តើ​សមាជិក​​អាស៊ាន​អាច​រៀន​សូត្រ​អ្វី​ខ្លះ​ពី​ការ​ចាកចេញ​របស់​ប្រទេស​អង់គ្លេស​ពី​សហភាព​អឺរ៉ុប?

លោក Keith Richburg ជា​នាយក​មជ្ឈមណ្ឌល​សិក្សា​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារព័ត៌មាន នៅ​សាកលវិទ្យាល័យ​ហុងកុង (University of Hong Kong) និង​ជា​អតីត អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​បរទេស​សម្រាប់​កាសែតWashington Post​ ដែល​ឆ្លើយឆ្លង​ព័ត៌មាន​នៅ​អាហ្វ្រិក អឺរ៉ុប ចិន និង​អាស៊ីអាគ្នេយ៍។ (Courtesy photo/Janell Sims)

រឿង​មួយ​ទៀត​ដែល​កម្ពុជា​ត្រូវ​ធ្វើ​គឺ​ត្រូវ​បង្ក្រាប​ និង​ដោះស្រាយ​បញ្ហា​អំពើ​ពុករលួយ ដោយសារ​តែ​អ្នក​ជំនួញ​តែងតែ​ចង់​បណ្ដាក់​ទុន​នៅ​កន្លែង​ណា​មួយ​ដែល​ពួកគេ​ដឹង​ថា​​មិន​ចាំបាច់​ចំណាយ​ប្រាក់​ច្រើន​ក្នុង​ការ​សូកប៉ាន់។

[កំណត់​និពន្ធ៖ លោក Keith Richburg ជា​នាយក​មជ្ឈមណ្ឌល​សិក្សា​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារព័ត៌មាន នៅ​សាកលវិទ្យាល័យ​ហុងកុង (University of Hong Kong)។ លោក​បាន​ចំណាយ​ពេល​ច្រើន​ជាង​ពីរ​ទសវត្សរ៍​ ធ្វើ​ជា​អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​បរទេស​សម្រាប់​កាសែតWashington Post ដែល​ឆ្លើយឆ្លង​ព័ត៌មាន​នៅ​អាហ្វ្រិក អឺរ៉ុប ចិន និង​អាស៊ីអាគ្នេយ៍។ លោក​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​ទៅ​កាន់​ប្រទេស​កម្ពុជា​ នៅ​ក្នុង​ឆ្នាំ១៩៨៦ ក្នុង​ពេល​ដែល​លោក​ឈរ​ជើង​នៅ​ក្នុង​ក្រុង​ម៉ានីល។ ក្នុង​នាម​ជា​អ្នក​កាសែត​ម្នាក់ លោក Richburg បាន​រាយការណ៍​ព័ត៌មាន​យ៉ាង​ច្រើន​ពី​សហភាព​អឺរ៉ុប និង​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ (អាស៊ាន) ហើយក៏​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី១ បន្ទាប់​ពី​កម្ពុជា​បាន​ចូល​ជា​សមាជិកប្លុក​មួយ​នេះ​ក្នុង​ឆ្នាំ១៩៩៩។ នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​តាម​ទូរស័ព្ទ​ក្នុង​ពេល​ថ្មីៗ​នេះ នាង​ ហឿន​ សុភ័ក្រ្ត នៃ VOA បាន​សាកសួរ​អ្នក​កាសែត​ចូល​និវត្តន៍​រូប​នេះ អំពី​មេរៀន​ដែល​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​អាច​រៀន​សូត្រ​ពី​ការ​សម្រេច​ចិត្ត​ដ៏​សំខាន់​មួយ​របស់​ប្រទេស​អង់គ្លេស​ ដែល​បាន​ចាកចេញ​ពី​សហភាព​អឺរ៉ុប​តាមរយៈ​ការ​ធ្វើ​ប្រជាមតិ​កាលពី​ថ្ងៃទី២៣ ខែ​មិថុនា កន្លង​ទៅ​នេះ។ បទ​សម្ភាសន៍​រយៈ​ពេល​វែង​នេះ​មានសេច​ក្តី​លម្អិត​ដូច​ខាង​ក្រោម។]

តាមរយៈ​បទ​ពិសោធន៍​របស់​លោក​ក្នុង​ការ​យក​ព័ត៌មាន​ទាំង​ក្នុងតំបន់​អឺរ៉ុប និង​អាស៊ី តើ​លោក​មាន​គំនិត​យ៉ាង​ដូច​ម្តេច​អំពី​ការ​ចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប​?

