សហរដ្ឋអាមេរិកមិនមានសុវត្ថិភាពជាងមុននោះទេ បន្ទាប់ពីខ្លួនបានដកកងទ័ពចេញពីប្រទេសអាហ្វហ្គានីស្ថាន ហើយការតាំងចិត្តរបស់លោកអតីតប្រធានាធិបតី Donald Trump និងការតាំងចិត្តរបស់លោកប្រធានាធិបតី Joe Biden នៅក្នុងការដកកងទ័ពទាំងអស់របស់សហរដ្ឋអាមេរិកចេញពីអាហ្វហ្គានីស្ថានបានបណ្ដាលឱ្យរដ្ឋាភិបាលអាហ្វហ្គានីស្ថានដួលរលំ។ នេះបើយោងតាមការបញ្ជាក់របស់មេបញ្ជាការកងទ័ពសហរដ្ឋអាមេរិកចុងក្រោយបង្អស់ពីររូបដែលមើលការខុសត្រូវលើវត្តមានរបស់យោធាអាមេរិកនៅក្នុងប្រទេសអាហ្វហ្គានីស្ថាននិងនៅតំបន់មជ្ឈិមបូព៌ា។
លោកនាយឧត្តមសេនីយ៍ចូលនិវត្តន៍ Frank McKenzie ដែលធ្លាប់ធ្វើជាមេបញ្ជាការនៃបញ្ជាការដ្ឋានសហរដ្ឋអាមេរិកទទួកបន្ទុកកិច្ចការតំបន់មជ្ឈិមបូព៌ានិងអាស៊ីកណ្ដាល (CENTCOM) ពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២២ និងលោកនាយឧត្តមសេនីយ៍ចូលនិវត្តន៍ Joseph Votel ដែលធ្លាប់ធ្វើជាមេបញ្ជាការនៃបញ្ជាការដ្ឋានសហរដ្ឋអាមេរិកនេះពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០១៩ បានបញ្ជាក់ប្រាប់ VOA កាលពីថ្ងៃចន្ទអំពីសង្គ្រាមជិត ២០ ឆ្នាំរបស់សហរដ្ឋអាមេរិកនិងអង្គការអូតង់ (NATO) នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។
លោក McKenzie ដែលបានស្នើប្រធានាធិបតីស.រ.អ.ឱ្យរក្សាទុកទាហានស.រ.អ.តិចបំផុត២ពាន់៥រយនាក់ក្នុងប្រទេសអាហ្វហ្គានីស្ថាននោះ បាននិយាយប្រាប់វីអូអេថា«ខ្ញុំមិនជឿថាយើងមានសុវត្ថិភាពជាងមុនទេដោយសារការដកថយរបស់យើងចេញពីអាហ្វហ្គានីស្ថាន»។
លោក Votel បានបន្ថែមថា«មានរឿងជាច្រើនដែលយើងមិនដឹងអំពីអង្គការភេរវជនដែលនៅសេសសល់ក្នុងប្រទេសអាហ្វហ្គានីស្ថាន។ ខ្ញុំមិនជឿថាយើងមានស្ថិរភាពឬមានសុវត្ថិភាពជាងមុនទេ។ ខ្ញុំយល់ថាអាហ្វហ្គានីស្ថានមានអស្ថិរភាពជាងមុន ហើយជាលទ្ធផលតំបន់នោះមានអស្ថិរភាពជាងមុន»។
លោក McKenzie បាននិយាយច្រើនដងហើយថាការស៊ើបការសម្ងាត់របស់ស.រ.អ.ក្នុងប្រទេសអាហ្វហ្គានីស្ថានបានកាត់បន្ថយមកនៅតែបន្តិចបន្តួចប៉ុណ្ណោះ បើប្រៀបធៀបជាមួយ កាលមុនការដកទ័ព។ លោក Votel បាននិយាយប្រាប់វីអូអេថាពិតមែនតែការវាយប្រហាររបស់ស.រ.អ.កាលពីពេលថ្មីៗនេះប្រឆាំងនឹងមេដឹកនាំ al-Qaida ឈ្មោះ Ayman al-Zawahri បង្ហាញថាស.រ.អ.បានរក្សាទុកសមត្ថភាពខាងស៊ើបការសម្ងាត់ខ្លះៗមែន ប៉ុន្តែការវាយប្រហារក្នុងខែនេះជាការវាយប្រហារលើកទីមួយបែបនេះតាំងពីស.រ.អ.បានចាកចេញពីអាហ្វហ្គានីស្ថានកាលពីឆ្នាំទៅមិញ ដូច្នេះវាលាតត្រដាងឱ្យឃើញថាស.រ.អ.នៅមានកិច្ចការជាច្រើនថែមទៀត ដែលត្រូវធ្វើ។
លោកឧត្តមសេនីយទាំងពីរនាក់នេះថ្លែងថាសេចក្តីសម្រេចដកទ័ពស.រ.អ.ទាំងអស់ចេញពីអាហ្វហ្គានីស្ថានបានបណ្តាលឱ្យក្រុងកាប៊ុលរលំ ហើយជាការសម្រេចក្នុងតំណែងប្រធានាធិបតីពីរនាក់។ ប្រធានាធិបតីបម្រើការជាអគ្គមេបញ្ជាការកំពូលនៃកងយោធពលនៅពេលលោកកាន់តំណែង ហើយនាយទាហានជាន់ខ្ពស់ផ្តល់ជម្រើសឱ្យពួកមេដឹកនាំស៊ីវិលរបស់ពួកគេហើយអនុវត្តសេចក្តីសម្រេចរបស់មេដឹកនាំស៊ីវិលទាំងនោះ។
