«ថ្នាំផ្សះ»​ ​ឬ​ ​«ថ្នាំអង់ទីប៊ីយ្យូទិច»​ ​(Antibiotics)​ ​កំពុង​បង្ក​ផលវិបាក​ដល់​សុខភាព​សាធារណៈ​នៅ​កម្ពុជា

កញ្ចប់​ថ្នាំ​ដែលអ្នក​ជំងឺទូទៅ​ទទួលបានតាម​ឱសថស្ថាន​នានា​​ក្រោយ​ពេលគេ​រៀប​រាប់​អំពី​អាការៈ ជំងឺ​ផ្តាសាយ​​ដោយ​​ពុំភ្ជាប់​វេជ្ជបញ្ជា​​, ថ្នាំនេះ​សម្រាប់​ផឹក​៤ដង​ ឬ១ថ្ងៃកន្លះ​ដែល​ផ្សំតាម​ការសុំរបស់អ្នកទិញ​, ក្នុង​នេះ​មាន​យ៉ាងហោច​ណាស់​​ថ្នាំផ្សះ​មួយ​មុខ​ គឺ​​ប្រភេទ​ Cephalosporin, នៅរាជធានី​ភ្នំពេញ, នៅថ្ងៃទី​២៤ ខែឧសភា​ ឆ្នាំ​២០១៨។ (ខាន់​ សុគុំមនោ/ VOA)

របៀបរបប​នៃ​ការ​លក់​ថ្នាំ​បែប​​នេះ​គឺ​មាន​ជាទូទៅ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ខណៈដែល​​ប្រព័ន្ធ​សុខាភិបាល​ស្ទើរ​គ្រប់​ផ្នែក​ភាគច្រើន​មិនមាន​ការ​អនុវត្ត​ច្បាប់​តឹងរ៉ឹង។​​

​អ្នកស្រី​ ​ស្រី លក្ខណ៍​ ​មាន​ជំងឺ​គ្រុនផ្តាសាយ ​ដូច្នេះ​អ្នក​ស្រីដើរ​តម្រង់​ទៅ​កាន់​ឱសថស្ថាន​មួយ​កន្លែង​នៅ​ម្តុំ​ផ្សារ​កណ្តាល​ ​និង​បានប្រាប់ឱសថាការី​ឲ្យ​ផ្សំ​ ​«ថ្នាំ​ណា​ដែល​ឆាប់​ជា»​ ​ដែល​អ្នកស្រី​សំដៅ​ទៅលើ​«ថ្នាំ​ផ្សះ»​ ​ជា​ពាក្យ​ប្រើប្រាស់​ទូទៅ​ក្នុង​ភាសាខ្មែរ​សម្រាប់​ថ្នាំ​អង់ទីប៊ីយ្យូទិច ​(Antibiotics)។​

មិនខុសពី​ប្រជាជន​កម្ពុជា​ភាគច្រើន​នោះ​ទេ​ ​អ្នកស្រី​មាន​ទម្លាប់​ឲ្យ​ឱសថ​ការី​ផ្សំ​ថ្នាំ​នៅ​ ​ពេលកើត​ជំងឺ​ផ្តាសាយ​ ​ឬ​ជំងឺ​ផ្សេង​ទៀត។

តែ​ពីរ​បី​នាទី​ប៉ុណ្ណោះ​ ឱសថការី​បាន​ឲ្យល្បាយ​ថ្នាំមួយ​កូន​កញ្ចប់ផ្លាស្ទិច​⁠ រួចជា​ស្រេច។​ អ្នកស្រី​ ​ដែល​អ្នកទទួល​ទាន​ថ្នាំ​ទាំងនោះ​ ​ពុំ​បាន​ដឹង​និង​បាន​ចាប់អារម្មណ៍ថា​ជា ​ថ្នាំ​អ្វី​ខ្លះ​នោះ​ទេ​ ​ដោយ​សារ​តែ​វា​ចេញ​ពី​កំប៉ុង​ថ្នាំ​ធំៗ​ ​ឬ​បំបែក​ប្រអប់​ផ្សេងៗគ្នា។

អ្នកស្រី ស្រី លក្ខណ៍​ អាយុ ២៩ឆ្នាំ ​បាន​ចំណាយ​លុយ​ពីរ​ដុល្លារ ​សម្រាប់​ថ្នាំ​មួយ​កញ្ចប់​ដែល​ឱសថការី​ផ្សំ​ឲ្យ​ ​តែមិន​ទទួល​បាន​ព័ត៌មាន​អ្វី​ទាល់​តែ​សោះ​អំពី​ថ្នាំ​ ដែល​អ្នក​ស្រី​នឹង​លេប។ យ៉ាងណា​ក្តី អ្នកស្រី​និយាយ​ថា អ្នក​ស្រី​នៅ​តែ​អាច​ទទួល​យក​បាន។​

​ស្រប​ពេល​កំពុង​បី​កូន​តូច​អាយុ ​៣​ខែ​ ផ្អឹប​នឹង​ខ្លួន​ពី​ខាងមុខ​ ​ អ្នក​ស្រី​បាន​និយាយ​ថា៖

«កន្លែង[ឱសថស្ថាន​] ខ្លះ​ក៏[ផ្សំថ្នាំ] ត្រូវដែរ​ តែ​ភាគច្រើនខ្ញុំទៅកន្លែង​គាត់​ស្គាល់ខ្ញុំ។ ​គាត់ [ឱសថការី]​ សួរទៅ ខ្ញុំ​ប្រាប់ពីអាការៈ ផ្តាសាយ​យ៉ាងម៉េច​ៗ​ទៅ គាត់ឲ្យ​ថ្នាំ។ ភាគច្រើន​ខ្ញុំ​ប្រាប់​គាត់​ថា ​លោកគ្រូ [ឱសថការី] ខ្ញុំ​សុំ​អាថ្នាំណាល្អៗ ពីរ​ថ្ងៃ​ដាច់​ពឹត​ទៅ កុំឲ្យ​រ៉ាំរ៉ៃ​ខ្ញុំ​ពិបាក»។​

អ្នកស្រី​បាន​ឲ្យ​ដឹង​ទៀតថា​ អ្នកស្រី​ពុំ​មាន​ទម្លាប់​ដេញ​ដោល​ឱសថការី​អំពី​ផលវិបាក​ (ឬ​ side effect)​ ​នៃ​ថ្នាំ​ដែល​អ្នកស្រី​ត្រូវ​លេប​នោះ​ទេ។

របៀបរបប​នៃ​ការ​លក់​ថ្នាំ​បែបនេះ​គឺ​មាន​ជាទូទៅ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ខណៈដែលប្រព័ន្ធ​សុខាភិបាល​ស្ទើរ​គ្រប់​ផ្នែក​ភាគច្រើន​មិនមាន​ការ​អនុវត្ត​ច្បាប់​តឹងរ៉ឹង។

ប៉ុន្តែ​នេះ​ក៏​ជា​ការ​អនុវត្ត​ប្រកប​ដោយ​គ្រោះថ្នាក់​ផង​ដែរ​ ហើយ​កំពុង​តែ​មាន​សភាព​ធ្ងន់ធ្ងរ​ទៅៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ដោយសារ​តែ​មាន​ការ​ប្រើប្រាស់​ថ្នាំ​ផ្សះ​ ឬ​អង់ទីប៊ីយ្យូទិចខុស​ បាក់តេរី​ដែលស៊ាំ​ទៅ​នឹង​ថ្នាំ​ផ្សះ​ទៅ​ហើយ​ មាន​សភាពខ្លាំង​ឡើង​ ​ហើយក្លាយ​ជា​កត្តា​បង្ក​គ្រោះ​ថ្នាក់​យ៉ាង​ខ្លាំងទៅ​លើ​សុខភាព​សាធារណៈ​ ​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ ។ ​ កម្ពុជា​កំពុង​ស្ថិត​នៅ​ជួរ​មុខ​នៃ​បញ្ហា​នេះ​ ហើយ​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ក៏​ប្រឈម​ដូច្នេះ​ដែរ។​

ថ្នាំ​វេជ្ជសាស្ត្រ​គឺ​ជា⁠ ​អាវុធ​មុខ​ពីរ

​ថ្នាំ​ផ្សះ ឬ​អង់ទីប៊ីយ្យូទិចជា​ឱសថដ៏​សំខាន់​មួយ​ក្នុង​ការ​សម្លាប់​បាក់តេរី ​និង​បានសង្គ្រោះជីវិត​មនុស្ស​រាប់​លាន​នាក់ ចាប់​តាំង​ពី​ថ្នាំ​ប្រភេទ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ​ ១៩៤០​។ ប៉ុន្តែ​នៅ​ពេល​ប្រើប្រាស់​មិន​ត្រូវ ថ្នាំ​ប្រភេទ​នេះ​អាច​បង្ក​ផលប៉ះពាល់​ទៅ​វិញ។ បាក់តេរី​ដែល​ធ្លាប់​ប៉ះជាមួយ​នឹង​ថ្នាំ​ផ្សះ​នៅ​ក្នុង​បរិមាណ​តិចតួច​ ឬ​កម្រិត​ទាប​ តែងតែ​វិវត្ត​ទៅ​ជា​បាក់តេរី​ដែល​ស៊ាំ​នឹង​ថ្នាំ​នេះ​ទៅវិញ​ ហើយ​ភាពស៊ាំ​បន្តិចម្តងៗធ្វើ​ឲ្យ​បាក់តេរី​ទាំង​នោះ​ខ្លាំង​ឡើងៗ។

