ក្រុម​របស់​អង្គការ​សុខភាព​ពិភពលោក បាន​ទៅ​ដល់​ទីក្រុង​វូហាន​ប្រទេស​ចិន​ដើម្បី​ស៊ើបអង្កេត​ប្រភព​នៃ​ជំងឺ​កូវីដ១៩

  • ​Reuters

បុគ្គលិក​ម្នាក់ ​នៅក្នុង​ឈុតការពារ បាន​ចង្អុល​បង្ហាញ​ផ្លូវ​ដល់​សមាជិក​នៃ​ក្រុម​ដែល​ដឹកនាំ​ដោយ​អង្គការ​សុខភាព​ពិភពលោក (WHO) ពេល​ពួកគេ​ទៅ​ដល់​អាកាសយានដ្ឋាន​ក្នុង​ទីក្រុង​វូហាន ខេត្តហ៊ូប៉ី ដែល​នៅ​ភាគកណ្តាល​នៃ​ប្រទេសចិន នៅ​ថ្ងៃព្រហស្បតិ៍ទី១៤ ខែមករា ឆ្នាំ២០២១។

អ្នក​វិទ្យាសាស្ត្រ​អន្តរជាតិមួយ​ក្រុម​ដែល​ដឹកនាំ​ដោយ​អង្គការ​សុខភាព​ពិភពលោក WHO បាន​ទៅ​ដល់​ទីក្រុង​វូហាន (Wuhan) ​នៃ​ប្រទេស​ចិន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ដើម្បី​ស៊ើប​អង្កេត​ប្រភព​នៃ​វីរុស​កូរ៉ូណា​ដែល​បាន​បណ្តាល​ឲ្យ​មាន​ការ​រាតត្បាត​ជា​សាកល​មក​នេះ។ នេះ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ក្រុម​អ្នក​វិទ្យាសាស្ត្រ​នោះ បាន​ទៅ​ដល់​ក្រុង​វូហាន ជិត​ពេល​ថ្ងៃ​ត្រង់​ ដោយ​ចាកចេញ​ពី​ប្រទេស​សិង្ហបូរី ​ហើយ​ត្រូវគេ​រំពឹង​ថា​ ធ្វើចត្តាឡីស័ក​ចំនួន​២សប្តាហ៍។ ពួកគេ​ដំបូង​ឡើយ​មាន​គម្រោង​ទៅ​ដល់​កាល​ពី​ដើម​ខែ​នេះ ហើយ​ការ​ពន្យារ​ពេល​របស់​ចិន​ចំពោះ​ដំណើរ​ទស្សនកិច្ច​នេះ បាន​ធ្វើ​ឲ្យ​មាន​ការ​រិះ​គន់​ជា​សាធារណៈដ៏​កម្រ​ពី​ប្រធានអង្គការ​សុខភាព​ពិភពលោក។

សមាជិក​ក្រុម​នោះ មិន​បាន​និយាយ​ទៅ​កាន់​ពួក​អ្នក​យក​ព័ត៌មាន​ទេ ថ្វី​បើ​អ្នក​ខ្លះ បាន​គ្រវី​ដៃ ​ហើយ​បាន​ថតរូប​អ្នក​សារព័ត៌មាន​ពី​រថយន្ត​នៅ​ពេល​ដែល​បាន​ចាកចេញ។

កន្លង​មក សហរដ្ឋ​អាមេរិក បាន​ចោទប្រកាន់​ចិន​ពី​ការ​លាក់​ទំហំ​នៃ​ការផ្ទុះ​ការរាតត្បាតជំងឺកូវីដ១៩កាល​ពី​ដំបូង​ កាល​ពី​១ ឆ្នាំ​មុន ហើយ​បាន​អំពាវនាវ​ឲ្យ​មាន​ «តម្លាភាព»​ នៃ​ការ​ស៊ើបអង្កេត​ដែល​ដឹកនាំ​ដោយ​អង្គការ​សុខភាព​ពិភពលោក។ អាមរិក​ ក៏​បានរិះគន់​លក្ខខណ្ឌ​នៃ​ដំណើរ​ទស្សនកិច្ច​នោះ​ដែរ ដែល​អ្នក​ជំនាញ​ចិន​បាន​ធ្វើ​ក្នុង​ដំណាក់កាលទី១​នៃ​ការ​ស្រាវជ្រាវ។

ក្រុម​នោះ បាន​ទៅ​ដល់​ប្រទេស​ចិន​ ខណៈ​ចិន​កំពុង​ប្រយុទ្ធប្រឆាំង​នឹង​ករណី​កូវីដ១៩​កើន​ឡើង​នៅ​ក្នុង​តំបន់​ភាគ​ឦសាន្ត​របស់​ខ្លួន​ បន្ទាប់​ពី​ការ​ខិតខំ​ទប់​អស់​ជាច្រើន​ខែ​ដើម្បី​បញ្ចប់​ការឆ្លង​នៅ​ក្នុង​ប្រទេស​នេះ៕