តុលាការ​ក្រុង​ភ្នំពេញ​ចេញ​ដីកា​ឲ្យ​នាំ​ខ្លួន​លោក​សម រង្ស៊ី

  • នៅ វណ្ណារិន

រូបឯកសារ៖ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ នៅឯ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ នៅថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ២០១៥ (ហ៊ាន សុជាតា/ VOA Khmer)

​ ដីកា​​បង្គាប់​ឲ្យនាំ​​ខ្លួន​លោក​ ​សម រង្ស៊ី​​ ប្រធាន​គណបក្ស​សង្គ្រោះ គឺទាក់ទងនឹង​សំណុំ​រឿង​​ករណី​ «បរិហារ​កេរិ៍្ត​ជា​សាធារ​ណៈ​ ​និង​ញុះញង់​ឲ្យ​មាន​ការ​រើស​អើង» ​របស់​​លោក ​ហោ ណាំហុង​ រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​តាំងពី​ឆ្នាំ​២០០៨​មកម្ល៉េះ។​

ក្រោយ​ពី​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ និង​លោកសម រង្ស៊ី​ ​បើក​ការវាយ​ប្រហារ​គ្នាជា​ពាក្យ​សម្តី​មក​នោះ​ ​តុលាការ​ក្រុង​ភ្នំពេញ​បាន​បង្គាប់​ឲ្យ​តាម​ចាប់​លោក​ សម រង្ស៊ី​ ​នាថ្ងៃ​សុក្រ​នេះ។​ ​ ដីកាបង្គាប់​ឲ្យនាំខ្លួន​លោក​ ​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ គឺទាក់ទងនឹង​សំណុំ​រឿងករណី​ «បរិហារ​កេរិ៍្ត​ជា​សាធារ​ណៈ​ ​និង​ញុះញង់​ឲ្យ​មាន​ការ​រើស​អើង» ​របស់លោក ​ហោ ណាំហុង​ រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​តាំងពី​ឆ្នាំ​២០០៨​មកម្ល៉េះ។​

មិន​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​មាន​ការ​ឡើង​កម្តៅ​នយោបាយ​ ​និង​ការ​ប្រើ​ប្រាស់​ពាក្យ​សម្តី​ធ្ងន់ៗ​ដាក់​គ្នា​រវាង​អ្នក​នយោបាយ​កម្ពុជា​ ​អយ្យការ​អម​តុលាការ​សាលា​ដំបូងរាជ​ធានីភ្នំពេញ​បាន​ចេញ​ដីកាបង្គាប់​ឲ្យ​ចាប់​ខ្លួន​លោក​ សម រង្ស៊ី​ ​ប្រធាន​គណបក្ស​ជំទាស់​ ​នា​រសៀល​ថ្ងៃ​សុក្រ​នេះ។​

​ការ​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​លោក​ ​សម រង្ស៊ី​ ​ប្រធាន​គណបក្ស​សង្គ្រោះ​គឺ​ធ្វើឡើង​មិន​បាន​ប៉ុន្មាន​ម៉ោង​ផង​ បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ​គំរាមប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ប្រឆាំង​នឹង​ប្រធាន​គណបក្ស​ជំទាស់​រូប​នេះ​ ​ដែល​បាន​ថ្លែង​នៅ​ប្រទេស​ជប៉ុន​ថា​ រដ្ឋាភិបាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ចេតនាបង្អាក់​មិន​ឲ្យ​មាន​ការ​បោះ​ឆ្នោត​នា​ឆ្នាំ​២០១៨​ខាង​មុខ។​

រូបឯកសារ៖ អ្នក​គាំ​ទ្រ​លោក​ កឹម​ សុខា ដែល​ជា​អនុ​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​និង​ជា​អនុប្រធាន​ទី​១​រដ្ឋសភា​ នៅ​ខាង​ក្រៅតុលាការ​ដំបូង​រាជធានី​ភ្នំពេញ។ (នូវ​ ពៅ​លក្ខិណា​/VOA)