រឿង​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​គឺ​ថា នៅ​ពេល​ដែល​ខ្ញុំ​យក​ព័ត៌មាន​ពី​សហភាព​អឺរ៉ុប​ ខ្ញុំ​តែងតែ​គិត​ថា មាន​អ្វី ម្យ៉ាង​ដែល​ខ្ញុំ​ហៅ​ថា ឱនភាព​នៃ​ប្រជាធិបតេយ្យ។ វា​ហាក់​ដូច​ជា​មាន​ការ​ខ្វះខាត​ការ​គាំទ្រ​លើ​គោល​នយោបាយ​ផង ឬ​ក៏​ខ្វះ​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ទូទៅ​ផង លើ​ទំនោរដែល​មិន​ស្រាកស្រាន្ត​ទៅ​រក​សមាហរណកម្មសហភាព​អឺរ៉ុប​ ឬ​ក៏​ឆ្ពោះ​ទៅ​រក​ការ​បោះបង់​អធិបតេយ្យភាព​របស់​ប្រទេស​ជា​សមាជិក​នីមួយៗ​បន្ថែម​ទៀត ដែល​ការណ៍​នេះ រឹត​តែ​ប្រគល់​អំណាចបន្ថែម​ទៀត​ទៅ​ក្នុង​ដៃ​ស្ថាប័ន​លើ​ថ្នាក់​ជាតិ​នៃ​សហភាព​មួយ​នេះ​ ដែល​មាន​ទីតាំង​ក្នុង​រដ្ឋធានី​ Brussel​ គឺ​សហភាព​អឺរ៉ុប​នេះ​ឯង។

នៅ​ពេល​ខ្ញុំ​មក​កាន់តំបន់​អាស៊ី​អាគ្នេយ៍​ជា​លើក​ដំបូង ចាប់​ពី​ឆ្នាំ១៩៨៦ ដល់​ឆ្នាំ១៩៩០ និង​មក​លើក​ទី២​ចាប់​ពី​ឆ្នាំ១៩៩៥ ដល់​ឆ្នាំ២០០០។ ខ្ញុំ​បាន​រាយការណ៍​ព័ត៌មាន​កាន់តែ​ច្រើន​បន្ថែម​ទៀត​ពី​អាស៊ាន នៅ​ពេល​សមាគម​នេះ​បាន​បញ្ចូល​សមាជិក​ថ្មី​បន្ថែម​ គឺ​វៀតណាម កម្ពុជា ឡាវ និង​ភូមា។ ពេលនោះ​ ខ្ញុំ​តែង​គិត​ថា អាស៊ាន​ធ្វើ​ដំណើរ​យឺត​ខ្លាំង​ណាស់​បើ​ប្រៀបធៀប​ទៅ​នឹង​សហភាព​អឺរ៉ុប។ និយាយរួម​គឺថា​ អាស៊ាន​គ្រាន់​តែ​ជា​កន្លែង​ចរចា​ច្រើន​ជាង​សកម្មភាព។ សមាគម​នេះ​បាន​ត្រឹមតែ​និយាយ​ច្រើន ប៉ុន្តែ​មិន​បាន​ធ្វើ​ច្រើន​នោះ​ទេ ដោយសារ​សមាគម​នេះ​ជឿ​ថា គ្រប់​យ៉ាង​ត្រូវ​តែ​ធ្វើ​ឡើង​តាម​រយៈ​មតិ​ឯកច្ឆន្ទ​របស់​សមាជិក​អាស៊ាន​ទាំង​អស់ ដែល​គ្រប់​យ៉ាង​មិន​អាច​សម្រេច​បាន​លឿន​នោះ​ទេ។

ដល់​ពេល​ខ្ញុំ​ត្រឡប់​មក​អ៊ឺរ៉ុប​វិញ ហើយ​ក្រឡេក​ទៅ​មើលអាស៊ាន​ វិភាគស្ថានភាព​ម្តង​ទៀត ទើប​ខ្ញុំ​យល់​ថា ​ក្រុម​ប្រជាជាតិ​អាស៊ី​ទាំង​អស់នេះ​ ប្រហែល​ជា​ធ្វើ​រឿង​ត្រឹមត្រូវ​វិញ​ ព្រោះ​ខ្ញុំ​គិត​ថា ដោយសារ​តែ​ភាព​មិន​តក់ក្រហល់​ក្នុង​ការ​ធ្វើ​សមាហរណកម្ម​នយោបាយ​ និង​ការ​មិនបោះបង់​អធិបតេយ្យភាព​នៃ​ប្រទេស​នីមួយៗ​នោះ​ហើយ​ ដែល​អាច​បង្ក​ភាព​ងាយ​ស្រួល​បន្តិច​ ក្នុង​ការឲ្យ​ប្រជាជន​យល់​ស្របនឹង​គោលការណ៍​របស់​អាស៊ាន។ ខ្ញុំ​គិត​ថា កំហុស​មួយ​ក្នុង​ចំណោម​កំហុស​ទាំង​អំបាលម៉ាន​ដែល​សហភាព​អឺរ៉ុប​បាន​ធ្វើ​ គឺ​ភាព​តក់ក្រហល់​ឆ្ពោះ​ទៅ​មុខ​ពេក​ ហើយ​បង្ខំ​ប្រទេស​ជា​សមាជិកឲ្យ​បោះបង់​អធិបតេយ្យ​ភាព​របស់​ខ្លួន​កាន់​តែ​ច្រើន​ទៅៗ ដោយ​មិន​បាន​ធ្វើ​ឲ្យ​ប្រាកដ​ជាមុន​ថា​ ពលរដ្ឋ​នៅ​ក្នុង​ប្រទេស​ទាំង​នោះ​បាន​យល់​ព្រម​នោះ​ទេ។

