ចំណូល​ទេសចរណ៍​ជួយ​ជីវភាព​ជន​រងគ្រោះ​ភ្នំភ្លើង​ឥណ្ឌូណេស៊ី​

  • Sarah Schonhardt

ក្រុម​អ្នក​ទេសចរ​​ធ្វើ​ដំណើរ​តាម​ផ្លូវ​ឡើង​ទៅ​កំពូល​ភ្នំ​​ភ្លើង​ Merapi។ អ្នក​លក់​បាន​តម្លើង​ស្តង់​លក់​ឥវ៉ាន់​ដល់​អ្នក​មក​ទស្សនា​រាប់​រយ​នាក់​ដែល​មក​ដល់​កំពូល​ភ្នំ​នេះ​ជា​រៀង​រាល់​ថ្ងៃ។ រូប​នេះ​ថត​នៅ​តំបន់ Kaliurang នៅ​ភាគ​កណ្តាល​កោះ​ជ្វា (Java)​ ប្រទេស​ឥ

ប្រជា​ពល​រដ្ឋដែល​បាត់​បង់ផ្ទះ​សម្បែង ដោយ​សារ​តែ​ការ​ផ្ទុះ​ភ្នំ​ភ្លើង​នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​កាល​ពី​ឆ្នាំ​ទៅ​ បាន​ងាក​មក​រក​វិស័យ​ទេសចរណ៍​ ក្នុង​ការរក​ចំណូលសម្រាប់​ជីវភាព​ប្រចាំ​ថ្ងៃ។

ប្រជា​ពល​រដ្ឋ​ឥណ្ឌូណេស៊ី​ជា​ច្រើន​ហ្វូង​ ដែល​អន្ទះ​សារ​ចង់​ឃើញ​សភាពបំផ្លិច​បំផ្លាញដែលបង្ក​ឡើង​ដោយ​ការ​ផ្ទុះ​ភ្នំ​ភ្លើង​ដ៏​ខ្លាំង​ក្លា​បំផុត​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន កំពុងផ្តល់ឱកាសសម្រាប់​ការ​ធ្វើពាណិជ្ជកម្ម​នៅ​ក្នុង​កំឡុង​ពេល​នៃ​សោក​នាដ​កម្ម​មួយ​នេះ។

ភ្នំ​ មេរ៉ាពី​ បាន​ស្ងប់​ស្ងាត់​ទៅ​វិញ​ ចាប់​តាំង​ពី​មាន​ការ​ផ្ទុះ​ភ្នំ​ភ្លើង​នៅខែ​តុលា។ ហើយ​នា​ពេល​បច្ចុ​ប្បន្ន​នេះ ទេសចរឥណ្ឌូ​នេស៊ី​ បាន​នាំ​គ្នាជិះ​រថ​យន្ត​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​តំបន់​ភ្នំ​ភ្លើង។​ អ្នក​តាំង​ទី​លំនៅ​ដែល​ផ្ទះ​របស់​ពួក​គេ​ត្រូវ​បាន​បំផ្លាញ​ដោយ​សារ​ការ​ផ្ទុះ​ភ្នំ​ភ្លើង ឥឡូវ​នេះ​ប្រមូល​ថ្លៃ​ចូល​ទស្សនា ដែល​មាន​តម្លៃ​ប្រហែល​៥០​សេន​ក្នុង​មនុស្ស​ម្នាក់។ អ្នក​ស្រុក​ខ្លះបាន​លក់ផេះ​ភ្នំ​ភ្លើងដាក់​ក្នុង​ដប​តូច​ ​និង​ថាស​ឌីវ៉ីឌី​ក្រាហ្វិក​ ដែល​មាន​រូប​ភាព​នៃ​ការ​ជម្លៀស​ប្រជា​ពល​រដ្ឋ​ និង​រូប​ភាព​នៃ​ការ​បំផ្លិច​បំផ្លាញ​ដោយ​ការ​ផ្ទុះ​ភ្នំ​ភ្លើង។

