ក្រុម​បស្ចិម​ប្រទេស​ពិចារណា​វិធានការ​ថ្មី បន្ទាប់ពី​ហុងកុង​អនុម័ត​ច្បាប់​សន្តិសុខ​ថ្មី

នាយកប្រតិបត្តិហុងកុង លោក John Lee អបអរសាទរជាមួយសមាជិកសភាបន្ទាប់ពីការអនុម័តមាត្រា ២៣ នៅក្រុមប្រឹក្សានីតិប្បញ្ញត្តិក្នុងទីក្រុងហុងកុង ថ្ងៃទី ១៩ ខែមីនា ឆ្នាំ 2024។

ការ​អនុម័ត​ច្បាប់​ទី​ពីរ​ស្ដីពី​សន្តិសុខ​ជាតិ​របស់​ទីក្រុង​ហុងកុង​កាលពី​ថ្ងៃ​ទី ១៩ ខែ​មីនា បាន​រង​ការ​រិះគន់​ពី​សំណាក់​រដ្ឋាភិបាល​បរទេស​មួយ​ចំនួន ខណៈ​ដែល​អង្គភាព​អាជីវកម្ម​ខ្លះ​ថា ច្បាប់​នេះ​នឹង​ជំរុញ​ឱ្យ​អាជីវកម្ម​បរទេស​ចាកចេញ​ពី​ទីក្រុង​នេះ​កាន់តែ​លឿន។

អង្គការ​សហប្រជាជាតិ សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស និង​សហភាព​អឺរ៉ុប​សុទ្ធតែ​បាន​បង្ហាញ​ក្ដី​បារម្ភ​អំពី​ភាសា​ដែល​មាន​ខ្លឹមសារ​មិន​ច្បាស់​ដែល​ចែង​នៅក្នុង​ច្បាប់​នេះ និង​អំពី​ការ​អនុម័ត​ច្បាប់​នេះ​ដ៏​តក់​ក្រហល់​ដែល​បាន​បញ្ចប់​ក្នុង​រយៈពេល​មិន​ដល់​ពីរ​សប្ដាហ៍​ផង។

ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​កិច្ចការ​សិទ្ធិ​មនុស្ស​លោក Volker Türk បាន​ព្រមាន​ថា ខ​ចែង​មិន​ច្បាស់​នៅ​ក្នុង​ច្បាប់​នេះ ដែល​គេ​ស្គាល់​ថា «មាត្រា ២៣» អាច​ឈាន​ទៅដល់​ការ​ចាត់ទុក​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ សេរីភាព​នៃ​ការ​ជួបជុំ​ដោយ​សន្តិវិធី និង​សិទ្ធិ​ទទួល​បាន​និង​ចែកចាយ​ព័ត៌មាន​ថា​ជា​បទ​ឧក្រិដ្ឋ។ សិទ្ធិ​សេរីភាព​ទាំងអស់​នេះ​ត្រូវបាន​ការពារ​នៅ​ក្រោម​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ។

ទន្ទឹមនឹង​នេះ ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា ការ​អនុម័ត​ច្បាប់ «មាត្រា ២៣» នេះ អាច​ធ្វើ​ឱ្យ​ទីក្រុង​ហុងកុង​ដែល​ធ្លាប់តែ​បើក​ទូលាយ​រង​ការ​បំបិទ​សិទ្ធិ​កាន់តែ​ឆាប់។ ក្រសួង​ការបរទេស​អាមេរិក​បាន​បន្ថែម​ថា សហរដ្ឋ​អាមេរិក​កំពុង​វិភាគ​លើ​ផល​ប៉ះពាល់​ដែល​អាច​កើតចេញ​ពី​ច្បាប់​នេះ។

រដ្ឋមន្ត្រី​ការបរទេស​ចក្រភព​អង់គ្លេស​លោក David Cameron បាន​និយាយ​ថា ច្បាប់​នេះ​មិន​បាន «បង្ហាញ​ភាព​ច្បាស់លាស់​សម្រាប់​អង្គការ​អន្តរជាតិ​នានា រួម​ទាំង​បេសកកម្ម​ការទូត» ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​នៅ​ក្នុង​ទីក្រុង​ហុងកុង​ផងដែរ ហើយ​ច្បាប់​នេះ​នឹង​ជំរុញ​ឱ្យ​មាន «វប្បធម៌​រឹតត្បិត​ដោយ​ខ្លួនឯង​លើ​ការ​បញ្ចេញ​មតិ» ដែល​បច្ចុប្បន្ន​នេះ ការ​រឹតត្បិត​បែប​នេះ​កំពុង​កើត​មាន​នៅ​ក្នុង​ទិដ្ឋភាព​សង្គម​និង​នយោបាយ​នៅ​ក្នុង​ទីក្រុង​នេះ។

