តើ​វ៉ាក់សាំង​កូវីដ១៩ មួយ​ណា​ល្អ​ជាង​គេ?

ដប​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ របស់​ក្រុមហ៊ុន Pfizer-BioNTech ក្រុមហ៊ុន Moderna និង​ក្រុមហ៊ុន AstraZeneca ត្រូវ​បាន​ដាក់​តម្រៀប​គ្នា​នៅ​មជ្ឈមណ្ឌល​វ៉ាក់សាំង​របស់​សាកលវិទ្យាល័យ Skane ក្នុង​ក្រុង Malmo ប្រទេស​ស៊ុយអែត ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១។

ទីភ្នាក់ងារ​ម្ហូប​អាហារ​និង​ឱសថ (FDA) របស់​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ បាន​ផ្ដល់​ការ​អនុញ្ញាត​ឲ្យ​ប្រើ​នូវ​វ៉ាក់សាំង​កូវីដ១៩ របស់​ក្រុមហ៊ុន Johnson & Johnson។ វ៉ាក់សាំង​នេះ​គឺ​ជា​វ៉ាក់សាំង​កូវីដ១៩ ទី ៣ ដែល​សហរដ្ឋ​អាមេរិក​អនុញ្ញាត​ឲ្យ​ប្រើប្រាស់។

វ៉ាក់សាំង​នេះ​តម្រូវ​ឲ្យ​ចាក់​តែ​មួយ​ដូស​តែ​ប៉ុណ្ណោះ ជាជាង ២ ដូស ដូច​វ៉ាក់សាំង​របស់​ក្រុមហ៊ុន Moderna និង​វ៉ាក់សាំង​ដែល​ផលិត​រួម​គ្នា​រវាង​ក្រុមហ៊ុន Pfizer និង​ក្រុមហ៊ុន BioNTech។

តើ​អ្នក​គួរ​ចាក់​វ៉ាក់សាំង​មួយ​ណា?

អ្នកស្រី Kathleen Neuzil ប្រធាន​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​វ៉ាក់សាំង​និង​សុខភាព​សាកល​នៃ​សាកល​វិទ្យាល័យ Maryland បាន​និយាយ​ថា៖ «ចាក់​វ៉ាក់សាំង​ណា​ដែល​អ្នក​អាច​ទទួល​បាន​ដំបូង។ នេះ​ជា​អ្វី​ដែល​ខ្ញុំ​បាន​ប្រាប់​ក្រុម​គ្រួសារ​របស់​ខ្ញុំ។ វ៉ាក់សាំង​ទាំង​អស់​គឺ​ល្អ​ដូច​គ្នា»។

ភាគរយ​នៃ​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​ទាំង​នេះ​មាន​ភាព​ខុស​គ្នា ហើយ​វីរុស​កូវីដ១៩ ប្រភេទ​ថ្មី បាន​ធ្វើ​ឲ្យ​រឿង​នេះ​មាន​លក្ខណៈ​ស្មុគស្មាញ។

ប៉ុន្តែ អ្នក​ជំនាញ​នានា​បាន​និយាយ​ថា អ្វី​ដែល​សំខាន់​បំផុត វ៉ាក់សាំង​ទាំង​នេះ​គឺ​សុទ្ធតែ​មាន​ប្រសិទ្ធភាព​នៅ​ក្នុង​ការ​ជួយ​អ្នក​ជំងឺ​កូវីដ១៩ កុំ​ឲ្យ​ស្លាប់ និង​ចូល​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​បាន។

ដប​វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ១៩ ត្រូវ​បានថត​នៅ​ពី​មុខ​ស្លាកសញ្ញា​របស់​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង Johnson & Johnson។

វ៉ាក់សាំង​កូវីដ១៩ របស់​ក្រុមហ៊ុន Johnson & Johnson

ទីភ្នាក់ងារ FDA របស់​សហរដ្ឋ​អាមេរិក បាន​ផ្ដល់​ការ​អនុញ្ញាត​ឲ្យ​ប្រើ​នូវ​វ៉ាក់សាំង​កូវីដ១៩ របស់​ក្រុមហ៊ុន Johnson & Johnson កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ។

វ៉ាក់សាំង​កូវីដ១៩ ពីរ​ផ្សេង​ទៀត ដែល​ទីភ្នាក់ងារ FDA បាន​អនុញ្ញាត​ឲ្យ​ប្រើ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​រួច​ហើយ គឺ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន Moderna និង​វ៉ាក់សាំង​ដែល​ផលិត​រួម​គ្នា​ដោយ​ក្រុមហ៊ុន Pfizer និង​ក្រុមហ៊ុន BioNTech។

