើយជំនួសឲ្យការប្រើអំណាចនេះដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋអាមេរិកាំង និងធានាថាច្បាប់នានាត្រូវបានអនុវត្តដោយសុចរិតនោះ បែរជាប្រើអំណាចនេះសម្រាប់គោលបំណងមិនស្របច្បាប់ទៅវិញ»។ លោកបន្ថែមថា៖ «នេះជាប្រធានបទស្នូលដែលមាននៅក្នុងរាល់នីតិវិធីចោទទម្លាក់ប្រធានាធិបតីទាំងអស់»។
លោកអតីតប្រធានាធិបតី Bill Clinton បានប្រឈមនឹងបទចោទបួនករណី កាលពីខែធ្នូឆ្នាំ១៩៩៨ ប៉ុន្តែការចោទប្រកាន់អំពីការដែលលោកបានរំលោភអំណាចការិយាល័យរបស់លោកខណៈបិទបាំងរឿងអាស្រូវទំនាក់ទំនងផ្លូវភេទជាមួយកម្មសិក្សាការីនៅសេតវិមានឈ្មោះ Monica Lewinsky មិនត្រូវបានអនុម័តឆ្លងរដ្ឋសភាសហរដ្ឋអាមេរិកទេ។
កាលពីខែសីហា ឆ្នាំ១៩៧៤ លោកប្រធានាធិបតី Richard Nixon បានលាលែងពីតំណែង ជាជាងប្រឈមនឹងការបោះឆ្នោតអំពីបទចោទប្រកាន់ទម្លាក់ពីតំណែងនៅក្នុងរដ្ឋសភាសហរដ្ឋអាមេរិក ដោយរួមមានបទចោទថាលោកបានរំលោភអំណាចនៃការិយាល័យរបស់លោក ដោយបញ្ជាឲ្យការិយាល័យនានារបស់រដ្ឋាភិបាល ស៊ើបអង្កេតពលរដ្ឋមួយចំនួន។
លោកអតីតប្រធានាធិបតី Andrew Johnson ត្រូវបានចោទប្រកាន់ទម្លាក់ពីតំណែងនៅឆ្នាំ១៨៦៨ ចំពោះបទចោទជាច្រើនទាក់ទងនឹងការប្រើប្រាស់អំណាចនីតិប្បញ្ញត្តិរបស់លោក។ ប៉ុន្តែលោកមិនបានប្រឈមនឹងបទចោទជាក់លាក់ណាមួយទាក់ទងនឹងការរំលោភអំណាចនោះទេ។
ហេតុអ្វីបានជាអ្នកតំណាងរាស្ត្រគណបក្សប្រជាធិបតេយ្យជឿជាក់ថា អាកប្បកិរិយារបស់លោក Trump ជាមួយអ៊ុយក្រែន មានចរឹតជាការរំលោភអំណាច?