ផ្ទះ​របស់​អ្នក​ស្រី​ ម៉ារីយ៉ែម (Mariyem) ត្រូវ​បាន​បំផ្លាញ។ ស្ត្រីជា​ម្តាយដែលមាន​កូន​ពីរ​នាក់​រូប​នេះ​និយាយថា អ្នក​ស្រី​យល់​ថា​ វិស័យ​ទេសចរណ៍​មិន​មែនជា​ដំណោះ​ស្រាយ​យូរ​អង្វែងនោះ​ទេ ប៉ុន្តែ​ជា​វិធីរកលុយ​ដ៏​ឆាប់​រហ័ស​មួយ​ដែល​អ្នក​ស្រី​ត្រូវ​ការសម្រាប់ចិញ្ចឹម​គ្រួសារ​អ្នក​ស្រី។ អ្នក​ស្រី​បន្ថែម​ថា អ្នក​ស្រី​គឺ​ជា​ជន​រង​គ្រោះ​មួយ​រូប​ ដែល​បាន​ក្លាយ​ទៅ​ជា​ផ្ទាំង​ទស្សនីយភាពសម្រាប់​ទស្សនា។ ប៉ុន្តែ តើ​មាន​អ្វី​ផ្សេង​ទៀត​ដែល​អ្នក​ស្រី​គួរ​ធ្វើ? នៅ​ពេល​ដែល​ស្ថានភាពប្រសើរឡើងវិញ អ្នក​ស្រី​អាច​វិល​ត្រឡប់​ទៅ​កាន់​តំបន់​នោះ​វិញ។ ប្រសិន​បើ​អ្នក​ស្រី​មិន​លក់​របស់​របរ អ្នក​ស្រី​មិនមានអាហារ​បាន​ទេ។

អ្នក​ស្រី​ ម៉ារីយ៉ែម លក់​ថាស​ឌីវ៉ីឌី​បាន​ពីរបី​ក្នុង​មួយ​ថ្ងៃ ដោយ​បានចំណូលមួយ​ដុល្លារ​សម្រាប់​ថាសឌី​វ៉ីឌី​មួយ គឺ​គ្រប់​គ្រាន់​សម្រាប់​ទិញ​ម្ហូប​អាហារ ប៉ុន្តែ​វាមិន​គ្រប់​គ្រាន់សម្រាប់​សង់​លំនៅស្ថាន ​ដែល​អ្នក​ស្រី​ធ្លាប់​បាន​រស់​នៅ​តាំង​ពី​កុមារ​ភាព​ឡើង​វិញបាន​ទេ។

ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បាន​ផ្តល់​ប្រាក់​ចំនួន​៣​លាន​ដុល្លា​រ​អាមេរិក​ សម្រាប់​សង់​ជម្រក​បណ្តោះ​អាសន្ន និងសម្រាប់​កម្ម​វិធីជួយ​សម្អាត​កម្ទេច​កម្ទី​ភ្នំ​ភ្លើង។ រដ្ឋា​ភិ​បាល​ឥណ្ឌូណេស៊ីបាន​សន្យា​ថា​ នឹង​ផ្តល់ប្រាក់ឲ្យ​កសិករដែល​គោ​របស់គេត្រូវ​បាន​សម្លាប់​ដោយ​សារ​ការ​ផ្ទុះ​ភ្នំ​ភ្លើង ដោយ​សារ​គោ​ក្របី​សំខាន់​សម្រាប់​ការ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​របស់​គ្រួសារ​ភាគ​ច្រើន។ ប៉ុន្តែ​ ថវិកានេះ​ត្រូវ​បាន​ពន្យា​ ហើយជន​រង​គ្រោះ​និយាយ​ថា ពួក​គេ​មិន​ដឹង​ថា ​ពេល​ណា ​ឬ​ថាតើ​ពួក​គេ​នឹង​ទទួល​បាន​ជំនួយ​នោះ​ដែរ​ឬ​ទេ។

ស្ត្រី​ម្នាក់​ទៀត​ឈ្មោះ​ ទុយ​មីយ៉ែម (Tumiyem) និយាយ​ថា​ អ្នក​ស្រីត្រូវ​តែ​លក់​របស់​របរ​ដើម្បី​រក​ប្រាក់។ អ្នក​ស្រី​រក​ប្រាក់​បាន​មិន​លើស​ពី​ពីរ​ដុល្លា​ក្នុង​មួយ​ថ្ងៃ ពីការលក់​ទឹក ​និង​អាហារបន្តិច​បន្តួចឲ្យ​ភ្ញៀវ​ទេសចរណ៍​ដែល​អ្នក​ស្រីហៅ​ថា «មិត្ត​ភក្តិ»។ អ្នក​ស្រី​និយាយ​ថា ជួន​កាលអ្នក​ស្រី​លក់របស់​របរ​បានចំនួន​១០​ ជួន​កាល​បាន​៦។​ មាន​មនុស្សច្រើន​ណាស់​ ប៉ុន្តែ​ ជួន​កាល ​ពួក​គេ​មិន​ទិញ​អ្វី​ទាំង​អស់។