យោង​តាម​ដីកាចាប់​ខ្លួន​ ​ដែល​ VOA ​បាន​ទទួល​ នា​រសៀល​ថ្ងៃ​សុក្រ​នេះ​ បាន​ឲ្យ​ដឹង​ថា​ ​តំណាង​អយ្យការ​អម​តុលាការ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ ​លោក​ស្រី​ ស៊ឺ វណ្ណនី​ បាន​បង្គាប់​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ចតាម​ចាប់​ខ្លួន​ លោក​ ​សម រង្ស៊ី ពី​បទ​«ប​រិហារ​កេរិ៍្ត​ជា​សាធារ​ណៈ​ និង​ញុះញង់​ឲ្យ​មាន​ការ​រើស​អើង»​ ​តាំងពីខែ​មេសា​ឆ្នាំ​២០០៨​មក​ម្ល៉េះ។ ​ពេល​នោះលោក​បញ្ជាក់​ថា​ លោក​ ហោ ណាំហុង​ រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ ​មាន​ពាក់ព័ន្ធ​នឹង​ពួក​ខ្មែរ​ក្រហម។​ ​យោង​តាម​ដីកាដដែល​បានឲ្យ​ដឹង​ថា ​ការ​អនុវត្ត​ដីកា​នេះ​គឺ​ធ្វើ​ឡើង​ភ្លាមៗ​ បន្ទាប់​ពី​មាន​ពាក្យ​សុំ​ការ​អនុវត្ត​សាល​ដីកាស្តាពរ​របស់​លោក​មេធាវី​ការ សាវុធ តំណាង​ឲ្យ​លោក​ ហោ ណាំហុង នា​ថ្ងៃ​សុក្រ​នេះ។​

ដីកាបង្គាប់​ឲ្យ​ចាប់​ខ្លួន​លោក​ ​សម រង្ស៊ី នាថ្ងៃ​សុក្រ​នេះ​បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា៖​

«១- ឲ្យ​ចាប់​ខ្លួន​ឈ្មោះ​ សម រង្ស៊ី​ ​ដែល​មាន​អត្តសញ្ញាណ​ខាង​លើ​នេះ​ តាម​អំណាច​សាល​ដីកា​ស្ថាពរ​លេខ​១៧​ក្រ.​៥ប​ ​ចុះថ្ងៃ​ទី​១២​ខែមិនា​ ឆ្នាំ​២០១៣​របស់​សាលា​ឧទ្ធរណ៍។​ ២-​ បង្គាប់​មក​កង​កម្លាំង​សាធារណៈ​ ឲ្យ​ស្រាវ​ជ្រាវរក​ចាប់​ខ្លួន​ ​និង​នាំ​ខ្លួន​ទណ្ឌិត​ឈ្មោះ​ សម រង្ស៊ី​ ​យក​ទៅ​អនុវត្ត​ទោស​នៅ​ពន្ធនាគារ​នៃ​ក្រសួង​មហា​ផ្ទៃ»។​

សាល​ដីកា​របស់​លោក​ស្រី​ ស៊ឺ វណ្ណនី​ ​តំណាង​អយ្យការ​អមតុលាការ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ បាន​ឲ្យ​ដឹង​ផង​ដែរ​ថា​ សំណុំ​រឿង​របស់​លោក​ សម រង្ស៊ី ត្រូវ​បាន​ចូល​ជា​ស្តាពរ​ចាប់​តាំង​ពីខែ​មីនា​ឆ្នាំ​២០១៣​មក​ម៉្លេះ។​ ក្នុង​នោះ​ ​តុលាការ​បានសម្រេច​ឲ្យជាប់​ទោស​ក្នុង​ពន្ធនាគារ​ចំនួន​ពីរ​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ចំនួន​៨​លាន​រៀលចំពោះ​បទ​«ប​រិហារ​កេរិ៍្ត​ជា​សាធារ​ណៈ​ និង​ញុះ​ញង់​ឲ្យ​មាន​ការ​រើស​អើង» ​ដែល​ប្រព្រឹត្តនៅសារមន្ទីរ​ជើង​ឯក​ កាល​ពីខែ​មេសា​ ឆ្នាំ​២០០៨។​

