គ.ជ.ប. បញ្ចប់​យុទ្ធនាការ​ចុះ​ឈ្មោះ​បោះឆ្នោត ដោយ​មាន​ពលរដ្ឋ​ជាង​៤៤​ម៉ឺន​នាក់​ចុះ​ឈ្មោះ ស្មើ​ប្រមាណ​២៧%​នៃ​ផែនការ

រូបឯកសារ៖ ផ្ទាំង​ក្រណាត់​ផ្សព្វផ្សាយ​ពី​ការពិនិត្យ​បញ្ជី​ឈ្មោះ​និង​ការចុះ​ឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០២១ នៅ​សាលា​សង្កាត់​ត្រើយកោះ ក្នុង​ខេត្ត​កំពត​នៃ​ប្រទេស​កម្ពុជា។ រូបថត​កាល​ពី​ដើម​ខែ​តុលា ឆ្នាំ​២០២១។ (ស៊ុន ណារិន/វីអូអេ)

ចំនួន​ប្រជា​ពលរដ្ឋ​ចុះ​ឈ្មោះ​ថ្មី​សម្រាប់​ការ​បោះ​ឆ្នោត​នៅ​តាម​ឃុំ​សង្កាត់​ទូទាំង​ប្រទេស​ ដែល​ប្រមូល​បាន​គិត​ត្រឹម​ថ្ងៃ​ចុង​ក្រោយ​នៃ​យុទ្ធនាការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ​សរុប​មាន​ជាង​៤៤​ម៉ឺន​នាក់​ ដែល​ស្មើ​ប្រមាណ​២៧%​នៃ​ការ​ប៉ាន់​ស្មាន​ចំនួន​ប្រជា​ពលរដ្ឋ​ដែល​គ្រប់​អាយុ​បោះ​ឆ្នោត។ ​នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​(គ.ជ.ប.) ​ចុះ​កាល​ពី​ថ្ងៃ​៣០​ ខែ​វិច្ឆិកា ​ឆ្នាំ​២០២១។​

២៧%​នេះ ​គឺ​ធៀប​នឹង​ចំនួន​ពលរដ្ឋ​ដែល​គ្រប់​អាយុ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ​ដែល​មាន​ជាង១,៦​លាន​នាក់។​ យុទ្ធនាការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​តាម​ឃុំ​សង្កាត់​ បាន​ធ្វើ​ឡើង​រយៈ​ពេល​៥០​ថ្ងៃ ​ដោយ​ចាប់​ផ្តើម​កាល​ពី​ថ្ងៃ​ទី​១២​ ខែ​តុលា ​ដល់​ថ្ងៃ​៣០​ ខែ​វិច្ឆិកា។ បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​បន្ថែម​អ្នក​បោះ​ឆ្នោត​ថ្មី​នេះ​ នឹង​ត្រូវ​ប្រើ​សម្រាប់​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ដែល​នឹង​ប្រព្រឹតុ្ត​ទៅ​នៅ​ថ្ងៃ​ទី​៥​ ខែ​មិថុនា​ ឆ្នាំ​២០២២ ​ខាង​មុខ។​

លោក​ សោម សូរីដា ​អគ្គលេខាធិការ​រង​នៃ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ​និយាយ​ថា​ ចំនួន​ពលរដ្ឋ​១,៦​លាន​នាក់​ គឺ​សំដៅ​ទៅ​លើ​ចំនួន​ពលរដ្ឋ​គ្រប់​អាយុ​១៨​ឆ្នាំ​ដែល​មិន​ទាន់​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​បោះឆ្នោត ​ដោយ​រាប់​ទាំង​ពលករ​ចំណាក​ស្រុក ​និង​អ្នក​ទទួល​មរណភាព។ ​លោក​បន្ថែម​ថា ​តួលេខ​ប្រជា​ពលរដ្ឋ​ចំនួន​១,៦​លាន​នាក់​នេះ​ មិន​មែន​ជា​តួ​លេខ​គោល​ដៅ​ដែល​ជា​កាតព្វ​កិច្ច​ត្រូវ​បំពេញ​ឲ្យ​គ្រប់​នោះ​ទេ។​