ក្រៅពី​លើកឡើង​ជាថ្មី​អំពី​ក្ដី​បារម្ភ​ចំពោះ​ផល​ប៉ះពាល់​ដែល​អាច​មាន​នៃ​ច្បាប់​នេះ​លើ​សិទ្ធិ​និង​សេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ទីក្រុង​ហុងកុង សហភាព​អឺរ៉ុប​បាន​បញ្ជាក់​ថា ការ​បង្កើន​ការ​ដាក់​ពិន័យ ការ​ពង្រីក​ដែន​យុត្តាធិការ និង​លទ្ធភាព​ដែល​ច្បាប់​នេះ​អាច​មាន​សុពលភាព​មួយ​ផ្នែក​មុន​ពេល​ត្រូវបាន​អនុម័ត ក៏ជា​ចំណុច «ដែល​គួរ​ឱ្យ​បារម្ភ​យ៉ាង​ខ្លាំង» ផងដែរ។

ទោះបីជា​មាន​ការ​រិះគន់​ពី​អន្តរជាតិ​ក៏ដោយ ក៏​មេដឹកនាំ​ទីក្រុង​ហុងកុង​លោក John Lee បាន​កោត​សរសើរ​ការ​អនុម័ត​ច្បាប់ «មាត្រា ២៣» នេះ​ថា​ជា «ដំណាក់កាល​ជា​ប្រវត្តិសាស្ត្រ​មួយ​សម្រាប់​ទីក្រុង​ហុងកុង» ហើយ​ចំណែក​ឯ​រដ្ឋាភិបាល​ចិន​វិញ​បាន​បង្ហាញ «ការ​គាំទ្រ​ពេញទំហឹង» ចំពោះ​ការ​វិវត្ត​នេះ។

សកម្មជន​សិទ្ធិ​មនុស្ស​ស្នើ​ឱ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម

ខណៈពេល​ដែល​សកម្មជន​សិទ្ធិ​មនុស្ស​មួយ​ចំនួន​បាន​ស្វាគមន៍​ការ​លើកឡើង​អំពី​ក្ដីបារម្ភ​របស់​រដ្ឋាភិបាល​បរទេស ពួកគេ​បាន​ជំរុញ​ឱ្យ​ប្រទេស​ប្រជាធិបតេយ្យ​នានា​ឆ្លើយតប​ចំពោះ​ការ​អនុម័ត​ច្បាប់​នេះ​ដោយ​វិធានការ​ខ្លាំងក្លា។

លោក Benedict Rogers នាយក​ប្រតិបត្តិ​នៃ​អង្គការ Hong Kong Watch នៅ​ចក្រភព​អង់គ្លេស បាន ប្រាប់ VOA តាម​ទូរស័ព្ទ​ថា៖ «តាមរយៈ​ការ​អនុម័ត​ច្បាប់​មាត្រា ២៣ នេះ ឥឡូវ​នេះ​វាជា​ពេល​វេលា​ដែល​ត្រូវ​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​មួយ​ចំនួន ដូចជា​មេដឹកនាំ​ទីក្រុង​ហុងកុង​លោក John Lee ជាដើម»។

ចាប់តាំង​ពី​ទីក្រុង​ហុងកុង​បាន​អនុវត្ត​ច្បាប់​សន្តិសុខ​ជាតិ​ដ៏​ប្រទាំងប្រទើស​និង​បាន​ឃុំខ្លួន​សកម្មជន​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​និង​អ្នក​នយោបាយ​រាប់​សិប​នាក់​នៅ​ក្នុង​ឆ្នាំ ២០២០ មក មានតែ​សហរដ្ឋ​អាមេរិក​តែមួយ​គត់​ដែល​បាន​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​កុងហុង​និង​មន្ត្រី​ចិន​សរុប ២៤ នាក់។