ការវិវត្ត​នេះ​បង្ក​ឡើង​ដោយ​ការ​ប្រើប្រាស់​ថ្នាំ​ផ្សះ ឬអង់ទីប៊ីយ្យូទិច​ខុស ការ​ខកខាន​នៅ​ក្នុង​ការ​ប្រើប្រាស់​ថ្នាំផ្សះ ឬអង់ទីប៊ីយ្យូទិច​ដោយលេបមិន​គ្រប់ចំនួនត្រឹមត្រូវ​តាម​វេជ្ជបញ្ជា ឬ​ការ​ប្រើប្រាស់​ថ្នាំផ្សះ ឬ​អង់ប៊ីយ្យូទិច​នៅ​ពេល​មិន​ចាំបាច់។⁠ ឧទាហរណ៍ ជំងឺ​ផ្តាសាយ​ជា​ជំងឺបង្ក​ឡើង​ដោយ​វីរុស⁠​ ​មិនមែន​ដោយ​បាក់តេរី​ទេ​ ដូចនេះ​ការ​ប្រើប្រាស់​ថ្នាំផ្សះ ​ដើម្បី​ព្យាបាលជំងឺ​ផ្តាសាយ​គឺ​ជា​ ​ការប្រើប្រាស់​ខុស​។ យ៉ាង​ណា​ក្តី ការ​អនុវត្ត​របៀប​ខាង​លើ​នេះ​គឺ​ មាន​ជា​ទូទៅ​នៅ​កម្ពុជា។​

កញ្ចប់​ថ្នាំ​ដែលអ្នក​ជំងឺទូទៅ​ទទួលបានតាម​ឱសថស្ថាន​នានាក្រោយ​ពេលគេ​រៀប​រាប់​អំពី​អាការៈ ជំងឺ​ផ្តាសាយដោយពុំភ្ជាប់​វេជ្ជបញ្ជា ថ្នាំនេះ​សម្រាប់​ផឹក​៤ដង​ ឬ១ថ្ងៃកន្លះ​ដែល​ផ្សំតាម​ការសុំរបស់អ្នកទិញ​, ក្នុង​នេះ​មាន​យ៉ាងហោច​ណាស់ថ្នាំផ្សះ​មួយ​មុខ​ គឺប្រភេទ​ Cephalosporin នៅរាជធានី​ភ្នំពេញ នៅថ្ងៃទី​២៤ ខែឧសភា​ ឆ្នាំ​២០១៨។ (ខាន់​ សុគុំមនោ/ VOA) ​

កម្ពុជា​គឺ​ជា​ ប្រទេស​មួយ​ក្នុងចំណោម​ប្រទេសដំបូង​គេ​បង្អស់​នៅ​ក្នុង​តំបន់⁠​ ដែល​បានបង្កើត​គោល​នយោបាយ​ពាក់ព័ន្ធ​នឹង​ភាព​ស៊ាំ​នឹង​មីក្រូប (AMR) នៅ​ក្នុង​ឆ្នាំ ២០១៤។ ដោយ​មាន​ការ​ជ្រោមជ្រែង​ពី​អង្គការ​សុខភាព​ពិភពលោក គោលនយោបាយ​នេះ​គឺ​មាន​លក្ខណៈ​ពេញ​លេញ និង​មាន​រួម​បញ្ចូល​ផែនការ​រយៈពេល​បី​ឆ្នាំ​សម្រាប់​ការ​អនុវត្ត។ ក៏​ប៉ុន្តែ​ អ្នក​ជំនាញ​ផ្នែក​សុខាភិបាល​បានឲ្យ​ដឹងថា ​ការ​អនុវត្ត​ពុំបានដើរ​ទៅមុខ​ ឲ្យ​ដូច​អ្វី​ដែល​គ្រោងទុក​នោះ​ទេ។​

​សេចក្តី​ណែនាំ​រួម​មួយ​របស់ដោយ​ក្រសួង​សុខាភិបាល​ និង​អង្គការ​សុខភាព​ពិភពលោក​ WHO នៅ​ឆ្នាំ​ ២០១៦ ​បាន​បញ្ជា​ឲ្យ​ឱសថការី​បញ្ឈប់​ការ​លក់​ថ្នាំ​ផ្សះ​ ឬអង់ទីប៊ីយ្យូទិច​ ដោយ​មិនមាន​វេជ្ជបញ្ជា។​ ​នេះជាវិធាន​ការមូល​ដ្ឋាន​ និង​ជាក់ស្តែង​មួយ​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹងភាព​ស៊ាំ​នឹង​ថ្នាំ​ផ្សះ។ប៉ុន្តែ​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​បាន​ប្រាប់​ VOA ថា⁠ លោក​មិន​ច្បាស់​ថា​តើ​មាន​ឱសថស្ថាន​ណា​មួយ​ ឬ​មាន​ចំនួន​ប៉ុន្មាន ​ដែលត្រូវ​បាន​ទទួល​ការ​ពិន័យ​ពី​ការ​លក់​ថ្នាំ⁠ផ្សះ​ ឬ​អង់ទីប៊ីយ្យូទិច ដោយ​មិនមាន​វេជ្ជបញ្ជា​នោះ​ទេ។

វេជ្ជ​បណ្ឌិត​មួយ​រូប​ ដែល​ធ្វើការ​ជិតដិត​ជាមួយ​នឹង​រដ្ឋាភិបាល​ទាក់ទិន​នឹង​ការ​ប្រយុទ្ធ​ប្រឆាំងឆ្លើយ​តប​នឹង​ភាពស៊ាំ​នឹង​ថ្នាំ​ [វេជ្ជសាស្ត្រ​] បាន​ឲ្យ​ដឹងថា​ ​មិន​មាន​ដំណើរការ​ណា​មួយ​អាច​ទៅ​មុខ​បានទេ​ ពាក់ព័ន្ធ​ទៅនឹង​ការ​ប្រយុទ្ធប្រឆាំង​នឹង​ភាពស៊ាំ​នឹង​ថ្នាំ​ផ្សះ​ ​ឬ​អង់ទី​ប៊ីយ្យូ​ទិច ប្រសិន​គ្មាន​ការ​ពង្រឹង​ច្បាប់​ ភ្ជាប់​ជាមួយ​នឹង​គោលនយោបាយ។​ ​លោក​បាន​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ ដោយសារ​លោក​មិន​ត្រូវ​ផ្តល់​សិទ្ធិ​ឲ្យ​និយាយ​ទៅ​កាន់​ប្រព័ន្ធផ្សព្វផ្សាយ។ លោក​បាន​ឲ្យ​ដឹង​ថា៖

«នៅ​ប្រទេស​សាំងហ្កា​ពួរ យើង​អត់​អាចទៅទិញ​ថ្នាំផ្សះ​បាន​សេរី​អញ្ចឹង​ទេ​ ដោយសារ​តែ​វា​មិនមែនជា​ប្រភេទ​ពួក​ ​ OTC [over the counter​ ​ដែល​គេ​អាច​លក់​បាន​ដោយ​ពុំចាំបាច់​មាន​វេជ្ជ​បញ្ជា​]។​ ថ្នាំ​ផ្សះ​លក់​បាន​ទាល់តែ​មាន​វេជ្ជបញ្ជា​។​ តែ​នៅស្រុកយើងអាច​ទិញ​បាន។​ ​អាហ្នឹង​ហើយ​ជា​បញ្ហា។​ ​វា​គ្រោះ​ថ្នាក់ណាស់​នៅ​ថ្ងៃមុខ»។

​លោក​ អ៊ំ ឆវ័ន្ត​ អ្នកស្រាវជ្រាវ​ផ្នែកវេជ្ជសាស្ត្រមួយរូប ដែល​ជា​សហនិពន្ធ​ទៅ​លើ​របាយ​ការណ៍​ស្រាវជ្រាវ​មួយ​ផ្សព្វផ្សាយ​ឆ្នាំ​ ២០១៧⁠ ​អំពី​ការ​ប្រើប្រាស់​ថ្នាំ​ផ្សះ ឬ​អង់ទីប៊ីយ្យូទិច​ខុស​នៅ​កម្ពុជា បាន​និយាយ​ថា ឱសថការី​⁠ជាច្រើន មើល​រំលង​ទាំងស្រុង​ទៅលើ ​បម្រាមរបស់​ក្រសួង​⁠ ពី​ព្រោះ​ពួកគេយល់​ថា វិធាន​ការ​នេះ​ពុំ​មានចង​ដោយ​ច្បាប់​តឹងរ៉ឹង ហើយ​គ្មាននរណា​ម្នាក់​ត្រួត​ពិនិត្យ​ពួកគេ​លើការ​ចែកចាយ​ថ្នាំ​ផ្សះ​នោះទេ។​

លោក​បាន​ប្រៀបធៀប​គោល​នយោបាយ​ AMR ទៅ​នឹង​គម្រោង​ផ្ទះ​មួយ​ខ្នង ដែល​មាន​ត្រឹម​ប្លង់​យ៉ាង​ស្អាត​គូរ​ដោយ​ស្ថាបត្យករ​ប៉ុណ្ណោះ។​ ទោះបីជា​ ​គម្រោង​មាន​ច្បាស់​យ៉ាងណា​ក៏​ដោយ​ ក៏គ្មាន​អ្វី​ត្រូវ​បាន​សាងសង់​ឡើង​នៅ​ឡើយ។ លោក​ឆវ័ន្ត​ បាន​មាន​ប្រសាសន៍​ថា៖​

