ក្រុមអ្នកជំនាញចុះស៊ើបអង្កេតពីប្រភពនៃការរាតត្បាតនៃជំងឺកូវីដ១៩ ដែលដឹកនំាដោយអង្គការសុខភាពពិភពលោក (WHO) បានចាប់ផ្ដើមជួបជាមួយអ្នកវិទ្យាសាស្ត្រចិននៅថ្ងៃសុក្រនេះ ហើយអង្គការ WHO បានឲ្យដឹងថា ក្រុមការងាររបស់ខ្លួន គ្រោងនឹងទៅពិនិត្យមើលមន្ទីរពិសោធន៍ ផ្សារ និងមន្ទីរពេទ្យនានា នៅក្នុងទីក្រុង Wuhan។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
កាលពីព្រហស្បតិ៍ម្សិលមិញ ក្រុមអ្នកជំនាញនេះ បានបញ្ចប់ការធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ក្រោយពីបានធ្វើដំណើរទៅដល់ប្រទេសចិន និងស្នាក់នៅក្នុងសណ្ឋាគារជាប់មាត់បឹងមួយនៅក្នុងទីក្រុង Wuhan កន្លែងដែលជំងឺកូវីដ១៩ ដ៏កាចសាហាវនេះផ្ទុះឡើង កាលពីចុងឆ្នាំ ២០១៩។
ក្រុមអ្នកជំនាញនេះ គ្រោងនឹងចំណាយពេលពីរសប្ដាហ៍ទៀតនៅក្នុងប្រទេសចិន ហើយនឹងទៅធ្វើទស្សនកិច្ចនៅផ្សារលក់គ្រឿងសមុទ្រ កន្លែងដែលមានការផ្ទុះឡើងនៃជំងឺនេះមុនគេ។ ក្រុមនេះ ក៏នឹងទៅទស្សនកិច្ចនៅវិទ្យាស្ថានវីរុសសាស្ត្រប្រចាំទីក្រុង Wuhan (Wuhan Institute of Virology) ផងដែរ។ ទ្រឹស្តីមួយដែលត្រូវបានច្រានចោលដោយប្រទេសចិន គឺថាការផ្ទុះឡើងនៃជំងឺកូវីដ១៩នេះ បណ្តាលមកពីការលេចធ្លាយវីរុសពីមន្ទីរពិសោធន៍របស់រដ្ឋាភិបាលចិននេះ។
អង្គការ WHO ព្យាយាមបន្ថយការរំពឹងជាសាធារណៈពីបេសកកម្មស្វែងរកការពិតនេះ ដោយលោក Mike Ryan ប្រធានកម្មវិធីគ្រាអាសន្ននៃអង្គការ WHO បានឲ្យដឹងកាលពីដើមខែនេះថា៖ «មិនមានការធានាថា យើងនឹងទទួលបានចម្លើយនោះទេ»។
បេសកកម្មនេះ ត្រូវបានញាំញីដោយការពន្យារពេលច្រើនសារ ដោយបារម្ភការជ្រែតជ្រែក និងការឈ្លោះប្រកែកគ្នារវាងប្រទេសចិននិងសហរដ្ឋអាមេរិក ដែលបានចោទប្រកាន់ចិន ថាបានលាក់បាំងពីទំហំនៃការផ្ទុះឡើងដំបូងនៃជំងឺនេះ និងបានរិះគន់លក្ខខណ្ឌនៃការធ្វើដំណើរទស្សនកិច្ច ដែលថាក្រុមអ្នកជំនាញចិនបានចុះទៅធ្វើការស្រាវជ្រាវមុនរួចទៅហើយ៕