គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កំពុងស្វែងរកអ្នកលួចមើលទិន្នន័យក្នុងកុំព្យូទ័រ ឬហៅថា Hacker នៅក្រៅប្រទេស ដែលបានបង្កឲ្យមានបញ្ហាក្នុងការស្វែងរកឈ្មោះអ្នកបោះឆ្នោត ក្នុងគេហទំព័រដែលទើបបង្កើតថ្មីមួយ។ នេះបើតាមការឲ្យដឹងពី លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប។
កាលពីថ្ងៃទី៣ ខែមករា នេះ គ.ជ.ប បានចាប់ផ្ដើមបិទបញ្ជីឈ្មោះសម្រាប់អ្នកដែលបានចុះឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅតាមមូលដ្ឋាន និងនៅលើគេហទំព័រថ្មីមួយដែលមានអាសយដ្ឋាន www.voterlist.org.kh។
ក្រោយការដាក់ឲ្យដំណើរការបានបន្តិច គេហទំព័រដែលទើបតែបង្កើតថ្មីនោះ មានអ្នកចុចចូលមើលជាង១លាននាក់ ហើយបានជាប់គាំង ដែលធ្វើឲ្យពលរដ្ឋភាគច្រើនមិនអាចចូលមើលឈ្មោះបាន។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប ប្រាប់អ្នកសារព័ត៌មានក្នុងកិច្ចពិភាក្សាពិគ្រោះយោបល់លើសេចក្ដីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១៧ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ នេះថា គេហទំព័រដែលទើបតែបង្កើតដោយ គ.ជ.ប ដើម្បីសម្រួលដល់ការស្វែងរកឈ្មោះបោះឆ្នោតត្រូវបានក្រុម Hacker នៅក្រៅប្រទេសលួចចូលមើល (Hack)។
លោកបន្តថា សមត្ថកិច្ចមិនទាន់កំណត់អំពីមូលហេតុនៃការលួចចូលប្រព័ន្ធទិន្នន័យនេះច្បាស់លាស់នៅឡើយ ប៉ុន្តែលោកថា ក្រុមទាំងនោះមានចេតនាធ្វើឲ្យរំខានដល់ដំណើរការរៀបចំការបោះឆ្នោតនៅកម្ពុជា។
លោក ហង្ស ពុទ្ធា បន្ថែមថា បើទោះបីជាបញ្ហានេះត្រូវបានដោះស្រាយហើយមិនបានធ្វើឲ្យប៉ះពាល់ដល់ឈ្មោះរបស់អ្នកដែលបានចុះឈ្មោះបោះឆ្នោត ប៉ុន្តែ គ.ជ.ប និងសមត្ថកិច្ចកំពុងស្វែងរកអ្នកដែល Hack ចូលនោះ ដើម្បីប្រគល់ឲ្យស្ថាប័នមានសមត្ថកិច្ចចាត់ការតាមនីតិវិធីច្បាប់។
«ការ Hack ហ្នឹងគឺ Hack ខាងក្រៅទេ គ្រាន់តែ Hack រំខានដល់អ្នកពិនិត្យទេចំណែកឯកសារដើមគឺយើងមានការប្រុងប្រយ័ត្នច្រើនជាន់ណាស់។ ហើយអ្នកជំនាញការជប៉ុន ក៏កំពុងតែអង្គុយជាមួយយើងដើម្បីធ្វើការការពារ ហើយនិងដោះស្រាយបាន។ ហើយពីម្សិលទល់ថ្ងៃហ្នឹងគឺយើងដោះស្រាយបានអស់ហើយ។ អញ្ចឹង ខ្ញុំគិតថា យើងនឹងតាមដានមើលទាំងអស់គ្នាទៀត។ យើងមានការសហការជាមួយសមត្ថកិច្ចដើម្បីរកហើយ ប៉ុន្តែរឿងនេះទុកឲ្យខាងសមត្ថកិច្ចដែលមានជំនាញគាត់ធ្វើការចុះ»។
ថ្មីៗនេះ រដ្ឋាភិបាលអាមេរិកក្នុងអាណត្តិ ប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានបណ្ដេញមន្ត្រីទូតរុស្ស៊ីចំនួន៣៥នាក់ ចំពោះការចោទប្រកាន់រដ្ឋាភិបាលក្រុងមូស្គូថា បានលួចចូលក្នុងប្រព័ន្ធកុំព្យូទ័ររបស់អាមេរិក និងការជ្រៀតជ្រែកនៅក្នុងការបោះឆ្នោតតាមប្រព័ន្ធកុំព្យូទ័រកាលពីពេលថ្មីៗនេះ។