លោក​បន្ថែម​ថា​ ចំនួន​ពលរដ្ឋ​ដែល​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​បោះ​ឆ្នោត​មាន​ភាគ​រយ​ខ្ពស់។​

លោក​ថ្លែង​ថា៖​ «ទី​មួយ​ គួរ​តែ​ធៀប​អំពី​ចំនួន​ប្រជា​ពលរដ្ឋ​អាយុ​១៨​ឆ្នាំ ​គិត​ដល់​ថ្ងៃ​បោះ​ឆ្នោត​ ដែល​មាន​ជាង​១០​លាន​នាក់​នេះ ​ទៅ​អ្នក​ដែល​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​៣០​ ខែ​វិច្ឆិកា ​ម្សិល​មិញ​នេះ ​ដែល​យើង​ចុះ​ឈ្មោះ​ប្រជា​ពលរដ្ឋ​សរុប​ទៅ​មាន​ប្រមាណ​ជា​៩​លាន ​២​សែន​នាក់។ ​អ៊ីចឹង​អ្នក​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​បោះ​ឆ្នោត​៩,២​លាន​នាក់​នេះ​ បើ​គិត​ជា​ភាគ​រយ​ គឺ​មាន​ទៅ​ដល់ ​ជិត​៨៨%​ឯណោះ។ ​អ៊ីចឹង ​គឺ​ជា​តួលេខ​មួយ​ខ្ពស់​បើ​ធៀប​ទៅ​នឹង​អ្នក​ដែល​មាន​សិទ្ធិ​ និង​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​នៅ​ក្នុង​ប្រទេស​ផ្សេង​ទៀត​ក្នុង​តំបន់»។​

លោក ​សោម សូរីដា ​បន្ត​ថា​ មក​ទល់​ពេល​នេះ ​មិន​ទាន់​មាន​សំណូមពរ ​ឬ​តម្រូវ​ការ​ពី​ភាគី​ពាក់ព័ន្ធ​ ដែល​ស្នើ​ឲ្យ​គ.ជ.ប.​ បន្ថែម​ពេល​វេលា​សម្រាប់​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​ឡើយ​ទេ ​ខណៈ​លោក​លើក​ឡើង​ថា​ តួលេខ​ពលរដ្ឋ​ចុះ​ឈ្មោះ​ថ្មី​ខាង​លើ​នេះ​ គឺ​ជា​តួលេខ​ដែល​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត​ទទួល​បាន។​

បើ​តាម​មន្រ្តី​ជាន់​ខ្ពស់​គ.ជ.ប.​ រូប​នោះ ​ពលរដ្ឋ​ដែល​មិន​ទាន់​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ក៏​អាច​ចុះ​ឈ្មោះ​នៅ​ឆ្នាំ​២០២២​ សម្រាប់​ការ​បោះ​ឆ្នោត​សកល​ឆ្នាំ​២០២៣​ ផង​ដែរ។​

បើតាម​ទិន្នន័យ​របស់​គ.ជ.ប.​នៅ​ក្នុង​យុទ្ធនាការ​ចុះ​ឈ្មោះ ​និង​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ក្នុង​ឆ្នាំ​២០២១​នេះ ចំនួន​ពលរដ្ឋ​ដែល​ត្រូវ​បាន​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត ​មាន​ប្រមាណ​២១​ម៉ឺន​នាក់ ​ហើយ​អ្នក​ផ្ទេរ​ទីលំនៅ​ក្នុង​ឃុំ​សង្កាត់​មាន​ប្រមាណ​១៤​ ម៉ឺន​នាក់។​

អ្នក​សម្រប​សម្រួល​ផ្នែក​អង្កេត​នៃ​អង្គការ​ខុមហ្វ្រែល​ លោក ​កន សាវាង្ស ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​ថា​ បញ្ហា​ច្បាប់ ​និង​នីតិវិធី​នៅ​ក្នុង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ មិន​ទាន់​ត្រូវ​បាន​កែ​សម្រួល​ឲ្យ​បាន​ប្រសើរ​នៅ​ឡើយ​ ខណៈ​លោក​លើក​ឡើង​ថា​ បណ្តា​ប្រទេស​មួយ​ចំនួន​នៅ​អាស៊ី​បាន​ធ្វើ​ការ​កែ​សម្រួល​ផ្សេងៗ​ ដូចជា​ប្រទេស​ស្រី​លង្កា ​ឥណ្ឌូណេស៊ី ​និង​ម៉ាឡេស៊ី​ជាដើម​ ដែល​មាន​ការ​គិត​គូរ​លើ​ការ​ចុះ​ឈ្មោះ​ពលករ​នៅ​ក្រៅ​ប្រទេស។​

