លោក​អូបាម៉ា​សម្រេច​គោល​ដៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​អាមេរិក​ឡាទីន

លោក​ប្រធានាធិបតី​បារ៉ាក់​អូបាម៉ា​សួរ​សុខទុក្ខ​កុមារ​ពេល​លោក​អញ្ជើញ​ទៅ​ដល់​ទីក្រុង​សាន​សាលវ៉ាឌ័រ​ ប្រទេស​​អេលសាលវ៉ាឌ័រ​ ​ថ្ងៃ​​ទី​​២២​ ខែ​​មីនា​​ ឆ្នាំ​​២០១១។​

ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​៥​ថ្ងៃរបស់​លោក​ទៅ​កាន់ប្រទេស​ប្រេស៊ីល​ (Brazil) ឈីលី(Chile) និង​អេលសាលវ៉ាឌ័រ​(El Salvador) កាល​ពី​សប្តាហ៍​មុន​ លោក​ប្រធានាធិបតី​ បារ៉ាក់​ អូបាម៉ា​ បានថ្លែង​ក្នុង​សំឡេង​ឭៗ​អំពី​ការ​រីក​ចម្រើនខាង​លទ្ធិ​ប្រជាធិបតេយ្យ​ ព្រម​ទាំង​ភាព​ជឿនលឿន​ទៅ​មុខខាង​វិស័យ​សេដ្ឋកិច្ច​និង​សង្គម​នៅ​ទី្វប​អាមេរិក​ឡាទីន។ ក៏​ប៉ុន្តែ​ លោក​អូបាម៉ា​ ប្រឈម​មុខ​ទៅ​នឹងភារកិច្ច​ក្នុង​ការ​បំពេញ​ឲ្យ​បាន​នូវការ​ប្តេជ្ញា​ចិត្ត​ ដែល​លោក​បាន​ធ្វើ។

បើ​ទោះ​ជា​លោក​ត្រូវ​បាន​រំខាន​អារម្មណ៍​ តាំង​ពី​ការ​ចាប់​ផ្តើម​ដំបូង​នៃ​ដំណើរទស្សនកិច្ច​របស់លោក​នៅ​ប្រេស៊ីល​រហូត​ដល់បញ្ចប់​ទស្សនកិច្ច​នៅ​អេល​សាលវ៉ាឌ័រ​ ដោយ​សារ​តែហេតុការណ៍​នៅ​ក្នុង​ប្រទេស​លីប៊ី​ និង​តំបន់​មជ្ឈឹម​បូព៌ា​ក៏​ដោយ​ ក៏​លោក​ប្រធានាធិបតី​អូបាម៉ា​ សម្រេច​គោលដៅ​សំខាន់ៗ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​អាមេរិក​ឡាទីន។

នៅ​ក្នុង​សុន្ទរកថា​សំខាន់ៗ​នៅ​ទី​ក្រុង​ រីយ៉ូ​ ឌឺហ្សា​ណេរ៉ូ (Rio de Janeiro) និង​ក្រុង​សាន់ត្យាហ្គោ ​(Santiago) លោក​បាន​គូស​បញ្ជាក់​អំពី​អ្វី​ដែល​លោកចាត់​ទុក​ថា​ជា​សារៈសំខាន់នៃទ្វីប​អាមេរិកចំពោះ​សហរដ្ឋ​អាមេរិក​ និង​កត់​សម្គាល់​អំពី​ការ​សម្រេច​បាន​ជា​ច្រើន​ដែល​ប្រទេស​ទាំង​ឡាយ​បាន​ធ្វើ​ ក្នុង​ការ​ពង្រឹង​លទ្ធិ​ប្រជា​ធិបតេយ្យ​ ការ​រីក​លូតលាស់​សេដ្ឋកិច្ច​ និង​ការ​ប្រយុទ្ធប្រឆាំង​ភាព​ក្រីក្រ។

លោក​ប្រធានា​ធិបតី​បាន​ប្រកាស​អំពី​គម្រោង​ជា​ដៃ​គូ​ថ្មីៗ​ក្នុង​វិស័យ​មុខ​ជំនួញ​និង​ថាមពលស្អាត​ កិច្ច​សន្ទនា​និង​កិច្ច​សហ​ប្រតិបត្តិ​ការ​ដទៃ​ទៀត​ និង​កំណត់​គោលដៅ​ថ្មី​ ដើម្បី​បង្កើនការ​ផ្លាស់ប្តូរនិស្សិត។

