ខណៈដែល​សង្គ្រាម​ផ្ទុះឡើង​នៅ​មជ្ឈិមបូព៌ា ទីក្រុង​រ៉ូម​ដើរ​ក្បួន​រំឭក​ខួប៨០​ឆ្នាំ​នៃ​ការចាប់​ប្រមូល​ជនជាតិ​ជ្វីស​ដោយ​ពួក​ណាស៊ី

រូបឯកសារ៖ ប្រជាជន​ប៉ាឡេស្ទីន​អបអរ​ដោយ​រថក្រោះ​អ៊ីស្រាអែល​ដែល​ត្រូវបាន​បំផ្លាញ​នៅឯ​ជញ្ជាំង​នៃ​តំបន់​ហ្កាហ្សាស្រ្ទីព Gaza Strip កាលពី​ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។

ស្រប​ពេល​ដែល​រូបភាព​នានា​នៃ​សង្គ្រាម​រវាង​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស់​បាន​បង្ក​ការភ័យ​ខ្លាច​នៅ​ជុំវិញ​ពិភពលោក ពលរដ្ឋ​នៅ​រដ្ឋធានី​នៃប្រទេស​អ៊ីតាលី​បាន​ដើរ​ក្បួន​នៅ​ក្នុង​សប្ដាហ៍​កន្លង​ទៅ​នេះ ដើម្បី​រំឭក​ខួប៨០ឆ្នាំ​នៃ​ការ​ប្រមូល​ផ្ដុំ​សហគមន៍​ជន​ជាតិ​ជ្វីស​ដោយ​ពួក​ណាស៊ីនៅ​ក្នុង​សង្គ្រាម​លោក​លើក​ទី២។

អ្នកស្រី Esther ជា​អំបូរ​ជនជាតិ​ជ្វីស​រស់​នៅ​ទីក្រុង​រ៉ូម។ អ្នកស្រី​និយាយ​ថា ខួប៨០ឆ្នាំ​នៃ «ការដើរ​ក្បួន​ដើម្បី​ចងចាំ» គឺជា​ការ​ដាស់​អារម្មណ៍​ពិសេស​មួយ​សម្រាប់​អ្នកស្រី ដែល​ឆ្នាំ​នេះ​ក៏​មាន​អាយុ៨០ដែរ។

អ្នកស្រី​និយាយ​ថា អ្នកស្រី​និង​ក្រុម​គ្រួសារ​បាន​រស់​រាន​មាន​ជីវិត​ពី​ការចាប់​ប្រមូល​ជន​ជាតិ​ជ្វីស​ចំនួន១ពាន់២០០នាក់​នៅ​ទីក្រុង​រ៉ូម កាល​ពីឆ្នាំ១៩៤៣ ដោយសារ​តែ​នៅ​ពេល​នោះ​អ្នកស្រី​និង​ក្រុម​គ្រួសារ​បាន​នៅទ្វីប​អាហ្វ្រិក។ ក៏ប៉ុន្តែ សាច់ញាតិ​ផ្សេង​ទៀត​របស់​អ្នកស្រី​មិន​មាន​វាសនា​ល្អ​ដូច​អ្នកស្រី​នោះ​ទេ។ អ្នកស្រី​និយាយ​ថា៖ «ខ្ញុំ​កើត​នៅ​ទ្វីប​អាហ្វ្រិក​ក្នុង​តំបន់​អាណានិគម​បែលហ្សិកកុងហ្គោ។ ដូច្នេះ ខ្ញុំ​បាន​គេចផុត​ពី​ការសម្លាប់​នេះ។ ប្រសិន​បើ​ពេល​នោះ​ខ្ញុំ​នៅ​ទ្វីប​អឺរ៉ុប​វិញ ខ្ញុំ​ក៏​មិនដឹង​ថា ខ្ញុំ​មាន​ឱកាស​និយាយ​ជាមួយ​លោក​នៅ​ថ្ងៃ​នេះ​ទេ»។

ពួក​អាជ្ញាធរ​អ៊ីតាលី សហគមន៍​អំបូរ​ជនជាតិ​ជ្វីសនៅ​ទីក្រុង​រ៉ូម​ និង​សមាជិក​សហគមន៍ Sant’Egidio កាន់​គ្រិស្ត​សាសនា​និកាយ​កាតូលិក​ដែល​ជា​ក្រុម​វឌ្ឍនភាព​ដើម្បី​សន្តិភាព បាន​រំឭក​ការចងចាំ​សម្រាប់​ជនជាតិ​ជ្វីស​នៅ​នៅ​អ៊ីតាលី​ដែល​បាន​ស្លាប់​ក្នុង​សង្គ្រាម​លោក​លើក​ទី២ និង​អ្នក​ដែល​បានរស់​រាន​ពី​របប​ដ៏គួរ​ឲ្យ​ភ័យខ្លាច​នោះ។