ចំណែក​ឯ​វ៉ាក់សាំង​កូវីដ១៩ ដែល​ផលិត​រួម​គ្នា​ដោយ​ក្រុមហ៊ុន AstraZeneca និង​សាកល​វិទ្យាល័យ Oxford វិញ កំពុង​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ក្នុង​ចក្រភព​អង់គ្លេស ទ្វីប​អឺរ៉ុប ប្រទេស​អាហ្វ្រិក​ខាង​ត្បូង ប្រេស៊ីល ម៉ិកស៊ិក និង​ប្រទេស​ផ្សេង​ទៀត។

ទិន្នន័យ​ពិសោធន៍​លើ​មនុស្ស​នៃ​វ៉ាក់សាំង​កូវីដ១៩ របស់​ក្រុមហ៊ុន Johnson & Johnson មិន​មាន​លក្ខណៈ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង​ដូច​វ៉ាក់សាំង​ពីរ​ផ្សេង​ទៀត​ដែល​ដាក់​ឲ្យ​ប្រើ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​នោះ​ទេ។

ទិន្នន័យ​បង្ហាញ​ថា វ៉ាក់សាំង​កូវីដ១៩ របស់​ក្រុមហ៊ុន Johnson & Johnson នេះ មាន​ប្រសិទ្ធភាព​ប្រហែល ៦៦% ប៉ុណ្ណោះ ប្រឆាំង​នឹង​ការ​ឆ្លង​ដែល​បណ្តាល​ឲ្យ​មានជំងឺ​កូវីដ១៩ ពី​កម្រិត​មធ្យម​ទៅ​កម្រិត​ធ្ងន់ធ្ងរ។

ចំណែក​ឯ​វ៉ាក់សាំង​កូវីដ១៩ របស់​ក្រុមហ៊ុន Moderna និង​វ៉ាក់សាំង​កូវីដ១៩ ដែល​ផលិត​រួម​គ្នា​ដោយ​ក្រុមហ៊ុន Pfizer និង​ក្រុមហ៊ុន BioNTech វិញ សុទ្ធតែ​ត្រូវ​បាន​រាយការណ៍​ថា​មាន​ប្រសិទ្ធភាព​ជា​ទូទៅ​ប្រហែល ៩៥%។

ប៉ុន្តែ អ្នក​ជំនាញ​នានា​បាន​លើក​ឡើង​ដោយ​ប្រុង​ប្រយ័ត្ន​ថា ការ​សិក្សា​ស្រាវជ្រាវ​មិន​បាន​វាស់វែង​ដូច​គ្នា​ទាំង​អស់​នោះ​ទេ ហើយ​មិន​គួរ​មាន​ការ​ប្រៀបធៀប​ដោយ​ផ្ទាល់​នោះ​ដែរ។

អ្នកស្រី Neuzil បាន​និយាយ​ថា រឿង​ដែល​សំខាន់​បំផុត​គឺ​ថា​តើ​វ៉ាក់សាំង​ទាំង​អស់​នេះ​មាន​ប្រសិទ្ធភាព​ប៉ុណ្ណា​នៅ​ក្នុង​ការ​ការពារ​អ្នក​ជំងឺ​កូវីដ១៩ កុំ​ឲ្យ​មាន​អាការៈ​ធ្ងន់ធ្ងរ ឬ​ស្លាប់។

អ្នកស្រី​បញ្ជាក់​ដូច្នេះ​ថា៖ «នេះ​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​យើង​មិន​ហ៊ាន​ចេញ​ទៅ​ណា​មក​ណា។ នេះ​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​ជំងឺ​កូវីដ១៩ ចូល​ព្យាបាល​នៅ​មន្ទីរពេទ្យ។ ប្រសិនបើ​យើង​អាច​បង្ការ​កុំ​ឲ្យ​អ្នក​ជំងឺ​កូវីដ១៩ មាន​អាការៈ​ធ្ងន់ធ្ងរ​បាន ឬ​ក៏​អាច​កែប្រែ​អាការៈ​ជំងឺ​ធ្ងន់ធ្ងរ​ទៅ​ជា​មិន​ធ្ងន់ធ្ងរ​វិញ នោះ​យើង​នឹង​អាច​ឈាន​កាន់តែ​ជិត​ទៅ​រក​ប្រក្រតី​ភាព​ឡើង​វិញ»។

