មន្រ្តី​ WHO៖ កម្ពុជា​ចាំ​បាច់​ត្រៀម​សម្រាប់​ការ​ឆ្លង​វីរុស​កូរ៉ូណា​ទ្រង់ទ្រាយ​ធំ ​បង្កើន​សម្ភារៈ​ការពារ​និង​គ្រូពេទ្យ

លោកស្រី Li Ailan តំណាងអង្គការសុខភាពពិភពលោក ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជា ថ្ងៃច័ន្ទ ទី១៣ ខែមេសា ឆ្នាំ២០២០។ (ស៊ុន ណារិន/VOA)

មន្រ្តី​អង្គការ​សុខភាព​ពិភព​លោក (WHO) ប្រចាំ​នៅ​កម្ពុជា​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ចាំ​បាច់​ត្រៀម​សម្រាប់​ការ​ឆ្លង​ទ្រង់ទ្រាយ​ធំ​ ប្រសិន​បើ​វីរុស​កូរ៉ូណា​នេះ​រាតត្បាត​ និង​ឆ្លង​ដល់​សហគមន៍​ ខណៈ​ក្រសួង​សុខាភិបាល​កម្ពុជា​បញ្ជាក់​ថា ​ករណី​ឆ្លង​នៅ​ភ្នំពេញ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​អាច​ជា​ការ​ឆ្លង​ទៅ​សហគមន៍​ទ្រង់​ទ្រាយ​តូច។

ក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ ដែល​រៀបចំ​ដោយ​ក្រសួង​សុខាភិបាល​កម្ពុជា ក្រោយ​មាន​ការ​បញ្ជា​ពី​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ​ លោកស្រី​ Li Ailan​ តំណាង​អង្គការ​សុខភាព​ពិភព​លោក ​(WHO) ប្រចាំ​នៅ​កម្ពុជា​ មាន​ប្រសាសន៍​ថា​ អាជ្ញាធរ​កម្ពុជា​បាន​បំពេញ​ការងារ​ល្អ​មក​ដល់​ពេល​នេះ តាម​ការ​ណែនាំ​របស់​អង្គការ​សុខភាព​ពិភព​លោក ​ប៉ុន្តែ​លោកស្រី​ថា​មាន​ការ​ងារ​ច្រើន​ត្រូវ​បំពេញ​បន្ថែម ​ដើម្បី​ត្រៀម​ខ្លួន​ជា​ស្រេច​សម្រាប់​ការ​ចម្លង​ទៅ​សហគមន៍​ទ្រង់ទ្រាយ​ធំ​ ក្នុង​នោះ​មាន​ការបង្កើន​សម្ភារៈ​ការពារ​ខ្លួន ​[PPE]​ ឧបករណ៍​ជំនួយ​ផ្លូវ​ដង្ហើម ​[Ventilator]​ និង​គ្រូពេទ្យ​ជំនាញ​ជា​ដើម។​

លោកស្រី​បាន​ថ្លែង​ថា៖​ «ជា​ឧទាហរណ៍​ថា​តើ​យើង​មាន​គ្រែ​មន្ទីរ​ពេទ្យ​គ្រប់គ្រាន់​ហើយ​ ឬ​នៅ​សម្រាប់​ពិនិត្យ​ព្យាបាល​អ្នក​ជំងឺ​ធ្ងន់ធ្ងរ?​ ខ្ញុំ​សប្បាយ​ចិត្ត​ដែល​យើង​បាន​ត្រៀម​សម្រាប់​ចំណុច​នេះ​ថា​តើ​យើង​មាន​ឧបករណ៍​ជំនួយ​ផ្លូវ​ដង្ហើម ​(Ventilator)​ គ្រប់គ្រាន់​ឬ​នៅ?​ តើ​យើង​មាន​សម្ភារៈ​ការពារ​ខ្លួន (PPE)​ គ្រប់គ្រាន់​ហើយ​ឬ​នៅ​ ដោយសារ​ប្រទេស​ជា​ច្រើន​មាន​បទ​ពិសោធន៍​ខ្វះ​សម្ភារៈ​ការពារ​ខ្លួន។​ហើយ​ថា​តើ​យើង​មាន​សណ្ឋាគារ​ឬ​ក៏​កន្លែង​ផ្សេងៗ​សម្រាប់​ករណី​ស្រាល​ហើយ​ឬ​នៅ?​ ហើយ​អ្វី​ជា​សំខាន់ ​គឺ​ថា​ពេទ្យ​ព្យាបាល ​ឬ​ក្រុម​ឆ្លើយ​តប​បន្ទាន់​ត្រូវ​តែ​ពង្រីក ​ដើម្បី​ឆ្លើយ​តប​នឹង​ការ​ឆ្លង​ទ្រង់​ទ្រាយ​ធំ។​ សម្រាប់ចំណុច​នេះ​អង្គការ​សុខភាព​ពិភពលោក​បាន​ធ្វើ​ការ​ជាមួយ​ក្រសួង​សុខាភិបាល​ និង​ផ្នែក​ផ្សេង​ទៀត​ ដើម្បី​ធានា​ថា ​យើង​បាន​ត្រៀម​ល្អ​ប្រសើរ»។

