ក្រោយពីព្រឹទ្ធសភាអាមេរិកបានបោះឆ្នោតកាលពីដើមខែសីហាផ្តល់សេចក្តីទុកចិត្តដល់លោក Patrick Murphy ឲ្យក្លាយជាឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំកម្ពុជាតាមសំណើជ្រើសតាំងរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ស្ថានទូតអាមេរិកប្រចាំកម្ពុជាបានដាក់បង្ហាញរូបថតលោកឯកអគ្គរដ្ឋទូត Patrick Murphy ដែលបានស្បថចូលកាន់មុខតំណែងជាផ្លូវការ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ហើយបានបញ្ជាក់ពីការអញ្ជើញមកដល់កម្ពុជាក្នុងពេលឆាប់នេះៗ ដើម្បីបំពេញកិច្ចការងាររបស់លោក។
នៅក្នុងសាររបស់ស្ថានទូតអាមេរិកភ្ជាប់ជាមួយរូបថតមួយសន្លឹកទាក់ទងនឹងការស្បថចូលកាន់តំណែងជាផ្លូវការតាមច្បាប់ទម្លាប់ ដែល VOA ប្រទះឃើញនៅថ្ងៃព្រហស្បតិ៍នេះបានបញ្ជាក់ក្នុងនាមបុគ្គលិកទូតទាំងអស់ថា៖
«យើងរង់ចាំស្វាគមន៍ការមកដល់របស់លោក និងក្រុមគ្រួសារនៅរាជធានីភ្នំពេញក្នុងពេលឆាប់ៗនេះ»។
ទោះជាមិនបានប្រាប់ពីពេលវេលាជាក់លាក់នៅក្នុងសារតាមប្រព័ន្ធសង្គមហ្វេសប៊ុកក្តី តែសាររបស់ស្ថានទូតអាមេរិកដដែលបានបន្ថែមសេចក្តីថា៖
«សូមអបអរសាទរចំពោះលោកឯកអគ្គរដ្ឋទូត Patrick Murphy ដែលបានទទួលការអនុម័តពីព្រឹទ្ធសភាសហរដ្ឋអាមេរិក និងការតែងតាំងពីលោកប្រធានាធិបតី!»។
ព្រឹទ្ធសភាសហរដ្ឋអាមេរិក ទើបតែបានបោះឆ្នោតតែងតាំងលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាដើម្បីជំនួសលោកឯកអគ្គរដ្ឋទូត William Heidt ដែលបានបញ្ចប់អាណត្តិបីឆ្នាំរបស់លោក ហើយដែលមុខតំណែងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកនេះទំនេរជាច្រើនខែមកហើយ។ ការតែងតាំងលោក W. Patrick Murphy ធ្វើឡើងស្របពេលដែលមានភាពតានតឹងខាងពាក្យសម្តីខ្លះៗរវាងស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងភ្នំពេញ និងមន្ត្រីរដ្ឋាភិបាលកម្ពុជា ក្រោយពីមានការខ្វល់ខ្វាយពីសហរដ្ឋអាមេរិករឿងលទ្ធិប្រជាធិបតេយ្យ សេរីភាពអង្គការសង្គមស៊ីវិល និងសេរីភាពសារព័ត៌មានជាដើមនោះ។
ក្រោយទទួលបានសំណើរនៃការជ្រើសតាំងពីលោកប្រធានាធិបតី Donald Trump កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ លោក Murphy បានធ្វើសក្ខីកម្មនៅចំពោះមុខគណៈកម្មាការព្រឹទ្ធសភារួចហើយ។
ក្នុងការធ្វើសក្ខីកម្មនោះ លោក Murphy បានថ្លែងថា លោកនឹងធ្វើឲ្យមានភាពប្រសើរឡើងនូវដំណើរការប្រជាធិបតេយ្យ សិទ្ធិសេរីភាពនានាក្នុងប្រទេសកម្ពុជា ជាពិសេសសេរីភាពព័ត៌មាន សង្គមស៊ីវិល។
លោកបានប្រាប់គណៈកម្មាធិការព្រឹទ្ធសភាថា៖
«ប្រសិនបើព្រឹទ្ធសភាអនុម័តបេក្ខភាពរបស់ខ្ញុំ ខ្ញុំនឹងពាំនាំសារដ៏ខ្លាំងនេះពីសភា និងរដ្ឋបាលសហរដ្ឋអាមេរិក ហើយនឹងធ្វើការជាមួយភាគីទាំងអស់រួមទាំងអង្គការសង្គមស៊ីវិល និងដៃគូអង្គការអន្តរជាតិនានាដើម្បីជំរុញយ៉ាងខ្លាំងក្លាឱ្យអាជ្ញាធរបើកឡើងវិញនិងពង្រីកលំហសម្រាប់ប្រព័ន្ធផ្សព្វផ្សាយនេះ»។
ក្រុមមន្ត្រីកម្ពុជាទាំងគណបក្សកាន់អំណាចនិងគណបក្សជំទាស់ស្វាគម៍ចំពោះការតែងតាំងលោក Patrick Murphy។
លោកផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបានថ្លែងថាលោកនឹងស្វាគមន៍ចំពោះការទទួលតំណែងរបស់លោក W. Patrick Murphy ហើយបញ្ជាក់ថានេះជាតំណាងនៃផលប្រយោជន៍របស់សហរដ្ឋអាមេរិក ហើយតំណាងទំនាក់ទំនង និងសហប្រតិបត្តិការជិតស្និទ្ធរវាងសហរដ្ឋអាមេរិក និងកម្ពុជា។
លោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិដែលត្រូវរំលាយ បានថ្លែងប្រាប់ VOA តាមខ្លឹមសារដើមថា៖ «ខ្ញុំយល់ឃើញថា លោកមានជំហររឹងមាំ ជំហរច្បាស់លាស់ទាក់ទងនឹងការការពារសិទ្ធិមនុស្សនិងគោលការណ៍ប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា។ អីចឹងខ្ញុំមានជំនឿថា គាត់នឹងផ្តល់សេចក្តីរាយការណ៍ទៅដល់រដ្ឋធានី វ៉ាស៊ីនតោនឲ្យសហរដ្ឋអាមេរិកចាត់វិធានការសមស្របដើម្បីជំរុញឲ្យមានការផ្លាស់ប្តូរនៅកម្ពុជា»។
ក្រុមមន្ត្រីគណបក្សជំទាស់ កំពុងទាមទារឲ្យមានការដោះលែងលោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ទាមទារឲ្យគណបក្សសង្គ្រោះជាតិរស់ឡើងវិញ ក្រោយពីត្រូវរំលាយមុនការបោះឆ្នោតកាលពីខែកក្កដា ឆ្នាំ២០១៨ បោះឆ្នោតឡើងវិញ ផ្តល់សិទ្ធិនយោបាយដល់មន្ត្រីគណបក្សជំទាស់ជាង១០០នាក់ឡើងវិញ ដើម្បីស្តារស្ថានការណ៍នយោបាយនិងលទ្ធិប្រជាធិបតេយ្យកម្ពុជាឡើងវិញ ដែលជាការធានាដល់ការបញ្ជៀសទណ្ឌកម្មសេដ្ឋកិច្ច បាត់បង់ប្រព័ន្ធអនុគ្រោះពន្ធលើទំនិញកម្ពុជា EBA និង GSP ពីមហាអំណាចដូចជាអាមេរិកនិងសហភាពអឺរ៉ុប៕