ការ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​អាទិត្យ​ដំបូង​​មាន​ការ​យឺតយាវ ​ដោយ​បច្ចេកទេស

រូបឯកសារ៖​ មន្ត្រី​ចុះ​ឈ្មោះ​បោះឆ្នោត​ ជួយ​ណែ​នាំ​ដល់​ពលរដ្ឋឲ្យ​ផ្ទៀង​ផ្ទាត់​ព័ត៌មាន​ ក្នុង​ពេល​ចុះ​ឈ្មោះ​បោះឆ្នោត ​ក្នុង​រាជធានី​ភ្នំពេញ ​កាល​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០១៦។​ (ហ៊ាន សុជាតា/VOA)

​មន្រ្តី​គ.ជ.ប.​​​បាន​ឲ្យ​ដឹង​ថា ​ការ​ចុះឈ្មោះ​មាន​ភាព​​រលូន​ ​តែ​ទោះជា​យ៉ាងណាក្ដី ​ប្រជា​ពលរដ្ឋ​ដែល​បាន​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ និង​អ្នក​សម្រប​សម្រួល​ការ​ចុះឈ្មោះ​បោះ​ឆ្នោត​បាន​ប្រាប់​ VOA ​ថា ​ពួក​គេ​មិនពេញ​ចិត្ត​នឹង​ដំណើរការ​នៃ​ការ​ចុះ​ឈ្មោះ​នៅ​ឡើយ​ទេ​ ​ដោយសារ​បញ្ហា​បច្ចេកទេស។​​

មន្ត្រី​គណៈ​កម្មាធិការ​ជាតិរៀបចំ​ការ​បោះឆ្នោត​គ.ជ.ប.និយាយ​ថា​ ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​អាទិត្យ​ទីមួយ​នេះ​មាន​ដំណើរការ​ល្អ​ជា​ប្រក្រតី​ បើទោះជា​មាន​ចំណុច​អសកម្ម​ខ្លះ​នៅ​ថ្ងៃ​ដំបូង​ក៏​ដោយ។​ តែ​ទោះជាយ៉ាងណា​ ប្រជា​ពលរដ្ឋ​អ្នក​ដែល​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ និយាយ​ថា​ ដំណើរ​ការ​នៃ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​មាន​លក្ខណៈ​យឺតយ៉ាវ​នៅ​ឡើយ។

ក្នុង​រយៈ​ពេលមួយ​សប្ដាហ៍​ដំបូងនៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នេះ ​ប្រជា​ពលរដ្ឋ​មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​មាន​ចំនួន​ជាង​៨០​ម៉ឺន​នាក់ ​មាន​លទ្ធផល​ល្អ​ដូច​ការ​គ្រោងទុក​ ​តែ​មាន​ភាព​អសកម្ម​មួយ​ចំនួន​នៅ​ថ្ងៃ​ដំបូង។​ នេះ​បើ​យោង​ទៅ​តាម​មន្រ្តី​ជាន់ខ្ពស់​នៃ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ ឬ​ហៅ​កាត់​ថាគ.ជ.ប.។ ​មន្រ្តី​គ.ជ.ប.​បាន​ឲ្យ​ដឹង​ថា ​ការ​ចុះឈ្មោះ​មាន​ភាពរលូន​ ​តែ​ទោះជា​យ៉ាងណាក្ដី ​ប្រជា​ពលរដ្ឋ​ដែល​បាន​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ និង​អ្នក​សម្រប​សម្រួល​ការ​ចុះឈ្មោះ​បោះ​ឆ្នោត​បាន​ប្រាប់​ VOA ​ថា ​ពួក​គេ​មិនពេញ​ចិត្ត​នឹង​ដំណើរការ​នៃ​ការ​ចុះ​ឈ្មោះ​នៅ​ឡើយ​ទេ​ ​ដោយសារ​បញ្ហា​បច្ចេកទេស។