លោកស្រី​បន្ថែម​ថា៖​ «អាទិភាព​ចម្បង ​គឺ​ត្រៀម​ខ្លួន​រួច​រាល់​សម្រាប់​ការ​ចម្លង​ទ្រង់ទ្រាយ​ធំ​ ពី​ព្រោះ​កម្ពុជា​ប្រហែល​នឹង​ប្រឈម​ការ​ចម្លង​តាម​សហគមន៍។​ ទោះ​មិន​មែន​ពេល​នេះ ​តែ​យើង​ត្រូវ​តែ​ត្រៀម​សម្រាប់​អនាគត»។

តំណាង​អង្គការ​សុខភាព​ពិភព​លោក​រូប​នោះ​មាន​ប្រសាសន៍​ថា ប្រទេស​កម្ពុជា​នៅ​តែ​ជា​ការ​ព្រួយ​បារម្ភ​ខ្ពស់​នៃ​ការ​ចម្លង​ទ្រង់ទ្រាយ​ធំ​ ទោះ​រហូត​មក​ដល់​ពេល​នេះករណី​ឆ្លង​វីរុស​កូរ៉ូណា​មាន​ចំនួន​តែ​ជាង ១២០​ករណី​ក៏​ដោយ។​

នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​នោះ​ដែរ​ រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​លោក ​ម៉ម ប៊ុនហេង​ បាន​ថ្លែង​ថា​ លទ្ធផល​តេស្ត​បង្ហាញ​ថា​ មិន​មាន​ករណី​ឆ្លង​ថ្មី​ទេ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ ហើយ​ករណី​សរុប​មាន​ចំនួន​ ១២២​ដដែល។​ លោក​បន្ត​ថា​ ការ​ឆ្លង​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នៅ​ភ្នំពេញ​ អាច​ជា​ការ​ជា​ឆ្លង​សហគមន៍​ទ្រង់​ទ្រាយ​តូច​ ប្រសិន​បើ​ក្រសួង​រក​មិន​ឃើញ​ប្រភព​ច្បាស់​លាស់​នៃ​ការ​ឆ្លង​នេះ។​

លោក​មាន​ប្រសាសន៍​ថា៖ ​«ក្រសួង​សុខាភិបាល​សូម​ធ្វើ​ការ​កត់​សម្គាល់​ថា ​ការ​រក​ឃើញ​អ្នក​មាន​វីរុស​កូវីដ​១៩​ នៅ​រាជធានី​ភ្នំពេញ​ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ​នឹង​អាច​ចូល​ជា​ករណី​ដែល​ចម្លង​នៅ​ក្នុង​សហគមន៍​ក្នុង​ទ្រង់​ទ្រាយ​តូច»។​

កាល​ពី​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​ ក្រសួង​សុខាភិបាល​បាន​ប្រកាស​រក​ឃើញ​ជន​បរទេស ​៤​នាក់​ ដែល​ស្នាក់​នៅ​ភ្នំពេញ​ ហើយ​ឆ្លង​វីរុស​នេះ ​ក្នុង​នោះ​មាន​ជន​ជាតិ​ចិន​១​នាក់​ វៀតណាម​២​នាក់​ និង​កាណាដា​១នាក់។​ ចំនួន​ករណី​កូវីដ​សរុប​ ដែល​រក​ឃើញ​នៅ​ភ្នំពេញ​ មាន​ចំនួន ​៣៧​ រហូត​មក​ដល់​ពេល​នេះ។​ករណី​ជា​សះស្បើយនៅ​ទូទាំង​ប្រទេស មាន​ចំនួន​ ៧៧​ករណី​ និង​ជា​សះ​ស្បើយ​ហើយ​ឈឺ​មក​វិញ​មាន ​១​ករណី។​

លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជា ថ្ងៃច័ន្ទ ទី១៣ ខែមេសា ឆ្នាំ២០២០។ (ស៊ុន ណារិន/VOA)

បើ​តាម​រដ្ឋមន្រ្តី​សុខាភិបាល​ កម្ពុជា​មាន​ឧបករណ៍​ជំនួយ​ផ្លូវ​ដង្ហើម​ប្រមាណ​ ២០០​គ្រឿង ​ដែល​ត្រៀម​សម្រាប់​អ្នក​ជំងឺ​ធ្ងន់ធ្ងរ។​