«រាល់ថ្ងៃ​ហ្នឹង​ ពិត​មែន​តែ​មាន​ច្បាប់ តែ​ច្បាប់​យើងហ្នឹង​អនុវត្ត​មិនទាន់បាន។​ ​ចង់​និយាយ​ថា​ អត់​មាន​អី​ហាម​ឃាត់ទេ តែ​សមត្ថភាព​អនុវត្ត​ច្បាប់ ឬ​យកអ្វី​ដែល​ជា​សារាចរណ៍​ក្រសួង​ចេញ​ហ្នឹង​ យក​ទៅ​អនុវត្ត​អត់ទាន់បាន ដោយ​សារ​យើង​ខ្វះធនធាន​ ខ្វះអីអញ្ចឹង។ ដំណាក់​បន្ទាប់​យើង​ត្រូវ​អនុវត្ត​អាហ្នឹង​ បច្ចេកទេស​ផង ត្រូវ​ធនធាន​មនុស្ស​ផង និង​ថវិកា​ទៀត»។​

រក​ទិញភ្លាម​ ​បាន​ភ្លាម

​ស្ថិតក្នុង​ឯក​សណ្ឋាន​អាវវែង​ ​ពណ៌ស​ ​ដែលមើល​ទៅ​ហាក់​ដូចជា ​វេជ្ជបណ្ឌិត​ម្នាក់​ ​ ​លោក​ ​កែវ លីហួរ​ មមាញឹក​ក្នុង​ការ​ច្រក​ថ្នាំ​ ​លក់​ជូន​អតិ​ថិជន​នៅ​ផ្សារ​តាប៉ាង ដែល​ជា​កន្លែងមាន​ឱសថ​ស្ថាន​ត្រូវ​គេ​ស្គាល់​ច្រើន​នៅ​ជិត​ផ្សារ​ធំថ្មី ​ក្នុង​រាជ​ធានី​ភ្នំពេញ។

ឱសថការី ​កែវ លីហួរ​ ​បាន​និយាយ​ថា​ ​មនុស្ស​កាន់​តែ​ច្រើន​បាន​មក​សួរ​គាត់ ហើយ​សុំ​ទិញ​ថ្នាំ​ផ្សះ​ ​ឬអង់ទី​ប៊ីយ្យូទិច​ ​ហើយលោក​តែងតែ​លក់​ទៅ​តាម​តម្រូវការ។​ ​លោក​បាន​ឲ្យ​ដឹង​ដែរ​ថា​ តាម​អ្វី​ដែល​លោក​បាន​សិក្សា ការ​ពន្យល់​អ្នក​ជំងឺ​អំពី​ផល​ប៉ះពាល់​នៃ​ថ្នាំ​អាច​ធ្វើ​ឲ្យ​អ្នក​ជំងឺ​មិន​ទុក​ចិត្ត​ថ្នាំ ដូច​នេះ​ ​ជា​ទូទៅ​លោក​តែង​លើក​ទឹកចិត្ត​ឲ្យ​អ្នកជំងឺ​លេប​ថ្នាំ​ ដោយ​មាន​ទំនុកចិត្ត​ ​និង​មិនបារម្ភ​ពី​ផល​ប៉ះពាល់។

«ភាគ​ច្រើនយើង ​មិនមែន​ប្រាប់​គាត់ជា​លក្ខណៈ​ ​side effect​ ​[ផល​វិបាក​នៃ​ថ្នាំ​] ទេ។ បើ​យើង​ប្រាប់​គាត់​ពី​ ​side effect​ ​ច្រើន​ពេក​ ពេល​ខ្លះ​គាត់​អស់​ជំនឿ​ទុកចិត្ត​លើ​ថ្នាំ ព្រោះ​ប្រើ​ទៅខ្លាច​ side effect​ ​ពេក។​ ​បើ​យើង​គិត​តាម​ចិត្តសាស្ត្រ​ ពេល​រៀន​ក៏​គេ​គិតដែរ គេថា⁠ ​សំខាន់​លើ​អ្នក​ជំងឺ​ដែរ ជឿ​លើ​ថ្នាំហ្នឹងក៏អាច​ជា​ជំងឺ​ដែរ​បាន​ ៣០% ទៅ៤០%។ បើ​ប្រាប់ side effect គាត់​អស់​ជំនឿ​លើថ្នាំ​ហ្នឹង»។

កញ្ញា​ ​លួង សុភ័ត ​ជា​ឱសថការី​មួយ​រូប​ទៀត​ធ្វើការ​នៅ​ឱសថស្ថាន​ Help Plus ​ដែល​ជា​ ឱសថស្ថាន​បែប​ទំនើប​មួយ​។​ កញ្ញាបាន​ប្រាប់ VOA​ ​ថា ​កញ្ញា​បាន​ដឹង​ថា​ ​ភាពស៊ាំ​នឹង​ថ្នាំផ្សះ​ ឬអង់ទីប៊ីយ្យូទិច​ ជា​បញ្ហា​ធ្ងន់ធ្ងរ​មួយ ហើយ​កញ្ញាព្យាយាម​សម្រប​ទៅ​នឹង​សេចក្តីណែនាំ​របស់​រដ្ឋាភិបាល។​

ទោះ​បី​យ៉ាងណាក៏ដោយ កញ្ញាបាន​លើកឡើង​ថា នាង​គ្រាន់តែ​ត្រូវ​បាន​ផ្តល់​ព័ត៌មាន​ពី​សេចក្តី​ណែនាំ​នោះ​ប៉ុណ្ណោះ ហើយ​មិន​គិត​ថា មាន​ជាប់​ទាក់ទង​នឹង​ច្បាប់​ទេ។​

ឱសថការី​រូប​នេះ​បាន​បញ្ជាក់​ដែរ​ថា​ អ្វី​ដែល​កញ្ញា​បាន​យល់ដឹង​ពី​ការ​ផ្សព្វផ្សាយ​របស់​ក្រសួង​នោះ​គឺ ​ការ​ប្រជុំ​ឱសថការី​ ដែល​លើក​ចុង​ក្រោយ​កញ្ញា​ចូលរួម​នោះ​គឺ ប្រមាណ​២ឆ្នាំ​មុន។ កញ្ញា​បាន​និយាយ​ថា៖​

«​ផឹក​ថ្នាំ​ផ្សះ​ត្រឹម​ត្រូវ​ទី១ ត្រូវ​មាន​វេជ្ជបញ្ជា​ពី​គ្រូ​ពេទ្យ ហើយ​គ្រូពេទ្យ​ត្រូវ​សរសេរ​ប្រាប់​របៀប​ប្រើ​ប្រាស់​ត្រឹម​ត្រូវ​ប៉ុណ្ណឹង​ទៅ ហើយ​សំខាន់មួយ​ទៀត​គឺ ឱសថការី អ្នក​ឲ្យថ្នាំ»។

ឱសថស្ថាន នៅតំបន់​ផ្សារ​តាប៉ាង​ដែល​នៅក្បែរ​ផ្សារ​ធំថ្មី ដែលប្រជាជន​ទូទៅ​ទៅទិញ​ឱសថដើម្បី​ព្យាបាល​ជំងឺនៅរាជធានី​ភ្នំពេញ នៅថ្ងៃទី០៨ ខែឧសភា​ ឆ្នាំ​២០១៨។ (ណឹម​ សុភ័ក្ត្របញ្ញា​/ VOA) ​

​កញ្ញា ​លួង សុភ័ត​ ​បាន​និយាយ​ទៀត​ថា ដោយសារ​តែ​គ្មាន​ការ​រឹត​បន្តឹងច្បាប់​នោះ​ហើយ​ ទើបសម្ពាធ​ផ្នែក​អាជីវកម្ម​ ដើរ​តួនាទី​ ជំរុញ​ឱសថស្ថាន​នានាបន្ត​លក់​ថ្នាំផ្សះ។​

ឱសថការី​ប្រាំបួន​នាក់​ ដែល​ VOA ​បាន​សាកសួរ បាន​និយាយ​ថា ពួកគេ​មិន​ទទួល​បាន​សេចក្តី​ណែនាំ​ជា​ ក្រដាស​ស្នាម​ពី​ក្រសួង​សុខាភិបាល​នោះ​ទេ។ ឱសថការី​ទាំងអស់​បាន​និយាយ​ថា ពួកគេ​មិន​ច្បាស់​ថា​តើ​ វា​ស្រប​ច្បាប់ ឬ​ខុស​ច្បាប់​នោះទេ​ ប្រសិន​បើ​ពួកគេលក់​ថ្នាំផ្សះ​ ឬ​អង់ទីប៊យ្យូទិច ដោយ​មិនមាន​វេជ្ជបញ្ជា​ពី​គ្រូ​ពេទ្យ។

លោក​វេជ្ជបណ្ឌិត​ លី សុវណ្ណ​ អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល និង​ប្រធាន​ក្រុម​ការងារ​បច្ចេក​ទេស​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​ស៊ាំនឹង​ថ្នាំ​ ​ហៅ​កាត់​ថា​ ​AMR ​បាន​ប្រាប់​ VOA នៅ​ក្នុង​បទសម្ភាសន៍​មួយ​ថា ក្រសួង​បានធ្វើ​បទបញ្ជា​រួច​ហើយ​ តែ​វា​អាស្រ័យ​លើ​ឱសថស្ថាន​ និង​ភាគី​ដទៃ​ទៀត​ចូលរួម និងអនុវត្ត​ទៅ​តាម​បញ្ជា។​ លោក​បាន​ឲ្យដឹងថា​៖

«សូ​ម​ឲ្យ​អ្នកលក់​ឱសថ​ហ្នឹង ​ព្រម​ទទួល​ធ្វើតាមការ​ណែនាំ​របស់​ក្រសួង​។​ យើង​មាន​មន្ត្រី​យើង​តាម​ឃ្លាំ​មើល​ គឺ​មន្ត្រី​យុត្តិធម៌។ ប្រសិន​បើ​យើង​ពិនិត្យ​ទៅ​ថា​ គាត់​មិន​ធ្វើ​តាម​ការ​ណែនាំ​ទេ​ គាត់​អាច​ជួប​ការ​ព្រមាន ឬ​អាច​ទៅ​ផ្លូវ​ច្បាប់​យើង​មាន​ធរមាន។​ បើ​គាត់​ធ្វើ​ខុស​គោលការណ៍​ យើង​អាច​ដក​អាជ្ញាបណ្ណ​គាត់​ ដែល​ប្រកប​មុខរបរ​ហ្នឹង​បាន»។​