ឪពុក​របស់​អ្នកស្រី Julia Camorino មាន​ឈ្មោះ Enzo និង​ឪពុក​មារបស់​អ្នកស្រី​ឈ្មោះ Lushino ត្រូវ​បាន​យក​ចេញ​ពី​គុក​តូច​ចង្អៀត​នៅ​ទីក្រុង​រ៉ូម​ដោយ​ពួក​ណាស៊ី កាល​ពី​ឆ្នាំ ១៩៤៣ ហើយ​បញ្ជូន​ទៅ​កាន់​ជំរំ​ឃុំឃាំង Auschwitz មុន​ពេល​ត្រូវ​បាន​បញ្ជូន​បន្ត​ទៅ​ជំរំ​ឃុំឃាំង​ផ្សេង​ទៀត។

ពួក​គេ​គឺជា​មនុស្ស​តែ២នាក់​គត់​ក្នុង​ចំណោម​ជនជាតិ​ជ្វីសនៅ​ទីក្រុង​រ៉ូម១៦នាក់​ដែល​បាន​រស់រាន​មាន​ជីវិត​ពី​របប​ប្រល័យ​ពូជសាសន៍ Holocaust។ អ្នកស្រី​បាន​និយាយ​ថា វា​ជា​ភ័ព្វ​សំណាង​ដែ​លពួក​គេ​ទាំង២មាន​កម្លាំង​គ្រប់គ្រាន់​ដើម្បី​ធ្វើការងារ​ហើយ​មិន​ត្រូវ​បាន​គេ​យក​ទៅ​ឃុំ​នៅ​ជំរំ​មរណៈ។

នៅ​ទីបញ្ចប់ ពួក​គេ​បាន​រត់​គេច​ផុត​ពីជំរំ​នោះ ហើយ​ត្រូវ​បាន​ទទួល​ដោយ​ទាហាន​អាមេរិក។ អ្នកស្រី Camorino ថ្លែង​ប្រាប់​វីអូអេ​ថា ​សង្គ្រាម​រវាង​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស់​ បាន​ធ្វើ​ឲ្យ​អ្នកស្រី​មាន​ក្ដី​បារម្ភ​យ៉ាង​ខ្លាំង។ អ្នកស្រី​និយាយទៀត​ថា៖ «សង្គ្រាម​រវាង​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស់ ​ជា​រឿង​អកុសល ហើយជា​ស្ថានភាព​ដ៏​អាក្រក់​មួយ។ វាពាក់​ព័ន្ធ​យ៉ាង​ខ្លាំង​លើ​រឿង​នយោបាយ។ ខ្ញុំ​មក​ចូលរួម​ការដើរក្បួន​នេះ​ដើម្បី​រំឭក​ការចងចាំ​សម្រាប់​បុព្វបុរស​និង​ឪពុក​របស់​ខ្ញុំ។ លោក​សង្ឃឹម​ថា ពិភពលោក​នេះ​នឹង​រៀន​សូត្រ​ពី​អ្វី​ដែល​បាន​កើត​ឡើង​កាល​អតីតកាល​ និង​កាន់​តែ​ល្អ​ប្រសើរជាង​មុន។ យើង​មិនគួរ​បំភ្លេច​អ្វី​ដែល​បាន​កើត​ឡើង​នោះ​ទេ»។

តួនាទី​របស់​សម្ដេចប៉ាប Pius ទី១២ និង​មនុស្ស​ដទៃ​ទៀត​នៅ​ក្នុង​អំឡុង​អំពើ​ប្រល័យ​ពូជសាសន៍ Holocaust គឺជា​ប្រធានបទ​ដែល​មាន​ភាព​ចម្រូងចម្រាស ក៏ប៉ុន្តែ ឯកសារ​ប្រវត្តិសាស្ត្រ​បាន​បង្ហាញ​ថា ​រដ្ឋាភិបាល Holy See នៃ​ទីក្រុង​វ៉ាទីកង់​ និង​អ៊ីតាលី​បាន​ចាត់​វិធានការ​ជួយ​សង្គ្រោះ​ពលរដ្ឋ​ជ្វីស​បាន​រហូត​ដល់៨០ភាគរយ។

ពលរដ្ឋ​អ៊ីតាលី​ជាច្រើន​បាន​បូជា​ជីវិត​ដើម្បី​ជួយ​ដល់​ជនជាតិ​ជ្វីស​ដែល​ពួក​គេ​មិន​បាន​ស្គាល់។ ក្នុង​នោះ​ក៏​មាន​ករណី​ជីតា​របស់​លោក Sandro ផង​ដែរ​ ដែល​បាន​ផ្ដល់​ទីជម្រក​ដល់​គ្រួសារ​ជ្វីស​មួយ​ដើម្បី​បិទបាំង​ពី​ភ្នែក​របស់​ពួកណាស៊ី។