ប្រសិនបើ​ផ្អែក​លើ​ចំណុច​នេះ នោះ​វ៉ាក់សាំង​កូវីដ១៩ ទាំង​អស់​គឺ​សុទ្ធតែ​មាន​ប្រសិទ្ធភាព។ គ្មាន​នរណា​ម្នាក់​ដែល​បាន​ចាក់​វ៉ាក់សាំង​ណា​មួយ​ក្នុង​ចំណោម​វ៉ាក់សាំង​ទាំង ៤ ខាង​លើ នៅ​ក្នុង​ការ​ពិសោធន៍​កន្លង​មក បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ នោះ​ទេ។

នៅ​ក្នុង​ការ​ពិសោធន៍​វ៉ាក់សាំង​របស់​ក្រុមហ៊ុន Moderna ឬ​ក៏​វ៉ាក់សាំង​របស់​ក្រុមហ៊ុន AstraZeneca គេ​មិន​ឃើញ​មាន​អ្នក​ស្ម័គ្រចិត្ត​ចូលរួម​ក្នុង​ការ​ពិសោធន៍​នេះ​ណា​ម្នាក់​មាន​អាការៈ​ធ្ងន់ធ្ងរ​នោះ​ឡើយ ចំណែក​ឯ​អ្នក​ស្ម័គ្រចិត្ត​ចូលរួម​ក្នុង​ការ​ពិសោធន៍​របស់​ក្រុមហ៊ុន Pfizer វិញ គឺ​មាន​តែ​ម្នាក់​ប៉ុណ្ណោះ​ដែល​មាន​អាការៈ​ធ្ងន់ធ្ងរ។

វីរុស​កូវីដ១៩ ប្រភេទ​ថ្មី

គេ​ឃើញ​មាន​ករណី​ធ្ងន់ធ្ងរ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​នៅ​ក្នុង​ការ​ពិសោធន៍​វ៉ាក់សាំង​កូវីដ១៩ របស់​ក្រុមហ៊ុន Johnson & Jonhson។ វ៉ាក់សាំង​នេះ​មាន​ប្រសិទ្ធភាព ៨៥% នៅ​ក្នុង​ការ​បង្ការ​អាការៈ​ធ្ងន់ធ្ងរ​នៃ​ជំងឺ​កូវីដ១៩។

ប៉ុន្តែ ផ្ទុយ​ពី​វ៉ាក់សាំង​របស់​ក្រុមហ៊ុន Moderna និង​វ៉ាក់សាំង​ដែល​ផលិត​រួម​គ្នា​ដោយ​ក្រុមហ៊ុន Pfizer និង​ក្រុមហ៊ុន BioNTech វ៉ាក់សាំង​របស់​ក្រុមហ៊ុន Johnson & Johnson បាន​ទប់ទល់​ជាមួយ​នឹង​វីរុស​កូវីដ១៩ ប្រភេទ​ថ្មី ដែល​មាន​លក្ខណៈ​ឆ្លង​ខ្លាំង​ជាង ដែល​លេច​ឡើង​ដំបូង​នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង។

គេ​នៅ​មិន​ទាន់​ច្បាស់​ទេ​ថា​តើ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន Moderna និង​វ៉ាក់សាំង​ដែល​ផលិត​រួម​គ្នា​ដោយ​ក្រុមហ៊ុន Pfizer និង​ក្រុមហ៊ុន BioNTech មាន​ប្រសិទ្ធភាព​ប៉ុណ្ណា​ចំពោះ​វីរុស​កូវីដ១៩ ប្រភេទ​ថ្មី​ខាង​លើ។

វ៉ាក់សាំង​ទាំង​ពីរ​នេះ​មិន​មាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​វីរុស​កូវីដ១៩ ប្រភេទ​ថ្មី​ខាង​លើ នៅ​ក្នុងការ​ពិសោធន៍​ក្នុង​កែវ​ពិសោធន៍​នោះ​ទេ ប៉ុន្តែ​អ្នក​វិទ្យាសាស្ត្រ​មិន​បាន​ដឹង​ច្បាស់​ថា​តើ​ករណី​នេះ​មាន​ន័យ​ថា វ៉ាក់សាំង​នេះ​មាន​ប្រសិទ្ធភាព​តិច​ជាង​មុន​ក្នុង​ការ​ការពារ​មនុស្ស​ពី​ការ​ឆ្លង​វីរុស​កូវីដ១៩ ប្រភេទ​ថ្មី​នេះ ឬ​ក៏​យ៉ាង​ណោះ​នោះ​ឡើយ៕

ប្រែ​សម្រួល​ដោយ​លោក ឈឹម សុមេធ