កំណត់និពន្ធ៖ លោក Scott Bywater ជាជនជាតិអូស្ត្រាលីម្នាក់មានដើមកំណើតនៅក្រុង Hobart រដ្ឋ Tasmania។ លោកបានមកដល់ប្រទេសកម្ពុជាក្នុងឆ្នាំ ២០០៨ ហើយបានធ្វើការងានៅអង្គជំនុំជម្រះវិសាមញ្ញកម្ពុជាអស់រយៈពេលបីឆ្នាំ។ បច្ចុប្បន្នលោកជាកវីនិពន្ធ និងអ្នកចម្រៀងនៅតាមបារបារាំងនានាក្នុងរាជធានីភ្នំពេញ។ ការចំណាយពេលជាច្រើនឆ្នាំនៅកម្ពុជាជាកត្តាមួយដែលជំរុញចិត្តលោកឲ្យសរសេរកំណាព្យជាច្រើនពណ៌នាពីទិដ្ឋភាពប្រចាំថ្ងៃផ្សេងៗ ក្នុងរាជធានីភ្នំពេញ។
Your browser doesn’t support HTML5
VOA៖ សួស្តី! លោក Bywater។ សូមអរគុណចំពោះការនិយាយជាមួយ VOA។
Scott៖ សួស្តីបាទ! មិនអីទេ។ ខ្ញុំមានអារម្មណ៍សប្បាយរីករាយណាស់ក្នុងការមកទីនេះ។
VOA៖ អញ្ចឹងខ្ញុំសូមចាប់ផ្តើមជាមួយនឹងសៀវភៅកំណាព្យក្រោមចំណងជើងថា «Upon Walking»។ តើលោកអាចប្រាប់យើងបានទេថាតើសៀវភៅនេះជាសៀវភៅកំណាព្យភាគទីប៉ុន្មានហើយ ហើយលោកបានចំណាយពេលប៉ុន្មានដែរក្នុងការសរសេរវា?
Scott៖ សៀវភៅកំណាព្យនេះជាសៀវភៅកំណាព្យភាគទី៦នៃកម្រងសៀវភៅកំណាព្យជាបន្តបន្ទាប់របស់ខ្ញុំ។ កំណាព្យនៅក្នុងសៀវភៅនេះគឺ ត្រូវបានសរសេរជាលំដាប់លំដោយ។ ដូច្នេះ រាល់ពេលដែលខ្ញុំសរសេររួច ខ្ញុំបង្ហោះកំណាព្យចូលទៅក្នុងប្លុករបស់ខ្ញុំ។ ហើយបន្ទាប់ពីអស់រយៈពេលមួយរយៈមក ខ្ញុំសម្រេចចិត្តថា វាជាពេលវេលាសាកសមនៅក្នុងការបោះពុម្ពកំណាព្យទាំងនោះចេញហើយចងក្រងជាសៀវភៅឡើង។ ដូច្នេះសៀវភៅ «Upon Walking» ត្រូវបានចាប់ផ្តើមកាលពីខែមេសាឆ្នាំទៅ ហើយសៀវភៅនេះមានកំណាព្យដែលខ្ញុំបានសរសេរចាប់ពីខែមេសារហូតដល់ខែធ្នូ។
VOA៖ តើសារសំខាន់នៅក្នុងសៀវភៅកំណាព្យនេះគឺអ្វីទៅ?
Scott៖ ខ្ញុំគិតថាកំណាព្យរបស់ខ្ញុំគឺ ព្យាយាមជំរុញឲ្យមនុស្សទូទៅគិតអំពីជីវិតរបស់ពួកគេនៅក្នុងរបៀបផ្សេងៗគ្នា។ អ្នកមិនចាំបាច់ត្រូវតែគិតពីអ្វីដែលមានតែនៅចំពោះមុខប៉ុណ្ណោះទេ ប៉ុន្តែអ្នកអាចគិតពីអ្វីដែលខុសប្លែកពីនេះបន្តិចទៀត។ ខ្ញុំគិតថាកំណាព្យរបស់ខ្ញុំគឺ សរសេរអំពីជនបរទេសដែលមករស់នៅក្នុងក្រុងភ្នំពេញ។ ពេលខ្លះ កំណាព្យទាំងនោះធ្វើឲ្យពួកគេគិតពីអ្វីដែលពួកគេកំពុងធ្វើនៅទីក្រុងនេះ និងហេតុផលនៅពីក្រោយវា។ កំណាព្យរបស់ខ្ញុំធ្វើឲ្យពួកគេគិតត្រិះរិះពីរឿងរ៉ាវកើតមានឡើងកាលពីអតីតកាលផងដែរ ស្របពេលដែលយើងទាំងអស់គ្នាកំពុងតែរស់នៅក្នុងបច្ចុប្បន្នកាល។ តែយើងក៏ត្រូវតែមានភាពសប្បាយរីករាយជាមួយអ្វីៗតូចតាចនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃដូចជា កាហ្វេមួយពែងតូច ឬផ្កាដ៏ស្រស់ស្អាតមួយទងផងដែរ។
VOA៖ តើលោកទទួលបានការជំរុញអារម្មណ៍ឬគំនិតនៅក្នុងការសរសេរសៀវភៅកំណាព្យពីណាដែរ?