លោក Rogers បាន​និយាយ​ថា ដោយសារតែ​ចក្រភព​អង់គ្លេស​មិនចង់​ធ្វើ​ឱ្យ​ខូច​ទំនាក់ទំនង​ជាមួយ​នឹង​ចិន រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​នៅតែ​រារែក​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​ចិន​ទាក់ទិន​នឹង​ស្ថានភាព​ដែល​កាន់តែ​យ៉ាប់យ៉ឺន​ឡើង​នៅ​ក្នុង​ទីក្រុង​ហុងកុង។

លោក​បាន​បន្ថែម​ថា៖ «ទោះបីជា​ពួកគេ​បាន​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​ចិន​មួយ​ចំនួន​ទាក់ទិន​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​តំបន់ Xinjiang ក៏ដោយ ក៏​ពួកគេ​មិន​បាន​ធ្វើ​បែប​នេះ​សម្រាប់​ទីក្រុង​ហុងកុង​នោះ​ឡើយ»។

សហរដ្ឋ​អាមេរិក​បាន​ដាក់​ចេញ​វិធានការ​ថ្មីៗ​មួយ​ចំនួន​ដើម្បី​ឆ្លើយតប​ទៅនឹង​ការ​គ្រប់គ្រង​កាន់តែ​តឹងរ៉ឹង​របស់​ចិន​លើ​ទីក្រុង​ហុងកុង។ វិធានការ​ទាំង​នោះ​មាន​ដូចជា​ការ​ដាក់​ទណ្ឌកម្ម ការ​បង្កើត​ច្បាប់​ថ្មី​ដើម្បី​ហាមឃាត់​ការ​នាំចេញ​ផលិតផល​ជាក់លាក់​មួយ​ចំនួន​ទៅ​កាន់​ទីក្រុង​ហុងកុង និង​ការ​លុបចោល​ឋានៈ​ពិសេស​របស់​ទីក្រុង​ហុងកុង​ជាដើម។ អ្នក​ឃ្លាំមើល​ខ្លះ​ជំរុញ​ឱ្យ​សហរដ្ឋ​អាមេរិក​ដាក់ចេញ​វិធានការ​ខ្លាំងក្លា​បន្ថែម​ទៀត បន្ទាប់ពី​ច្បាប់ «មាត្រា ២៣» នេះ​ត្រូវ​បាន​អនុម័ត។

លោក Samuel Bickett សកម្មជន​សិទ្ធិមនុស្ស​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន បាន​ប្រាប់ VOA តាម​ទូរស័ព្ទ​ថា៖ «មាន​រឿង​ជាច្រើន​ដែល​សភា​និង​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​អាច​ធ្វើបាន ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​លើ​អ្នក​ដែល​ទទួល​ខុសត្រូវ​ចំពោះ​ការ​អនុវត្ត​ច្បាប់​សន្តិសុខ​ជាតិ​ទាំង​ពីរ​នេះ និង​ការ​ជំរុញ​ការ​អនុវត្ត​ច្បាប់​ដែល​មាន​ស្រាប់​ពាក់ព័ន្ធ​ទៅនឹង​ទីក្រុង​ហុងកុង​ផងដែរ»។

ផល​ប៉ះពាល់​របស់​ច្បាប់​ទាំង​នេះ​លើ​អន្តោប្រវេសន៍​និង​អាជីវកម្ម

ក្រៅពី​ការ​ដាក់ចេញ​នូវ​វិធានការ​ខ្លាំងក្លា​លើ​រដ្ឋាភិបាល​ទីក្រុង​ហុងកុង​និង​រដ្ឋាភិបាល​ចិន ទាំង​លោក Bickett និង​លោក Rogers សុទ្ធតែ​យល់​ថា ប្រទេស​ប្រជាធិបតេយ្យ​នានា​គួរតែ​ដាក់​ចេញ​នូវ​វិធានការ​អន្តោប្រវេសន៍​ថ្មី​ដើម្បី​ទទួល​យក​ពលរដ្ឋ​ហុងកុង​កាន់តែ​ច្រើន​ដែល​ចាកចេញ​ពី​ទីក្រុង​នេះ។ បើ​យោង​តាម​ស្ថិតិ​ពី​សារព័ត៌មាន Bloomberg មនុស្ស​ប្រមាណ ៥០០.០០០ នាក់​បាន​ចាកចេញ​ពី​ទីក្រុង​ហុងកុង​ចាប់ពី​ឆ្នាំ ២០២១ មក។