VOA​ ​មិន​អាច​សុំ​សេចក្តី​អត្ថាធិប្បាយ​បន្ថែម​ពី​មន្ត្រី​តុលាការ​ក្រុង​ភ្នំពេញ​បាន​ទេ​ នា​ល្ងាច​ថ្ងៃ​សុក្រ​នេះ​ ​រីឯ​លោក​ ​ការ សាវុធ​ មេធាវី​របស់​លោក​រដ្ឋមន្ត្រី​ ហោ ណាំហុង​ ប្រកែក​មិន​ធ្វើអធិប្បាយ​ទេ​ ​ដោយ​សារ​លោក​ជាប់​ប្រជុំ។​

លោក​អេង ឆៃអ៊ាង ​មន្ត្រី​ជាន់ខ្ពស់​របស់​គណបក្សសង្គ្រោះ​ជាតិ​ ដែលជាគណបក្សជំទាស់ បាន​ប្រាប់​ ​VOA ​ថា​ ការ​ចេញ​ដីកានេះ​គឺ​ជា​រឿង​«គួរ​ឲ្យ​អស់​សំណើច»​ ដែល​គណ​បក្ស​កាន់​អំណាច​ព្យាយាម​បំបិទ​សំឡេង​របស់​គណបក្ស​ជំទាស់ ក្រោយ​ពេល​មាន​កម្តៅ​នយោ​បាយ​នា​ពេល​ថ្មីៗ​នេះ។​ ​ហើយ​ការ​ចេញ​ដីកា​នេះ​ទៀតសោតគឺ​វាខុស​នឹង​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​ មាត្រា​ទី​៨០ ដោយ​លោក​ សម រង្ស៊ី​ ​ជា​សមាជិក​រដ្ឋសភា​ក្នុង​អភ័យ​ឯក​សិទ្ធិ​ ដែល​កំពុងបំពេញ​ទស្សន​កិច្ច​នៅ​ប្រទេស​ជប៉ុន។​

​លោក​ អេង​ ឆៃអ៊ាង​ បាន​បន្ត​ថា៖​

«ហើយ​ចំណុច​មួយ​ទៀត​ គឺ​ករណី​ទោស​ទណ្ឌ​របស់​លោក​ សម ​រង្ស៊ី​ ​ហ្នឹង​គឺ​ត្រូវ​បាន​ព្រះ​មហា​ក្សត្រលោក​បាន​ប្រទានការ​លើក​លែង​ទោស​ចាប់​តាំង​ពី​ខែ​មិថុនា​ឆ្នាំ​២០១៣​មក​ម៉្លេះ។​ ​ហើយ​អាទោស​ហ្នឹង​គឺត្រូវ​លើក​លែង​ទោស​ទាំង​អស់។​ វា​មិនមែន​នៅ​សល់​មាន​ទោស​ទណ្ឌអី​ទៀត​ទេ។ ​អ្នក​ធ្វើពង្រាង​ឲ្យ​ព្រះ​មហាក្សត្រ​លើកលែង​ទោស​ហ្នឹង​ ​វា​ស្រង់​មិន​អស់។ ដូច្នេះ​ទៅ​ ​គេ​មិន​ដឹង​យក​រឿងអី​អាច​ធ្វើ​បាន​ ​គេ​យក​អារឿង​ដដែល​ រឿង​ចន្លោះ​ប្រហោង​ហ្នឹង​ មក​ជា​ល្បែង​នយោបាយ​ ​ដើម្បី​ផ្ចាញ់ផ្ចាល​ទៅវិញ​បាទ!»។​