វិធីសាស្ត្រ​របស់​អាស៊ាន​ដែល​ចំណាយ​ពេល​យូរក្នុង​ការ​ធ្វើ​អ្វី​មួយ​នោះ ​ត្រូវ​បាន​គេ​រិះ​គន់ ដោយ​គិត​ថា​សមាគម​មួយ​នេះ​នឹង​មិន​អាច​ធ្វើ​សេចក្ដី​សម្រេច​នានា​បាន​លឿន​ទេ។ បញ្ហា​ជាច្រើន គឺ​មិន​អាច​ដោះស្រាយ​បាន​លឿន​នៅ​ក្នុង​កិច្ចប្រជុំ​ក្នុង​នាម​ជា​អាស៊ាន​បានទេ ដរាប​ណា​ប្រទេស​សមាជិក​ណាមួយ​ ប្រើ​សិទ្ធិ​វេតូ​នូវ​កិច្ចពិភាក្សា​លើ​បញ្ហា​នោះ​ តួយ៉ាង​ស្ថានភាព​រងទុក្ខ​លំបាក​របស់​ជនជាតិ​រ៉ូហ៊ីងយ៉ា​នៅ​ភូមា​ ​ដែល​ពេលនេះ​មាន​ប្រទេស​សមាជិក​មួយ​ គឺ​ភូមា​នេះឯង​បាន​ប្រើ​សិទ្ធិ​វេតូ​នូវ​កិច្ច​ពិភាក្សា​លើ​បញ្ហា​ហ្នឹង។

ផ្ទុយ​ពី​នេះ​វិញ​ ខ្ញុំ​គិត​ថា សហភាព​អឺរ៉ុប​តក់ក្រហល់​ដើរ​ចូល​ស្ថានភាព​មួយ​ដែល​សហភាព​នេះ​បង្ខំ​ប្រទេសជា​សមាជិក​ឲ្យ​បោះបង់​អធិបតេយ្យភាព​របស់​ខ្លួន មុន​ពេល​ពលរដ្ឋ​ក្នុង​ប្រទេស​ទាំង​នោះ​បាន​ត្រៀម​ខ្លួន​រួចរាល់។ ខ្ញុំ​គិត​ថា នេះ​ជា​ចំណែក​មួយ​នៃមូលហេតុដែល​ធ្វើ​ឲ្យ​អង់គ្លេស​ចាកចេញ​ពី​សហភាព​អឺរ៉ុប។ ពលរដ្ឋ​អង់គ្លេស​ជាច្រើន​មិន​ពេញ​ចិត្ត​នឹង​ការ​បញ្ជាពី​សហភាព​អឺរ៉ុប​ដែល​មាន​ទីស្នាក់ការ​នៅ​ប្រទេស​បែលហ្ស៊ិក​នោះ​ទេ។ ពួកគេ​មិន​ដែល​បោះឆ្នោត​បោះបង់​អធិបតេយ្យភាព​របស់​ប្រទេស​គេ​នោះ​ទេ។ ពួកគេ​មិន​ដែល​បោះឆ្នោត​លើ​ការ​ផ្ដល់​សិទ្ធិ​ឲ្យ​ប្រជាជន​អឺរ៉ុប​ផ្សេង​ទៀត​មាន​សិទ្ធិ​ចូល​ក្នុង​ប្រទេស​អង់គ្លេស​ទេ​ អីចឹង​ហើយ​ពួកគេ​តែងតែ​មាន​ការ​ខឹង​សម្បា​តិចតួចពេល​ដែល​សហភាព​អឺរ៉ុប​តម្រូវ​ឲ្យពួក​គេ​គោរព​ទៅ​តាម​សេចក្ដី​សម្រេច​នោះ។ ​

តើ​លោក​គិត​ថា ប្រទេស​អ្នក​មាន​នៅ​អាស៊ាន​មួយ​ចំនួននឹង​មាន​ការ​ខឹងសម្បា​បែប​នោះ​ដែរ​ឬ​ទេ?

ខ្ញុំ​គិត​ថា ប្រទេស​អ្នក​មាន​មួយ​ចំនួន​អាច​មាន​អារម្មណ៍​បែប​នេះ ប្រសិន​បើ​ពួកគេ​យល់​ថា អាស៊ាន​ព្យាយាម​បង្ខំ​ពួកគេឲ្យ​ទទួល​យក​គោលនយោបាយ​ដែល​ពួកគេ​មិន​ចង់​ទទួល​យក។ ជា​ឧទាហរណ៍​ ប្រសិន​បើ​ប្រទេស​អ្នក​មាន​ ដូច​ជា​ សិង្ហបុរី ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​ទទួល​យក​លំហូរ​ប្រជាជន​ដោយ​សេរី ឲ្យ​ទទួល​យក​ប្រជាជន​គ្រប់​ប្រភេទ​ពី​ប្រទេស​ឥណ្ឌូនេស៊ី ឬពី​ប្រទេស​ហ្វីលីពីន​ដែល​ពួកគេ​មិន​ទាន់​ត្រៀម​ខ្លួន​ទទួល​យក​នោះ​ ប្រទេស​អ្នក​មាន​ ដូច​ជា​សិង្ហបុរី ឬ​ម៉ាឡេស៊ី ឬ​ថៃ អាច​នឹង​មាន​ការ​ខឹង​សម្បា​តិចតួច​ ព្រោះ​ពួក​គេ​អាច​គិត​ថា៖ «ហេតុ​អ្វី​បាន​ជា​យើង​ត្រូវ​ទទួល​យក​ប្រជាជន​ទាំង​នោះ​ដែល​មិន​មាន​ការងារ​ធ្វើ​ពី​ប្រទេស​ឥណ្ឌូនេស៊ី ហ្វីលីពីន ឬ​ភូមា?»