នៅ​ក្នុង​សុន្ទរកថា​របស់​លោក​នៅ​ឈីលី​ ដែល​សំដៅ​ទៅ​កាន់ប្រជា​ពលរដ្ឋ​នៅ​អាមេរិក​ឡាទីន​ លោកបាន​ក្រើន​រំឭក​អំពី​សម្ព័ន្ធភាព​ដើម្បី​ការ​រីក​ចម្រើន​ (Alliance for Progress) ដែល​បាន​ផ្តួចផ្តើម​គំនិត​ដោយ​លោក​ប្រធានា​ធិបតី​ ចន អេហ្វ កេណ្ណឺឌី (John F. Kennedy)​ កាល​ពី​៥០​ឆ្នាំ​ក​ន្លងទៅ។

«តថៈ​ភាព​នៃ​បច្ចុប្បន្នកាល​ ព្រមទាំង​សមត្ថភាព​និងជំនឿ​ចិត្ត​ថ្មី​របស់អាមេរិក​ឡាទីន​ ទាមទារអ្វី​ដែល​ប្លែកៗ​ពី​មុន។ បញ្ហា​ប្រឈម​របស់​លោក​ប្រធានាធិបតី​ កេណ្ណឺឌី​ នៅ​តែ​មាន​បន្ត​ ដើម្បី​កសាង​អឌ្ឍគោលមួយ​ ដែល​ប្រជា​ពលរដ្ឋ​ទាំង​អស់​អាច​សង្ឃឹម​ថា​នឹង​មាន​កម្រិត​ជីវភាពរស់​នៅប្រកប​ដោយ​ចីរភាព​និង​សមរម្យ​ ហើយ​ពលរដ្ឋ​ទាំង​អស់​អាច​រស់​នៅ​ប្រកប​ដោយសេចក្តី​ថ្លៃថ្នូរ​និង​សេរីភាព។ ប៉ុន្តែ​កន្លះ​សតវត្សរ៍​ក្រោយ​មក​ យើង​ត្រូវ​តែ​ផ្តល់​អត្ថន័យដល់ការងារ​នេះ​ តាមវិធីសាស្ត្ររបស់​យើង​ក្នុង​របៀប​ថ្មី​មួយ»។

នៅក្នុង​អ្វី​ដែលសេតវិមាន​ ពិពណ៌នា​ថា​ជា​ដៃគូដើម្បី​ការ​ចម្រើន​ទៅ​មុន​ (Progress for Partnership)​ លោក​ប្រធានាធិបតី​ អូបាម៉ា​ បាន​គូស​បញ្ជាក់​អំពី​គោលដៅ​បង្កើន​ការ​ធ្វើ​ពាណិជ្ជកម្ម​និង​ការ​វិនិយោគរបស់​សហរដ្ឋអាមេរិក ​ជាមួយ​អាមេរិក​ឡាទីន។ លោក​ បាន​បញ្ជាក់​ពី​ចេតនារបស់​លោក​ក្នុង​ការ​ដោះ​ស្រាយបញ្ហា​នៅ​សេសសល់​ជា​ច្រើន​ ហើយ​ជំរុញកិច្ច​ព្រមព្រៀងពាណិជ្ជកម្ម​ជាមួយ​ប្រទេស​កូឡំប៊ី​និង​ប៉ាណាម៉ា​ រហូត​ដល់​ទទួលបានការ​អនុម័ត​ពី​សភា​សហរដ្ឋ​អាមេរិក។

ដៃគូដើម្បី​ការ​ចម្រើន​ទៅ​មុខ ​ក៏​រាប់​បញ្ចូល​ទាំង​កិច្ច​ប្រឹង​ប្រែង​បែប​សហ​ប្រតិបត្តិ​ការ​ ដើម្បី​ប្រឈម​មុខទៅនឹង​បញ្ហា​អសន្តិសុខ​ និង​បទ​ឧក្រិដ្ឋ​ដ៏​ហិង្សា​ កិច្ច​សហប្រតិបត្តិការ​ខាង​បច្ចេកវិជ្ជា​ថាមពលស្អាត​ និង​ការ​បង្កើនកិច្ច​សហ​ប្រតិបត្តិការខាង​វិស័យ​ការពារជាតិ។ លោក អូបាម៉ា​ក៏​បាន​អះ​អាង​ពីការ​គាំទ្រ​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​កិច្ច​ប្រឹង​ប្រែង​ក្នុង​តំបន់​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ទៅ​នឹង​បទ​ឧក្រិដ្ឋ​ និង​ក្រុម​ជន​អន្ធ​ពាល​ថ្នាំ​ញៀន​នៅ​ក្នុង​តំបន់។