លោក​បញ្ជាក់​ថា៖​

«អាហ្នឹងដែល​យើង​ឃើញ​ហេតុការណ៍​ដែល​កើត​ឡើង​ថ្ងៃ​នេះ​មក​ទៀត​ហ្នឹង​គឺ​វា​ពាក់ព័ន្ធ​គ្នា​ទំាង​អស់​ហ្នឹង​ឯង។​ វា​ពាក់​ព័ន្ធ​គ្នា។ ​រឿង​ហ្នឹង​វា​ពាក់​ព័ន្ធ​រឿង​ថ្ងៃ​២៦​តុលា​ ​ថ្ងៃ​៣០​តុលា​ ​និង​បន្ត​បន្ទាប់​មក​ហ្នឹង​ណា។​ អញ្ចឹង​ហើយ​បាន​ថា​ ​រឿង​ទាំង​អស់​ហ្នឹង​គឺនៅ​ស្រុកខ្មែរ​យើង​ហ្នឹង​ គឺ​ធ្វើ​រឿងអី​ដែល​ប្លែកៗ​ ចំឡែក​ជាង​គេ​ណាស់»។​

​នា​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ ​នយោបាយ​នៃ​ប្រទេស​កម្ពុជា​បាន​ឡើង​កម្តៅ​សា​ជាថ្មី​ ក្រោយ​ពេល​ដែល​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បញ្ជាក់​ពី​ការ​មន្ទិល​សង្ស័យ​ក្នុងការ​ប្រើ​ប្រាស់​ផែនទីនិងការ​បោះ​បង្គោល​ព្រំដែន​រវាង​ប្រទេស​វៀតណាម​ ​ការ​ឆ្លើយ​ឆ្លង​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ ការ​ចាប់​ឃុំ​ខ្លួន​ និង​កាត់​ទោស​សកម្មជន​ និងសមាជិក​ព្រឹទ្ធសភាគណបក្ស​ជំទាស់​ ​ការវាយ​ប្រហារ​លើ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ​និង​ការ​បោះ​ឆ្នោត​ទម្លាក់​លោក​ កឹម សុខា​ ចេញ​ពី​តំណែង​អនុ​ប្រធាន​ទី១​នៃ​រដ្ឋ​សភា​ជា​ដើម។​

រូបឯកសារ៖ លោក ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​នៃ​ប្រទេស​កម្ពុជា​ចាកចេញ​ពី​វិមាន Elysee ក្រោយពី​កិច្ចប្រជុំ​ជាមួយ​ប្រធានាធិបតី​បារាំង លោក Francois Hollande (មិន​នៅ​ក្នុង​រូបថត) ក្នុង​ទីក្រុង​ប៉ារីស នៅ​ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥។

នា​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ​ លោក​ ​ហ៊ុន សែន​ ដែល​កាន់​អំណាច​ជាង​៣​ទសវត្សរ៍ ​ធ្វើ​ការ​ព្រមាន​និង​វាយ​ប្រហារ​ពាក្យ​សម្តី​ធ្ងន់ៗ​ទៅ​កាន់​លោក​ សម រង្ស៊ី​ រួម​ទាំង​ការ​ហៅ​លោក​ថា​ជា​ ​«កូន​អា​ក្បត់​ជាតិ»​ ដោយ​ចោទ​លោក​ សម សារី​ ឪពុក​លោក​ សម រង្ស៊ី​ ថា​ ជា​ជន​ក្បត់ជាតិ​ ​ហើយ​គំរាមប្រើ​ប្រព័ន្ធ​តុលាការ​ចំពោះ​ការ​ថ្លែង​របស់​លោក​ សម រង្ស៊ី​ នៅ​ប្រទេស​ជប៉ុន​ ​ដែល​ចោទ​ថា ​រដ្ឋបាល​របស់​លោក​ ​ហ៊ុន សែន ​ព្យាយាម​មិន​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​ប្រជា​ធិតេយ្យ​នា​ពេល​ខាង​មុខ។​

