ប្រធាន​គណៈ​កម្មាធិការ​សភា​អាមេរិក៖ ​កម្ពុជា​ជា​បញ្ហា​សម្រាប់​អាមេរិក​ព្រោះ​ខ្លួន​បម្រើ​គោល​នយោបាយ​ចិន

លោក Ted Yoho ចាកចេញ​ពី​កិច្ចប្រជុំ​យុទ្ធសាស្ត្រ​បិទ​ទ្វារ​មួយ​ជាមួយ​នឹង​ប្រធាន​សភា​លោក​ Paul Ryan និង​ថ្នាក់​ដឹកនាំ​ផ្សេង​ទៀត​នៅ​វិមាន​សភា Capitol ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧។

ក្នុង​លិខិត​របស់​លោក​ ចេញផ្សាយ​កាលពី​ថ្ងៃទី​២៨ ​ លោក Ted Yoho ​តំណាង​រាស្ត្រ​អាមេរិក​សរសេរ​ថា កម្ពុជា​ជា​ប្រទេស​សំខាន់​សំរាប់​អាមេរិក។ ​ប្រធាន​គណៈ​កម្មាធិការ​កិច្ចការ​បរទេស​ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី និងប៉ាស៊ីហ្វិក​របស់​សភា​អាមេរិក​រូបនេះ​ព្រមាន​ថា ដោយ​កម្ចាត់លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ រដ្ឋាភិបាល​លោក​ហ៊ុន​សែនបាន​បង្កើន​ភាពតាន​តឹង​ជាមួយស.រ.អា.​ព្រោះតាំងពីសង្គ្រាម​លោក​លើកទីពីរ​មក​ស.រ.អា.បាន​កំណត់​យក​ការ​ពង្រីក​លទ្ធិ​ប្រជា​ធិបតេយ្យ​ជា​អាទិភាព។​

លោក​បន្តថា ​ប្រទេស​ចិន​បានចូល​ប្រឡូក ​និង​លើកទឹក​ចិត្តការ​រំលោភ​បំពាន​ទាំង​ឡាយ​នៅ​កម្ពុជា​ ដោយ​ធ្វើជា​ម្ចាស់​ជំនួយ​ដ៏ធំ​បំផុត​ដល់​កម្ពុជា​ និង​កំពុង​ការពារ​ការ​ក្រាញ​អំណាច​បែប​ផ្តាច់ការ​របស់​លោក ហ៊ុន សែន។ ​លោក​បន្តថា ​ជា​ការ​តប​ស្នង លោក ហ៊ុន សែន​បាន​បង្វែរ​កម្ពុជា​ទៅជា​ឧបករណ៍​បម្រើ​គោល​នយោបាយ​ការ​បរទេស​របស់​ចិន​ជា​ពិសេស ​បញ្ហា​នៅក្នុង​សមុទ្រ​ចិន​ភាគខាង​ត្បូង។

បើទោះបីដែន​សមុទ្រ​ចិន​ភាគខាង​ត្បូងស្ថិត​នៅឆ្ងាយ​ពីសហរដ្ឋ​អាមេរិក​ក៏ដោយ​ប៉ុន្តែ​លោក​ Jim Mattis ​រដ្ឋ​មន្ត្រី​ការពារ​ជាតិ​ស.រ.អា.​ធ្លាប់បាន​អះអាង​ថា សមុទ្រចិន​ខាង​ត្បូង​ជាច្រក​សំខាន់​នៃ​ការធ្វើ​ពាណិជ្ជកម្ម​ពិភពលោក។ សូម្បី​សម្ព័ន្ធមិត្ត​របស់​អាមេរិក ​ដូចជា​កូរ៉េ តៃវ៉ាន់ ​និង​ជប៉ុន សុទ្ធតែពឹង​ផ្អែក​លើ​តំបន់​នោះ​សម្រាប់​ការ​ដឹកជញ្ជូន​ការផ្គត់ផ្គង់។ ​

តំណាង​រាស្ត្រ​អាមេរិក​រូបនេះ​ឲ្យដឹង​ថា ​ក្រុម​តំណាងរាស្ត្រ​អាមេរិក​កំពុង​ធ្វើ​ច្បាប់​ស្តីពី​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅកម្ពុជា​ឆ្នាំ​២០១៨​ លេខ H.R.5754​ ដើម្បី​ដាក់ទណ្ឌ​កម្ម​ផ្នែក​ហិរញ្ញ​វត្ថុលើ​មន្ត្រី​ជាន់​ខ្ពស់របស់​រដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ចូល​រួម​ជាមួយ​លោក ហ៊ុន សែន​ខ្ទប់​ដង្ហើម​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា។​ លោក Ted Yoho សង្ឃឹមថា ​គណៈកម្មាធិការ​កិច្ចការ​បរទេស​នឹង​អនុម័ត​សេចក្តី​ព្រាងច្បាប់​នេះ ​យ៉ាងឆាប់​រហ័ស​តាមរយៈ​ការ​ប្រជុំ​ពេញ​អង្គរបស់​សភា។ ​

នៅសល់​មិន​ដល់​១ខែ​ទៀត​ទេ ​កម្ពុជា​នឹង​រៀបចំ​ការ​បោះឆ្នោត​សភា ​ដែល​លោក​ហ៊ុន សែន​ប្រាកដ​ជា​នឹង​ឈ្នះ​ក្រោយ​ពី​បាន​រំលាយ​គណបក្ស​សង្គ្រោះជាតិ ។​ លោក​ Ted Yoho ​សរសេរ​ថា ​សហ​រដ្ឋ​អាមេរិក​មិន​ត្រូវ​ទុក​អោយ​លោក ហ៊ុន សែន​នៅ​ក្រាញ​អំណាច​តាម​រយៈ​ការ​បោះឆ្នោត​ដែល​ចំអក​ឲ្យ​លទ្ធិ​ប្រជា​ធិបតេយ្យ​នោះ​ឡើយ៕