សេតវិមានបានបញ្ជាក់ជាថ្មីថាប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Bidenនៅតែប្តេជ្ញាក្នុងការស្តារនិងធ្វើឲ្យប្រសើរឡើងវិញនូវទំនាក់ទំនងរបស់សហរដ្ឋអាមេរិកជាមួយនឹងតំបន់អាស៊ានជាពិសេសលើបញ្ហាដ៏សំខាន់ជាច្រើនក្នុងនោះមានសិទ្ធិមនុស្សសន្តិសុខ សេដ្ឋកិច្ចនិងសុខភាពសាធារណៈ។
ការលើកឡើងនេះក្នុងពេលដែលលោក Joe Bidenគ្រោងនឹងជួបជាមួយមេដឹកនាំអាស៊ានក្នុងពេលឆាប់ៗខាងមុខនេះនៅរដ្ឋធានីវ៉ាស៊ីនតោនសហរដ្ឋអាមេរិក។
អ្នកស្រី Jen Psaki អ្នកនាំពាក្យសេតវិមានបានថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនថា៖
«ការកសាងភាពជាដៃគូនិងសម្ព័ន្ធភាពរបស់យើងឡើងវិញគឺជាអាទិភាពសម្រាប់លោកប្រធានាធិបតីតាំងពីដំបូង។ ទំនាក់ទំនងខ្លះគឺតាមរយៈរចនាសម្ព័ន្ធដែលមានស្រាប់ដូចជាអាស៊ាន។វិធីមួយចំនួនគឺតាមរយៈទំនាក់ទំនងទ្វេភាគីដោយផ្ទាល់។ ការណ៍នេះដោយសារលោកប្រធានាធិបតីគិតថាវានឹងពង្រឹងគោលបំណងរបស់យើងក្នុងការតស៊ូមតិសម្រាប់សិទ្ធិមនុស្សសម្រាប់សន្តិសុខពិភពលោកនិងសម្រាប់ការធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហាសកលធំៗ ដូចជាសេដ្ឋកិច្ចពិភពលោកឬវិបត្តិកូវីដ»។
លោកប្រធានាធិបតី Joe Biden បានស្នើកាលពីខែវិច្ឆិកាឆ្នាំមុនឲ្យមានកិច្ចប្រជុំកំពូលជាមួយនឹងមេដឹកនាំអាស៊ានដោយគ្រោងប្រជុំនៅខែមករាប៉ុន្តែត្រូវបានពន្យារដល់ចុងខែកុម្ភៈតាមការស្នើសុំរបស់មេដឹកនាំអាស៊ាន។
នៅពេលដែលអ្នកឆ្លើយឆ្លងព័ត៌មានរបស់វីអូអេបានសាកសួរ អ្នកស្រី Jen Psaki បានថ្លែងថាអ្នកស្រីនៅមិនទាន់មានព័ត៌មានលម្អិតអំពីរបៀបវារៈប្រជុំនៅឡើយទេ។ ប៉ុន្តែអ្នកស្រីបានបញ្ជាក់ពីសារៈសំខាន់នៃកិច្ចប្រជុំនេះ៖
«ប៉ុន្តែអ្នកដឹងទេថាវាជាឱកាសមួយទៀតសម្រាប់លោកប្រធានាធិបតីសន្ទនាអំពីវិធីដែលយើងអាចធ្វើការជាមួយគ្នានិងវិធីដែលយើងអាចកសាងឡើងវិញនូវទំនាក់ទំនងជាច្រើនដែលត្រូវបានបំផ្លាញក្នុងរយៈពេល៤ឆ្នាំមុនអណត្តិរបស់លោក»។
ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងតំបន់អាស៊ានក្នុងរយៈពេល៤ឆ្នាំក្រោមរដ្ឋបាលលោកដូណាល់ ត្រាំត្រូវបានអ្នកវិភាគមើលឃើញថាមានលក្ខណៈឡើងចុះ។ ក្នុងឆ្នាំ២០១៧ លោក Donald Trump បានទៅចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានក្នុងទីក្រុងម៉ានីលប្រទេសហ្វីលីពីន។ ប៉ុន្តែនៅក្នុងកិច្ចប្រជុំកំពូលរបស់អាស៊ានក្នុងឆ្នាំ២០១៩រដ្ឋបាលលោក Donald Trump បានបញ្ជូនត្រឹមទីប្រឹក្សាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិកចូលរួមដែលបានធ្វើឲ្យមេដឹកនាំតំបន់អាស៊ីអាគ្នេយ៍មួយចំនួនអាក់អន់ចិត្តនិងធ្វើពហិការមិនចូលរួមកិច្ចប្រជុំកំពូលអាមេរិកនិងអាស៊ានដែលរៀបចំឡើងបន្ទាប់ពីនោះនៅប្រទេសថៃ។
នៅឆ្នាំនេះកម្ពុជាគឺជាប្រធានប្តូរវេនរបស់អាស៊ាន។ មន្ត្រីកម្ពុជាយល់ថាកិច្ចប្រជុំកំពូលខាងមុខនេះគឺជាឱកាសការស្វែងរកកិច្ចសហប្រតិបត្តិបន្តទៀតរវាងអាស៊ានជាមួយនឹងសហរដ្ឋអាមេរិក។ ទន្ទឹមគ្នានេះដែរអាស៊ានក៏នឹងយកឱកាសនេះពន្យល់ដល់សហរដ្ឋអាមេរិកថាតំបន់នេះគឺជាប្លុកសេដ្ឋកិច្ចមិនមែនជាប្លុកយុទ្ធសាស្រ្តនយោបាយនិងយោធាទេ។ នេះបើតាមការលើកឡើងរបស់លោក ផៃ ស៊ីផានមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា។
លោកផៃ ស៊ីផានដែលជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់បន្ថែមប្រាប់វីអូអេកាលពីថ្ងៃពុធថា៖
«យើងដឹងហើយថាអាស៊ានរួមគ្នាមិនមែនដើម្បីប្រឆាំងនឹងអ្នកណាមួយទេ។ នេះជាគោលការណ៍ជាច្បាប់របស់អាស៊ាន។ អាស៊ានរៀបចំជាប្លុកមួយយកសេដ្ឋកិច្ចជាធំហើយនយោបាយក៏ជានយោបាយមួយដើម្បីរក្សាសន្តិភាពនិងរក្សាតុល្យភាពរវាងមហាអំណាចធំៗដែលកម្ពុជាត្រូវតែអនុវត្តត្រូវតែធ្វើ»។
លោកផៃ ស៊ីផានបានបន្ថែមថាក្រុមបណ្តាមេដឹកនាំអាស៊ានក៏អាចនឹងសម្តែងកង្វល់ចំពោះជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិនដែលបានចាប់ផ្តើមតាំងពីរដ្ឋបាលរបស់លោកDonald Trumpផងដែរ។
អ្នកជំនាញកិច្ចការបរទេសមើលឃើញថាទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងតំបន់អាស៊ានមានភាពល្អប្រសើរឡើងនៅក្រោមរដ្ឋបាលលោកJoe Bidenដូច្នេះកិច្ចប្រជុំកំពូលនេះគឺជាការបញ្ជាក់ពីការយកចិត្តទុកដាក់របស់មហាអំណាចពិភពលោកនេះ។