ដូច្នេះ ខ្ញុំ​គិត​ថា ការ​ដែល​មិន​ទាន់មាន​គោលនយោបាយ​ទាំងនេះ ​ដូចជា​លំហូរ​ប្រជាជន​ដោយ​សេរី​ជា​ដើម ​តាម​ពិត​ទៅ​អាស៊ានគឺ​កំពុង​ធ្វើខ្លួន​ឲ្យ​មាន​លក្ខណៈ​រឹងមាំ​ជាង​សហភាព​អឺរ៉ុប។ ដូច្នេះ​ បាទ ខ្ញុំ​គិត​ថា អាច​នឹង​មាន​ការ​ខឹងសម្បា​បែប​នោះ​ដែរ​ ប៉ុន្តែ​ខ្ញុំ​គិត​ថា វា​មិន​ទាន់​កើត​ឡើង​នោះ​ទេ ដោយសារ​តែ​អាស៊ាន​មិនទាន់​ជា​សហគមន៍​គ្មាន​ព្រំដែន​ ដូច​សហភាព​អឺរ៉ុប​នោះ​ទេ។

នៅ​ពេល​នេះ លំហូរ​ពលកម្ម​គឺ​ចេញ​ពី​ប្រទេស​កម្ពុជា​ទៅ​កាន់​ប្រទេស​ផ្សេង​ដូចជា​ប្រទេស​ថៃ ម៉ាឡេស៊ី និង​សិង្ហបុរី។ តើ​មាន​ហានិភ័យ​នៃ​លំហូរ​ពលកម្ម​ដែល​មិនមាន​តុល្យភាព​នៅ​ក្នុង​តំបន់​អាស៊ាន​ដែរ​ឬ​ទេ?

វា​អាច​នឹង​កើត​ឡើង​បែបនេះ​ដែរ​។ ខ្ញុំ​ចង់​និយាយ​ថា​ អ្វី​ដែល​កើត​ឡើង​ឥឡូវ​នេះ តាម​ដែល​ខ្ញុំ​យល់ គឺ​ថា ប្រជាជន​កំពុង​សម្រុក​ចេញ​ពី​ប្រទេស​កម្ពុជា​ ឬ​ភូមា ទៅ​កាន់​ប្រទេស​ដទៃ​ទៀត​ដូចជា​ ប្រទេស​ថៃ ដោយសារ​ពួកគេ​ត្រូវ​ការ​ការងារ​ធ្វើ។ ពួកគេ​ត្រូវ​ការ​ការងារ​ខាង​សំណង់ និង​ការងារ​ផ្សេងៗ​ទៀត។ ប៉ុន្តែ​នេះ​មិន​មែន​ជា​លំហូរ​ដោយ​ចំហ​ដូច​នៅ​ក្នុង​សហភាព​អឺរ៉ុប​នោះ​ទេ។

​ក្នុង​ប្រព័ន្ធ​សហភាព​អឺរ៉ុប ប្រជាជន​ក្នុង​សហភាព​អឺរ៉ុប​អាច​ផ្លាស់​ទី​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​ទៀត​ ហើយ​នោះ​ជា​អ្វី​ដែល​ពលរដ្ឋ​អង់គ្លេស​បោះឆ្នោត​ប្រឆាំង៖ គំនិត​ដែល​អ្នក​ណាៗ​ក៏​អាច​ផ្លាស់​ទី​ទៅ​ណា​ក៏​បាន​។ ពលរដ្ឋ​អង់គ្លេស ដែល​បាន​បោះឆ្នោត​ឲ្យ​អង់គ្លេស​ចាកចេញ​នោះ និយាយ​ថា ពួកគេ​ចង់​បាន​សិទ្ធិ​ កំណត់​ថា​អ្នក​ណា​អាច​រស់​នៅ​និង​មិន​អាច​រស់នៅ​ក្នុង​ប្រទេស​របស់​ពួកគេ​បាន។ ក្នុង​នាម​ជា​សមាជិក​សហភាព​អឺរ៉ុប ពេលខ្លះ​អង់គ្លេស​ចាំ​បាច់​ត្រូវ​តែ​បដិសេធ​ប្រជាជន​មក​ពី​សហរដ្ឋ​អាមេរិក ឬ​អូស្ត្រាលី ដែល​អាច​ជា​បុគ្គល​ដែល​ប្រទេស​នេះ​ត្រូវ​ការ​ដោយ​សារ​គេ​មាន​សញ្ញា​បត្រ​ខ្ពស់ ឬ​ជំនាញណា​មួយ​ដែល​ជា​ប្រយោជន៍​ដល់អង់គ្លេស ផ្ទុយ​ទៅ​វិញ​ពួក​គេ​មិន​អាច​ធ្វើ​បាន ដោយសារ​តែអង់គ្លេស​មាន​កាតព្វកិច្ចទទួល​យក​ប្រជាជនពី​ប្រទេស​ក្នុង​សហភាព​អឺរ៉ុប​ មុន​ប្រទេស​ផ្សេងទៀត​ ។