ទោះ​បី​ជា​យ៉ាងណាក៏ដោយ ​លោ​ក​វេជ្ជបណ្ឌិត​ លី សុវណ្ណ ​បាន​និយាយ​ថា លោក​មិន​បាន​ដឹង​នោះ​ទេ​ថា​តើមក​ទល់​ពេល​នេះ​ មាន​ឱសថស្ថាន​សរុប​ប៉ុន្មាន​ហើយ​ដែល​ត្រូវ​បាន​ដកហូត​អាជ្ញា​បណ្ណ​ប្រកប​អាជីវកម្ម​ ដោយសារ​តែ​លក់​ថ្នាំ​ផ្សះ​ដោយ​គ្មាន​វេជ្ជបញ្ជា។​

​លោក​បាន​អះអាង​ថា ស្ថានភាព​នា​ពេល​នេះ​គឺ ល្អ​ជាង​មុន ប៉ុន្តែ​លោក​មិន​មាន​ទិន្នន័យ​ដែល​លោក​អាច​ចែក​រំលែក​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​នោះ​ទេ។ លោក​លី សុវណ្ណបាន​និយាយ​ថា៖​

«យើង​បាន​ណែនាំ​ហើយ​ ដូច្នេះ​ការងារ​បន្ត​មាន​តែ​ការ​ចូលរួម​គ្នាទេ​ ទាំង​ប្រជាពល​រដ្ឋ។​ ​សំ​ណូម​អ្នក​សារព័ត៌មាន​ដែរ​ ​អាច​រាយការណ៍​ជូន​ ​ហើយ​ប្រជាពលរដ្ឋ​អាច​រាយការណ៍​ជូន​យើង​ដែរ។​ ​យើង​មាន​លេខ​ទូរសព្ទ​សម្រាប់​ទាក់ទង​មក​ក្រសួង។​ ​ការ​ខិត​ខំ​ពី​ក្រសួង​សុខា​ភិបាល​ និង​មន្ត្រី​ជំនាញ​គេ​ខិតខំ​ហើយ​ តែ​យើង​មិន​អាច​ជោគជ័យ​១០០%​ ​ទេ​ បើ​មិន​មាន​ការ​ចូលរួម​ពី​យើង​ទាំងអស់​គ្នា» ។​

កាន់តែ​ឆាប់ កាន់​តែ​ល្អ?

អ្នកសារព័ត៌មាន​ VOA បាន​សាក​ទៅ​ទិញថ្នាំនៅ​ក្នុង​ឱសថស្ថាន​ចំនួន​បី​ផ្សេង​គ្នា​នៅ​តំបន់​ផ្សេងៗ​ក្នុង​រាជធានី​ភ្នំពេញ និង​បាន​សួរ​ឱសថការី​ឲ្យ​ផ្តល់ថ្នាំ​បំបាត់​អាការៈ​ផ្តាសាយ​ ​ដែល​អាការៈ​ផ្តាសាយ​នេះ​មិន​ត្រូវ​ការ​ថ្នាំ​ផ្សះ​ទេ។​

​ដោយ​មិន​បាន​សួរ​រក​ក្រដាស​វេជ្ជបញ្ជា​ពី​ដំបូង​ទេ​ ឱសថការី​បាន​ផ្សំ​ថ្នាំ​តែ​ប្រមាណ​ ​១ទៅ២នាទី​ ​ហើយ​ខ្ចប់​កញ្ចប់​ល្បាយ​ថ្នាំ​មួយ​កូន​ថង់​ផ្លាស្ទិច​ ដែល​មាន​ទៅ​ដោយ​ថ្នាំ⁠ចម្រុះ​ពណ៌⁠គ្នា។

ចំណោម​ឱសថស្ថាន​ទាំងបី​ ​ឱសថការី​ពីរ​រូប​ក្នុង​ បាន​ផ្តល់​ឲ្យ​ថ្នាំ​ ​cephalosporin ​ដែល​ជាថ្នាំ​ផ្សះ ឬ​អង់ទីប៊ីយ្យូទិច​ ប្រភេទ​ខ្លាំង​មួយ ដែល​គួរ​តែ​ប្រើ​សម្រាប់​ការ​ឆ្លង​រោគ​មួយ​ប្រភេទ ​ដែល​កម្រ​តែ​ប៉ុណ្ណោះ។

អ្នកសារព័ត៌មាន​ VOA⁠ ក៏​បាន​សួរ​ទៅ​ឱសថការី​ ថា​តើ​មាន​បាន​ផ្សំ​ដាក់​ថ្នាំ​ផ្សះ​ ​នៅ​ក្នុង​ថង់​ថ្នាំ​នោះ​ដែរ​ ឬ​ទេ ហើយ​រយៈពេល​នៃ​ការ​ប្រើប្រាស់​ថ្នាំផ្សះ​ ត្រូវ​ប្រើ​យ៉ាងណា​ដែរ។​

ឱសថស្ថាន នៅតំបន់​ផ្សារ​តាប៉ាង​ដែល​នៅក្បែរ​ផ្សារ​ធំថ្មី ដែលប្រជាជន​ទូទៅ​ទៅទិញ​ឱសថដើម្បី​ព្យាបាល​ជំងឺនៅរាជធានី​ភ្នំពេញ នៅថ្ងៃទី០៨ ខែឧសភា​ ឆ្នាំ​២០១៨។ (ណឹម​ សុភ័ក្ត្របញ្ញា​/ VOA) ​

ឱសថការី​ទាំង​ពីរ​រូប​នោះ​មាន​ការ​ភ្ញាក់ផ្អើល​បន្តិច នៅ​ពេល​ត្រូវ​បាន​សួរ​ច្រើន​យ៉ាងដូច្នេះ។ ម្នាក់​នៅ​ក្នុង​ចំណោម​ពួកគេ បាន​និយាយ​ថា​ «មិន​អី​ទេ» ​នៅ​ក្នុង​ការ​ប្រើប្រាស់​ថ្នាំ​ផ្សះសម្រាប់​រយៈ​ពេល​ពីរ​ថ្ងៃ ។​

«ថែម​ទៀត​យក​ប្រាំ​ថ្ងៃ​ទៅ។ ​[...] វា​មិន​អី​ទេ​[ពីរថ្ងៃ]​ តែ​បើ​មាន​លុយ​ទិញ​ផឹក​ថែម​ ៣ថ្ងៃ​ទៀត​ទៅ បើ​បាត់​ក្អក​ញ៉ាំ​ តែ​ថ្នាំផ្សះ​តែ​វាហ្នឹង​ក៏បាន»។​

វា​ក្លាយជា​រឿង​ធម្មតា​ ដែល​នៅ​តាមឱសថស្ថាន​នៅ​កម្ពុជា អ្នក​ជំងឺ​កម្រ​នឹង​ទទួល​បានព័ត៌មាន​ច្បាស់​នៅ​ក្នុង​ការ​ប្រើប្រាស់​ថ្នាំ​ឲ្យ​បាន​ត្រឹមត្រូវ។​

យោង​ទៅ​តាម​របាយការណ៍​ស្រាវជ្រាវ​ឆ្នាំ​ ២០១៧ របស់​លោក​ឆវ័ន្ត​ ក្រោម​ប្រធានបទ​«ការ​ប្រើ​ប្រាស់​ថ្នាំ​ផ្សះ​មិន​ត្រឹមត្រូវ​នៅ​ក្នុង​សហគមន៍​ប្រជាជន​កម្ពុជា»⁠ បាន​ឲ្យ​ដឹង​ថា ថ្នាំ​ផ្សះត្រូវ​បាន​ចែក​ចាយ​យ៉ាង​ទូលំទូលាយ​នៅ​តាម​តំបន់​ទីក្រុង និង​ជនបទ​ដោយ​មាន​ចាប់​ពី​គិលានុបដ្ឋាក​នាយិកា​ រហូត​ដល់​គ្រូ​ពេទ្យ​មិន​ផ្លូវការ​ ដែល​គេ​ហៅ​ថា «ពេទ្យ​ភូមិ»។⁠ ពេទ្យ​ភូមិ​ជា​ គ្រូពេទ្យដែលទទួល​បាន​ការ​បណ្ដុះបណ្ដាល​តិចតួច​ប៉ុណ្ណោះ ហើយ​ពេល​ខ្លះ​តាំង​ពី​ជំនាន់​ខ្មែរ​ក្រហម​មក​ម្លេ៉ះ។

លោក​ ឆវ័ន្ត​ ​និង​សហនិពន្ធ​របស់​លោក​បាន​រក​ឃើញ​ថា «ពេទ្យ​ភូមិ» តែង​តែ​ផ្តល់​នូវ​ថ្នាំ​ផ្សះប្រភេទ​ខ្លាំង​ដូច​ជា​ ថ្នាំ fluoroquinolones និង cephalosporins ដោយ​មិនមាន​ហេតុផល​ត្រឹម​ត្រូវ។ ​លោក​ ​ឆវ័ន្ត​ ​និង​ក្រុម​ការងារបាន​ជួប​ជាមួយ​នឹង​ប្រជាជន​តាម​ភូមិ​ ដែល​ពួកគេ​ទម្លាប់​នឹង​រក​ទិញ​ថ្នាំ​ផ្សះ​ ដោយ​ពួកគេ​ហៅ​ឈ្មោះ​កាត់​ដូច​ជា​ «Pen»​ សម្រាប់ penicillion,​ «អាមុក»​ សម្រាប់​ amoxicillin, «អាំពី​» សម្រាប់ (ampicillin), «តេត្រា» សម្រាប់​ tetracyclineនិង «ខូទ្រីម» សម្រាប់​ cotrimoxazole។

