សេតវិមាន​និង​បក្ស​សាធារណរដ្ឋ​ជិត​សម្រេច​ការព្រមព្រៀង​អំពី​កម្រិត​បំណុល​អាមេរិក

ប្រធានរដ្ឋសភាសហរដ្ឋអាមេរិក លោក Kevin McCarthy ថ្លែងទៅកាន់អ្នកសារព័ត៌មាន អំពីការចរចាលើកិច្ចព្រមព្រៀមកម្រិតពិដានបំណុល នៅវិមានរដ្ឋសភា ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៣។

បើ​តាម​សេចក្តី​រាយការណ៍​ព័ត៌មាន​ថា ក្រុម​មន្ត្រី​ជាន់ខ្ពស់​សេតវិមាន​និង​សមាជិក​សភា​ខាង​គណបក្ស​សាធារណរដ្ឋកាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ជិតសម្រេច​បាន​កិច្ចព្រមព្រៀង​មួយ​ ដែល​នឹង​បង្កើន​កម្រិត​បំណុល​សម្រាប់​ពេល​ពីរ​ឆ្នាំ ហើយ​ក៏​កម្រិត​ការចំណាយ​សហព័ន្ធ​លើ​វិស័យទាំង​អស់​ លើកលែង​តែផ្នែក​យោធា​និង​ទាហាន​ជើង​ចាស់។

ប្រសិន​បើមានការ​យល់​ព្រមគ្នាអំពី​កិច្ចព្រមព្រៀង​នេះ​និង​មាន​ការ​អនុវត្ត វា​នឹង​បង្កើន​ការ​កម្រិត​ការ​ខ្ចី​ប្រាក់​ដោយ​រដ្ឋាភិបាល​សម្រាប់​ពេល​ពីរ​ឆ្នាំ គឺ​ហួស​ពី​ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ឆ្នាំ ២០២៤។

បើ​តាមកាសែត New York Times ដែល​បាន​ផ្សាយ​មុន​គេ​អំពី​រឿង​នេះ ការ​សម្របសម្រួល​គ្នានេះអនុញ្ញាតឱ្យ​ក្រុម​គណបក្ស​ប្រជាធិបតេយ្យ​អាច​និយាយថា ​ពួក​គេ​បាន​ធ្វើ​មិន​ឱ្យ​មាន​ការ​កាត់បន្ថយច្រើន​ដល់​កម្មវិធីក្នុង​ប្រទេស​ភាគច្រើន​ ហើយ​ក្រុម​គណបក្ស​សាធារណរដ្ឋ​វិញ​អាច​ថ្លែង​ថា ​ពួក​គេ​បាន​បន្ថយ​ការ​ចំណាយ​ខ្លះ​របស់​រដ្ឋាភិបាល​សហព័ន្ធ។

សារព័ត៌មាន New York Times ​បាន​ឱ្យ​ដឹង​ទៀត​ថា ការ​ចរចា​គ្នា​បាន​ធ្វើ​កាល​ពី​យប់​ថ្ងៃព្រហស្បតិ៍​ហើយ​ក៏​មាន​ការ​ចាប់​ផ្តើម​ព្រាង​ខ្លឹមសារ​នីតិបញ្ញត្តិ​ផង​ដែរ។

លោក Kevin McCarthy ប្រធានរដ្ឋសភា​បាន​និយាយប្រាប់​ក្រុម​អ្នកកាសែត នៅ​ពេល​លោក​ចាកចេញ​ពី​វិមាន​សភាកាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ថា៖ «យើង​បាន​និយាយ​ជាមួយ​សេតវិមានពេញ​មួយ​ថ្ងៃ យើង​បានឆ្លើយឆ្លង​គ្នា​ច្រើនដង​ ហើយ​នេះ​មិនមែន​ជា​ការ​ងាយស្រួល​ទេ។ វា​ត្រូវការ​ពេលមួយ​រយៈ​ដើម្បី​ឱ្យ​សម្រេច​កិច្ចការ​នេះ ហើយ​យើង​បាន​ខំ​ធ្វើការ​ខ្លាំង​ដើម្បី​ឱ្យ​មាន​ការ​ព្រមព្រៀង​គ្នា​នេះ»។

កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ លោក​ប្រធានាធិបតី Joe Biden បាន​មានប្រសាសន៍​ថា ការ​ចរចា​ជាមួយ​សមាជិក​សភា​សាធារណរដ្ឋ​ដើម្បី​បង្កើន​ការ​កម្រិត​ការ​ខ្ចីប្រាក់​ដោយ​រដ្ឋាភិបាល​អាមេរិកនិង​កំណត់​កម្រិត​ចំណាយ​ក្នុង​ពេល​អនាគតមាន​ដំណើរ​ការ​ល្អ ហើយ​លោក​បាន​ធានារ៉ាប់រងដល់​ប្រជាជន​អាមេរិក​ថា ​ប្រទេស​ជាតិ​នឹង​មាន​ប្រាក់​សម្រាប់​បំពេញ​កាតព្វកិច្ច​សង​បំណុល​ខ្លួន។

ក្រុម​អ្នក​ចរចា​ខាង​ថវិការបស់​សេតវិមានបាន​បន្ត​និយាយ​ជាមួយ​ក្រុម​អ្នក​តំណាង​លោក McCarthy ដើម្បី​ដោះស្រាយសេចក្ដី​លម្អិត​ចុង​ក្រោយ​បង្អស់​នៃ​កិច្ចព្រមព្រៀង​គ្នា​មួយ តែ​គ្មាន​ការ​ប្រកាសអំពី​កិច្ច​ព្រមព្រៀង​គ្នា​ទេ ​ពីព្រោះក្រុម​សមាជិកសភាបាន​ចាប់ផ្តើម​ចាកចេញពី​រដ្ឋធានី​វ៉ាស៊ីនតោន​នៅ​មុនដំណាច់​សប្ដាហ៍​នេះ​ នៃបុណ្យ​ទិវា​រំឭក​វិញ្ញាណក្ខន្ធ​យុទ្ធជន​ ឬ Memorial Day ប្រចាំ​ឆ្នាំ​របស់​សហរដ្ឋ​អាមេរិក៕