ក្រុមមន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសកម្ពុជានិងក្រសួងការបរទេសវៀតណាមបានជួបប្រជុំនៅក្នុងក្រុងភ្នំពេញនៅថ្ងៃនេះដើម្បីពង្រឹងកិច្ចសហការទ្វេភាគី។ ស្របពេលជាមួយគ្នានេះ កម្ពុជាវៀតណាមមានកិច្ចប្រជុំពីរផ្សេងទៀតនៅក្នុងប្រទេសវៀតណាម ដែលអ្នកឃ្លាំមើលយល់ថា កម្ពុជានៅរក្សាចំណងស្អិតល្មួតជាមួយប្រទេសវៀតណាម។
មន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសកម្ពុជានិងវៀតណាមដែលទទួលបន្ទុកកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច វប្បធម៌ ហើយនឹងផ្នែកបច្ចេកវិទ្យានិងវិទ្យាសាស្ត្របានចាប់ផ្តើមកិច្ចប្រជុំទ្វេភាគីនៅថ្ងៃអង្គារនេះក្នុងគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការនៃប្រទេសជិតខាងទាំងពីរ។
លោកកេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាមិនបានផ្តល់ព័ត៌មានលម្អិតអំពីកិច្ចប្រជុំនេះទេ។ ប៉ុន្តែលោកឆ្លើយតបវីអូអេតាមបណ្តាញទំនាក់ទំនងសង្គមថា កិច្ចប្រជុំពេញអង្គនឹងប្រព្រឹត្តទៅថ្ងៃពុធស្អែកនេះ ក្រោមការដឹកនាំប្រជុំដោយលោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសប្រាក់ សុខុន និងសមភាគីរបស់លោកគឺលោកឧបនាយករដ្ឋមន្ត្រីផាម ប៊ិញ មិញ (Pham Binh Minh)។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា កិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជាវៀតណាមនេះធ្វើឡើងជាទៀងទាត់ក្នុងគោលបំណងធ្វើបច្ចុប្បន្នភាព វឌ្ឍនភាពកិច្ចសហប្រតិបត្តិការ និងការរិះរកវិធី និងមធ្យោបាយនានាដើម្បីពង្រីកថែមទៀតនូវវិសាលភាព និងប្រសិទ្ធភាពនៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។
ស្របពេលនឹងកិច្ចប្រជុំរវាងក្រសួងការបរទេសកម្ពុជា-វៀតណាមក្នុងរាជធានីភ្នំពេញ កម្ពុជានិងវៀតណាមនឹងមានកិច្ចប្រជុំមួយទៀតនៅខេត្ត An Giang ភាគខាងត្បូងប្រទេសវៀតណាមពីថ្ងៃទី២៧ដល់២៨ខែសីហាដើម្បីជំរុញកិច្ចសហប្រតិបត្តិការ«មិត្តភាព»តាមព្រំដែន ខណៈដែលកិច្ចប្រជុំគណៈកម្មការកិច្ចការបរទេសសភាត្រីភាគីកម្ពុជា វៀតណាម ឡាវ កាលពីថ្ងៃទី១៧និង១៨ខែសីហា បានបញ្ចប់នៅខេត្ត Quang Ninh ភាគខាងជើងនៃប្រទេសវៀតណាម។
ក្នុងកិច្ចប្រជុំត្រីភាគីនេះ តំណាងប្រទេសវៀតណាមបានស្នើឲ្យកម្ពុជាផ្តល់សញ្ជាតិជាស្វ័យប្រវត្តិដល់ប្រជាពលរដ្ឋវៀតណាមដែលកំពុងរស់នៅកម្ពុជា។ ប៉ុន្តែកម្ពុជាបានច្រានចោលសំណើនេះ។ នេះបើយោងតាមលោក ឈាង វុនតំណាងរាស្ត្រ និងជាប្រធានគណៈកម្មការកិច្ចការបរទេសសភាដែលបានចូលរួមកិច្ចប្រជុំនៃប្រទេសទាំងបី។
លោកបណ្ឌិតមាស នី អ្នកវិភាគនយោបាយនិងកិច្ចអភិវឌ្ឍន៍សង្គមកត់សម្គាល់ថា ប្រទេសកម្ពុជាបានរក្សាចំណងមិត្តភាព«ម៉ឺនឆ្នាំ»ជាមួយវៀតណាម ទោះជាក្នុងកាលៈទេសៈដែលកម្ពុជាកំពុងងាកទៅរកប្រទេសចិនក៏ដោយ។
«រដ្ឋាភិបាលកម្ពុជានៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក៏បានបន្តនូវពាក្យអរគុណ ដឹងគុណវៀតណាមហ្នឹង កាន់តែច្រើនឡើងៗហើយ នៅពេលដែលដៃម្ខាងងាកទៅរកចិន ហើយដៃម្ខាងទៀត យើងបានសម្តែងពីការដឹងគុណវៀតណាមហ្នឹងណា៎។ នៅក្នុងពេលដែលយើងងាកទៅរកចិននេះ ក៏ឃើញថា វៀតណាមបានចាប់ផ្តើមជួយឧបត្តម្ភក្នុងការសាងសង់ស្តូបមិត្តភាពកម្ពុជាវៀតណាមនៅតាមខេត្ត ស្ទើរគ្រប់ខេត្តទាំងអស់នៅក្នុងប្រទេសកម្ពុជាផងដែរ។
បណ្តូរពាណិជ្ជកម្មរវាងកម្ពុជានិងវៀតណាមកាលពីឆ្នាំ២០១៨មានទំហំ៤,៨ពាន់លានដុល្លារអាមេរិក។ ប៉ុន្តែប្រទេសទាំងពីររំពឹងថា ទំហំពាណិជ្ជកម្មទ្វេភាគីនឹងកើនដល់៥ពាន់លានដុល្លារក្នុងឆ្នាំនេះ។
ប្រទេសវៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសប្រាំដែលមានទំហំវិនិយោគច្រើនជាងគេនៅកម្ពុជា។ ទឹកប្រាក់វិនិយោគពីប្រទេសវៀតណាមមានទំហំប្រមាណ៣ពាន់លានដុល្លារ។
ទេសចរវៀតណាមដែលបានមកទស្សនាប្រទេសកម្ពុជាកាលពីឆ្នាំកន្លងទៅមានចំនួន៩០ម៉ឺននាក់។
កម្ពុជានិងវៀតណាមបានចុះកិច្ចព្រមព្រៀងរួមជាច្រើន រួមមានកិច្ចព្រមព្រៀងជំរុញទំនាក់ទំនងសេដ្ឋកិច្ចរហូតដល់ឆ្នាំ២០៣០ កិច្ចព្រមព្រៀងស្តីពីការដឹកជញ្ជូនរហូតដល់ឆ្នាំ២០២៥ កិច្ចព្រមព្រៀងស្តីពីវិស័យទេសចរណ៍។
ប្រទេសទាំងពីរក៏មានគម្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែនឆ្នាំ២០១៩ផងដែរ៕