Scott៖ ខ្ញុំទទួលបានការជំរុញនោះពីអ្វីៗទាំងអស់ជុំវិញខ្ញុំ។ ខ្ញុំវិលត្រឡប់មកសរសេរកំណាព្យវិញប្រហែល៨ឆ្នាំមុន។ ហើយខ្ញុំទទួលបានការជំរុញចិត្តពីអ្វីៗទាំងអស់ ក៏ដូចជាអ្នកនៅជុំវិញខ្លួនខ្ញុំ។ វាជាការលំបាកមួយនៅក្នុងការកំណត់ឲ្យបាននូវ ការជំរុញចិត្តជាក់លាក់ណាមួយ។តែពិតណាស់ ខ្ញុំគិតថា ទីក្រុងភ្នំពេញក៏ជាកត្តាជំរុញចិត្តដ៏អស្ចារ្យមួយផងដែរ។
VOA៖ ប្រសិនបើអ្នកអានត្រូវទទួលបានមេរៀនជីវិតមួយអំពីសៀវភៅនោះ តើវាជាអ្វីដែរទៅ?
Scott៖ មេរៀននោះគឺថា ជីវិតគឺពោរពេញទៅដោយរឿងល្អ និងរឿងសោកសៅ។ គ្មានអ្វីត្រូវតែឋិតថេរនៅក្នុងសភាពដែលយើងឃើញវានោះទេ។ អ្វីៗទាំងអស់អាចត្រូវមើលឃើញតាមរបៀបផ្សេងៗគ្នា។ កំណាព្យមួយចំនួនរបស់ខ្ញុំគឺនិយាយពីស្រ្តីម្នាក់ ដែលជាមិត្តរបស់ខ្ញុំ ហើយគាត់បានស្លាប់នៅក្នុងខែមីនាឆ្នាំទៅ។ គាត់ជា អ្នកចម្រៀងដ៏អស្ចារ្យគឺអ្នកស្រី កាក់ ចន្ធី។ ដូច្នេះផ្នែកចុងក្រោយនៃសៀវភៅនេះគឺមានកំណាព្យមួយចំនួនអំពីការស្លាប់ដ៏ឆាប់រហ័សគួរមិននឹកស្មានដល់របស់អ្នកស្រី។ គាត់ជាមិត្តដ៏ល្អរបស់ខ្ញុំ។ ហើយការណ៍មិនមានគាត់តទៅទៀត ជាចន្លោះប្រហោងមួយ។ ដូច្នេះ វាជារឿងគួរឲ្យសោកសៅ ប៉ុន្តែក៏មានរឿងសប្បាយរីករាយផងដែរនៅពេលដែលគាត់នៅរស់ ហើយគាត់បានធ្វើអ្វីដែលគាត់ចង់ធ្វើ។
VOA៖ និយាយអញ្ចឹង លោកក៏បានចុះផ្សាយសៀវភៅដោយឡែកមួយពីកម្រងសៀវភៅកំណាព្យរបស់លោកក្រោមឈ្មោះជាភាសាអង់គ្លេសថា «Some of the many rains of Cambodia» ដែលប្រែជាភាសាខ្មែរថា «ភ្លៀងធ្លាក់មួយចំនួននៅកម្ពុជា»។ តើលោកអាចជម្រាបបានទេថា សៀវភៅនោះនិយាយពីអ្វីដែរ ហើយហេតុអ្វីបានជាវាខុសពីកម្រងសៀវភៅកំណាព្យដទៃទៀត?