ប្រជាជន​មួយ​ចំនួន​ជឿ​ថា ថ្នាំ​ផ្សះគួរ​តែ​ត្រូវ​ប្រើ​សម្រាប់​រាល់​បញ្ហា​សុខភាព ដែល​រួម​មាន​⁠ បញ្ហា​រលាក​មិន​ច្បាស់លាស់​ ដែល​មិន​ទទួល​បាន​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ត្រឹមត្រូវ។​

នៅ​ក្នុង​របាយការណ៍​របស់​លោក​ឆវ័ន្ត អ្នក​ភូមិ​ម្នាក់​បាន​និយាយ​ប្រាប់​ទៅ​ក្រុម​អ្នក​ស្រាវជ្រាវ​ថា​ «ឧទាហរណ៍៖​ថ្នាំ​ Ampi​ ​និង​ថ្នាំ​ Amox ​នៅ​ពេល​ដែល​ខ្ញុំ​តឹង​ច្រមុះ វា​ជួយ​កាត់​បន្ថយ​អាការៈ​តឹង​ច្រមុះ»។​

លោក​ ​ឆវ័ន្ត ​បាន​ប្រាប់​ VOA⁠ ថា បញ្ហា​គឺ​ មិនមែន​ត្រឹមតែ​ជាមួយ​នឹង «ពេទ្យ​ភូមិ» ប៉ុណ្ណោះ​ទេ ហើយ​លើស​ពីទៅទៀត គ្រូពេទ្យដែល​មាន​អាជ្ញាបណ្ណ​បញ្ជាក់​ត្រឹមត្រូវ​មួយ​ចំនួន តែងតែ​មិន​ធ្វើ​តេស្ត​ជា​មុន​សិន​ទេ​ ដើម្បីកំណត់​ថា ជំងឺ​នោះ​គឺ ពិត​ជា​បង្ក​ឡើង​ដោយ​បាក់តេរី​មែន​ ឬ​មិន​មែន។ លោក​ឆវ័ន្ត​បាន​និយាយ​ថា៖​

«រាល់ថ្ងៃហ្នឹង​ មន្ទីរពេទ្យ​ខ្លះ​មាន​ មន្ទីរពិសោធន៍ជីវវេជ្ជសាស្ត្រ​ តែគ្រូពេទ្យ​យើង​អត់ប្រើ។​ មាន​កត្តា​ច្រើនដែល​គាត់​មិនប្រើ។ ទី១​ ពេទ្យ​ហ្នឹង​ចេញ​ធ្វើការជាង​ ២០ ទៅ៣០ ឆ្នាំ​ហើយ គាត់​មិន​សូវ​ខ្វល់​រឿង​ហ្នឹងទេ។​ ​គាត់​ព្យាបាល​មើលតែល្មមៗ​ដាក់​ថ្នាំផ្សះ​ៗ មិនខ្វល់​មេរោគ​អី​ជា​មេរោគ​អី​ទេ។​ ហើយ​គាត់​រក​ថ្នាំផ្សះណា​ ដែល​ទូលាយ ដែល​ដាក់​មួយ​គ្រាប់​ទៅ​អាច​គ្រប​ [សម្លាប់]​ ​១០​មេរោគ​អីហ្មង​។​ គាត់​មិនសូវ​រវីរវល់​ជាមួយ​មន្ទីរ​ពិសោធន៍​ជីវ​វេជ្ជសាស្ត្រ​ទេ។​ ទី២​ គាត់​ថា​ចំណាយ​ពេល​យូរ»។​

រូបឯកសារ៖ បាក់តេរីដែលស៊ាំនឹងថ្នាំអង់ទីប៊ីយ៉្យូទិច

ប្រជាជនមួយ​ចំនួន​ក៏​ជឿ​ ​(ដោយ​យល់​ច្រឡំ)​ ​ថា «ថ្នាំ​ផ្សះ​» ឬ​ថ្នាំ​អង់ទីប៊ីយ៉ូទិច​គឺ​ជា​ប្រភេទ​ថ្នាំ​ ដែល​អាច​ព្យាបាល​បាន​ឆាប់រហ័ស និង​មាន​ប្រសិទ្ធភាព​ជាង​ថ្នាំ​ដទៃ​ទៀត។​

​អាស្រ័យហេតុ​នេះ បាន​ជា អ្នកស្រី ហង់ សំអាង វ័យ​៧០​ឆ្នាំ និយាយ​ថា លោក​ស្រី​តែងតែ​ឈប់​ប្រើប្រាស់​ថ្នាំ​ផ្សះ​ ភ្លាម នៅ​ពេល​អ្នកស្រី​មាន​អារម្មណ៍​ធូរស្បើយ​បន្តិច។​ ​អ្នកស្រី​បាន​ថ្លែង​ថា ឱសថការី​នៅ​ក្រុង​ភ្នំពេញ​បាន​ឲ្យ​យោបល់​អ្នក​ស្រី​ថា «ការ​ប្រើប្រាស់​ថ្នាំ​ច្រើន​ពេក» គឺ​មិន​ល្អ​សម្រាប់​សុខភាព ហើយ​ការ​ឈប់​ប្រើប្រាស់​ថ្នាំ​ផ្សះ​ភ្លាម​ៗ​ ក្រោយ​មាន​អាការៈ​ធូរ​ស្បើយ​បន្តិច​ គឺ​ជា​ រឿង​ល្អ។​

អ្នកស្រី​ ​ហង់ សំអាង​ ​កាន់​កញ្ចប់​ផ្លាស្ទិច​ ដែល​មាន​ថ្នាំ​ច្រើនមុខ​នៅ​ក្នុង​ដៃ​ ក្នុង​នោះ​មាន​ទាំង​ថ្នាំ​ផ្សះ​បាន​និយាយ​ប្រាប់​ ​VOA​ ​ក្នុងន័យ​ដើម​យ៉ាង​ដូច្នេះ៖

«មិន​ដឹង​ដែរ​ ផ្តាសាយ​ឈឺ​លេប​ អាមុក amoxicillin មួយគ្រាប់​ពីរ​គ្រាប់​ទៅ​បាត់​ហើយ។​ ​មិន​ចូល​ចិត្ត​ប្រើ​ថ្នាំ​ច្រើន​ តែ​រៀង​បាត់ឈឺ​ក៏​ឈប់​លេប​ហើយ»។

ជា​ការ​ពិត អ្វីៗ​ដែល​ជា​ទម្លាប់ និង​ជា​ការ​យល់ដឹង​អំពី​ថ្នាំ​ផ្សះរបស់​ប្រជាជន​ទូទៅ​ ​គឺ​ផ្ទុយ​ស្រលះ​ពី​សេចក្តី​ណែនាំ​ ដែល​ត្រឹមត្រូវ​នៅ​ក្នុង​ការ​ប្រើប្រាស់​ថ្នាំ​ផ្សះ។​

អ្នក​ជំងឺ​ត្រូវ​តែ​លេប​ថ្នាំ​ឲ្យ​គ្រប់​តាម​វេជ្ជបញ្ជា ហើយ​មិន​ត្រូវ​ឈប់​ប្រើ​ឡើយ នៅ​ពេល​ដែល​ពួក​គេ​គ្រាន់​តែ​មាន​អារម្មណ៍​ធូរ​ស្បើយ​ភ្លាម។ ការ​ប្រើប្រាស់​ថ្នាំ​ផ្សះ​មិន​ត្រឹមត្រូវ​ គឺ​ធ្វើឲ្យ​ថ្នាំ​ផ្សះ​មិនមាន​លទ្ធភាព​ខ្ពស់​នៅ​ក្នុង​ការ​ប្រឆាំង​មេរោគ ដោយសារ​តែ​បាក់តេរី​ដែល​ទន់ខ្សោយ​អាច​ងាប់​ភ្លាមៗ⁠ ប៉ុន្តែ​បាក់តេរី​ដែល​ខ្លាំង​អាច​នៅ​រស់​ហើយ​បន្ត​បង្កើន​ចំនួន​របស់​វា។​

ផ្នែកមួយ​នៃ​បញ្ហា​សាកល​

មនុស្ស​ប្រមាណ ៧០​ ម៉ឺន​នាក់​ទូទាំង​ពិភពលោក ​ស្លាប់​ជា​រៀង​រាល់ឆ្នាំ​ ដោយ​សារ​តែ​ការ​ឆ្លង​ជំងឺ​ដែល​មាន​មេរោគ​របស់​វាស៊ាំ​ទៅនឹង​ថ្នាំផ្សះ​ ដែល​គេ​ប្រើ​សម្រាប់​ព្យាបាល​ជំងឺ​ ​នេះ​បើ​យោងតាម​តួលេខ​របស់​អង្គការ​សុខភាពពិភពលោក។​ ​អង្គការ​នេះ​ព្យាករណ៍​ថា ចំនួន​អ្នក​ស្លាប់​ដោយ​សារបញ្ហា​នេះ​ នឹង​កើន​ឡើង​ដល់​១០​លាន​នាក់​ក្នុង​មួយ​ឆ្នាំ​ នៅ​ឆ្នាំ​ ២០៥០​ខាង​មុខ។​ ហើយ​ក្នុង​នោះ​ ការ​ប្រើ​ប្រាស់​ថ្នាំ​ផ្សះ​ ដោយ​គ្មាន​ការ​គ្រប់​គ្រង​ត្រឹមត្រូវ​ រួមចំណែក​បង្ក​ឲ្យ​ភាពស៊ាំ​នឹង​ថ្នាំ​ផ្សះ​ក្លាយ​ជាវិបត្តិ​សុខភាព​សាកល។​