នាង​ស៊ិន ចាន់​ពៅ​រ៉ូហ្សេត ​ចៅ​សង្កាត់រងនៅ​សង្កាត់​អូរចា​ ​ខេត្ត​បាត់ដំបង​ និង​ជាអ្នកសម្រប​សម្រួលក្នុង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ បាន​ប្រាប់​ VOA ​នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ​ថា​ នីតិ​វិធី​នៃ​ការ​ចុះឈ្មោះ​បោះឆ្នោត​មាន​ការ​យឺតយ៉ាវ​ ដោយសារ​មិន​មាន​កុំព្យូទ័រហើយមន្រ្តី​រៀបចំ​នៃ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​មិន​ទាន់​មានការ​យល់ដឹងគ្រប់​គ្រាន់​ក្នុង​ដំណើរការ​ចុះ​ឈ្មោះ។​

«អូហ៍! ​ភាព​មិន​ប្រក្រតី​មាន នៅ​ពេល​ចុះ​ឈ្មោះ​បោះឆ្នោត ​ដោយសារ​ខុស​បច្ចេកទេស។ ​ម៉ាស៊ីន​កុំព្យូរទ័រ​ខូច​ អត់​ដំណើរការ។​ ​វាយ​ឈ្មោះ​ខុស​ ​ហើយ​មាន​ភាព​រញ៉េ​រញ៉ៃ ​អត់​សណ្ដាប់​ធ្នាប់​ ​ពេល​កំពុង​ដំណើរ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ហ្នឹង​ ដោយសារ​មុន​ដំបូងហ្នឹង​ ​អត់​មាន​ការរៀបចំ​ត្រឹមត្រូវ»។​

លោក​ហង្ស ពុទ្ធា ​អ្នក​នាំ​ពាក្យ​គណៈ​កម្មាធិការ​ជាតិរៀបចំ​ការ​បោះឆ្នោត​គ.ជ.ប.មាន​ប្រសាសន៍​ថា ​ចំនួន​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​ប្រមាណ​ជិត​មួយ​សប្ដាហ៍​នេះមាន​សន្ទុះ​ល្អ​ដូចការ​គ្រោង​ទុក​ ​តែ​លោក​បន្ថែម​ថា ​វាមាន​ចំណុចអសកម្មមួយ​ចំនួន​នៅ​ថ្ងៃ​ដំបូង។​

«បាទ ​សម្រាប់​ម្សិលមិញ​ និង​ថ្ងៃ​នេះ​ ​គ.ជ.ប.​ទទួល​បាន​ចំនួន​អ្នក​ចុះ​ឈ្មោះ​ជាង​៨៣​ម៉ឺន​នាក់។​ តួលេខ​នេះ​ជា​តួលេខ​មួយ​ល្អ​ដែរ។​ បើយើង​គុណ ​គណនា​ចំនួន​ថ្ងៃ​ និង​ចំនួន​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត​នៅ​ទូទាំង​ប្រទេស​ ឃើញ​ថា​ ការ​ប៉ាន់ស្មាន​ជិត​ដប់​ម៉ឺន​នាក់​ដែល​នឹង​ត្រូវ​ចុះ​ឈ្មោះ គ.ជ.ប.​អាច​ធ្វើការ​បាន​ត្រឹម​ត្រូវ។​ ទន្ទឹម​នឹង​នោះ​ក៏​ឃើញ​មាន​ចំណុច​អសកម្ម​ខ្លះ​ដែរ។​ ប៉ុន្តែ​ចំណុច​អសកម្ម​នោះមួយ​ថ្ងៃ​ដំបូងឃើញ​ថា​ ច្រើន​ ​តែ​ត្រូវ​បាន​ដោះស្រាយ​នៅ​ថ្ងៃ​បន្តបន្ទាប់។ ​អញ្ចឹងការ​រំពឹង​របស់​គ.ជ.ប.​នឹង​ទទួល​បាន​ការ​ពេញចិត្ត​ពី​បងប្អូន​ប្រជា​ពលរដ្ឋ​ ព្រម​ទាំង​ភាគី​ពាក់ព័ន្ធ»។​