ខ្ញុំ​គិត​ថា រឿង​មួយ​ដែល​ខ្ញុំ​កំពុង​មើល​ឃើញ​នៅ​ក្នុង​តំបន់​អាស៊ាន​ឥឡូវ​នេះ គឺ​ថា​ពួកគេ​កំពុង​ធ្វើ​ឲ្យ​អាស៊ាន​ទៅ​ជា​តំបន់​សេដ្ឋកិច្ច​រួម​មួយ គឺ​ព្យាយាម​បើក​ចំហ​នូវ​លំហូរ​ប្រជាជន​ដែល​ជា​ពលករ​ជំនាញ។ នេះ​មាន​ន័យ​ថា គណនេយ្យករ​ ឬ​អ្នក​ធ្វើ​ការ​នៅ​ធនាគារ ឬ​មនុស្ស​ដែល​មាន​ជំនាញ​កុំព្យូទ័រ​ពិសេស​មក​ពី​ប្រទេស​ហ្វីលីពីន​អាចផ្លាស់​ទី និង​ទៅ​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​ថៃ ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី។ ដូច្នេះ នៅ​ពេល​បច្ចុប្បន្ន​នេះ សមាគម​មួយ​នេះ​នៅមាន​លក្ខណៈ​រឹតត្បិត​នៅ​ឡើយ។ ប៉ុន្តែ ខ្ញុំ​គិត​ថា ដរាប​ណា​ប្រទេស​ទាំង​នេះ​ដូច​ជា​ប្រទេស​ថៃ​នៅ​ខ្វះខាត​កម្លាំង​ពលកម្ម និង​ប្រទេស​សិង្ហបុរី​ដែល​មាន​ផ្ទៃដី​តូច​ជាង​ប្រទេស​ដទៃ​ទៀត ប្រទេស​ទាំងនេះ​នៅតែ​មាន​ឆន្ទៈ​ទទួល​យក​ប្រជាជន​ថែម​ទៀត។​

ប៉ុន្តែ​នៅ​ពេលគម្រោង​ដែល​ពលករ​កំពុង​ធ្វើ​ការនោះ​បាន​បញ្ចប់​ ពលករ​ទាំងនោះ​នឹង​ត្រូវ​ត្រឡប់​ទៅ​ផ្ទះ​វិញ ហើយ​ដូច្នេះ​ខ្ញុំ​គិត​ថា នេះ​គឺជា​ចំណុចខុស​គ្នា​មួយ​ ក្នុង​ចំណោម​ចំណុច​ខុស​គ្នា​ផ្សេងៗ​ទៀត​រវាង​អាស៊ាន និង​សហភាព​អ៊ឺរ៉ុប ឥឡូវ​នេះ។ ខ្ញុំ​គិត​ថា មេរៀន​មួយ​ដែល​អាស៊ាន​អាច​រៀន​ពី​សហភាព​អឺរ៉ុប​ គឺការ​ធ្វើ​អន្តោប្រវេសន៍ និង​ការ​គ្រប់គ្រង​ព្រំដែន ដែល​នេះ​ជា​រឿង​មួយ​ ប្រទេស​ណា​ក៏​មិន​ចង់​បោះបង់​ដែរ។ ពួកគេ​ចង់​មាន​សិទ្ធិ​គ្រប់គ្រង​ថា អ្នក​ណាអាច​ចូល​មក​ក្នុង​ប្រទេស​ខ្លួន​បាន​ ហើយ​ថា​គេ​អាច​ស្នាក់​នៅ​រយៈ​ពេល​យូរ​ប៉ុន្មាន។

សម្រាប់​ប្រទេស​កម្ពុជា ​ដែល​ជា​ប្រទេស​មាន​ពលករ​មាន​ជំនាញ​មិន​សូវ​ច្រើន​នៅឡើយ​ តើ​លោក​គិត​ថា សមាហរណកម្ម​អាស៊ាន​អាច​នឹង​ក្លាយ​ជា​បញ្ហា​ប្រឈម​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា​ដែរ​ឬ​ទេ?