ទិន្នន័យ​អំពី​ភាព​ស៊ាំ​នឹង​ថ្នាំ​ផ្សះ​នៅ​កម្ពុជា​នៅ​មិនទាន់​មានគ្រប់​ ដែល​នៅ​មាន​លក្ខណៈ​ខ្សោយ​នៅ​ឡើយ ​នេះ​មាន​ន័យ​ថា​ កម្ពុជា​នៅ​ពុំដឹង​ច្បាស់​អំពី​ទំហំបញ្ហា​នៃភាព​ស៊ាំ​នឹង​ថ្នាំ​ផ្សះ ​ដែល​បាន​កើត​ឡើងនៅ​ក្នុង​ប្រទេស​ខ្លួន​នោះទេ។​

កម្ម​វិធីតាមដាន​លើ​ភាព​ស៊ាំ​នឹង​ថ្នាំ​ផ្សះ​ ​ដែល​ចាត់​ចែង ​និង​អនុវត្ត​ផ្ទាល់ដោយ​រាជរដ្ឋាភិបាល​ គឺ​កំពុង​ស្ថិត​នៅ​ដំណាក់កាល​ប្រមូល​ទិន្នន័យ​លើកដំបូង ហើយ​គេ​ពុំ​ទាន់​មាន​ទិន្នន័យ​សរុប​ទេ​ក្នុង​ឆ្នាំ​នេះ​។​ តែ​ទោះ​ជា​យ៉ាង​ក៏​ដោយ​ គេ​ឃើញ​ថា​ការសិក្សា​ជាលក្ខណៈ​បុគ្គល និង​ដោយ​ឯក​រាជ្យ​ពី​រដ្ឋាភិបាល ​ រួម​ទាំង​ការអង្កេត​ទៅ​លើ​ករណី​កើត​ឡើង​ដោយ​ផ្ទាល់​នានា​ បាន​បង្ហាញ​ជាក់​ស្តែង​រួចទៅ​ហើយ​ ​អំពី​ស្ថាន​ភាពធ្ងន់ធ្ងរ​នៃ​បញ្ហា​នេះ។

នៅឆ្នាំ​ ​២០១១​ ​ មាន​១០%​ ​នៃ​ករណី​ជំងឺ​របេង​នៅ​កម្ពុជា​ ត្រូវ​បាន​គេ​រក​ឃើញ​ថា​ មាន​ការ​ស៊ាំ​ទៅ​នឹង​ថ្នាំ​ផ្សះ​ជាច្រើន​មុខ​ ដែល​នេះ​មាន​ន័យ​ថា ​គេ​ពិបាក​រក​ថ្នាំ​ផ្សះ​ណា​មួយ ​ដែល​មាន​ប្រសិទ្ធ​ភាព​មក​ព្យាបាល​ជំងឺ​របេងនេះ​បាន។​ ​កាល​ពី​ ​១០​ ឆ្នាំមុន​នេះ​គឺ​នៅឆ្នាំ​ ២០០១​ មាន​តែ​ប្រមាណ ៣,១%​ ​ប៉ុណ្ណោះ​ដែល​មាន​ករណី​ស៊ាំ​នឹង​ថ្នាំ​ផ្សះ​ព្យាបាល​ជំងឺ​របេង​។​

ការ​សិក្សា​ស្រាវជ្រាវ​បន្ត​បន្ទាប់​មក​ទៀត​នៅ​ក្នុងឆ្នាំ​២០១៥​ ​ ដែល​តាមដាន​បន្ថែម​លើ​ការ​ស្រាវជ្រាវ​កាល​ពី​គ្រា​មុន គេ​បាន​អំពាវ​នាវ​ឲ្យ​មាន​ជា​បន្ទាន់​នូវ​ការ​បន្ត​ឃ្លាំមើល​ថ្នាក់​ជាតិ​ទៅ​លើ​មេរោគ​របេង​ ដែល​បាន​ស៊ាំ​នឹងឱសថ​នានា ​ដែលគេប្រើ​សម្រាប់​ព្យាបាលជំងឺ​នេះ​ ពីព្រោះ​ថា​ គេ​ឃើញ​មាន​ សញ្ញាណ​នៃ​ការ​រាល​ដាលនៅក្នុងចំណោម​ប្រជាជន​កម្ពុជា។​

ការ​សិក្សា​មួយនៅ​មន្ទីរពេទ្យកុមារ​អង្គរ​នៅ​ខេត្ត​សៀមរាប​ ដែល​ធ្វើឡើង​រយៈពេល​១០​ ឆ្នាំ គឺ​ពី​ឆ្នាំ២០០៧​ ទៅ​ឆ្នាំ​ ២០១៦​ ​និង​បាន​បង្ហាញ​លទ្ធផល​ក្នុង​ខែ​ឧសភា​បាន​ឲ្យ​ដឹង​ថា​ មាន​ ៨២%​ ភាគរយ​នៃ​វីរុស​ ​E. coli និង​ ​K. pneumoniae នៅ​មន្ទីរពេទ្យ​កុមារ​អង្គរ​នោះ​បាន​ស៊ាំនឹង​ថ្នាំ​ជា​ច្រើនមុខ​ទៅ​ហើយ។​

វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជាក៏បាន​បង្ហាញ​ពី​ការ​ព្រួយបារម្ភផង​ដែរ​ ​តាម​រយៈ​សេចក្តី​ថ្លែង​ការណ៍​នា​ពេល​ថ្មីៗ​នេះ​ថា​ ខ្លួន​បានរក​ឃើញកម្រិត​ខ្ពស់​នៃ​ភាព​ស៊ាំ​នឹង​ថ្នាំ​ទៅ​លើ​ប្រភេទ​បាក់តេរី​មួយ​ចំនួន។​

ការ​ស្រាវជ្រាវ​ដែល​មាន​រយៈពេល​ ៤​ ឆ្នាំ​របស់​វិទ្យាស្ថាន​នេះ​ ដែល​ចាប់ផ្តើម​ពីឆ្នាំ ២០១២​ រក​ឃើញ​ថា ​សន្ទុះ​នៃ​ការ​កើន​ឡើងនូវ​ប្រភេទ​បាក់តេរី​ ​ Enterobacteria ​ ​គឺ​កើន​ពី 23,8%​ ​ដល់ 38,4%​ ​នៅ​ក្នុង​សំណាក ដែល​គេ​បាន​ធ្វើតេស្ត​សាកល្បង។​ កំណើន​នេះ​មាន​ន័យ សន្ទុះ​នៃ​ភាព​ស៊ាំ​នឹង​ថ្នាំ​ផ្សះ​ដែល​គេ​ប្រើសម្រាប់​ទប់​បាក់តេរី​ទាំង​នោះ កើន​ឡើង​យ៉ាង​លឿន ដែល​ជា​បញ្ហា​ប្រឈម​នៃ​ប្រសិទ្ធភាព​ថ្នាំផ្សះ។​

អ្វី​ដែល​គួរ​ឱ្យ​ភ្ញាក់ផ្អើល​បំផុត​នោះ​គឺ​ ​៨០%​ ​ភាគរយ​នៃ​ស្ត្រី​មាន​ផ្ទៃពោះ​ និង ៤២%​ នៃ​ ​ទារក​ដែល​ត្រូវ​បាន​ធ្វើ​តេស្ត​ ដោយ​វិទ្យាស្ថាន​នេះ​ បាន​ផ្ទុក​ប្រភេទ​បាក់តេរី Enterobacteria​ ដែលនៅ​បណ្តា​ប្រទេស​អឺរ៉ុប​ គឺ​មាន​ចំនួន​តិច​ជាង ៥%​នៃ​ស្ត្រី​ និង​ទារក​ប៉ុណ្ណោះ​ នេះ​បើ​យោង​តាម​ការ​ប្រៀបធៀប​របស់​វិទ្យាស្ថាន។​

អ្នកស្រី​ ​Alexandra Kerleguer​ ​ជីវវិទូ​នៃ​វិទ្យាស្ថាន​ប៉ាស្ទ័រកម្ពុជា​ បាន​ឲ្យ​ដឹង​ថា​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​វិទ្យាស្ថាន​ថា​ «ការ​កើន​ឡើង​នៃ​បាក់តេរី ដែល​ស៊ាំ​នឹង​ថ្នាំ​ទាំងអស់​នេះ អាច​នាំ​ទៅ​រក​ភាព​ការ​ជាប់​គាំង​នៃ​ការ​ព្យាបាល»។​

ជីវវិទូ​រូប​នេះ​បន្ត​ទៀត​ថា​ ​នៅ​ពេល​គាត់​ ​មក​ដល់​រាជធានី​ភ្នំពេញ​ជា​លើកដំបូង​ ​គាត់​មាន​ការ​ភ្ញាក់​ផ្អើល​ចំពោះ​ ​ទំហំភាពស៊ាំ​របស់​មេរោគ ប្រឆាំង​ទៅនឹង​ថ្នាំ​ផ្សះ​ ដែល​កើតមាន​នៅ​ប្រទេស​កម្ពុជា​គឺ​មាន​ធ្ងន់ធ្ងរ​ជាង​នៅ​ប្រទេស​បារាំង​របស់​គាត់។​