លោក​ ម៉ម ប៊ុន ហេង ​មាន​ប្រសាសន៍​ថា៖​ «យើង​សង្ឃឹម​ថា​ យើង​នឹង​អាច​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​របស់​ប្រជា​ពលរដ្ឋ​យើង​បាន​ ពី​ព្រោះ​ថា​អាហ្នឹង​សម្រាប់​តែ​អ្នក​ធ្ងន់។​ ក្នុង​ចំណោម​អ្នក​ធ្ងន់​ប្រហែល​ជា​១​ទៅ​២​ភាគ​រយ​ដែល​ប៉ះពាល់​ដល់​សួត»។​

បើ​តាម​រដ្ឋ​មន្រ្តី កម្ពុជា​មាន​គ្រូ​ពេទ្យ​ជំនាញ​ក្នុង​ការ​ថែ​ទាំ​ព្យាបាល​ជំងឺ​កូវីដ​១៩​ ប្រមាណ​ ៦៧០​នាក់។​លោក​បញ្ជាក់​ថា ​កម្ពុជា​អាច​ធ្វើ​តេស្ត​វត្ថុ​សំណាក​ទៅ​ដល់​ ៦០០​សំណាក​ក្នុង​មួយ​ថ្ងៃ​ ដែល​ក្នុង​នោះ​វិទ្យាស្ថាន​ប៉ាស្ទ័រ​អាច​ធ្វើ​តេស្ត​ចំនួន ​៥០០​ និង​វិទ្យាស្ថាន​សុខភាព​សាធារណៈ​អាច​ធ្វើ​តេស្ត​បាន​ទៅ​ដល់​ ១០០។​

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ ដែល​អាន​ដោយ​រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ ចំនួន​វត្ថុ​សំណាក​ដែល​បាន​ធ្វើ​វិភាគ​សរុប​មាន​ ៨.៩០៩​សំណាក ដែល​ចំនួន​នេះបើ​គិត​ក្នុង​ចំណោម​ប្រជាជន​១ លាន​នាក់ គឺ​មាន​ទៅ​ដល់ ​៥៥៦​សំណាក ​ដែល​ធ្វើ​វិភាគ។ លោក​រដ្ឋមន្រ្តី​មាន​ប្រសាសន៍​ថា​ ចំនួន​នេះ​ច្រើន​ជាង​ប្រទេស​ក្នុង​តំបន់​ ក្នុង​នោះ​មាន​មីយ៉ាន់​ម៉ា ឡាវ ​ឥណ្ឌូនេស៊ី ​និង​ហ្វីលីពីន។​

បើ​តាម​លោកស្រី ឱ វណ្ណឌីន ​រដ្ឋលេខាធិការ​និង​ជា​អ្នក​នាំពាក្យ​របស់​ក្រសួង​សុខាភិបាល​ ក្នុង​ចំណោម​អ្នក​ធ្វើ​តេស្ត​ទាំង​អស់​ជិត​ ៩​ពាន់​នោះ មាន​ប្រជាជន​កម្ពុជា​ប្រមាណ​ ៩០​ភាគរយ​ក្រៅ ពីនោះ​ជាជនបរទេស​មក​ប្រទេស​កម្ពុជា​ ហើយ​កាល​ពី​ថ្ងៃ​អាទិត្យ​ ក្រសួង​បាន​ធ្វើ​តេស្ត​ប្រជាជន​ប្រមាណ​២០០​នាក់។​

ការ​ធ្វើ​តេស្ត​រក​វីរុស​កូរ៉ូណា​ក្នុង​តំបន់​អាស៊ី​អាគេ្នយ៍​ក្នុង​នោះ​មាន​ប្រទេស​កម្ពុជា​ផង​ដែរ​ត្រូវ​បាន​អ្នក​ជំនាញ​សុខាភិបាល​ក្នុង​តំបន់​សង្ស័យ​ថា​ការ​ធ្វើ​តេស្ត​មាន​កម្រិត​ទាប​នេះ​ប្រហែល​ជា​មិន​អាច​បង្ហាញ​អំពី​អត្រា​ពិត​ប្រាកដ​នៃ​អ្នកឆ្លង​ជំងឺ​កូវីដ​១៩​បាន​ទេ។​ ក្រុម​អ្នក​ជំនាញ​បារម្ភ​ថា​បើ​សិន​ជា​ការ​បង្ហាញ​ចំនួន​មិន​ពិត​ប្រាកដ​នៃ​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩​បង្ក​ឲ្យ​មាន​ភាព​មិន​សូវ​ខ្វាយ​ខ្វល់ នោះ​វា​អាច​ធ្វើ​ឲ្យ​វីរុស​នេះ​កាន់តែ​រីក​រាលដាល។​