ខណៈ​ដែល​ចក្រភព​អង់គ្លេស​ដាក់ចេញ​កម្មវិធី​អន្តោប្រវេសន៍​សម្រាប់​ពលរដ្ឋ​ហុងកុង​ដែល​កាន់​លិខិត​ឆ្លងដែន​ចក្រភព​អង់គ្លេស ដែល​កាលពី​ពេល​ថ្មីៗ​នេះ​បាន​ពង្រីក​បន្ថែម​ដល់​យុវជន​ក្មេងៗ​ផងដែរ​នោះ លោក Rogers សង្ឃឹម​ថា ប្រទេស​ដទៃ​ទៀត រួម​ទាំង​សហរដ្ឋ​អាមេរិក​និង​ប្រទេស​នៅ​ក្នុង​ទ្វីប​អឺរ៉ុប​ផងដែរ អាច​បង្កើត​កម្មវិធី​ស្រដៀងគ្នា​នេះ​សម្រាប់​ពលរដ្ឋ​ហុងកុង។

លោក Rogers បាន​ប្រាប់ VOA ថា៖ «ខ្ញុំ​ចង់​ឃើញ​សហភាព​អឺរ៉ុប​និង​សហរដ្ឋ​អាមេរិក​ផ្ដល់​ជម្រើស​ផ្សេង​ទៀត​ដល់​ពលរដ្ឋ​ហុងកុង​ណា​ដែល​មិន​មាន​សិទ្ធិ​នៅ​ក្រោម​កម្មវិធី​អន្តោប្រវេសន៍​របស់​ចក្រភព​អង់គ្លេស​នេះ»។

ដោយសារតែ​ច្បាប់ «មាត្រា ២៣» ប្រើ​ភាសា​មិន​ច្បាស់​ដើម្បី​កំណត់​និយមន័យ​នៃ​ពាក្យ​ចារកម្ម​និង​ការ​លួច​កិច្ចការ​សម្ងាត់​របស់​រដ្ឋ អ្នក​វិភាគ​ខ្លះ​និយាយ​ថា ក្រុមហ៊ុន​អាជីវកម្ម​បរទេស​អាច​ប្រឈម​នឹង​បញ្ហា​ធ្ងន់ធ្ងរ​នៅ​ពេល​មាន​ការ​ត្រួត​ពិនិត្យ​ដើម្បី​ស្វែងយល់​លម្អិត​អំពី​ក្រុមហ៊ុន​ទាំងនេះ ឬ​នៅ​ពេល​មាន​ការ​ស្វែងរក​ព័ត៌មាន​នានា។

លោក Eric Lai ដែល​ជា​អ្នក​ជំនាញ​អំពី​ប្រព័ន្ធ​ច្បាប់​ទីក្រុង​ហុងកុង​នៃ​មជ្ឈមណ្ឌល​ច្បាប់​អាស៊ី​នៅ​សាកលវិទ្យាល័យ Georgetown បាន​ប្រាប់ VOA តាម​ទូរស័ព្ទ​ថា៖ «នេះ​អាច​ជា​រឿង​អវិជ្ជមាន​សម្រាប់​ធនាគារ​និង​ស្ថាប័ន​ហិរញ្ញវត្ថុ​ផ្សេង​ទៀត ហើយវា​នឹង​បង្អាក់​ទឹកចិត្ត​វិនិយោគិន​មិន​ឱ្យ​មក​ទីក្រុង​ហុងកុង ដោយសារតែ​លទ្ធភាព​ទទួល​បាន​ព័ត៌មាន​នៅ​ពេលនេះ​ត្រូវ​បាន​រឹតត្បិត​បន្ថែម»។

អ្នក​វិភាគ​ខ្លះ​និយាយ​ថា ការ​កើនឡើង​នៃ​ភាព​មិន​ច្បាស់លាស់​ក្នុង​បរិយាកាស​អាជីវកម្ម​អាច​នឹង​នាំ​ឱ្យ​ក្រុមហ៊ុន​បរទេស​ជាច្រើន​ទៀត​ពិចារណា​ចាកចេញ​ពី​ទីក្រុង​ហុងកុង៕

ប្រែសម្រួល​ដោយ​លោក នៀម ឆេង