លោក​វេជ្ជបណ្ឌិត​ ​ផែ ថុង​ ​នៃ​មន្ទីរពេទ្យ​ព្រះសីហនុ​មណ្ឌល​នៃ​ក្តី​សង្ឃឹម​ ​នៅ​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ ​VOA​ ​ថា ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមក​នេះ ​លោក​បាន​ឃើញ​អ្នកជំងឺជា​ច្រើន​ ដែល​កើត​ជំងឺឆ្លង​ ​ដែល​បង្ក​ដោយ​បាក់តេរី កំពុង​ប្រឈម​នឹង​បញ្ហា ​ដែល​ថា​បាក់តេរី​ទាំង​នោះ​ស៊ាំ​ទៅ​នឹង​ថ្នាំ។ ហើយលោកបាន​កត់​សម្គាល់​ឃើញ​ថា​ ​មាន​កម្រិត​ខ្ពស់។​

លោក​វេជ្ជបណ្ឌិត​រូប​នេះ​ បន្ត​ទៀត​ថា​ មាន​ករណី​ខ្លះ​អ្នកជំងឺ​ស៊ាំ​នឹង​ថ្នាំ​ផ្សះ​ស្ទើរតែ​ទាំងអស់​ដែល​មាន​នៅ​កម្ពុជា។​ ​លោក​ថា​ លោក​ពុំ​ដែល​ជួប​ករណី​យ៉ាង​ដូច្នេះ​សោះឡើយ​មុន​ឆ្នាំ​ ​២០១៣។​

លោក​បាន​មាន​ប្រសាសន៍​ថា៖

«នៅ​ទីនេះ​យើង​ជួប​ប្រទះ​ មេរោគ​មួយ​ចំនួន ដែល​យើង​ឃើញថា​ វា​ស៊ាំ​ទៅ​នឹង​ថ្នាំ​ទាំងអស់​ ដែល​មាន​នៅ​ក្នុង​ស្រុកខ្មែរ​យើង។ អញ្ចឹង​ យើង​អត់​មាន​ថ្នាំព្យាបាល​គាត់​បាន ដែល​ជា​ចំណុច​ពិបាក។​ ​ពីមុន​ៗ​ យើង​អត់​ទាន់​ ដែល​មាន​ទេ​ អាច​ថា​មុន​ ២០១៤​ ឬ២០១៣អត់ទាន់​មាន​ទេ។​ ក្រោយ​២០១៤ ​ឬ ​២០១៥អីមក​ យើង​ឃើញ​មាន​ស៊ាំថ្នាំ ដែល​អាច​ពិបាក​រក​ថ្នាំ ​ដើម្បី​ព្យា​បាល»។​

ជំងឺ​រលាក​សួត​ និង​ជំងឺ​គ្រុនពោះវៀន​ជា ​ប្រភេទ​ជំងឺ​ដែល​ពិបាក​ក្នុង​ការ​ព្យាបាល​បំផុត​នៅ​ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​ ដោយ​សារ​តែ​បាក់តេរី​ដែល​បណ្តាល​ឲ្យ​កើត​ជំងឺទាំងពីរ​នេះ​មាន​ភាព​ស៊ាំ​ខ្លាំង​ចំពោះ​ថ្នាំ​ផ្សះ​ ដែល​មាន​ស្រាប់​ដូចជា ciprofloxacin និង ​fluoroquinolone។ ​នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​ វេជ្ជបណ្ឌិត​ ​ផែ ថុង។

បញ្ហា​នេះ​ទំនង​ធ្វើ​ឲ្យ​គ្រូពេទ្យ​នៅ​គ្រប់​ទី​កន្លែង​មាន​ភាព​លំបាក​ខ្លាំង។ ហើយ​នៅ​កម្ពុជា​ អ្វី​ដែលពិបាក​មួយ​កម្រិត​ទៀត​នោះ​គឺថា​ ថ្នាំ​ផ្សះ​ជួរ​ទីបី ​ដែល​គេ​ត្រូវការ​សម្រាប់​ប្រឆាំង​បាក់តេរី​ទាំង​នោះ​ជា​រឿយៗ​មិន​អាច​រក​បាន ឬ​មាន​តម្លៃ​ថ្លៃ​ខ្លាំង។​ ​ហើយ​ប្រភេទ​ថ្នាំ​ផ្សះ​ទាំងនោះ​ក៏​តម្រូវ​ឱ្យ​អ្នក​ជំងឺ​ប្រកាន់​ខ្ជាប់​នូវ​ការ​ព្យាបាល​យ៉ាង​ម៉ត់ចត់​ ដែល​តម្រូវ​ឲ្យ​គាត់សម្រាក​នៅ​មន្ទីរពេទ្យ។​ ហានិភ័យ​នោះ​គឺថា បាក់តេរី​ដែល​ស៊ាំ​នឹង​ថ្នាំ​ផ្សះ​នោះ​វិវត្ត ​ហើយ​ស៊ាំ​នឹង​ថ្នាំ​ផ្សះ​ ដែល​ខ្លាំង​បំផុត​ ដែល​ចុង​ក្រោយ​ធ្វើ​អ្នកជំងឺ​ស្ទើរតែ​មិន​អាច​ប្រយុទ្ធ​ប្រឆាំង​បាន។​

លោក​ ​វេជ្ជបណ្ឌិត​ ​ផែ ថុង​បន្តថា៖ ​

«អ្នក​មួយ​ចំនួនមាន​ឆ្លង​កាត់​ការ​ប្រើប្រាស់​ថ្នាំ​អង់ទីប៊ីយូទិច​មួយចំនួន​រួចហើយពី​សហគមន៍ ឬ​ពី​គ្លីនិក​តាម​ខេត្ត​អី​មក។ នៅ​ទីនេះ​យើង​មាន​ការ​លំបាក​ក្នុង​ការ​ជ្រើសរើស​ថ្នាំ​អង់ទីប៊ីយូទិច​ថា ជ្រើសរើស​កម្រិត​ណាមួយ។ ពេលខ្លះ​មាន​ការ​ពិភាក្សា​គ្នា​ច្រើន​ពី​ក្រុម​គ្រូពេទ្យ​យើង​ហ្នឹង​ថា គួរ​ប្រើ​មួយ​ណា»។​

តម្រូវ​ការ​ព័ត៌មាន​យ៉ាងខ្លាំង​បំផុត

​រាល់​ការ​ស្រាវជ្រាវ​អំពី​ភាព​ស៊ាំ​នឹង​ថ្នាំ​ផ្សះ​នៅ​កម្ពុជា​បាន​សង្កត់ធ្ងន់​ថា កម្ពុជា​ត្រូវការ​ប្រព័ន្ធ​ឃ្លាំ​មើល​ថ្នាក់ជាតិ ​ដែល​ច្បាស់​លាស់​ជាបន្ទាន់​ ប៉ុន្តែ​ទោះជា​យ៉ាងណា​ ការ​ចាប់ផ្តើម​អនុវត្ត​ប្រព័ន្ធ​ឃ្លាំ​មើលនៅ​យឺតយ៉ាវ​នៅ​ឡើយ។​

មន្ទីរពេទ្យ​ព្រះសីហនុ​មណ្ឌល​នៃក្តីសង្ឃឹម​ ​រួមទាំង​មន្ទីរពេទ្យ​ចំនួន​ ៣​ផ្សេង​ទៀត​នៅ​រាជធានី​ភ្នំពេញ​ និង៤​មន្ទីរពេទ្យ​ទៀតនៅ​តាម​ខេត្ត​ បាន​ចូលរួម​អនុវត្ត​កម្មវិធី​របស់​អង្គការ​សុខភាព​ពិភព​លោក​មួយ ​ដើម្បី​តាមដាន​ និង​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​ស៊ាំ និង​ថ្នាំ​ផ្សះ ដែល​ហៅ​កាត់​ថា​ GLASS។​

ទោះ​បី​ជា​កម្មវិធី​នេះ​ត្រូវ​បាន​បង្កើត​ឡើង​យូរ​ឆ្នាំ​មក​ហើយ​ក៏ដោយ​ ក៏​កម្ពុជា​ទើប​បាន​ចាប់​ផ្តើម​ប្រមូល​ទិន្នន័យនៅ​ក្នុង​ខែ​មករា​ ឆ្នាំ២០១៨​ នេះ​ប៉ុណ្ណោះ។​ ​មក​ទល់​បច្ចុប្បន្ន​ មាន​តែ​មន្ទីរពេទ្យ​ចំនួន៨​ ​ប៉ុណ្ណោះ​ដែល​មាន​បរិក្ខារ​គ្រប់គ្រាន់សម្រាប់​ការ​ធ្វើ​តេស្ត​ចាំបាច់ ​ដើម្បី​រក​បាក់តេរី​ដែល​ស៊ាំ​នឹង​ថ្នាំ​ផ្សះ​នេះ​ បាន​បង្ហាញ​អំពី​ជម្រៅ​នៃ​បញ្ហា​ប្រឈម​ ដែល​មាន​ជាចម្បង។​

វេជ្ជបណ្ឌិត​ដដែល​ ​ដែល​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ ​បាន​ចូលរួមការងារ​លើ​ការ​ប្រយុទ្ធ​បញ្ហា ភាព​ស៊ាំ​នឹង​ថ្នាំផ្សះ​ ​បាន​ប្រាប់​ ​VOA​ ​ថា​ ​ល្គិកណា​កម្ពុជាគ្មាន​ស្ថិតិ​ច្បាស់លាស់ ​ដែល​អាច​បង្ហាញ​អំពី​វិសាលភាព​នៃ​ភាព​ស៊ាំ​នឹង​ថ្នាំ​ផ្សះ​នោះ​ទេ​ ការ​បង្កើត​ផែនការ​ថ្នាក់​ជាតិ​ ដើម្បី​គ្រប់​គ្រង​បញ្ហា​នេះ​ឲ្យ​មាន​ប្រសិទ្ធ​ភាព​គឺ ​មិន​អាច​កើត​ឡើង​នោះ​ទេ។​