លោក​បាន​បន្ថែម​ថា​ វិបត្តិ​នយោបាយ​ ដែល​កំពុង​កើត​មាន​នា​ពេល​បច្ចុប្បន្ន ​ក៏​ជា​កត្តា​មួយ​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​មាន​ការ​ណាយ​ចិត្ត​ចំពោះ​ការ​បោះ​ឆ្នោត​ផង​ដែរ ​ខណៈ​ពេល​អវត្ត​មាន​គណបក្ស​សង្រ្គោះ​ជាតិ​ ដែល​ជា​គណបក្ស​ប្រឆាំង​ធំ​ជាង​គេ។​

លោក​ថ្លែង​ថា៖​ «យើង​ឃើញ​ហើយ​ថា​ វិបត្តិ​នយោបាយ​ឆ្នាំ​២០១៧ ​មក​ហ្នឹង​ វា​មិន​ទាន់​បាន​ឲ្យ​មាន​ភាព​ធូរ​ស្បើយ​ទេ។​ វា​មិន​ទាន់​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​មាន​ទំនុក​ចិត្ត​ទាក់​ទង​នឹង​ការ​បោះ​ឆ្នោត​នោះ​ទេ។​ រហូត​ដល់​ពេល​បច្ចុប្បន្ន​នេះ​ ស្ថាន​ភាព​នេះ ​ក៏​វា​មិន​ទាន់​ល្អ​ទេ។ ​ ជាពិសេស ​គឺ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ទៅ​លើ​សកម្ម​ជន​របស់​អតីត​គណ​បក្ស​សង្រ្គោះ​ជាតិ​ ដែល​ជា​បញ្ហា​មួយ​ធ្វើ​ឲ្យ​គាត់​ហ្នឹង​មិន​សូវ​ជា​ខ្វាយ​ខ្វល់ ​ឬ​ក៏​អស់​អារម្មណ៍​ដែរ»។​

លោក ​សំ គន្ធាមី​ នាយក​ប្រតិបត្តិ​របស់​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​មួយ​ឈ្មោះ​ថា ​ គណៈ​កម្មាធិការ​អព្យាក្រឹត្យ​និង​យុត្តិធម៌ ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី​និង​ត្រឹមត្រូវ​នៅ​កម្ពុជា​ហៅ​កាត់​ថា​ និកហ្វិច​ (NICFEC)​ ក៏​យល់​ស្រប​ជាមួយ​ការ​លើក​ឡើង​របស់​លោក​ កន សាវាង្ស ​ផង​ដែរ ​ ពាក់ព័ន្ធ​នឹង​បញ្ហា​នីតិវិធី​ និង​វិបត្តិ​នយោបាយ​ ស្រប​ពេល​លោក​លើក​ឡើង​ថា ​វិបត្តិ​ជំងឺ​កូវីដ១៩​ ក៏ជា​បញ្ហា​ចោទ​មួយ​ផ្សេង​ផង​ដែរ។​

គួរ​រំឭក​ផង​ដែរ ​កាល​ពី​ការ​បោះ​ឆ្នោត​តំណាង​រាស្រ្ត​ឆ្នាំ​២០១៨ ​ ប្រជា​ពលរដ្ឋ​មួយ​ចំនួន​មិន​បាន​ទៅ​បោះ​ឆ្នោត​នោះ​ទេ ​ដោយ​សារ​អវត្ត​មាន​គណបក្ស​សង្រ្គោះ​ជាតិ​ ដែល​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧។​ រហូត​មក​ដល់​ពេល​នេះ ​ គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ថា តើ​គណ​បក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ ​អាច​ចូល​រួម​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ​ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៥​ ខែ​មិថុនា​ ឆ្នាំ​២០២២​ ឬ​យ៉ាង​ណា​នោះ​ទេ៕