Scott៖ សៀវភៅ «ភ្លៀងធ្លាក់មួយចំនួននៅកម្ពុជា» គឺ ជាសៀវភៅកំណាព្យបែបរៀបរាប់មួយខុសពីកំណាព្យដទៃទៀត។ ជាទូទៅខ្ញុំចេះតែធ្វើអ្វីជាបន្តបន្ទាប់តាមពេលវេលា និងប្រធានបទផ្សេងៗពីគ្នា។ ប៉ុន្តែពេលនេះ ខ្ញុំសម្រេចថា ខ្ញុំនឹងផ្តោតទៅលើប្រធានបទតែមួយប៉ុណ្ណោះ។ ហើយដូចដែលចំណងជើងបានបង្ហាញអញ្ចឹង វាជាកំណាព្យផ្សេងៗដែលខ្ញុំបានសរសេរអស់រយៈពេលជាងប្រាំបីឆ្នាំមកនេះគឺអំពីកម្ពុជា ឬភ្លៀងធ្លាក់នៅកម្ពុជា បើនិយាយឲ្យចំទៅ។ ភ្លៀងធ្លាក់គឺមានគ្រប់ពេលនៅក្នុងកំណាព្យរបស់ខ្ញុំ។ មិនការរៀបរាប់សំដៅជាច្រើនទៅលើទឹក ជាពិសេសទឹកភ្លៀងតែម្តង។ ខ្ញុំធ្លាប់មានអារម្មណ៍មិនសូវល្អជាមួយនឹងភ្លៀងធ្លាក់។ ប៉ុន្តែឥឡូវនេះនៅពេលដែលភ្លៀងរាំងម្តងៗ ខ្ញុំតែងតែនឹកស្រណោះ នៅពេលដែលវាត្រជាក់។ ហើយខ្ញុំក៏ចូលចិត្តដែរ នៅពេលដែលវាក្តៅ ហើយមានភ្លៀងធ្លាក់បន្ទាប់មក។ វាផ្តល់ជាការសម្រួលអារម្មណ៍មួយនៅពេលដែលភ្លៀងធ្លាក់មក។ ដូច្នេះ ខ្ញុំគិតថា វាជាការល្អមួយនៅក្នុងការសរសេរពីភ្លៀងធ្លាក់។ ហើយអ្វីដែលជា ការជំរុញចិត្តខ្ញុំឲ្យសរសេរនោះផងដែរគឺ ដើម្បីរៃអង្គាសប្រាក់ខ្លះៗឲ្យគ្រួសាររបស់អ្នកស្រីកាក់ ចន្ធី។ ដូច្នេះប្រាក់ដែលបានពីការលក់សៀវភៅនេះនឹងត្រូវផ្តល់ឲ្យក្រុមគ្រួសាររបស់អ្នកស្រី។
VOA៖ តើលោកធ្លាប់បានទទួលការផ្តល់មតិយោបល់រិះគន់អ្វីខ្លះទេចំពោះសៀវភៅរបស់លោក?
Scott៖ មានមនុស្សជាច្រើនចូលចិត្តអ្វីដែលខ្ញុំធ្វើ។ ពាក់ព័ន្ធនឹងជាមួយកំណាព្យគឺជាទូទៅ អ្នកអានសរសើរ ឬក៏មិននិយាយអ្វីទាល់តែសោះ។ មនុស្សមួយចំនួនមិនចូលចិត្តកំណាព្យ ឬមិនអានកំណាព្យ។ ដោយសារតែខ្ញុំមិនមែនជាកវីនិពន្ធអាជីពទេ ខ្ញុំមិនស្រាវជ្រាវលម្អិតពីកវីកំណាព្យដទៃទៀតទេ។ តែខ្ញុំអានស្នាដៃរបស់កវីដទៃទៀត។ ខ្ញុំមិនព្យាយាមធ្វើជាអ្នករិះគន់ទេ។ ខ្ញុំគ្រាន់តែសរសេរប៉ុណ្ណោះ។ ខ្ញុំគិតថា អ្វីដែលគួរឲ្យទាក់ទាញសម្រាប់ខ្ញុំគឺ ភាគច្រើននៃអ្នកអានសៀវភៅកំណាព្យរបស់ខ្ញុំជា ជនបរទេសដែលមករស់នៅកម្ពុជា។ ដូច្នេះ ខ្ញុំគិតថា ខ្ញុំគួរតែសរសេរជាភាសាអង់គ្លេស។ ហើយសម្រាប់ជនបរទេសទាំងនោះ ពួកគេរស់នៅក្នុងទីក្រុង ប៉ុន្តែមានឱកាសតិចតួចដែលពួកគេអាចអានពីគំនិត ការយល់ឃើញផ្សេងៗអំពីពួកគេ។ ពួកគេនឹងរអ៊ូរទាំពីអាកាសធាតុ ឬចរាចរណ៍ ឬមានការសន្ទនាអំពីអ្វីម្យ៉ាង។ ប៉ុន្តែពួកគេមិនសូវសង្កេតមើលអ្វីៗជាច្រើនដែលកំពុងតែកើតមានជុំវិញពួកគេនោះទេ។ ដូច្នេះជាទូទៅ អ្នកអានកំណាព្យខ្ញុំអាចត្រឹមនិយាយថា «អូ! ខ្ញុំដឹងថា អ្នកកំពុងតែនិយាយអំពីក្លិនផ្លែក្រូចនៅលើផ្លូវលេខ ១៩ ឬខ្ញុំដឹងថា អ្នកកំពុងនិយាយអំពីភ្លៀងធ្លាក់នៅម៉ោងណាមួយនៅពេលរសៀល»។ អ្នកដែលចូលចិត្តកំណាព្យរបស់ខ្ញុំពិតជាចូលចិត្តវាខ្លាំងណាស់។
VOA៖ អញ្ចឹងតើលោកមានគម្រោងនឹងចុះផ្សាយសៀវភៅកំណាព្យមួយទៀតនៅក្នុងពេលឆាប់ៗនេះដែរឬទេ? បើមាន តើលោកអាចបង្ហើបឲ្យដឹងខ្លះៗបានទេ?
Scott៖ បាទដូចខ្ញុំជម្រាបអញ្ចឹង ខ្ញុំសរសេរ ហើយបន្ទាប់មកខ្ញុំបានបង្ហោះក្នុងប្លុកខ្ញុំភ្លាមៗ។ ពេលខ្លះអាចមានពីរកំណាព្យក្នុងមួយថ្ងៃ ឬពេលខ្លះត្រូវការពេលមួយខែ ឬប្រាំមួយសប្តាហ៍អំពីការតាក់តែងកំណាព្យមួយទៅកំណាព្យមួយទៀត។ ទាំងអស់នេះគឺអាស្រ័យទៅលើស្ថានភាពរបស់ខ្ញុំ ឬថាតើខ្ញុំមានការជំរុញចិត្តប៉ុណ្ណា។ ជាទូទៅ រាល់ប្រាំបួនខែម្តង ជាពេលដែលខ្ញុំត្រូវបញ្ចេញសៀវភៅថ្មី។ ប្រាំមួយខែគឺឆាប់ពេក មួយឆ្នាំគឺយឺតពេក។ យើងខ្ញុំចាប់ផ្តើមមានអារម្មណ៍ថា «អូ! នេះដល់ពេលហើយ។ ខ្ញុំមានអារម្មណ៍ថា មានអ្វីមួយផ្លាស់ប្តូរគ្រប់គ្រាន់ដែលប្រធានបទមួយបង្ហាញនិយមន័យគ្រប់គ្រាន់នៅក្នុងស្នាដៃរបស់ខ្ញុំ។ ហើយខ្ញុំដឹងថា ខ្ញុំត្រៀមខ្លួនរួចរាល់សម្រាប់អ្វីថ្មីមួយ។ ខ្ញុំរំពឹងថា នឹងចេញសៀវភៅថ្មីមួយនៅចុងឆ្នាំនេះ។ ប៉ុន្តែ ខ្ញុំមានគំនិតផ្សេងទៀតផងដែរក្រៅពីការសរសេរសៀវភៅ។
VOA៖ លោកជាសិល្បករម្នាក់។ តើមនុស្សទូទៅអាចទាញយកនិយមន័យផ្សេងៗពីស្នាដៃសិល្បៈយ៉ាងដូចម្តេច? ហើយក្នុងករណីនេះគឺ កំណាព្យ និងបទចម្រៀងរបស់លោក។