​ក្នុង​វីដេអូ​ខ្លី​ ដែល​ផ្សាយ​តាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ ​ លោក​នាយ​រដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​អំពាវនាវ​ទៅ​អ្នក​គាំទ្រ​របស់​លោក​យ៉ាង​ដូច្នេះ​ថា៖​

«ហើយ​សុំ​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា អ្នក​គាំទ្រ​រដ្ឋាភិបាល​កម្ពុជា​ត្រៀម​ខ្លួន​ដើម្បី​ឆ្លើយ​តបចំពោះ​ទង្វើ​អាក្រក់​របស់​កណបក្ស​ប្រឆាំង​ និង​អ្នកគាំ​ទ្រ​របស់​ពួក​គេ។​ មិន​មែន​ជា​ការ​ក្តិច​សង្អារ​ឲ្យ​ជល់​គ្នា​នោះ​ទេ​ ក៏​ប៉ុន្តែ​យើង​ឆ្លើយ​តបសិទ្ធិ​ទល់​នឹង​សិទ្ធិ​ ​ច្បាប់​ទល់​នឹង​បទ​ល្មើស​ ​ប្រដាប់​អាវុធ​ និង​អំពើ​ ដែល​មានចរិត​ជា​ការ​ផ្តួល​រំលំ។​ នេះ​ហើយ​ជា​ការ​គ្រប់​គ្រង​អំណាច»។​

ឆ្លើយ​តប​នឹង​ការប្រមាថ​ឪពុក​របស់​លោក ​លោក ​សម រង្ស៊ី ​បាន​សរសេរ​ក្នុង​សារ​មួយ​ដែល​ផ្ញើ​មក​កាន់​អ្នក​សារព័ត៌មាន​ ​នា​ថ្ងៃ​សុក្រ ​យ៉ាង​ដូច្នេះថា៖​

«បើ​ថ្ងៃ​ណា​មួយ​លោក ហ៊ុន សែន​ ត្រូវ​គេ​ចោទ​ប្រកាន់​ពីរឿង​អ្វី​មួយ នៅ​ចំពោះ​មុខ​តុលាការណា​មួយ​ ខ្ញុំ​នឹង​ចេញ​មុខ​មុន​គេ​ការពារ​កូន​របស់​លោក​ ​បើ​កូន​ទាំង​នោះ​ទទួល​នូវ​ការ​ស្តី​បន្ទោស​ណា​មួយ ​ពីព្រោះ​កូន​មិន​មែន​ជា​អ្នក​ទទួល​ខុស​ត្រូវ ហើយ​ក៏​មិន​ពាក់​ព័ន្ធទៅ​នឹង​រឿង​ដែល​គេ​ចោទ​ប្រកាន់​ឪពុក​នោះ​ទេ»។​

ទំព័រ​ហ្វេសប៊ុក​ផ្ទាល់ខ្លួន​របស់​លោក​ សម រង្ស៊ី​ ​នាថ្ងៃ​សុក្រ​នេះក៏បាន​ផ្សាយ​ពី​ដីកាបង្គាប់​ឲ្យ​ចាប់​ខ្លួន​របស់​លោក​ផង​ដែរ។​ ​លោក​ អេង ឆៃអ៊ាង​បាន​ឲ្យ​ដឹង​ថា​ ​តាម​គម្រោង ​លោក​ សម រង្ស៊ី​ ​នឹង​ធ្វើ​ទស្សន​កិច្ច​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​នា​ចុង​សប្តាហ៍​នេះ​ មុន​នឹងលោកធ្វើ​មាតុភូមិ​និវត្តន៍​នាថ្ងៃ​ទី​១៦​ខាង​មុខនេះ៕​