លោក អូបាម៉ា បានលើកឡើងថា ការលួចចូលក្នុងប្រព័ន្ធកុំព្យូទ័ររបស់អាមេរិកនេះ ជាផ្នែកមួយដែលធ្វើឲ្យប៉ះពាល់ដល់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកាលពីខែវិច្ឆិកាកន្លងទៅនេះ។
លោក គល់ បញ្ញា នាយកប្រតិបត្តិនៃគណៈកម្មការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថាខុមហ្វ្រែល (Comfrel) ប្រាប់ VOA ថា គ.ជ.ប តែងត្រូវបានជនខិលខូចលួចចូលក្នុងទិន្នន័យតាមប្រព័ន្ធកុំព្យូទ័រ។
ប៉ុន្តែ លោកថា គ.ជ.ប មានការធ្វេសប្រហែស និងមិនទទួលយកការផ្ដល់អនុសាសន៍ក្នុងការការពារជាមុនពីអ្នកជំនាញ។
លោកបន្ថែមថា គ.ជ.ប គួរបន្ថែមការប្រុងប្រយ័ត្នដើម្បីពង្រឹងទំនុកចិត្តសម្រាប់ប្រជាពលរដ្ឋក្នុងការរៀបចំការបោះឆ្នោតក្នុងពេលខាងមុខ។
«រឿងវែបសាយនេះ អត់ទាន់ឃើញមានការជជែកគ្នាឲ្យបានច្បាស់នៅឡើយ ថាតើទប់ស្កាត់ Hack ហ្នឹងយ៉ាងដូចម្ដេចនៅក្នុងប្រព័ន្ធវែបសាយ គ.ជ.ប ហ្នឹង ហើយរឿងហ្នឹងអត់ទាន់ឃើញបានជជែកគ្នាទេ និយាយការពិតទៅ។ ហើយឥឡូវ យើងឮដំណឹងពីការ Hack ហ្នឹងទៀត។ ទោះបីជាយ៉ាងណាក៏ដោយ ក៏មិនមែនមានន័យថាហួសពេលដែរ។ វាអាចថាគ្រាន់តែជាការចាប់ផ្ដើមទេសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នេះ ហើយគួរតែ គ.ជ.ប បើកការពិភាក្សាជាមួយអ្នកជំនាញទៅ មិនមែនតែអ្នកជំនាញក្នុងក្របខ័ណ្ឌ គ.ជ.ប ទេ។ ក្រៅក្របខ័ណ្ឌ គ.ជ.ប ហ្នឹង ក៏ហៅគេមកជជែកដើម្បីឲ្យយោបល់ថា តើទប់ស្កាត់ Hack ហ្នឹងយ៉ាងដូចម្ដេច?»។
លោក គល់ បញ្ញា បន្ថែមថា ទោះបីជាការចូលមើលទិន្នន័យក្នុងកុំព្យូទ័រ ឬហៅថា Hack ចូលគេហទំព័ររបស់ គ.ជ.ប កើតឡើងជាច្រើនដងក្ដី ក៏លោកថា នៅកម្ពុជាដំណើរការនៃការបោះឆ្នោត និងរាប់សន្លឹកឆ្នោតធ្វើឡើងដោយដៃ មិនមែនធ្វើតាមប្រព័ន្ធកុំព្យូទ័រ។ ដូច្នេះ លោកថា ករណីនេះមិនធ្វើឲ្យប៉ះពាល់ដល់លទ្ធផលនៃការបោះឆ្នោតនោះទេ។
កម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ និងបោះឆ្នោតថ្នាក់ជាតិក្នុងឆ្នាំ២០១៨ខាងមុខ។
ក្នុងការចុះឈ្មោះបោះឆ្នោតថ្មីតាមប្រព័ន្ធកុំព្យូទ័រ ដែលបានធ្វើឡើងរយៈពេលបីខែកាលពីចុងឆ្នាំ២០១៦កន្លងទៅនេះ មានចំនួនអ្នកចុះឈ្មោះបោះឆ្នោតសរុបជាង៧លាន ៨សែននាក់ ឬស្មើនឹងជាង៨១% នៃចំនួនប្រជាពលរដ្ឋគ្រប់អាយុបោះឆ្នោតសរុប។ ក្នុងនោះ ឈ្មោះស្ទួនចំនួនជាង៨.០០០ ត្រូវបានរកឃើញ និងលុបចេញពីបញ្ជីបោះឆ្នោតដែលធ្វើតាមប្រព័ន្ធកុំព្យូទ័រជាលើកដំបូងនេះ៕