អ្នកតំណាងរាស្ត្រលោក David Cicilline ប្រធានផ្នែកទំនាក់ទំនងនៃក្រុមអ្នកតំណាងរាស្ត្រនៃគណបក្សប្រជាធិបតេយ្យ ថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីសប្តាហ៍មុនថា ការរំលោភអំណាចរបស់លោក Trump «ប៉ះទង្គិចដល់ស្នូលនៃប្រព័ន្ធប្រជាធិបតេយ្យរបស់យើង គឺប្រព័ន្ធមួយដែលពលរដ្ឋមានសមត្ថភាពអាចបោះឆ្នោតជ្រើសរើសមេដឹកនាំរបស់ពួកគេដោយខ្លួនឯងបាន។ មិនមានបទឧក្រិដ្ឋណាធ្ងន់ធ្ងរជាងការទាញរដ្ឋាភិបាលបរទេសមួយឲ្យមកចូលពាក់ព័ន្ធហើយធ្វើឱ្យខូចដំណើរការបោះឆ្នោតរបស់យើងឡើយ»។
លោក Trump ជាប្រធានាធិបតីទីមួយដែលរងបទចោទប្រកាន់ទាក់ទងនឹងការរំលោភអំណាចក្នុងវិស័យទំនាក់ទំនងអន្តរជាតិ។ លោក Cicilline ថ្លែងថា អ្នកតាក់តែងរដ្ឋធម្មនុញ្ញមានការបារម្ភអំពីស្ថានភាពយ៉ាងដូច្នេះ នៅពេលពួកគេរៀបរៀងមធ្យោបាយនៃការចោទទម្លាក់ពីតំណែង។
អ្នកតំណាងរាស្ត្រ Cicilline ថ្លែងថា៖ «នេះជាករណីដែលប្រធានាធិបតីនៃសហរដ្ឋអាមេរិកបាននាំរដ្ឋាភិបាលបរទេសមួយឲ្យមកបង្ខូចការបោះឆ្នោតរបស់យើង និងធ្វើឲ្យអន់ថយដល់ប្រជាធិបតេយ្យរបស់យើង។ វាបានធ្វើឲ្យខូចខាតដល់សន្តិសុខជាតិរបស់យើង»។
អ្នកតំណាងរាស្ត្រ លោកស្រី Sheila Jackson Lee សមាជិកគណៈកម្មាធិការយុត្តាធិការនៃរដ្ឋសភាសហរដ្ឋអាមេរិក ដែលបានសរសេរបទចោទទាំងពីរករណីនេះ ថ្លែងកាលពីសប្តាហ៍មុនថា សកម្មភាពនៃអ្នកតាក់តែងច្បាប់សហរដ្ឋអាមេរិក «ធ្វើឲ្យសហរដ្ឋអាមេរិកខុសពីប្រទេសដទៃណាទាំងអស់។ ចំណុចនោះគឺថា មិនមានអ្នកណាម្នាក់នៅពីលើច្បាប់ទេ»។
លោកស្រី Lee ថ្លែងបន្តថា គណៈកម្មាធិការរបស់លោកស្រី «បានពិនិត្យយ៉ាងមុតមាំចំពោះសំណួរអំពីការរំលោភអំណាចនេះ ដែលប្រសិនបើយើងចាប់ផ្តើមលែងខ្វល់ខ្វាយអំពីរឿងជំរុញឲ្យប្រធានាធិបតីត្រូវទទួលខុសត្រូវនោះ វានឹងនាំឲ្យសហរដ្ឋអាមេរិកធ្លាក់ខ្លួនទៅដូចនឹងប្រទេសផ្សេងទៀតទាំងអស់ដែលមានបញ្ហាខាងការដឹកនាំ។ ដំណើរការ (បទចោទទម្លាក់ពីតំណែងនេះ) បង្ហាញយ៉ាងច្បាស់ថា យើងមានប្រធានាធិបតី មិនមែនមានព្រះមហាក្សត្រទេ»។
នៅពេលរដ្ឋសភាពេញអង្គរបស់សហរដ្ឋអាមេរិកបោះឆ្នោតនៅថ្ងៃពុធទី១៨ ខែធ្នូនេះ អ្នកតំណាងរាស្ត្រក៏នឹងពិចារណាផងដែរថា តើលោក Trump គួរត្រូវបានគេដកពីតំណែងដោយសារលោកបានរារាំងការស៊ើបអង្កេតរបស់សភាចំពោះលទ្ធភាពនៃការរំលោភអំណាចរបស់លោក។ ប្រសិនបើបទចោទមួយឬបទចោទទាំងពីរករណីត្រូវបានអនុម័តដោយរដ្ឋសភានោះ ព្រឹទ្ធសភាសហរដ្ឋអាមេរិកនឹងបើកអង្គប្រជុំនៅដើមឆ្នាំក្រោយដើម្បីពិចារណាថា តើលោក Trump គួរត្រូវបានដកចេញពីតំណែងឬយ៉ាងណា?
ប្រែសម្រួលដោយ សឹង សុផាត