សេតវិមាន កាលពីថ្ងៃព្រហស្បតិ៍ បានព្យាយាមសម្រាលក្តីបារម្ភ ដែលថាក្រុមជនចំណាកស្រុក ដូចដែលគេបានឃើញមកប្រមូលផ្តុំគ្នាក្នុងសប្តាហ៍នេះនៅតាមបណ្តោយព្រំដែនប្រវែងជាង ៣.០០០គីឡូម៉ែត្រ ដែលខណ្ឌចែករវាងសហរដ្ឋអាមេរិកនិងប្រទេសមិកស៊ិក ថាអាចក្លាយជាបញ្ហាចម្រូងចម្រាស់ បន្ទាប់ពីគោលនយោបាយពាក់ព័ន្ធមួយចំនួនស្តីពីការបណ្តេញចេញជនចំណាកស្រុកក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ១៩ ដែលគេហៅថា «ច្បាប់ ៤២» ត្រូវបានលុបចោលលែងអនុវត្ត។
រដ្ឋមន្ត្រីក្រសួងសន្តិសុខជាតិមាតុភូមិអាមេរិកលោក Alejandro Mayorkas បានថ្លែងនៅសេតវិមានថា៖ «កិច្ចប្រឹងប្រែងដែលធ្វើឡើងទៅតាមការពង្រឹងប្រព័ន្ធអន្តោប្រវេសន៍ដែលមានភាពធូរលុងរបស់យើងនោះ គឺការផ្តោតទៅលើដំណើរការដែលធានាឱ្យមានសុវត្ថិភាព មានរបៀបរៀបរយ និងមានភាពជាមនុស្សធម៌ ស្របពេលដែលយើងការពារកម្លាំងការងារនិងសហគមន៍របស់យើង»។
គោលនយោបាយពាក់ព័ន្ធស្តីពីការបណ្តេញចេញជនចំណាកស្រុកក្នុងអំឡុងពេលជំងឺកូវីដ១៩ បានផុតកំណត់អនុវត្តកាលពីថ្ងៃព្រហស្បតិ៍ ហើយក្រុមមន្ត្រីអាមេរិកបានឃើញចំនួនជនចំណាកស្រុកមានការហក់ឡើងខ្ពស់យ៉ាងគំហុក នៅតាមបណ្តោយព្រំដែន ដើម្បីព្យាយាមចូលមកក្នុងទឹកដីសហរដ្ឋអាមេរិក មុនពេលដែលមានបទបញ្ញត្តិថ្មីមួយអាចត្រូវបានអនុវត្ត។ ក្រោយពាក់កណ្តាលអាធាត្រយប់ថ្ងៃពុធ ជនចំណាកស្រុកណាដែលបានឆ្លងចូលមកទឹកដីអាមេរិក នឹងត្រូវបញ្ជូននាំចេញទៅវិញ និងមិនមានសិទ្ធិសុំសិទ្ធិជ្រកកោននោះឡើយ លើកលែងតែក្នុងករណីមួយចំនួនប៉ុណ្ណោះ។ ចំពោះអ្នកដែលធ្វើការណាត់តាមរយៈកម្មវិធី CBP One app នឹងនៅតែអាចស្នើសុំការការពារសម្រាប់សិទ្ធិសុំជ្រកកោនរបស់ខ្លួនបានដដែល។
ត្រឹមយប់ថ្ងៃពុធឆ្លងចូលព្រឹកថ្ងៃព្រហស្បតិ៍ ក្នុងទីក្រុង El Paso រដ្ឋតិចសាស សហរដ្ឋអាមេរិក កងកម្លាំងឆ្មាំជាតិអាមេរិកបាននាំក្រុមគ្រួសារជនចំណាកស្រុកជាច្រើនក្រុម ដែលមានកាបូបស្ពាយនិងក្រុមកុមារតូចៗផង ត្រឡប់ទៅកាន់ទឹកដីមិកស៊ិកវិញ តាមប៉ុស្តិ៍ច្រករបៀងដែលមានហុំព័ទ្ធដោយបន្លាលួសផងដែរ។
អ្នករិះគន់ លោក Biden ចង់ឃើញច្បាប់តឹងរ៉ឹង។
សមាជិកសភាមកពីគណបក្សសាធារណរដ្ឋ លោក Joe Wilson មកពីរដ្ឋ South Carolina បាននិយាយនៅក្នុងអង្គប្រជុំសភាកាលពីថ្ងៃព្រហស្បតិ៍ថា៖ «គោលនយោបាយព្រំដែនរបស់លោក Biden ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ និងបង្កគ្រោះថ្នាក់ដល់គ្រួសារអាមេរិកាំងទាំងអស់នៅគ្រប់ទីកន្លែងថាមានការវាយប្រហារភេរវកម្មដោយជនបរទេសខុសច្បាប់» ។
ហើយអ្នកតស៊ូមតិផ្នែកអន្តោប្រវេសន៍និយាយថា ប្រព័ន្ធរបស់លោក Biden គឺតឹងតែងជ្រុលពេក៕
(ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន AP)