ក្រុម​មន្ត្រី​នៅ​សេតវិមាន​ថ្លែង​ថា​ គោលដៅសំខាន់​សម្រាប់​ដំណើរ​ទស្សនកិច្ចនៅ​អាមេរិក​ឡាទីន​របស់​លោក​ប្រធានាធិបតី​ គឺ​ការ​គូស​បញ្ជាក់​ពី​សារៈសំខាន់របស់​ទី្វបអាមេរិក​សម្រាប់​រូប​លោក​ផ្ទាល់​និង​ចំពោះ​សហរដ្ឋ​អាមេរិក​ ត្រូវ​បាន​សម្រេច។

ប៉ុន្តែ​ខណៈ​ដែលក្រុម​មន្ត្រី​និយាយ​ថា​ លោក​ប្រធានា​ធិបតី ​តាំងចិត្ត​បំពេញ​ឲ្យ​បានតាមការប្តេជ្ញា​ចិត្ត​ ក៏​លទ្ធផល​ជាក់ស្តែង​ស្ថិត​នៅ​លើ​សកម្ម​ភាព​អនុវត្ត​ជាក់ស្តែង​ ដែល​ជា​អ្វី​ដែល​លោក អូបាម៉ា​បាន​លើក​ឡើង​នៅ​ក្នុង​សុន្ទរកថា​ដ៏​សំខាន់​របស់​លោក​ ដែល​បាន​ថ្លែង​នៅ​ទី​ក្រុង​សាន់ត្យាហ្គោ។

«ឥឡូវ​នេះ​ ខ្ញុំ​ដឹង​ថា​ ខ្ញុំមិន​មែន​ជាប្រធានាធិបតី​ដំបូង​បង្អស់​មក​ពី​សហ​រដ្ឋ​អាមេរិក​ដែល​បាន​សន្យាអំពី​ស្មារតី​នៃ​ភាព​ជា​ដៃគូ​ថ្មី​ជាមួយ​អាមេរិក​ឡាទីន​ជា​អ្នក​ជិត​ខាង​ នោះ​ទេ។ ពាក្យ​សម្តី​ ស្រួលនិយាយ​ទេ​ ហើយ​ខ្ញុំ​ដឹង​ថា​ ក្នុង​ពេល​កន្លង​មក​ សហរដ្ឋ​អាមេរិក​ប្រហែល​ធ្លាប់​បាន​មើល​រំលង​តំបន់​នេះ»។

ក្នុង​ដំណើរ​ទស្សន​កិច្ចរបស់​លោក​ទៅ​ប្រេស៊ីល​ ឈី​លី​ និង​អេល​សាលវ៉ាឌ័រ​ លោក​ប្រធានាធិបតី ​ក៏​បាន​ផ្តល់សារ​ដ៏​ច្បាស់​លាស់​ អំពី​ទស្សនៈ​វិស័យ​របស់​លោក​ទាក់​ទង​ទៅ​នឹង​សារៈ​សំខាន់នៃសិទ្ធិ​មនុស្ស​និង​សេរីភាព​ជា​មូលដ្ឋាន​នៅ​ទូទាំង​អាមេរិក​ឡាទីន។

នៅ​ទី​ក្រុង​សាន់ត្យាហ្គោ​ លោក​បាន​អំពាវនាវ​ឲ្យមាន​ការ​ប្តេជ្ញា​ចិត្ត​ឡើង​វិញ​ អំពី​គោលការណ៍​ នៅ​ក្នុង​ធម្មនុញ្ញ​លទ្ធិ​ប្រជាធិបតេយ្យអន្តរទ្វីប​អាមេរិក​ (Inter-American Democratic Charter) ដែលបាន​អនុម័តនៅ​ថ្ងៃ​ទី​១១​ខែ​កញ្ញា​ឆ្នាំ​២០០១​ ដោយ​អង្គការ​នៃ​ប្រទេស​នៅ​ទ្វីប​អាមេរិក។

ទាក់ទង​ទៅ​នឹង​ហេតុការណ៍​នៅ​អាហ្វ្រិក​ខាង​ជើង​ និង​មជ្ឈឹម​បូព៌ា​ លោក​អូបាម៉ា​បាន​និយាយ​ថា​ សមិទ្ធិផល​សម្រេច​បាន​របស់ប្រជា​ពលរដ្ឋ​ប្រទេស​ឈីលី​ អាច​ធ្វើ​ជាគំរូ​មួយ​សម្រាប់​ពលរដ្ឋ​នៅ​កន្លែង​ផ្សេង​ទៀត​នៅ​ក្នុង​ពិភព​លោក​ «ដើម្បី​ស្វែង​រកសេរីភាព​របស់​ខ្លួន»៕

ប្រែ​សម្រួល​ដោយ ​លី​ សុខឃាង