«នៅ​ទេ ​អត់មាន​ទេ​ guideline [មគ្គុទេស​ព្យាបាល​ជំងឺ​ដោយ​ប្រើប្រាស់​ថ្នាំ​ផ្សះ​ថ្នាក់​ជាតិ] ដើម្បី​ជួយ​ guide ដល់​គ្រូពេទ្យ​ព្យាបាល​ ថា​តើ​ជំងឺអី​ត្រូវការ​ព្យាបាល​ ដោយ​ប្រើ​ប្រាស់​ថ្នាំ​អង់​ទីប៊ី​យូទិ​ចមួយ។​ អត់​ទាន់​ធ្វើ​ទេ​ នៅ​ទេ​ ព្រោះ​ទិន្នន័យ​យើង​អត់​ទាន់​គ្រប់គ្រាន់​។​ ទាល់តែ​យើង​ប្រមូល​ data បន្ថែម​ពីរ បី​ឆ្នាំ​ថែមទៀត​ ទើប​អាច​គ្រប់​នឹង​បង្កើត​ guideline»។ ​

លោក​បន្ត​ទៀត​ថា៖​ «ការ​ងារ​ហ្នឹង​ត្រូវ​ការ​រដ្ឋាភិបាល​គាត់​ប្រឹងប្រែង​ណាស់​»។​

ខណៈ​ដែលកម្ពុជា បាន​ចូលរួម​ក្លាយ​ជា​សមាជិកភាព​ក្នុង​កម្មវិធី​មួយ​ តាមដាន​និង​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​ស៊ាំ​នឹង​ថ្នាំ​ផ្សះ ដែល​ហៅ​កាត់​ថា​ GLASS​ របស់​អង្គការ​សុខភាព​ពិភពលោក ក្រោម​ការ​ផ្តួចផ្តើម​របស់ប្រទេស​ ស៊ុយអែត​ ក៏​មាន​ការ​គាំទ្រ​ផ្នែក​បច្ចេកទេស និង​ជំនាញ​ដោយ​មជ្ឈមណ្ឌល​ប្រយុទ្ធ​ប្រឆាំង​នឹ​ង​ជំងឺឆ្លង​របស់​សហរដ្ឋ​អាមេរិក​ផង​ដែរ។

​ថ្នាក់​ដឹកនាំ​វិស័យសុខាភិបាល ​ក្រុម​គ្រូពេទ្យ​ និង​អ្នក​ជំនាញ​ ដែល​ធ្វើការ​ងារ​ពាក់ព័ន្ធ​នឹង​វិស័យ​នេះ​គួរតែផ្លាស់​ប្តូរ​ឥរិយាបថ​ និងទម្លាប់​នៃ​ការអនុវត្ត​ក្នុង​ការ​ព្យាបាល​ និង​ផ្សំថ្នាំរបស់​ពួកគេ​ឲ្យ​បាន​សិន​ ​មុន​ពេល​ដែល​ពួកគេ​រំពឹង​ថា​ ឲ្យអ្នកជំងឺ​ផ្លាស់ប្តូរ​ការ​គិត ឥរិយាបថ​ប្រើប្រាស់​ថ្នាំ​ និង​យល់ដឹង​លើ​បញ្ហា​ភាព​ស៊ាំ​នៃ​ថ្នាំ​ផ្សះ​។

វេជ្ជបណ្ឌិត​ ​ផែ ថុង​ ​បាន​ឲ្យ​ដឹង​ដែរ​ថា៖​

«ភាព​ស៊ាំ​ នឹង​ថ្នាំផ្សះ​ ឬ​អង់ទីប៊ីយូទិច​នេះ​ជា​បញ្ហា​សាកល។ ប្រទេស​ខ្លះ​មាន​កម្រិត​ភាព​ស៊ាំ​ធ្ងន់ធ្ងរ​ ​ខ្លះ​ស្រាល។​ ​វា​ជា​បញ្ហា​ប្រឈមមុខ​ទាំងអស់គ្នា គ្រាន់តែ​ថា​ នៅ​ស្រុក​ណា ដែល​គេ​ប្រើ​ប្រាស់​បាន​ត្រឹមត្រូវ​ មាន​ច្បាប់ទម្លាប់​ប្រើប្រាស់​ថ្នាំ​អង់ទីប៊ីយូទិច​ហ្នឹង​បានល្អទៅ​ កម្រិត​ស៊ាំ​ហ្នឹង​អាច​តិច​ជាង។​ ឧទាហរណ៍​ ដូច​នៅ​បណ្តា​ប្រទេស​អឺរ៉ុប ​គេ​មាន​ការ​គ្រប់គ្រង​ការ​ប្រើ​ប្រាស់ត្រឹមត្រូវ​ ​យើង​វា[ប្រឈមមុខ​]ខ្ពស់​ជាង​គេ។ ក្នុង​តំបន់​ វា​ប្រហែល​ជា​មិន​សូវ​ខុស​គ្នាទេ»។

លោក​ សាន់​ រស់ ថ្លែង​ប្រាប់​ VOA អំពី​ទម្លាប់​នៃ​ទិញ​ និង​ប្រើប្រាស់​ថ្នាំ​ទូទៅ​ និងថ្នាំ​ផ្សះ​ដើម្បី​ព្យាបាល​ជំងឺ​ និង​ការ​ទទួលបាន​ការប្រឹក្សា​ទាក់ទិន​នឹង​ការប្រើប្រាស់ថ្នាំផ្សះ។​ លោក​មក​ពីខេត្ត​កំពង់​ចាម​ និងដើររក​ទិញថ្នាំ​ដោយ​ពុំកាន់​វេជ្ជបញ្ជាទេ នៅរាជធានី​ភ្នំពេញ នៅថ្ងៃទី​២៤ ខែឧសភា​ ឆ្នាំ​២០១៨។ (ណឹម ​សុភ័ក្ត្របញ្ញា​/ VOA)

លោក​ ​សាន់ រស់​ ​វ័យ ៥១​ ឆ្នាំ​ ​បាន​ធ្វើ​ដំណើរ​ជាង ២ម៉ោង​ពី​ខេត្ត​កំពង់ចាម​ ​មក​ទីក្រុងភ្នំពេញ​ ដើម្បី​ទិញ​ថ្នាំ​មួយ​ចំនួន​ដែល​លោក​ពុំ​អាច​រក​បាននៅ​ក្នុង​ភូមិ​របស់​លោក។​ ​លោក​កំពុង​ឈរ​ចាំ​ឱសថការី​រៀប​ចំ​ថ្នាំសម្រាប់​ ​ដែល​លោក​មក​ទិញ​ទុក​ឲ្យ​ភរិយា។​

លោក​បាន​ឲ្យ​ដឹង​ថា​ ជា​ធម្មតា​ពេល​ណា​ដែល​លោក​ឈឺ​ ​លោក​តែងតែ​ផឹក​ថ្នាំដែល​ពេទ្យ​ភូមិ​របស់​លោក​ប្រាប់​ផ្សំ​ឲ្យ។​ ​លោក​បន្ថែម​ទៀត​ថា​ ​លោក​ពុំ​បាន​ចាប់​អារម្មណ៍​ថា ថ្នាំ​ទាំង​នោះ​ជា​ថ្នាំ​អ្វី​ខ្លះ​ទេ​ ហើយ​ជួនកាល​ពួកគេ​មិនមាន​ប្រសិទ្ធភាព​ព្យាបាល​ជំងឺ​លោក​ឲ្យ​សះស្បើយ​ទេ​ ក៏ប៉ុន្តែ​គាត់​ជឿ​ថា ​ពេទ្យ​ភូមិ​ដែល​គាត់​ស្គាល់​គ្នា​ និង​ចេះ​ផ្សំ​ថ្នាំ​ អាច​ផ្សំថ្នាំ​ ​ដែលល្អ​បំផុត​សម្រាប់​លោក។​

«ខ្ញុំ​ទិញ​ថ្នាំ​នៅ​ពេទ្យ នៅ​តាម​ខេត្ត គេ​មាន​ពេទ្យ​ភូមិ ពេទ្យ​ឃុំ​ទៅ​ណា។​ ​ខ្ញុំ​ប្រាប់​គេ​ថា​ខ្ញុំ​ឈឺ​ក្បាល​វិល​មុខ​អញ្ចឹង​ទៅ​ គេ​ផ្សំ​តាម​ហ្នឹង​ឲ្យ​មក។​ ​បើ​លេប​ទៅ​ត្រូវ​ មិន​ត្រូវ​ គឺ​ធម្មតា​អញ្ចឹង​ដែរ ដូច​ថា​ ជួន​ត្រូវ​ ជួន​អត់​អញ្ចឹង​ដែរ»។​

​មកទល់​បច្ចុប្បន្ន​នេះ​ ​ពេទ្យភូមិនៅ​តែ​បន្ត​ចែកចាយ​ ​និង​ផ្សំថ្នាំ​ផ្សះ​ ​ដែល​ប្រជាជន​ទូទៅ​យល់​ថា​ជា​ «​ថ្នាំខ្លាំង»​ ​ដែល​ឲ្យ​ពួកគេឆាប់​ជា។​ ​ប្រជាជន​កម្ពុជា​ជា​ច្រើន​ទូទាំង​ប្រទេស​នៅ​តែ​បន្ត​ប្រើ​ប្រាស់​ថ្នាំផ្សះ​ ​ដោយ​ពុំ​ទទួល​បាន​ការ​ពន្យល់​ពី​របៀប​ប្រើប្រាស់​បាន​ច្បាស់លាស់។​ ​ឯ​បាក់តេរី​វិញ​នៅ​តែ​បន្ត​វិវត្ត​ និងបង្កើន​ភាពស៊ាំ​របស់​វា​ខ្លាំង​ឡើងៗ​នៅ​ក្នុង​រាងកាយ​ប្រជាជន​កម្ពុជា៕​