អាច​អីចឹង​ដែរ។ ហើយ​វា​ជា​រឿង​ដែល​គួរ​តែ​គិតគូរ។ ​ឧទាហរណ៍​ ប្រសិន​បើ​ពលករ​មាន​ជំនាញ​ទាំង​អស់​ សម្រេច​ចិត្ត​ចាកចេញ​ពី​ប្រទេស​ នោះ​ប្រទេស​ដូចជា​ប្រទេស​កម្ពុជា​ អាច​ប្រឈម​នឹង​បញ្ហា​ជាច្រើន។ ដូច្នេះ ប្រទេស​កម្ពុជា​នឹង​ច្បាស់​ជា​ត្រូវ​ប្រឈម​នឹង​លំហូរ​ចេញនៃពលករជំនាញៗ ឬ​កម្មករ​ជាដើម ដែល​ចង់​ចាកចេញ​ពី​ប្រទេស​ ដើម្បី​ទៅ​ធ្វើការ​នៅកន្លែង​ផ្សេង​ ដោយសារ​តែ​ប្រាក់​ឈ្នួល​ការងារ​នៅកន្លែង​នោះ​អាច​នឹង​ខ្ពស់​ជាង​ប្រទេស​ខ្លួន។ មេរៀន​មួយ​ទៀត​ដែលយើងអាច​រៀន​ពី​សហភាព​អឺរ៉ុប​ គឺ​ថា​ប្រជាជន​នឹង​ផ្លាស់ទី​លំនៅ​ទៅ​កន្លែង​ដែលគេ​ត្រូវ​ការ​កម្លាំង​ពលកម្ម​ កន្លែងដែល​សម្បូរ​ការងារ​ច្រើន និង​កន្លែង​ដែល​មាន​ផល​ប្រយោជន៍​ខ្ពស់។​

ប្រជាជន​ជាច្រើន​ក្នុង​សហភាព​អឺរ៉ុប​ធ្លាប់​ផ្លាស់ទី​កន្លែង​ចូល​ទៅ​ប្រទេស​អង់គ្លេស​ ដោយ​សារ​តែ​ប្រទេស​អង់គ្លេស​មាន​សេវា​សុខភាព​ល្អ និង​ផល​ប្រយោជន៍​ល្អ​សម្រាប់​ជន​គ្មាន​ការងារ។ ដូច្នេះ​ យើង​អាច​ឃើញ​ស្ថានភាព​មួយកើត​ឡើង គឺ​ថា​ប្រជាជន​ខ្មែរ​ច្រើនឡើងៗ អាច​នឹង​ចាកចេញ​ពី​ប្រទេស​កម្ពុជា ហើយ​ផ្លាស់​ទី​កន្លែង​ទៅ​ប្រទេស​មួយ​ទៀត​ដូចជា​ ប្រទេស​ថៃ ឬ​សិង្ហបុរី​ជាដើម ប្រសិន​បើ​ប្រជាជន​ខ្មែរ​ទាំងនោះ​គិត​ថា​ប្រទេស​ទាំង​នោះ​អាច​ធ្វើ​ឲ្យ​ជីវិត​រស់នៅ​របស់​ពួក​គេ​ ប្រសើរ​ជាងនៅ​កម្ពុជា។

ប៉ុន្តែ​បញ្ហា​មួយ​ទៀត​ដែល​ប្រទេស​កម្ពុជា​ជា​អ្នក​ប្រឈម​វិញ​នោះ​គឺ ​ប្រទេស​កម្ពុជានឹង​ប្រឈម​ជាមួយ​នឹង​កង្វះ​ខាត​ពលកម្ម​ជំនាញ មិន​ថា​កម្មករ ឬ​បញ្ញវន្ត​ទេ ដែល​ពួក​គាត់​នេះ​ហើយ​ជា​មនុស្ស​ដែលធ្វើ​ឲ្យ​សេដ្ឋកិច្ច​ប្រទេស​ដើរ​ទៅ​មុខ និង​ជា​មនុស្ស​ដែល​នឹង​ធ្វើ​ឲ្យ​កុំព្យូទ័រ​មាន​ដំណើរការ។ អ្នក​ច្បាស់​ជា​មិន​ចង់​ឲ្យ​មនុស្ស​ទាំង​អស់នោះ​ចាកចេញ​ទៅ​ក្រៅ​ប្រទេស​ទេ។ ដូច្នេះ​ហើយ​ ចរន្ត​នៃ​កម្លាំង​ពលកម្ម​ប្រភេទ​នេះនៅ​អាស៊ី​អាគ្នេយ៍​ អាច​ជា​បញ្ហា​ដ៏​ធំ​មួយ។​

ខ្ញុំ​គិត​ថា​បញ្ហា​ធំ​បំផុត​ គឺ​ ភាព​ខុស​គ្នា​នៃ​ប្រាក់​ចំណូល​រវាង​ប្រទេស​ក្រីក្រ ដូច​ជា​ប្រទេស​កម្ពុជា ឡាវ និង​ភូមា ​និង​ប្រទេស​អ្នក​មាន​ដូចជា ម៉ាឡេស៊ី ថៃ និង​សិង្ហបុរី គឺ​ធំ​ពេក។ នេះ​ហើយ​ជា​មូលហេតុ​ដែល​អាច​ជា​បញ្ហា​ដ៏​ធំ​មួយនៅ​ក្នុង​តំបន់​អាស៊ាន។ អីចឹង​ហើយ​ ប្រទេស​ជា​សមាជិក​ តួយ៉ាង​ប្រទេស​កម្ពុជា​អាច​នឹង​រងគ្រោះ​ ប្រសិន​បើ​បើក​ចំហ​ព្រំដែន​ទាំងស្រុង។

ដូច្នេះ​ តាម​គំនិត​របស់​លោក តើ​ប្រទេស​កម្ពុជា​គួរ​តែ​ធ្វើ​អ្វី?