ក្នុងរយៈពេល១ឆ្នាំក្រោមរដ្ឋបាលលោកBidenមានមន្ត្រីជាន់ខ្ពស់ជាច្រើនបានទៅធ្វើទស្សនកិច្ចក្នុងតំបន់ក្នុងនោះមានអនុប្រធានាធិបតីអ្នកស្រី Kamala Harris លោកLloyd Austinរដ្ឋមន្ត្រីការពារជាតិនិងរដ្ឋមន្ត្រីការបរទេសលោកAnthony Blinken ជាដើម។
លោក ឈាង វណ្ណារិទ្ធិប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ីបានបញ្ជាក់ប្រាប់វីអូអេកាលពីថ្ងៃពុធថាលក្ខណៈទីតាំងភូមិសាស្ត្ររបស់អាស៊ានមានសារៈសំខាន់ដល់ការសម្រេចបានគោលនយោបាយឥណ្ឌូប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក។
លោកឈាង វណ្ណារិទ្ធិបានបន្ថែមថា៖
«អ៊ីចឹងគោលនយោបាយឥណ្ឌូប៉ាស៊ីហ្វិករបស់អាមេរិកហ្នឹងត្រូវការតួអង្គអាស៊ានសំខាន់ណាស់។ អីចឹងទេត្រូវពង្រឹងតួអង្គអាស៊ានពង្រឹងនូវមជ្ឈភាពរបស់អាស៊ាននៅក្នុងការតាក់តែងនូវតំបន់អាស៊ីប៉ាស៊ីហ្វិកមួយគឺជាការសំខាន់»។
អាស៊ានកំពុងតែពង្រឹងគោលការណ៍«ចក្ខុវិស័យអាស៊ានលើតំបន់ឥណ្ឌូប៉ាស៊ីហ្វិក»(Asean Outlook on the Indo-Pacific (AOIP)) របស់ខ្លួនផងដែរ។ គោលការណ៍ចក្ខុវិស័យអាស៊ានលើតំបន់ឥណ្ឌូប៉ាស៊ីហ្វិកបង្ហាញថាអាស៊ានគឺជាតំបន់ដែលមានទំនាក់ទំនងជាប់គ្នាដោយមានតួនាទីមជ្ឈភាពនិងយុទ្ធសាស្រ្តហើយតំបន់នេះជាកន្លែងសន្ទនានិងសហប្រតិបត្តិការជាជាងជម្លោះ។ ទន្ទឹមនឹងនោះតំបន់នេះលើកកម្ពស់ការអភិវឌ្ឍនិងវឌ្ឍនភាពសម្រាប់គ្រប់ភាគី។
លោកឈាង វណ្ណារិទ្ធិបានបន្ថែមថា៖
«អ៊ីចឹងទេពីស្មារតីអាស៊ានគឺជំរុញAOIP (ចក្ខុវិស័យអាស៊ានលើតំបន់ឥណ្ឌូប៉ាស៊ីហ្វិក)ហើយត្រូវជំរុញបណ្តាប្រទេសដែលជាដៃគូអាស៊ានហ្នឹងយកAOIPជាកត្តាចម្បងឲ្យអាទិភាពខ្ពស់លើAOIP។ អ៊ីចឹងកិច្ចប្រជុំខាងមុខទាក់ទងនឹងទស្សនទានធ្វើយ៉ាងម៉េចឲ្យមានភាពស៊ីគ្នារវាងឥណ្ឌូប៉ាស៊ីហ្វិករបស់អាមេរិកនិងAOIPរបស់អាស៊ាន»។
សហរដ្ឋអាមេរិកគាំទ្រគោលការណ៍ចក្ខុវិស័យអាស៊ានលើតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដោយចាត់ទុកថាគោលការណ៍ទាំងនោះបានឆ្លុះបញ្ចាំងនៅក្នុងចក្ខុវិស័យអាមេរិកសម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរីនិងបើកចំហរ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកាលពីខែសីហាឆ្នាំមុន។