លោក Sandro ជា​គ្រិស្ត​បរិស័ទ​និង​ជា​សមាជិក​សហគមន៍ Sant’Egidio។ លោក​បាន​ចូលរួម​ក្នុង​ការដើរ​ក្បួន​នេះ ជាមួយ​មិត្តភ័ក្រ​មកពី​សហគមន៍​រ៉ូម​នៃ​ប្រទេស​អ៊ីតាលី។ សមាជិក​សហគមន៍​នេះ​ ក៏​ត្រូវ​បាន​សម្លាប់​ដោយ​ពួក​ណាស៊ី​ក្នុង​សង្គ្រាម​លោក​លើក​ទី២ផងដែរ។

លោក​ថ្លែង​ប្រាប់​វីអូអេ​ថា ​វា​ជារឿង​ចាំបាច់​ណាស់​ដែល​ត្រូវ​ចងចាំ​មនុស្ស​ទាំង​អស់​ដែល​បាន​បាត់​បង់​ជីវិត។ លោក​និយាយ​ថា៖ «សម្រាប់​យើង វាជារឿង​សំខាន់​ដែល​ត្រូវ​ចងចាំ​ថ្ងៃ​នេះ ពីព្រោះ​ពលរដ្ឋជាច្រើន​នៅ​ទីក្រុង​រ៉ូម​ដែល​មាន​ទាំង​ជនជាតិ​អ៊ីតាលី​និង​ជា​ជនជាតិ​ជ្វីស​ផង​ដែរ​ ត្រូវ​បាន​យក​ចេញ​ពី​ទីនេះ​ទៅ​សម្លាប់​នៅ​ជំរំ Auschwitz។ យើង​ចាត់​ទុក​ពួក​គេ​ជា​ផ្នែក​មួយ​នៃ​ទីក្រុង​នេះ។ រឿងរ៉ាវ​ដែល​កើត​ឡើង​លើ​ពួក​គេ ពិត​ជា​ព្រៃផ្សៃ​ណាស់។ យើង​នឹង​មិន​បំភ្លេច​វា​ចោល​ទេ ហើយ​នេះ​ជាក្ដី​សង្ឃឹម​របស់​ពួក​យើង»។

អ្នកស្រី Stefania Proietti ជា​អភិបាល​ក្រុង Assisi ដែលជា​ទីកន្លែង​កំណើត​របស់​សន្ត បុគ្គល Francis។ អ្នកស្រី​ថ្លែង​ប្រាប់​វីអូអេ​ថា ការដើរ​ក្បួន​ព្យុហយាត្រា​ដើម្បី​ចងចាំ​ដល់​ជនជាតិ​ជ្វីស​នៅ​ទីក្រុង​រ៉ូម​ដែល​ត្រូវ​សម្លាប់ ក៏​ជា​ការ​ពញ្ញាក់​អារម្មណ៍​ទៅ​លើ​ភាព​អយុត្តិធម៌​សម្រាប់​ជន​រងគ្រោះ​ទាំង​អស់​ផងដែរ។ អ្នកស្រី​ថ្លែង​ថា៖ «ខ្ញុំ​ជា​អ្នក​រស់​នៅ​ទីនេះ​ផ្ទាល់​ជឿជាក់​ថា ប្រវត្តិសាស្ត្រ​គឺជាគ្រូ​របស់​យើង ប៉ុន្តែ យើង​ត្រូវ​តែ​និយាយ​អំពី​សន្តិភាព។ យើង​មិន​អាច​ប្រព្រឹត្ត​កំហុស​ពី​អតីតកាល​ដដែលៗ​នោះ​ទេ។ យើង​ជួបជុំ​គ្នា​នៅ​ទីនេះ​សម្រាប់​ជន​រងគ្រោះ​ទាំង​អស់ ទាំង​ជនជាតិ​ជ្វីស​និង​មនុស្ស​ជាច្រើន​ទៀត​ដែល​ជា​ជន​រងគ្រោះ​ស្លូតត្រង់»។

ក្រុម​មន្ត្រី​តំណាង​រាស្ត្រ​អ៊ីតាលី​កំពុង​ពិចារណា​បង្កើត​សារមន្ទីរ Holocaust នៅ​ទីក្រុង​រ៉ូម ប៉ុន្តែ អ្នក​រិះ​គន់​និយាយ​ថា មនុស្ស​មួយ​ចំនួន​បាន​ជំទាស់​ទៅ​នឹង​គម្រោង​នេះ ដោយសារ​តែ​ពួក​គេ​ស្ទាក់​ស្ទើរ​មិន​ចង់​ឱ្យ​មាន​ការ​ចាប់​អារម្មណ៍​ទៅ​លើ​តួនាទី​ខ្លះ​ដែល​អ៊ីតាលី​បាន​ធ្វើ​ដើម្បី​គាំទ្រ​ដល់​ពួក​ណាស៊ី ដែល​ជា​រដ្ឋាភិបាល​ផ្ដាច់ការ​ហ្វាស៊ីក្នុង​អំឡុង​ពេល​នោះ៕

ប្រែសម្រួល​ដោយលោក នៀម ឆេង