អ្វី​ដែល​ប្រទេស​កម្ពុជា​កំពុង​តែ​ធ្វើ​នៅ​ពេល​បច្ចុប្បន្ន​ គឺ​មាន​ភាព​វ័យ​ឆ្លាត​ល្អ​ណាស់។ ប្រទេស​នេះ​កំពុង​បង្ហាញ​ជំហរ​ថា ​ខ្លួន​គឺ​ជា​ជម្រើស​មួយ​ទៀត​ក្រៅ​ពី​ចិន ពីព្រោះ​ប្រាក់​ឈ្នួល​ពលកម្មមាន​តម្លៃ​ខ្ពស់​ខ្លាំង​នៅ​ក្នុង​ប្រទេស​ចិន​ឥឡូវ​នេះ ហើយ​ការ​ចំណាយ​សម្រាប់​ជំនួញ​នៅ​ក្នុង​ប្រទេស​ចិន​ក៏​ខ្ពស់ខ្លាំង​ដែរ ដែល​ការណ៍​នេះ​ធ្វើ​ឲ្យ​អ្នក​ជំនួញ​ជាច្រើន​សម្រេច​ចិត្ត​ងាក​មក​បង្កើត​រោងចក្រ​វាយនភណ្ឌក្នុង​ប្រទេស​ដែល​ចំណាយ​ដើមទុន​តិច​ជាង​ ដូច​ជាប្រទេស​កម្ពុជា​ជាដើម។

​រោងចក្រ​ផលិត​គ្រឿង​អេឡិចត្រូនិក​តូចៗ​ជាច្រើន​អាច​នឹង​ចំណាយ​ដើមទុន​តិច​ជាង បើ​បង្កើត​នៅ​ប្រទេស​កម្ពុជា​ ជាជាង​នៅ​ប្រទេស​ចិន​។ ដូច្នេះ ខ្ញុំ​គិត​ថា ការ​រក្សា​ប្រាក់​ឈ្នួល​ឲ្យ​ទាប​ និង​ការ​ផ្សព្វផ្សាយ​ប្រទេស​ខ្លួនឯង​ទៅ​កាន់​ពិភពលោក​ថា ជា​ប្រទេស​ដែល​មាន​តម្លៃ​ពលកម្ម​ថោក​ជាង​ប្រទេស​ចិន​នោះ នឹង​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​មាន​ភាព​រុងរឿង​ជាង​មុន​បន្តិច។ ដូច្នេះ​ នេះ​ជា​រឿង​មួយ​ដែល​កម្ពុជា​កំពុង​តែ​ធ្វើ​បាន​យ៉ាង​ល្អ ហើយ​អ្នក​នឹង​ចាប់​ផ្តើម​ឃើញ​ ​ក្រុមហ៊ុន​ជាច្រើន​ផ្លាស់​ទីតាំង​រោងចក្រ​របស់​ពួកគេ​ពី​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​ចិន ​ទៅ​ប្រទេស​កម្ពុជា​វិញ។

ទោះ​យ៉ាង​ណា​ក៏​ដោយ ខ្ញុំ​គិត​ថា រឿង​មួយ​ទៀត​ដែល​កម្ពុជា​ត្រូវ​ធ្វើ​គឺ​ត្រូវ​បង្ក្រាប​ និង​ដោះស្រាយ​បញ្ហា​អំពើ​ពុករលួយ ដោយសារ​តែ​អ្នក​ជំនួញ​តែងតែ​ចង់​បណ្ដាក់​ទុន​នៅ​កន្លែង​ណា​មួយ​ដែល​ពួកគេ​ដឹង​ថាមិន​ចាំបាច់​ចំណាយ​ប្រាក់​ច្រើន​ក្នុង​ការ​សូកប៉ាន់។

ចុះ​ធនធាន​មនុស្ស​របស់​ប្រទេស​កម្ពុជា​វិញ​យ៉ាង​ម៉េច​ដែរ?