អ្នក​ស្រី​ ទុយមីយ៉ែម មាន​រាង​តូច​ស្គម​ និង​មាន​ស្បែក​ជ្រីវជ្រួញ។ ដូច​មនុស្ស​ភាគ​ច្រើន​ដែល​ធ្លាប់​រស់​នៅ​ទី​នោះ អ្នក​ស្រី​បាន​ចូល​ទៅ​ជ្រក​កោននៅ​ក្នុង​ជម្រក​បណ្តោះ​អាសន្ន​មួយ ហើយ​ទទួល​បាន​ជំនួយ​ម្ហូប​អាហារ​ពី​អង្គការ​ និង​ក្រុម​ហ៊ុន​ផ្តល់​ជំនួយ​ ដែល​ផ្តល់​អំណោយ​ទាន។ ឧទាហរណ៍ ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​របស់​ក្រុម​ហ៊ុន​បារី សំប៉ូណា (Sampoerna) បាន​ជួយ​ប្រមូល ​និង​ចែក​ចាយ​សម្ភារៈ​ផ្គត់​ផ្គង់ទៅ​ឲ្យ​ប្រជា​ពល​រដ្ឋ​ប្រមាណ​ជាង​៤៥០​នាក់ នៅ​ឯ​ជម្រក​បណ្តោះអាសន្ន​ សារីហាហ្សូ (Sariharjo) នៅ​ក្នុង​ស្រុក​ ស្លេមែន (Slemen) ដែល​ជា​ស្រុក​មួយ​ទទួល​រង​ការ​ប៉ះ​ទង្គិច​ខ្លាំង​ជាង​គេ​បំផុត​ពី​ការ​ផ្ទុះ​ភ្នំ​ភ្លើង​ មេរ៉ាពី។

អ្នក​ស្រី​ ទុយមីយ៉ែម​ និយាយថា អ្នកស្រី​រំពឹង​ថា នឹង​ស្នាក់​នៅ​ក្នុង​ជម្រក​បណ្តោះ​អាសន្ន​នេះ​រយៈ​ពេល​មួយ​ឆ្នាំ ខណៈ​ពេល​ដែល​អ្នក​ស្រីរក​លុយ​ដើម្បី​សាង​សង់​ផ្ទះ​របស់​អ្នក​ស្រី​ឡើងវិញ។

ស្មៅពណ៌​បៃតង និង​ដើម​ចេក​តូចៗ​ បាន​ដុះ​ចេញពី​គំនរ​ផេះផង់។ ទោះ​ជា​យ៉ាង​នេះ​ក្តី តំបន់​ដែល​ត្រូវ​ឆ្លង​កាត់​ទៅចំណុច​យក​ប្រាក់​ ភាគ​ច្រើន​នៅ​មាន​ពណ៌​ប្រ​ផេះ​នៅ​ឡើយ។ ដើម​ឈើទាំង​ឡាយ​បន្លឺ​សម្លេង​ក្រេត​ក្រត​ ហើយ​គ្រឹះ​ផ្ទះ​បាន​ក្លាយ​ទៅ​ជា​ចំណុច​តូចៗ​នៅ​លើ​ផ្ទៃ​ដី។ ទោ​ចក្រ​យាន​យន្តច្រែះ​ចាប់​មួយ​ខ្សែ​តម្រៀប​គ្នា​នៅ​តាម​ចិញ្ចើម​ផ្លូវ។​ នៅ​ក្បែរ​នោះ ឡានដឹក​អ្នក​ដំណើរ​មួយ​បាន​បើក​បរ​គើមៗ​ពី​លើ​គំនរ​កម្ទេចភ្នំ​ភ្លើង គឺ​ដូច​ជា​ប្រដាប់​ក្មេងលេង​ដែល​ត្រូវ​បាន​ទម្លាក់​ចោល​ដោយ​គ្មាន​របៀប​រៀប​រយ។

រូបភាព​ទាំង​នេះ​គឺ​ពិត​ជា​អ្វី​ដែលអ្នក​ស្រី​ អ៊ូវ៉ាទុន (Uswatun) ដែល​ជា​មេ​ផ្ទះ​មួយ​រូប​មក​ពី​ទី​ក្រុង​ម៉ាហ្កេឡាំង (Magelang) បាន​មើល​ឃើញ។ អ្នក​ស្រី​និយាយ​ថា ពួក​គេ​ចង់​ដឹង​ថា ទេស​ភាព​ពណ៌​បៃ​តង​ វិល​ត្រឡប់មក​វិញ​រួច​ហើយ​ឬ​នៅ។ ទោះ​បី​ជា​អ្នក​មក​ទស្សនា​អាច​ជួប​តែ​ជា​មួយជន​រង​គ្រោះក៏​ដោយ​ ក៏​ពួក​គេ​អាច​ចែក​រំលែក​អារម្មណ៍​ និង​ភាព​សោក​សៅ​របស់​ពួក​គេផង​ដែរ។