ដោយឡែក ​លោក​ឆាយ វណ្ណៈ ​អាយុ​៤៤​ឆ្នាំ ​ដែល​ជា​ប្រជា​ពលរដ្ឋនៅ​សង្កាត់​អូរចាខេត្ត​បាត់ដំបង ​បាន​ប្រាប់​ VOA ​ថា​ ដំណើរ​ការ​ចុះ​ឈ្មោះ​ឆ្នោត​នៅ​មាន​ការ​យឺតយ៉ាវ​ដោយសារ​ខ្វះ​ឧបករណ៍​ចុះ​ឈ្មោះ​ ​ខណៈ​ពេល​ដែល​មាន​ចំនួន​អ្នក​រង់ចាំ​ចុះ​ឈ្មោះ​ច្រើន។​

«បាទ ​ចុះ​ឈ្មោះ​រួចហើយ។​ មាន​ការ​យឺតយ៉ាវ​ណាស់​ ​ឲ្យ​ប្រជា​ពលរដ្ឋ​រង់ចាំ​ច្រើន​ យូរ​ណាស់។​ ខ្ញុំ​រង់ចាំ​តាំង​ពី​ម៉ោង​មួយ​កន្លះ​ ចាំ​រហូត​ដល់​ម៉ោង​ប្រាំ​ទើប​បាន​ចុះ​ ជិតចប់​ទើប​បាន។​ ចាំយូរ។​ កុំព្យួទ័រ​តែ​ពីរ​វាយ​អត់​ទាន់។​ ប្រជា​ពលរដ្ឋ​អង្គុយ​ចាំ។ ​ខ្លះ​គេ​រអ៊ូរ។​ ​ គេចាំ​ច្រើន​ណាស់»។​

តែ​ទោះជាយ៉ាងណាក្ដី​ ​លោក​ហង្ស ពុទ្ធា​មាន​ប្រសាសន៍​ថា​ ​ប្រជា​ពលរដ្ឋ​នឹង​មាន​ពេល​គ្រប់​គ្រាន់​ក្នុង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត។

«ការ​ប៉ាន់​ប្រមាណ​ អ្នក​ដែល​មាន​អាយុ​លើស​ពី​១៨​ឆ្នាំឡើង​ទៅ​មាន​ចំនួន​៩​លាន​៦​សែន​នាក់។ ​តែ​ការ​ចុះ​ឈ្មោះ​ជាក់​ស្ដែង​ ​ជា​ការណ៍​ពិត​ វា​មិន​អាច​លើសពី​នេះ​ទេ។​វា​មាន​តែ​ក្រោម​នេះ។​ ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ​ ប្រជា​ពលរដ្ឋ ​លោក​មាន​ពេល​គ្រប់​គ្រាន់។​ ប្រជា​ពលរដ្ឋ​លោក​មាន​សិទ្ធិ​ក្នុង​ការ​សម្រេច​គ្រប់គ្រាន់​ដើម្បី​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត»។​

យ៉ាង​ណាមិញ​ នាង​ស៊ិន ចាន់​ពៅរ៉ូហ្សេត ​ចៅសង្កាត់​រងនៅ​សង្កាត់អូរចា ខេត្ត​បាត់ដំបង​ និង​ជាអ្នកសម្រប​សម្រួលក្នុង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ បាន​ប្រាប់​ VOA ​នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ​ថា ​ការ​ផ្សព្វផ្សាយ​អំពី​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​មិន​ទាន់​បាន​ជ្រួត​ជ្រាប​ខ្លាំង​ដល់​ប្រជា​ពលរដ្ឋ​នៅ​ឡើយ​ទេ។​