លោក Biden បានការពារសេចក្តីសម្រេចរបស់លោកថា«ត្រូវបានធ្វើឡើងដើម្បីជួយជីវិតអាមេរិកាំង»។ លោកបានមានប្រសាសន៍នៅថ្ងៃចុងក្រោយបង្អស់នៃការដកទ័ពកាលពីឆ្នាំទៅថាលោក«មិនបន្តសង្គ្រាមដែលគ្មានទីបញ្ចប់នេះទេ»ហើយលោកមិន
ពន្យារពេលនៃការចាកចេញពីប្រទេសអាហ្វហ្គានីស្ថានទេ។
តែលោក Votel បាននិយាយប្រាប់វីអូអេថាលោកបារម្ភថា សម្តីនយោបាយអំពី«សង្គ្រាមគ្មានទីបញ្ចប់ » នាំឱ្យមើលមិនឃើញការធ្វើសេចក្តីសម្រេចដ៏ឈ្លាសវៃនិងមានភាពយុទ្ធសាស្ត្រ»នៅក្នុងរដ្ឋធានី Washington។
លោក Votel បានថ្លែងប្រាប់វីអូអេថា«ខ្ញុំមិនជឿគំនិតដែលថាយើងត្រូវតែដកថយទាហានទាំងអស់ចេញពីអាហ្វហ្គានីស្ថានទេ»ដោយលោកបានហៅវត្តមានយោធាស.រ.អ.និងអូតង់ក្នុងប្រទេសអាហ្វហ្គានីស្ថានថាជា «ការធានារ៉ាប់រង»ចាំបាច់មួយដើម្បីឱ្យប្រាកដថាស.រ.អ.អាច«គាំទ្រជនជាតិអាហ្វហ្គានីស្ថាន»និង«បន្តថែរក្សាផលប្រយោជន៍ជាតិរបស់យើងដែលមាននៅក្នុងប្រទេសនោះ»។
លោក McKenzie បានពោលថា«អ្វីដែលយើងចង់បានគឺដំណោះស្រាយថ្លៃថ្នូរមួយដែលមិនបានធ្វើឱ្យសម្រេច។ យើងមិនចង់ឱ្យមានទ័ព ប៉ុន្តែចង់រក្សាទុកអ្នកការទូតមួយក្រុមតូចក្នុងអាហ្វហ្កានីស្ថានដែលត្រូវមានការកាពារ»។
ពួកអ្នកការទូតអាមេរិកាំត្រូវបានជម្លៀសពីស្ថានទូតតាមឧទ្ធម្ភាគចក្រ ដែលជាទិដ្ឋភាពមួយមនុស្សជាច្រើនប្រៀបធៀបជាមួយការជម្លៀសរបស់ស.រ.អ.ចេញពីក្រុងព្រៃនគរ
ប្រទេសវៀតណាមកាលពីឆ្នាំ១៩៧៥។ ស.រ.អ.ហាក់ដូចជាមានការភ្ញាក់ផ្អើលនៅពេលពួកតាលីបង់វាយយកបានក្រុងកាប៊ុល ដែលនាំឱ្យជនជាតិអាហ្វហ្គានីស្ថានដែលអស់សង្ឃឹមតោងយន្តហោះអាមេរិកាំងជម្លៀសមនុស្សនៅមុនស.រ.អ.អាចធ្វើឱ្យអាកាសយានដ្ឋានក្រុងកាប៊ុលមានសន្តិសុខ។
លោក McKenzie បានបង្ហាញថាកិច្ចព្រមព្រៀងក្រុង Doha ដែលត្រូវបានចរចារវាងស.រ.អ.និងពួកតាលីបង់នៅក្នុងរយៈពេលរដ្ឋបាលលោក Trump ថាជា«យន្តការបរាជ័យ»សម្រាប់យុទ្ធនាការយោធានិងជា«បទពិសេសោធន៍ធ្វើឱ្យបាក់មុខ»ដល់រដ្ឋាភិបាលអាហ្វហ្គានីស្ថានផងដែរ។
លោក Votel បានបន្ថែមថា ប៉ុន្តែរដ្ឋាភិបាលអាហ្វហ្គានីស្ថានក៏ត្រូវបន្ទោសដែរពីអសមត្ថភាពរបស់ខ្លួនក្នុងការបញ្ឈប់អំពើពុករលួយនិងការរារែកក្នុងការបញ្ចប់សង្គ្រាមតាមរយៈដំណោះស្រាយនយោបាយ នៅពេលដែលលោក Trump និងលោក Biden បានសម្រចចិត្តដកទ័ពអាមេរិកាំងចេញពីអាហ្វហ្គានីស្ថាន។
លោក Biden បានមានប្រសាសន៍ថាកិច្ចចរចាដែលរដ្ឋបាលលោក Trump បានធ្វើជាមួយពួកតាលីបង់ បានធ្វើឱ្យលោកមានជម្រើសតែពីរ គឺចាកចេញពីអាហ្វហ្គានីស្ថានឬមួយក៏បង្កើនសង្គ្រាមនេះដោយ«បញ្ជូនទ័ពរាប់ម៉ឺននាក់ថែមទៀតឱ្យទៅធ្វើសង្គ្រាម»៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