ខ្ញុំ​គិត​ថា ធនធាន​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​ គឺ​ល្អ​គ្រាន់​បើ​។ ខ្ញុំ​គិត​ថា ប្រជាជន​ខ្មែ​ជា​មនុស្ស​ឧស្សាហ៍​ ហើយ​ពួកគេ​មាន​ភាព​វៃ​ឆ្លាត​ខ្លាំង​ណាស់។ ប្រជាជន​ខ្មែរ​អាច​ធ្វើការ​បាន​យ៉ាង​ល្អ អីចឹង​ហើយ​បានជា​ពួកគេ​ទាក់ទាញ​វិនិយោគិន​ជាច្រើន​ពី​ប្រទេស​ចិន ហើយ​មនុស្ស​ទូទៅ​កំពុង​ចាប់​ផ្តើម​ដឹង​ថា ពួកគេ​ពិត​ជា​អាច​ផលិត​សម្លៀកបំពាក់ ឬ​គ្រឿង​បន្លាស់​អេឡិចត្រូនិក​សម្រាប់​ដំឡើង​ទៅ​ជា​ទូរទស្សន៍ ឬ​វិទ្យុ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ ដោយសារ​តែ​គុណភាព​ពលកម្ម​ពិត​ជា​ខ្ពស់​ណាស់​នៅ​ប្រទេស​មួយ​នេះ។ ​

បញ្ហា​នោះគឺថា ដោយ​សារ​តែ​ប្រទេស​កម្ពុជា​មានប្រវត្តិ​ជា​ប្រទេស​ក្រីក្រ ហើយ​ថា​ប្រជា​ពលរដ្ឋ​មិន​មាន​ការ​អប់រំ​ខ្ពស់។ មនុស្ស​ជំនាន់​ក្រោយ​នឹង​ទទួល​បាន​ការ​អប់រំ​ច្រើន​ជាង​មនុស្ស​ជំនាន់​ឥឡូវ។ ហើយ​ឃើញ​ថា វា​កាន់​តែ​ល្អ​ទៅ​ៗ ពី​មួយ​ឆ្នាំ ទៅ​មួយ​ឆ្នាំ គ្រាន់​តែ​ថា ​វា​ត្រូវ​ការចំណាយ​ពេល​ច្រើន​។ ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​លំដាប់​ទាប​បំផុត​ក្នុង​ចំណោម​ប្រទេស​ជា​សមាជិក​អាស៊ាន ប្រហាក់ប្រហែលនឹងប្រទេស​ឡាវ និង​ភូមា ប៉ុន្តែ​ពួកគេ​ត្រូវ​តែ​វិនិយោគ​ឲ្យ​ច្រើន​ជាង​នេះ ទៅ​លើប្រព័ន្ធ​អប់រំ ដើម្បី​ឲ្យ​ពលរដ្ឋ​របស់​ពួកគេ​បាន​ឈាន​ឡើង​ទៅ​ដល់​មួយកម្រិត​ទៀត។ ​

ក្នុង​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន តើ​លោក​គិត​ថា​ប្រទេស​ណា​មួយ​អាច​នឹង​ចាកចេញ​ដូច​ប្រទេស​អង់គ្លេស​ដែរ?

ប្រទេស​ដំបូង​ដែល​ចង់​ចាកចេញ​!? នេះ​ជា​សំណួរ​មួយ​យ៉ាង​ល្អ។ ខ្ញុំ​មិន​ចូលចិត្ត​ធ្វើ​ការ​ទស្សន៍ទាយ​នោះ​ទេ។ ខ្ញុំ​អាច​និយាយ​ថា ប្រហែល​ជា​ប្រទេស​សិង្ហបុរី ដែល​យល់​ថា​ខ្លួន​មាន​ភាព​ទាន់​សម័យ​ជាង​ប្រទេស​ដទៃ​ទៀត និង​មាន​ចំណង​ទាក់ទង​ច្រើនជាមួយ​ប្រទេស​លោក​ខាង​លិច។ ប្រទេស​សិង្ហបុរី ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ដ៏​សំខាន់​មួយ។ ពលរដ្ឋ​ប្រទេស​នេះ​មាន​ការ​អប់រំ​ខ្ពស់​ណាស់។

ប្រសិន​បើ​មាន​លំហូរ​ពលកម្ម​សេរីនោះ​វិញ សិង្ហបុរី​ច្បាស់​ជា​មាន​អារម្មណ៍​ថា​ទប់​មិន​ឈ្នះ​នឹង​ចំនួន​ប្រជាជន​ផ្លាស់​ទីលំនៅ​ពីប្រទេស​ជិត​ខាង​ដែល​មាន​ចំនួន​ប្រជាជន​ច្រើន​ជាង​នោះ​ទេ។ សិង្ហបុរី​អាច​ជា​ប្រទេស​ទី១​ដែល​គិត​ថា ពួកគេ​មិន​អាច​ទទួល​បាន​ផល​ប្រយោជន៍​ច្រើន​ពី​អាស៊ាន ដូច​ផល​ប្រយោជន៍​ដែល​គេ​ផ្តល់​ឲ្យ​អាស៊ាន។ ប៉ុន្តែ​ខ្ញុំ​គិត​ថា អាស៊ាន​មិន​ដូច​សហភាព​អឺរ៉ុប​នោះ​ទេ។ សមាគម​មួយ​នេះ​បាន​អនុម័ត​នយោបាយ​មួយ​ដែល​សមាជិក​ទាំង​អស់​ត្រូវ​យល់​ព្រម ពោល​គឺ​ត្រូវ​មាន​ការ​សម្រេច​ជា​ឯកច្ឆន្ទ។ ខ្ញុំ​គិត​ថា អាស៊ាន​អាច​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ការងារ​ជា​ក្រុម៕