តំបន់ឥណ្ឌូប៉ាស៊ីហ្វិកជាច្រកពាណិជ្ជកម្មដែលមានទំហំជាង៣,៥លានលាន(ទ្រីលាន)ដុល្លារជារៀងរាល់ឆ្នាំ។ នេះបើតាមការបញ្ជាក់របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក។
ប៉ុន្តែបញ្ហាសមុទ្រចិនខាងត្បូងនិងវិបត្តិនយោបាយនៅប្រទេសមីយ៉ាន់ម៉ាក៏ជាចំណុចសំខាន់ដែលអាចនឹងប៉ះពាល់ដល់កិច្ចពិភាក្សានេះដែរ។ នេះបើតាមការលើកឡើងរបស់លោកឈាង វណ្ណារិទ្ធិ។
ប្រទេសមហាអំណាចចិនមានជម្លោះជាច្រើនឆ្នាំហើយជាមួយនឹងសមាជិកអាស៊ានខ្លះក្នុងការទាមទារដែនទឹកនិងកោះនៅសមុទ្រចិនខាងត្បូង។មេដឹកនាំកម្ពុជាបានប្តេជ្ញាប្រឹងប្រែងសម្រេចឲ្យបានក្រមប្រតិបត្តិសមុទ្រចិនខាងត្បូងក្រោយពីការចរចាអស់ជាច្រើនឆ្នាំ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះការចរចាបានឈានទៅសម្រេចបានត្រឹមតែក្របខណ្ឌរួមប៉ុណ្ណោះដោយសារនៅមិនទាន់ចុះសម្រុងគ្នាលើគោលការណ៍សំខាន់ៗមួយដូចជាដែនសមត្ថកិច្ចរបស់ស្ថាប័នណាមួយដែលអាចកាត់សេចក្តីចំពោះវិវាទនេះឬក៏ប្រើការចរចាទ្វេភាគីរវាងភាគីចិននិងប្រទេសដែលទាមទារកម្មសិទ្ធិក្នុងដែនទឹកដែលមានជម្លោះនោះ។
លោកផៃ ស៊ីផានក៏បានបញ្ជាក់បន្ថែមថា៖
«រឿងសមុទ្រចិនខាងត្បូងយើងបន្តខំប្រឹងប្រែងធ្វើយ៉ាងម៉េចដើម្បីឲ្យក្រមប្រតិបត្តិនៃការដោះស្រាយហ្នឹងស្ថិតនៅក្នុងការដោះស្រាយដោយសន្តិភាពគឺមិនមានកម្លាំងណាមួយដែលវាអាចបង្កឲ្យមានហានិភ័យនិងអំពើហិង្សា»។
ក្រុមអ្នកតស៊ូមតិដើម្បីសិទ្ធិមនុស្សនៅកម្ពុជានិងមីយ៉ាន់ម៉ាបានរួមគ្នាស្នើសុំឲ្យលោកប្រធានាធិបតីJoe Bidenកុំឲ្យអញ្ជើញតំណាងយោធាមីយ៉ាន់ម៉ាចូលរួមប្រជុំប៉ុន្តែអញ្ជើញក្រុមរដ្ឋាភិបាលបង្រួបបង្រួមជាតិដែលគាំទ្រអ្នកស្រីអោង សានស៊ូជី វិញ។ នៅក្នុងលិខិតទៅលោកប្រធានាធិបតីJoe Bidenកាលពីថ្ងៃទី២១ខែមករាក្រុមសកម្មជនក៏សម្តែងការព្រួយបារម្ភពីតួនាទីដឹកនាំរបស់កម្ពុជាក្នុងនាមជាប្រធានប្តូរវេនអាស៊ានជាពិសេសប្រវត្តិរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនដែលមិនគោរពសំឡេងជំទាស់និងការធ្វើទស្សនកិច្ចទៅមីយ៉ាន់ម៉ាជាឯកតោភាគីដើម្បីជួបពិភាក្សាជាមួយនឹងលោកMin Aung Hlaing ដែលជាមេដឹកនាំរដ្ឋប្រហារយោធា។
លោកផៃ ស៊ីផានបានការពារវិធីដោះស្រាយរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ាន៖