Scott៖ ខ្ញុំគិតថា ជាសិល្បករម្នាក់ អ្នកមានការប្តេជ្ញានៅក្នុងការទៅកាន់កន្លែងផ្សេងៗដែលមនុស្សដទៃទៀតមិនសូវគិតអំពី។ ឬប្រសិនបើពួកគេមិនគិតពីវា ប៉ុន្តែមិនមានវិធីណាមួយក្នុងការរៀបរាប់ពីកន្លែងនោះ។ ខ្ញុំប្រហែលជាមានគំនិតមួយសម្រាប់ការគូររូប ប៉ុន្តែខ្ញុំមិនអាចគូរបានឡើយ។ មនុស្សមួយចំនួនមិនអាចរៀបរាប់ជាពាក្យពេចន៍បានឡើយ។ ខ្ញុំមានទេពកោសល្យនៅក្នុងការរៀបរាប់ជាពាក្យពេចន៍។ ជាថ្មីម្តងទៀត ដោយមិនចង់និយាយរៀបរាប់លម្អិតច្រើន នៅពេលដែលចន្ធីស្លាប់ មានកំណាព្យជាក់លាក់មួយ ដែលខ្ញុំបានសរសេរនៅថ្ងៃបន្ទាប់នៅពេលដែលមិត្តភក្តិរបស់ខ្ញុំមួយចំនួនមានការរន្ធត់ចិត្ត និងសោកសៅអំពីរឿងនេះ។ ហើយមនុស្សមួយចំនួនបាននិយាយមកកាន់ខ្ញុំនៅប៉ុន្មានថ្ងៃបន្ទាប់ថា «ខ្ញុំបានឃើញកំណាព្យមួយនេះក្រោមចំណងជើងថា «ខ្ញុំសង្ឃឹមថា អ្នកនឹងត្រឡប់មកវិញជាដើមឈើ»។ កំណាព្យនោះហាក់ដូចជា ជួយឲ្យពួកគេរំងាប់នូវភាពខឹងសម្បារក្នុងចិត្ត ហើយទទួលស្គាល់ថា រឿងហេតុអកុសលដូចនេះអាចកើតឡើង។ ដោយសារកវីកំណាព្យមិនខ្លាចនៅក្នុងការរៀបរាប់ពីការពិត ហើយពួកគេនិយាយ ឬសរសេរពីអ្វីដែលពួកគេបានឃើញ។ មនុស្សមួយចំនួននឹងនិយាយថា «ខ្ញុំមិនចង់គិតពីវាទេ។ ខ្ញុំមិនចង់ទៅទីនោះទេ។ ប៉ុន្តែកំណាព្យនឹងជួយឲ្យពួកគេបើកទូលាយក្នុងការគិតអំពីសភាពនៃអ្វីមួយនៅក្នុងករណីមានការស្លាប់។ មនុស្សទូទៅមានអារម្មណ៍របស់ពួកគេ។ ពួកគេចង់បានកំណាព្យមួយបែបដែលអាចជួយពួកគេទប់ទល់នឹងភាពសោកសៅបាន។
VOA៖ តើលោកមានអ្វីចង់បន្ថែមទេ?
Scott៖ អ្វីដែលខ្ញុំចូលចិត្តខ្លាំង ហើយវាកំពុងតែកើតមានបន្តិចម្តងៗ ខ្ញុំសង្ឃឹមថា ខ្ញុំអាចឈោងចាប់អារម្មណ៍អ្នកអានជាជនជាតិកម្ពុជាជាមួយនឹងកំណាព្យរបស់ខ្ញុំ។ ខ្ញុំមិនអាចនិយាយសរសេរ ឬយល់ភាសាខ្មែរទេ គ្រាន់តែចេះតិចតួចតែប៉ុណ្ណោះ ហើយភាគច្រើននៃស្នាដៃសរសេររបស់ខ្ញុំគឺជា ភាសាអង់គ្លេស។ ខ្ញុំក៏សង្ឃឹមថា ខ្ញុំអាចជំរុញចិត្តឲ្យជនវ័យក្មេង ឬមនុស្សវ័យចំណាស់ឲ្យសរសេរកំណាព្យ និងស្វែងរកគំនិតផ្ទាល់ខ្លួនរបស់ពួកគេ ឬក៏សរសេរសៀវភៅមួយក្បាល។
VOA៖ សូមអរគុណច្រើនលោកសម្រាប់ការចំណាយពេលនិយាយជាមួយVOA។
Scott៖ បាទ សូមអរគុណច្រើន៕