លោកស្រី​Laurence Baril​នាយក​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​បាន​ថ្លែង​ថាមិន​មាន​ការ​លំបាក​សម្រាប់​ការ​ធ្វើ​តេស្ត​រក​វីរុស​កូរ៉ូណា​នោះ​ទេ​ ហើយ​វិទ្យាស្ថាន​បាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយ​ប្រសិន​បើ​ចាំ​បាច់​ត្រូវ​ការ​ធ្វើ​តេស្ត​បន្ថែម​ទៀត។​

លោកស្រី​មាន​ប្រសាសន៍​ថា៖​«ខ្ញុំ​គិត​ថា​យើង​មិន​អាច​និយាយ​អំពី​ការ​លំបាក​អ្វី​ទេនៅ​ពេល​នេះ។​ សមត្ថភាព​របស់​យើង​គឺ​យើង​អាច​បង្កើន[ការ​ធ្វើ​តេស្ត]​ ប្រសិន​បើ​ត្រូវ​ការ។​ អ្វី​ដែល​សំខាន់​បំផុត​ដែល​ខ្ញុំ​ចង់​និយាយ​ យើង​មាន​កិច្ច​សហ​ប្រតិបត្តិការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ដៃគូ​បច្ចេក​ទេស​ទាំង​អស់​ ហើយ​អ្វី​ដែល​យើង​កំពុង​ធ្វើ គឺ​របៀប​រៀបចំ​ការ​ពិសោធ​ភាព​មិន​ច្បាស់​លាស់​ណា​មួយ​[នៃ​ជំងឺ] ប្រសិន​បើ​ចាំបាច់។ ​ឥឡូវ​នេះ ​យើង​ធ្វើ​ការងារ​តាម​សមត្ថភាព។​ យើង​ស្ថិត​នៅ​លើ​ផ្លូវ​ត្រូវ​សម្រាប់​វិទ្យាស្ថាន​ប៉ាស្ទ័រ»។

លោក ​ម៉ម ប៊ុន​ហេង រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​មាន​ប្រសាសន៍​ថា ​រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​រូប​មន្ត​ព្យាបាល​ជំងឺ​កូវីដ​១៩​នេះ ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​អង្គការ​សុខភាព​ពិភព​លោក​នៅ​ឡើយ​ទេ។​ លោក​បញ្ជាក់​ថា ​ការ​ព្យាបាល​របស់​គ្រូ​ពេទ្យ​នៅ​ពេល​នេះ ​គឺ​ជា​ការ​ប្រតិបត្តិ​ការងារ​ជាក់​ស្តែង​របស់​គ្រូ​ពេទ្យ​នៅ​កម្ពុជា​ ដោយ​ពួកគេ​បាន​ប្រើប្រាស់​បញ្ញា​ទៅ​តាម​រោគ​សញ្ញា​នីមួយៗ។

លោក​មាន​ប្រសាសន៍​ថា៖​ «ដូច្នេះ​ខ្ញុំ​សូម​បញ្ជាក់​ម្តង​ទៀត ​មិន​មាន​រូប​មន្ត​ព្យាបាល​ណា​ដែល​ទទួល​ស្គាល់​ថា​ជា​និយាម​របស់​អង្គការ​សុខភាព​ពិភព​លោក ​ដែល​ថា​ជា​នោះ​ទេ»។​

កន្លង​ទៅ​លោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន​ បាន​ថ្លែង​ថា ​រដ្ឋាភិបាល​បាន​រៀបចំ​គ្រែ​ប្រមាណ ​៣​ពាន់​នៅ​ទូទាំង​ប្រទេស ​ដើម្បី​ត្រៀម​សម្រាប់​ដាក់​ប្រជាជន​ដែល​ឆ្លង​វីរុស​កូរ៉ូណា។​ គ្រែ​ទាំង​នោះ ​គឺ​ជា​ការ​រៀបចំ​នៅ​តាម​សាលា​រៀន​ទូទាំង​ប្រទេស​ ក្រោយ​រដ្ឋាភិបាល​បាន​ផ្អាក​ការ​សិក្សា​ជា​បណ្តោះ​អាសន្ន​ដោយ​មិន​ទាន់​កំណត់​ថ្ងៃ​ចូល​វិញ។​

កាល​ពីសប្តាហ៍​មុន​ លោក ​ហ៊ុន សែន​ បាន​សម្រេច​លុប​ចោល​ការ​ឈប់​សម្រាក​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ​សម្រាប់​អ្នក​ធ្វើ​ការ​រដ្ឋ​ និង​ឯក​ជន ​ក្នុង​នោះ​មាន​កម្មករ​រោងចក្រ​រាប់​ម៉ឺន​នាក់​ផង​ដែរ​ ដើម្បី​បញ្ចៀស​ការ​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​ និង​ការ​ជួប​ជុំ​គ្នា​ ដែល​អាច​នាំ​មក​នូវ​ហានិភ័យ​នៃ​ការ​ឆ្លង​វីរុស​កូរ៉ូណា៕