«រឿងរបស់ភូមាជាជំហរគឺការប្រឹងប្រែងរបស់កម្ពុជាជាប្រធានហ្នឹងគឺយើងមានរឿងច្រើនណាស់ដែលត្រូវធ្វើហើយរឿងរបស់ភូមាមិនអាចចាប់អាស៊ានទៅជាចំណាប់ខ្មាំងទេ។ ដូច្នេះនេះជាការបង្ហាញនូវការសាមគ្គីភាពរវាងអាស៊ាន»។
គណបក្សសង្គ្រោះជាតិចង់ឲ្យសហរដ្ឋអាមេរិកយកឱកាសនៃកិច្ចប្រជុំកំពូលនេះរំលឹកមេដឹកនាំអាស៊ានឲ្យផ្តោតលើការគោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ។
លោកអេង ឆៃអ៊ាងអនុប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងរស់នៅនីរទេសខ្លួនក្នុងសហរដ្ឋអាមេរិកបានបញ្ជាក់ប្រាប់វីអូអេថា៖
«យើងឃើញថារដ្ឋបាលលោកBiden ពេលដែលគាត់មកកាន់តំណែងបន្តពីលោក Donald Trumpហ្នឹងគឺលោក Bidenគាត់ផ្តោតខ្ពស់លើសិទ្ធិមនុស្សនិងប្រជាធិបតេយ្យសម្រាប់ប្រទេសនានាលើពិភពលោក។ អ៊ីចឹងយើងសង្ឃឹមថាប្រធានបទស្តីពីសិទ្ធិមនុស្សនិងប្រជាធិបតេយ្យនឹងត្រូវយកមកជជែកគ្នាក្នុងកិច្ចប្រជុំកំពូលអាស៊ានអាមេរិកលើសពីកត្តាសេដ្ឋកិច្ចបញ្ហាពាណិជ្ជកម្មនិងបញ្ហាភេរវកម្ម»។
គណបក្សសង្គ្រោះជាតិត្រូវបានតុលាការកម្ពុជារំលាយកាលពីចុងឆ្នាំ២០១៧ហើយត្រូវគណបក្សកាន់អំណាចរឹបអូសយកអាសនៈនៅថ្នាក់មូលដ្ឋាននិងថ្នាក់ជាតិនិងហាមឃាត់ថ្នាក់ដឹកនាំជាង១០០នាក់មិនឲ្យធ្វើនយោបាយចំនួន៥ឆ្នាំ។ ចំណាត់ការនេះត្រូវបានសហគមន៍អន្តរជាតិមើលឃើញថាជាការរំលោភសិទ្ធិនយោបាយនិងសិទ្ធិពលរដ្ឋ។
គណបក្សសង្គ្រោះជាតិយល់ថាការវិវត្តន៍នយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលក្រុមយោធាបានធ្វើរដ្ឋប្រហារទម្លាក់គណបក្សឈ្នះឆ្នោតកាលពីខែកុម្ភៈឆ្នាំមុនគឺកាន់តែបង្ហាញឲ្យឃើញច្បាស់ពីសារៈសំខាន់នៃការគោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យពីព្រោះស្ថានការណ៍រវាងមីយ៉ាន់ម៉ានិងកម្ពុជាមានលក្ខណៈស្រដៀងគ្នា។
លោកអេង ឆៃអ៊ាងបានបន្ថែមថា៖
«រឿងភូមាក៏មិនខុសពីកម្ពុជាប៉ុន្មានដែរគ្រាន់តែថានៅក្នុងប្រទេសកម្ពុជាលោកហ៊ុន សែនគាត់មានល្បិចក្នុងការកម្ទេចសម្លាប់ប្រជាធិបតេយ្យសម្លាប់សិទ្ធិមនុស្សហ្នឹងវាមានតាក់តិចខ្ពស់ជាងនៅភូមាលោកMin Aung Hlaing»៕