«សម្រាប់​អ្វី​ដែល​គ.ជ.ប.​ផ្សព្វផ្សាយ​ មាន​តាម​រយៈ​ទូរទស្សន៍​ តាម​រយៈ​ភូមិ​ឃុំ​ សង្កាត់​ហ្នឹង​ គ្រាន់​តែ​ជា​ការ​និយាយ​ ការ​ដឹង​របស់​គាត់។​ តែ​សម្រាប់​មន្រ្តី​មូលដ្ឋាន​ដែល​ខ្ញុំ​បាន​ចុះ​ទៅ​តាម​ភូមិ​និមួយៗ ​ហើយ​ខ្ញុំ​បាន​សិក្សា​មើល​ ខ្ញុំ​បាន​ទទួល​ពី​គាត់​មក​វិញ​ ពួក​គាត់​សុទ្ធតែ​និយាយ​ថា​ ​គាត់​មិន​ទទួល​បាន​ព័ត៌មាន​ជាក់​លាក់​ណាមួយ​ស្ដីពី​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ទេ។ ​ដូច្នេះ​ដើម្បី​ឲ្យ​មាន​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​មាន​ប្រជា​ពលរដ្ឋ​ទៅ​ឲ្យ​បាន​ច្រើន​ ឲ្យ​បាន​គ្រប់​ក្នុង​រយៈពេល​៨៨​ថ្ងៃ​នេះ​ហ្នឹង​ ​លុះត្រា​តែ​គ.ជ.ប.​គាត់​បន្ថែម​ថ្ងៃ​នៃ​ការ​ចុះ​ឈ្មោះ​ទីមួយ។​ មួយទៀត​គាត់​ត្រូវ​ផ្សព្វផ្សាយ​ស្ដីពី​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​តាម​មេក្រូ​តាម​ភូមិ ​ឃុំ​បន្ត​ទៀត។​ បី​ថ្ងៃ​បាន​តែ​បី​ថ្ងៃ​ហ្នឹង​ឯង។​ ចា៎ ​អត់​មាន​ផង​ បាន​តែ​បី​ថ្ងៃ​ហ្នឹង​ ដែល​ទម្លាក់​ឲ្យ​ឃុំ សង្កាត់​ធ្វើការ​ផ្សព្វផ្សាយតាម​មេក្រូ»។​

លោក​ហង្ស ពុទ្ធា​មាន​ប្រសាសន៍​ប្រាប់ ​VOA ​ថា​ មាន​ព័ត៌មាន​មិន​ប្រក្រតី​មួយ​ចំនួន​ តែ​លោក​ក៏​មិនទាន់​បាន​ទទួល​ពាក្យ​បណ្ដឹង​នៅ​ឡើយ​ទេ។ ​លោក​បន្ត​ថា ​គ.ជ.ប.​នឹង​បន្ត​ផ្សព្វផ្សាយ​អំពី​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បន្ថែម​ទៀត។​

«មាន​ព័ត៌មាន​មួយ​ចំនួន​ ប៉ុន្តែទី​មួយ ​វា​មិន​បាន​ផ្អាក​ដំណើរ​ការ​ចុះឈ្មោះ​នោះ​ទេ។​ ទីពីរ​ គ.ជ.ប.​មិន​ទាន់​ទទួល​បាន​បណ្ដឹង​អី​ទេ។​ ទី​បី​គ.ជ.ប.​បាន​ផ្តោត​ទៅ​លើ​ការ​ងារ​អប់រំ​ ព្រោះ​កន្លង​មក​ប្រជា​ពលរដ្ឋ​ខ្លះ​មិន​យល់។​ ឧទាហរណ៍​ ប្រជា​ពលរដ្ឋ​ខ្លះ​គាត់​យក​អត្ត​សញ្ញាណ​ប័ណ្ណ​សម័យ​រដ្ឋ​កម្ពុជា​មក​ចុះ​ឈ្មោះ​បោះឆ្នោត។ អញ្ចឹងវា​ជា​ចំណុច​អសកម្ម​ ប៉ុន្តែ​ដូច​និយាយ​អញ្ចឹង វា​មិន​បាន​ធ្វើ​ឲ្យ​ផ្អាក​ដំណើរ​ការ​ចុះ​ឈ្មោះ​នោះ​ទេ»។​

