អង្គការសុខភាពពិភពលោក អំពាវនាវឲ្យមានការកាត់បន្ថយការសេពសុរាដែលធ្វើឲ្យមានគ្រោះថ្នាក់ ដែលសម្លាប់មនុស្ស២លាន៥សែននាក់រាល់ឆ្នាំ។ របាយការណ៍ថ្មីមួយរបស់អង្គការ សុខភាពពិភពលោក (WHO) កត់ត្រាថា នឹងមាន៤ភាគរយនៃការស្លាប់ទូទាំងសាកលលោកទាក់ទងទៅនឹងការប្រើសុរាហួសកម្រិត។
អង្គការសុខភាពពិភពលោកឲ្យដឹងថា ការប្រើសុរាដែលនាំឲ្យមានទុក្ខទោសឥឡូវនេះជាកត្តាគ្រោះថ្នាក់នាំមុខគេទី៣ ដែលនាំឲ្យមានជំងឺ និងការស្លាប់ ដោយជំងឺមិនឆ្លង និងជំងឺឆ្លង។
អង្គការ WHO ឲ្យដឹងថា ការស្លាប់ដែលទាក់ទងនឹងសុរាភាគច្រើនបណ្តាលមកពីរបួសដោយការបើកបរពេលស្រវឹង ជំងឺមហារីក ជំងឺថ្លើមដែលបណ្តាលមកពីគ្រឿងស្រវឹង ជំងឺបេះដូង និងជំងឺដាច់សរសៃឈាមក្នុងខួរក្បាល។ អង្គការ WHO ឲ្យដឹងថា ការសេពសុរាច្រើនហួសហេតុក៏នាំឲ្យមានជំងឺ២០០មុខផ្សេងទៀតដែរ។
របាយការណ៍ រកឃើញថា នៅទូទាំងពិភពលោក ជាង៦ភាគរយនៃការស្លាប់របស់បុរសទាក់ទងទៅនឹងការសេពសុរា ខណៈដែលការស្លាប់របស់ស្ត្រីដោយមូលហេតុដូចគ្នានេះ មានតែជាងមួយភាគរយប៉ុណ្ណោះ។ អង្គការនោះឲ្យដឹងថា បុរសម្នាក់ក្នុងបុរស៥នាក់នៅក្នុងសហព័ន្ធរុស្ស៊ី និងប្រទេសជិតខាង ស្លាប់ដោយមូលហេតុទាក់ទងនឹងជាតិស្រា។
លោក ស្សេខា សាក្សេណា (Shekhar Saxena) នាយកផ្នែកសុខភាពផ្លូវចិត្ត និងការប្រើសារធាតុហួសកម្រិតនៅអង្គការ WHO មានប្រសាសន៍ថា មួយភាគបីនៃការស្លាប់របស់មនុស្សវ័យក្មេងនៅក្នុងតំបន់ខ្លះនៃពិភពលោកបណ្តាលមកពីសុរា។ លោកសាក្សេណាមានប្រសាសន៍ថា៖
«ផលប៉ះពាល់នៃការសេពសុរា និងគ្រោះថ្នាក់បណ្តាលមកពីសុរា កំពុងកើនឡើងនៅក្នុងប្រទេសកំពុងអភិវឌ្ឍ ជាពិសេសនៅក្នុងទ្វីបអាហ្វ្រិក និងអាស៊ី ដែលមានបទបញ្ញត្តិទន់ខ្សោយ និងមានសេវាថែទាំសុខភាពតិច។ នៅក្នុងទ្វីបអាហ្វ្រិក និងអាស៊ី និន្នាការនៃការនិយមផឹកស្រាមានច្រើន។ នៅទីនោះ ការសេពសុរាច្រើនក្នុងមនុស្សម្នាក់ៗ។ នៅក្នុងទ្វីបអឺរ៉ុប និងអាមេរិក កម្រិតនៃការសេពសុរាមិនឡើងចុះ»។
នៅក្នុងឆ្នាំ២០០៥ របាយការណ៍បង្ហាញថា នៅទូទាំងពិភពលោក មនុស្សវ័យពី១៥ឆ្នាំឡើងទៅ ក្នុងម្នាក់ៗទទួលទានសុរាសុទ្ធជាមធ្យមចំនួន ៦.១៣លីត្រ។ ទោះជាការសេពសុរាបានរាលដាលក៏ដោយ ក៏អង្គការ WHO កត់សម្គាល់ថា មានមនុស្សភាគច្រើនមិនផឹកទេ។ ព័ត៌មានចុងក្រោយបង្ហាញថា ស្ទើរតែពាក់កណ្តាលនៃចំនួនបុរសទាំងអស់ និងស្ត្រីចំនួន២ភាគ៣ មិនបានប្រើស្រាទេនៅក្នុងឆ្នាំ២០០៥។
លោកវេជ្ជបណ្ឌិត សាក្សេណា មានប្រសាសន៍ថា មនុស្សណាដែលពឹងពាក់លើសុរា មានអាយុជាមធ្យម១០ឆ្នាំតិចជាង អ្នកដែលគ្មានបញ្ហាជាមួយស្រា។ លោកមានប្រសាសន៍ថា៖
«ការស្លាប់ និងពិការជាច្រើនដោយសារស្រា មានជាក់ស្តែងនៅក្នុងចំណោមយុវជន និងមនុស្សវ័យកណ្តាល ហើយមិនមាននៅក្នុងចំណោមមនុស្សចាស់ទេ។ ដូច្នេះ ខ្ញុំគិតថា មនុស្សចំនួន២លាន៥សែននាក់ដែលស្លាប់គឺស្ថិតក្នុងក្រុមអាយុនៃមនុស្សដែលមិនគួរស្លាប់សោះ។ ទាំងនេះគឺជាការស្លាប់មុនអាយុ...ភាគច្រើននៃការស្លាប់គឺអាយុក្រោម៦០ឆ្នាំ»។
អង្គការ WHO ឲ្យដឹងថា យុទ្ធសាស្ត្រសាកលរបស់ខ្លួនដើម្បីកាត់បន្ថយការសេពសុរាហួសកម្រិត រួមមានការតម្លើងពន្ធដារលើស្រា ការកាត់បន្ថយចំនួនហាងលក់ស្រា ការតម្លើងអាយុអនុញ្ញាតឲ្យផឹកស្រា ការអនុម័តវិធានការតឹងរឹងលើអ្នកបើកបរពេលស្រវឹងស្រា និងការហាមឃាត់ការផ្សាយពាណិជ្ជកម្មស្រាខ្លះៗ។
ប្រែសម្រួលដោយ នុច សារីតា