វីរុសកូរ៉ូណាបំប្លែងថ្មីប្រភេទដែលតា (Delta) បានបង្កការព្រួយបារម្ភជាងវីរុសបំប្លែងថ្មីណាៗទាំងអស់។ នេះបើតាមការឱ្យដឹងពីអង្គការសុខភាពពិភពលោក(WHO)កាលពីថ្ងៃអង្គារ។
អ្នកស្រី Maria Van Kerkhove ប្រធានក្រុមបច្ចេកទេសរបស់អង្គការ សុខភាពពិភពលោកផ្ដោតលើជំងឺកូវីដ១៩ បាននិយាយថា៖ «វីរ៉ុសបំប្លែងថ្មីប្រភេទអាល់ហ្វា (Alpha)បេតា (Beta) និង ហ្កាម៉ា (Gamma) មានមិនដល់១%ទេនៃវីរុសប្រភេទនីមួយៗដែលកំពុងរាលដាល។ វីរុសបំប្លែងថ្មីប្រភេទដែលតា (Delta) លេចធ្លោខ្លាំងជុំវិញពិភពលោក»។
យោងតាមអ្នកស្រី Van Kerkhove វីរុសបំប្លែងថ្មីប្រភេទដែលតា (Delta) ឆ្លងខ្លាំងបំផុត ហើយវាជំនួសវីរុសបំប្លែងថ្មីដទៃៗទៀតជុំវិញពិភពលោក។
មនុស្សរាប់រយនាក់បានធ្វើបាតុកម្មកាលពីថ្ងៃអង្គារនៅក្នុងទីក្រុងធំទី២របស់ប្រទេសអូស្ត្រាលី ប្រឆាំងនឹងការរឹតត្បិតទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ដែលរដ្ឋាភិបាលដាក់កំហិតលើវិស័យសំណង់។
មន្ត្រីរដ្ឋាភិបាលបានប្រកាសថា រាល់ការដ្ឋានសាងសង់នៅក្នុងទីក្រុង Melbourne នឹងត្រូវបិទរយ:ពេលពីរសប្ដាហ៍ចំពេលមានការព្រួយបារម្ភថា ការធ្វើដំណើររបស់កម្មកររួមចំណែកបង្កឲ្យមានការឆ្លងរាលដាលជំងឺកូវីដ១៩។
ឥឡូវនេះកម្មករសំណង់ត្រូវចាក់វ៉ាក់សាំងវីរុសកូរ៉ូណាយ៉ាងហោចណាស់មួយដូស មុននឹងត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅធ្វើការវិញ។
រដ្ឋVictoriaដែលរួមបញ្ចូលទាំងទីក្រុង Melbourne បានរាយការណ៍ការឆ្លងថ្មីចំនួន៦០៣ករណី កាលពីថ្ងៃអង្គារ ដែលជាការឆ្លងក្នុងថ្ងៃមួយច្រើនបំផុតនៅក្នុងឆ្នាំនេះ។
នៅក្នុងប្រទេសនូវែលសេឡង់ អ្នកស្រីនាយករដ្ឋមន្រ្តី Jacinda Ardern បានប្រកាសកាលពីថ្ងៃអង្គារថា ការផាកពិន័យចំពោះការរំលោភលើបទបញ្ជាការពារជំងឺកូវីដ១៩នឹងកើនឡើងចាប់ពីខែវិច្ឆិកា។
ចំណាត់ការនេះនឹងបង្កើនតម្លៃផាកពិន័យពី២.៨០០ដុល្លារដល់៨.៤០០ដុល្លារចំពោះជនណាដែលមានបំណងមិនគោរពតាមបទបញ្ជាការពារជំងឺកូវីដ១៩ ។ ជនទាំងឡាយណាដែលល្មើសការហាមប្រាមនេះក៏អាចជាប់ពន្ធនាគាររហូតដល់៦ខែផងដែរ។
អាជីវកម្មទាំងឡាយណាដែលល្មើសនឹងបទបញ្ជានេះអាចរងការពិន័យជាប្រាក់រហូតដល់ ១០.៥០០ ដុល្លារ។ ចំនួនអ្នកស្លាប់ថ្មីដោយសារជំងឺកូវីដ១៩ នៅសហរដ្ឋអាមេរិកគឺ២.៣០២នាក់កាលពីថ្ងៃចន្ទ ដែលជាកំណត់ត្រាខ្ពស់បំផុតចាប់តាំងពីខែមីនា។ នេះបើយោងតាមទិន្នន័យពីសាកលវិទ្យាល័យ Johns Hopkins៕
(ព័ត៌មានខ្លះក្នុងសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារសារព័ត៌មានThe Associated Press និង Reuters)