ទីក្រុងហ្ស៊ឺណែវ៖ អង្គការសុខភាពពិភពលោក(WHO)កំពុងអំពាវនាវឲ្យមានសកម្មភាពបន្ទាន់មួយដើម្បីទប់ស្កាត់ការរាលដាលការស៊ាំទៅនឹងការព្យាបាលរួមជាមួយនឹងថ្នាំអាកតឺមីស៊ីនីនដែលជាការព្យាបាលជំងឺគ្រុនចាញ់ដ៏មានប្រសិទ្ធភាពបំផុត។ អង្គការ WHO នឹងដាក់ផែនការសកម្មភាពថ្មីមួយដើម្បីការពារ អ្វីដែលគេហៅថា អាវុធខ្លាំងបំផុតក្នុងការព្យាបាលជំងឺដ៏មរណៈមួយនេះ។
ការរកឃើញភាពស៊ាំថ្នាំនៅតាមបណ្តោយព្រំប្រទល់ខ្មែរ-ថៃក្នុងឆ្នាំ២០០៨ បានធ្វើឲ្យគេភ្ញាក់ផ្អើលដោយសារតែថ្នាំទាំងនេះជាថ្នាំព្យាបាលមានប្រសិទ្ធភាពបំផុតសម្រាប់ជំងឺគ្រុនចាញ់ថ្មីឈ្មោះហ្វាល់ស៊ីផារ៉ុម ជាជំងឺសម្លាប់មនុស្សច្រើនបំផុត។
លោកស្រី ម៉ាហ្គារ៉េត ចាន អគ្គលេខាធិការនៃអង្គការសុខភាពពិភពលោក មានប្រសាសន៍ថាថ្នាំអាកតឺមីស៊ីនីន ផ្សំជាមួយថ្នាំប្រឆាំងជំងឺគ្រុនចាញ់ផ្សេងទៀត បង្កើនភាពដែលអាចសម្លាប់ ប៉ារ៉ាស៊ីតនៃជំងឺគ្រុនចាញ់។
«ភាពមានប្រយោជន៍នៃការព្យាបាលទាំងនេះកំពុងឋិតនៅក្រោមការគំរាមកំហែង....អស់រយៈពេលច្រើនទសវត្សរ៍មកនេះ យើងបានបាត់បង់ឱសថពូកែៗមួយមុខហើយមួយមុខទៀតដោយសារតែភាពស៊ាំថ្នាំបានកើតមានឡើង ក្លាយជាការបង្កើតភាពស៊ាំថ្នាំ ហើយបន្ទាប់មក រាលដាលយ៉ាងលឿនជាអន្តរជាតិ ធ្វើឲ្យឱសថទាំងនេះប្រើការមិនកើត...ហើយការណ៍នេះមិនមែនជាការបំផ្លើសសម្រាប់ខ្ញុំ ដើម្បីនិយាយថា ផលវិបាកនៃភាពស៊ាំថ្នាំទៅនឹងថ្នាំអាកតឺមីស៊ីនីន ដែលរាលដាលយ៉ាងធំនោះ អាចជាគ្រោះមហន្តរាយនោះទេ»។
អង្គការ WHO កត់សម្គាល់ការជឿនលឿនពេញទំហឹងដែលបានធ្វើឡើងនៅទសវត្សរ៍មុនៗនៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់។ អង្គការ WHOប៉ាន់ស្មានចំនួនករណីនៃ ជំងឺគ្រុនចាញ់ដែលបានធ្លាក់ចុះច្រើនជាងពាក់កណ្តាលនៅក្នុងប្រទេសជាង៤៣។
នៅក្នុងការវិភាគមួយថ្មីៗនេះ នៅក្នុងប្រទេសអាហ្វ្រិក៣៤ រកឃើញថាបានជួយសង្គ្រោះជីវិតមនុស្សច្រើនជាង៧៣០.០០០នាក់នៅរវាងឆ្នាំ២០០០និងឆ្នាំ២០១០ ជិតបីភាគបួននៃអ្នកជំងឺគ្រុនចាញ់ចាប់តាំងពីឆ្នាំ២០០៦មក។ ករណីនេះមានឡើងដោយ ការប្រើមុងជ្រលក់ថ្នាំសម្លាប់សត្វល្អិត និងការព្យាបាលដោយប្រើថ្នាំអាកតឺមីស៊ីនីន ផ្សំជាមួយថ្នាំប្រឆាំងជំងឺគ្រុនចាញ់ផ្សេងទៀតបានផ្សព្វផ្សាយជាសាកលកាន់តែច្រើនឡើង។
ក្រុមមន្ត្រីសុខាភិបាល និយាយថានឹងមានការបាត់បង់ជីវិតមនុស្សជាច្រើនប្រសិនបើការផុសចេញនូវការស៊ាំនឹងថ្នាំអាកតឺមីស៊ីនីន មិនឈប់សូន្យឈឹងសោះនោះ។
អ្នកសម្របសម្រួលកម្មវិធីជំងឺគ្រុនចាញ់សាកលរបស់អង្គការWHO លោកប៉ាស្កាល់ រិងវ៉ុល ប្រាប់វីអូអេថាផែនការសកម្មភាពសាកល៥ដំណាក់ របស់អង្គការWHO មានបំណងបំបាត់ភាពស៊ាំថ្នាំ។
«អ្វីដែលយើងព្យាយាមធ្វើគឺព្យាយាមបញ្ឈប់ការរាលដាលភាពស៊ាំថ្នាំ...ដោយប្រើការព្យាបាលប្រសើរ ចាត់វិធានការបង្ការមេរោគគ្រុនចាញ់ឲ្យច្រើន និងការអប់រំប្រជាជន...យើងត្រូវតែបង្កើនផងដែរនូវការត្រួតពិនិត្យប្រសិទ្ធភាពឱសថប្រឆាំងជំងឺគ្រុនចាញ់។ នេះមានន័យថាយើងគួរតែពិនិត្យមើលថាតើឱសថនៅតែមានប្រសិទ្ធភាពដែរឬទេនិងថាភាពស៊ាំនឹងថ្នាំអាកតឺមីស៊ីនីន មិនមានផុសឡើងនៅក្នុងកន្លែងណាផ្សេងៗទៀត»។
លោកវេជ្ជបណ្ឌិត រិងវ៉ុល មានប្រសាសន៍ថា ជាការសំខាន់ចំពោះការធ្វើឲ្យប្រសើរឡើងដល់ការធ្វើតេស្តរោគវិនិច្ឆ័យ ដើម្បីឲ្យប្រាកដថាមនុស្សកំពុងត្រូវបានព្យាបាលជំងឺគ្រុនចាញ់ហើយមិនមែនព្យាបាលជំងឺគ្រុនក្តៅដែលកើតឡើងពីមូលហេតុផ្សេងៗទេ។ លោកថ្លែងថាឱសថប្រឆាំងជំងឺគ្រុនចាញ់ថ្មី ត្រូវតែបានអភិវឌ្ឍដើម្បីជំនួសថ្នាំ អាកតឺមីស៊ីនីន នៅពេលក្រោយទៀត។
ហើយនៅទីបញ្ចប់លោករិងវ៉ុលនិយាយថា ជោគជ័យនៃផែនការសាកល នឹងពឹងពាក់លើការបានថវិកាដែលចាំបាច់ដើម្បីប្រតិបត្តិវិធានការរបស់ខ្លួន។ ថវិកានោះមានចំនួន១៧៥លានដុល្លារក្នុងមួយឆ្នាំ៕
ប្រែសម្រួលដោយ នុច សារីតា