លោក​គល់ បញ្ញា​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​ Comfrel​ (ខុមហ្រែ្វល) ​ដែល​ឃ្លាំ​មើល​ការ​បោះឆ្នោត ​បាន​ឲ្យ​ដឹង​ថា​ មក​ទល់​ពេល​នេះ ​លោក​មិន​ទាន់​ឃើញ​មាន​ភាព​មិន​ប្រក្រតី​ធ្ងន់ធ្ងរ​នៅ​កន្លែង​ចុះ​ឈ្មោះ​បោះឆ្នោត​ទេ។​ តែ​លោក​បង្ហាញ​ក្ដីបារម្ភ​អំពី​ចំនួន​ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ ហើយ​មិន​មាន​ពេល​គ្រប់​គ្រាន់​ក្នុង​ការចុះ​ឈ្មោះ។​

«រឿង​ដែល​ធំ​គឺ​រឿង​ចំណាក​ស្រុក​ហ្នឹង​ឯង។​ យើង​ចង់​ឲ្យ​អ្នក​ដែល​នៅ​ថៃ​នៅ​អី​នោះ​ ឲ្យ​គ្នា​បាន​ត្រឡប់​មក​ចុះ​ឈ្មោះ​ឲ្យ​បាន​ពេញ​លេញ ​ព្រោះ​ឥឡូវ​វា​បញ្ហា​ត្រង់​ថា​ បើ​សិន​ជា​ពេល​វេលា​គេ​មក​ភ្ជុំ​ហ្នឹង​ បើ​សិន​ជា​គ្នា​មក​ច្រើន​ តើ​ការងារ​សម្រួល​ចុះ​ឈ្មោះ​បោះ​ឆ្នោត​វា​យ៉ាង​ម៉េច?​ ​ហើ​យ​មួយ​វិញទៀត​ វា​ភ្លៀង​ខ្លាំង។ តើ​ដំណើរការ​នៃ​ការ​ចុះ​ឈ្មោះ​វា​យ៉ាង​ម៉េច?​ ​បើ​កន្លែង​ខ្លះ​អត់​នៅ​ក្នុង​សាលា​ផង»។​

កន្លង​មក​ គណបក្ស​ជំទាស់​បាន​ស្នើ​សុំឲ្យ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​គ.ជ.ប.​ និង​ក្រសួង​ការងារ​ណែនាំ​ឲ្យ​ថៅកែ​រោងចក្រ​ និង​គ្រឹះស្ថាន​នានា​ផ្តល់​លទ្ធភាព​ឲ្យ​បុគ្គលិក​ ឬ​កម្មករ​អាច​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត ​ព្រម​ទាំង​ជួយ​សម្រួល​ឲ្យ​ពលករ​កម្ពុជា​ដែល​ធ្វើ​ការ​នៅ​បរទេស​ អាច​ត្រឡប់​មក​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​កម្ពុជា​វិញ​ផង​ដែរ។​

ប្រទេស​កម្ពុជា​នឹង​ធ្វើ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នា​ខែ​មិថុនា​ឆ្នាំ​២០១៧​ខាង​មុខ​ ​ និង​ការ​បោះឆ្នោត​ជ្រើសរើស​តំណាង​រាស្ត្រ​នៅ​ឆ្នាំ​២០១៨។ ​ហើយ​ដំណើរ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ជាថ្មីចាប់​ផ្តើម​ពីថ្ងៃ​ទី​១​ខែ​កញ្ញា​ដល់​ថ្ងៃ​ទី​២៩​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៦​នេះ៕