ការវាស់វែងធ្វើចេញពីផ្កាយវិទ្យាសាស្រ្ដក្នុងតារាវិថី មានសារៈសំខាន់សម្រាប់ការទស្សទាយអាកាសធាតុឲ្យបានត្រឹមត្រូវនឹងទាន់ពេលវេលា ក៏ប៉ន្តែថវិកាសម្រាប់កម្មវិធីផ្កាយវិទ្យាសាស្រ្ដរបស់ រដ្ឋាភិបាលបានត្រូវកាត់ បណ្ដាលឲ្យមានគ្រោះថ្នាក់ដល់ការប្រមូលយកទិន្នន័យអំពីបរិយាកាសក្នុងរយៈពេលមួយឆ្នាំ។ ក្រុមអ្នកជំនាញនិយាយថា ការទស្សទាយជាក់លាក់អំពីអាកាសធាតុ ជារឿងអាយុជីវិត។
នៅថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ២០១១ ខ្យល់គួចដ៏ធំមូយ បានកំទិច ទីក្រុង យ៉បព្លីន (Joplin) ក្នុងរដ្ឋ ម៊ីសួរី (Missouri) ដោយបានបំផ្លាញជីវិតមនុស្ស ១៥០ នាក់។ តែ ចំនួនមនុស្សស្លាប់នោះ ប្រហែលអាចឡើងច្រើនជាងនោះទៅទៀត បើខ្យល់គួចដូច្នោះកើតមានឡើងកាលពីមួយសតវត្សរ៌មុន។
«បើកាលណាមានខ្យល់គួចដ៏ខ្លាំងអស្ចារ្យបែបនេះចំនួនមនុស្សស្លាប់ អាចកើនដល់ទៅរាប់ម៉ីននាក់ ដែលមានភាពខ្លោចផ្សាដូចគ្នានិងមនុស្សស្លាប់រាប់រយនាក់ដូច្នោះដែរ»។
លោក បប រ៉ាយយ៉ិន (Bob Ryan) ជាអ្នកជំនាញខាងឧតុនិយម ក្នុងរដ្ឋធានី វ៉ាស៊ីនតោន។
«នៅក្នុងអតីតកាល មុននឹងយើងមានឧបករណ៍ទំនើប មុននឹងយើងមានទិន្នន័យ ហើយមុននឹងយើងបានដាក់តាំងប្រព័ន្ធទាំងនេះចប់សព្វគ្រប់ ចំនួនមនុស្សស្លាប់អាចមានចំនួនច្រើនដែលធ្វើឲ្យយើងរន្ធត់ចិត្ដយ៉ាងខ្លាំង»។
លោក Ryan បានជួយគួសបញ្ជាក់អំពីសារៈសំខាន់នៃឧបករណ៍ទំនើប ក្នុងពេលធ្វើរបាយការណ៍ប្រាប់រដ្ឋសភា កាលពីថ្ងៃទី ៣ ខែ សីហា។ សេចក្ដីរាយការណ៍នោះផ្ដោតទៅលើតួនាទីរបស់ផ្កាយវិទ្យាសាស្រ្ដ សម្រាប់ធាតុអាកាស ក្នុងការការពារសុវត្ថិភាពសាធារណៈ សន្ដិសុខជាតិ និង សេដ្ឋកិច្ច។ តាមការពឺតសម័យប្រជុំនោះត្រូវគេហៅថា «ការព្រមានអំពីធាតុអាកាសអាក្រក់បំផុត - គឺផ្កាយវិទ្យាសាស្រ្ដជាតិសម្រាប់ធាតុអាកាស ដែលជីវិតរបស់លោកអ្នកអាចពឹងផ្អែកទៅលើ»។
អ្នកស្រី ខាតធ្លីន ស៊ូលិវ៉ាន់ (Kathryn Sullivan) ធ្វើការជាមួយ រដ្ឋបាលជាតិខាងអាកាសធាតុ និងមហាសមុទ្រ ឬ NOAA។ អ្នកស្រីបាននិយាយសង្កត់អំពីសារៈសំខាន់នៃអ្វីដែលអ្នកស្រីហៅថា «របៀបបញ្ជូនបន្តគ្នា»។
«ពីផ្កាយវិទ្យាសាស្រ្ដ ទៅគំរូ ទៅអ្នកជំនាញខាងការទស្សទាយ ដើម្បីផ្ដល់ ការណែនាំ។ រួចទៅ បណ្ដាញព័ត៌មាន គឺពីការអនុវត្ដន៍មួយសម្រាប់ទូរស័ព្ទ Iphones ទៅដល់ វិទ្យុ និង ទូរទស្សន៍»។
មន្ដ្រីនៃរដ្ឋបាល NOAA រូបនេះបាននិយាយសង្កត់ថា ការទទួលខុសត្រូវក្នុងការរក្សាទុកបណ្តាញព្យាករណ៍ជាបន្តគ្នានេះមិនឲ្យបាត់បង់ គឺពឹងផ្អែកមកលើរដ្ឋាភិបាលសហព័ន្ធ។
«នេះជាអ្វីដែលយើង ក្នុងឋានៈជាប្រទេសមួយ ត្រូវធ្វើដើម្បីធានាថា យើងត្រូវមានសម្រាប់ពលរដ្ឋគ្រប់រូប គឺមូលដ្ឋានបច្ចេកទេស និងជំនាញ ដែលប្តូរការសង្កេតឃើញឲ្យក្លាយទៅជាការចេះដឹងដែលមានប្រយោជន៍។ រួចហើយនឹងចូលទៅចាត់វិធានការឲ្យទាន់ពេលវេលាដើម្បីនឹងអាចការពារខ្លួនយើង ការពារមុខរបររបស់យើង ផ្ទះសម្បែង និងគ្រួសារយើងបាន»។
តែ ដោយសារមានការកាត់ថវិកាដ៏ជ្រាលជ្រៅ ការអភិវឌ្ឍន៍ផ្កាយវិទ្យាសាស្រ្ដសម្រាប់ជំនួស មានដំណើរយឺតយ៉ាវ ហើយពេលកំណត់ដើម្បីយកទៅប្រើប្រាស់បានត្រូវពន្យាពេល។ អ្នកស្រី ស៊ូលិវ៉ាន់ និយាយថា បើគ្មានផ្កាយវិទ្យាសាស្រ្ដជំនួសនេះទេ ចំនួនទិន្នន័យដែលត្រូវបញ្ចូលទៅក្នុងគំរូផ្កាយវិទ្យាសាស្រ្ដ នឹងត្រូវកាត់ពាក់កណ្ដាល។ ករណីនេះ នឹងធ្វើឲ្យភាពច្បាស់លាស់នៃការទស្សទាយ អំពីទីកន្លែងនិងកម្លាំងនៃខ្យល់ព្យុះ ត្រូវចុះថយយ៉ាងច្រើនក្រៃលែង។
ប្រែសម្រួលដោយ អ៊ូ ធួក