អ្នក​ស្រី អ៊ូវ៉ាទុន​ និយាយ​ថា ​ទេសចរ​មក​ទី​នេះមិន​គ្រាន់​តែ​ដើម្បីមើល​ជុំវិញ​នោះ​ទេ ប៉ុន្តែ​ដើម្បី​ទទួល​បាន​នូវ​ភស្តុ​តាងចំពោះ​អ្វី​ដែល​ពួក​គេ​បាន​ឮ ឬ​បាន​ឃើញ​នៅ​តាម​កញ្ចក់​ទូរ​ទស្សន៍។ ពួក​គេ​ចង់​ដឹង​ថា តើ​វា​មាន​លក្ខ​ណៈ​យ៉ាង​ម៉េចក្នុង​ការ​រត់​ភៀស​ខ្លួន​ទាំង​កណ្តាល​យប់។

ឧស្ម័ន​ និង​ផេះក្តៅៗ​ ដែល​បក់​ផាត់ចុះ​ពី​កំពូល​ភ្នំ​ មេរ៉ាពី នៅ​ក្នុង​ខែ​ តុលា ​និង​ខែ ​វិច្ឆិកា បាន​សម្លាប់ប្រជា​ពល​រដ្ឋជាង​៣០០​នាក់​ និង​បាន​បង្ខំ​ប្រជា​ពល​រដ្ឋ​ប្រមាណ​៤​សែន​នាក់​ឲ្យ​ចាក​ចេញ​ពី​ផ្ទះ​សម្បែងរបស់​ខ្លួន។ វា​គឺ​ជា​ការ​ផ្ទុះ​ភ្នំ​ភ្លើង​ដ៏​ធ្ងន់​ធ្ងរបំផុត​មួយ​នៅ​ក្នុង​កំឡុង​ពេល​ជិត​មួយ​សត​វត្សរ៍​កន្លងមក​នេះ។

បន្ទាប់ពីមានភាពស្ងប់ស្ងាត់អស់រយៈពេលប៉ុន្មានថ្ងៃមក រដ្ឋា​ភិ​បាល​បាន​និយាយ​បន្ទាប​កម្រិត​នៃ​ការ​គម្រាម​កំហែង​ពី​ភ្នំ​មេរ៉ាពី កាល​ពី​ចុង​ខែ​មុន។ ប៉ុន្តែ​ អ្នក​ដែល​ត្រួត​ពិនិត្យ​មើល​ការផ្ទុះភ្នំ​ភ្លើង ឥឡូវ​នេះ មាន​ការ​ព្រួយ​បារម្ភ​អំពី​គ្រោះ​មហន្ត​រាយ​បន្ទាប់​បន្សំ​ផ្សេងៗ ដូច​ជា​ការ​រអិលបាក់​ផ្ទាំង​ដី និង​ទឹក​ជំនន់​ដែល​បណ្តាល​មក​ពីលំហូរនៃ​កម្អែ​ភ្នំ​ភ្លើង​ត្រជាក់​ពី​ភ្នំភ្នើង។

ការ​ភ័យ​ខ្លាចកាល​ពី​ដំបូង​អំពី​ការ​បន្ត​ផ្ទុះ​ភ្នំ​ភ្លើង​តទៅ​ទៀត​ ហាក់​ដូច​ជា​បានថម​ថយទៅ​វិញ​ហើយ។ ប៉ុន្តែ​ នៅ​ពេល​ដែល​ផ្ទៃ​មេឃ​មាន​ពពក​ខ្មៅនៅ​ក្នុង​ទី​ក្រុង​ កាលីរ៉ែង (Kaliurang) អ្នក​ទេសចរណ៍​បាន​នាំ​គ្នា​រត់​ចូល​ទៅ​ក្នុង​ឡាន​របស់ពួក​គេ​ ហើយ​ចាក​ចេញ​ពី​ភ្នំ​នេះ​យ៉ាង​លឿន៕

ប្រែសម្រួល​ដោយ ឌី ខាំបូលី