កាលពីថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២៤ នគរបាលខណ្ឌកំបូល រាជធានីភ្នំពេញបានឃាត់ខ្លួនក្រុមក្មេងដែលប្រើអំពើហិង្សាលើក្មេងស្រីម្នាក់។ ក្រុមក្មេងស្រីបង្កហិង្សាទាំងនេះបានជិះម៉ូតូគេចខ្លួនទៅដល់ចំណុចរង្វង់មូលវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោយធ្វើសកម្មភាពវាយក្មេងស្រីម្នាក់ ហើយបានបង្ហោះវីដេអូហិង្សានេះ តាមបណ្តាញសង្គមហ្វេសប៊ុក។ នេះបើយោងតាមព័ត៌មានដែលបង្ហោះនៅលើហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
ចំណែកកាលពីថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៤ នេះ យុវសិស្សមួយក្រុមនៅវិទ្យាល័យហ៊ុន សែន ប៊ុនរ៉ានីវត្តភ្នំ ត្រូវបានសមត្ថកិច្ចនាំយកទៅសាកសួរអំពីជម្លោះរវាងគ្នានិងគ្នា។ អាណាព្យាបាលជនរងគ្រោះនិងអាណាព្យាបាលជនបង្កសម្រេចមិនប្តឹងផ្តល់អ្វីឡើយ ដោយសារករណីអាណាធិបតេយ្យនៅក្នុងសាលានេះមិនបង្ករបួសសា្នមដល់រាងកាយ ហើយក្មេងបង្កនៅជាអនីតិជននៅឡើយ។ សមត្ថកិច្ចបានអនុញ្ញាតឲ្យពួកគេត្រឡប់ទៅផ្ទះវិញ ដោយមានការធានាការអប់រំពីអាណាព្យាបាល។ នេះបើយោងតាមព័ត៌មានដែលបង្ហោះនៅលើហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
ជម្លោះហិង្សារវាងសិស្សទាំងផ្លូវកាយនិងផ្លូវចិត្ត នៅតែជាបញ្ហាប្រឈមមួយដែលអាណាព្យាបាលសិស្ស និងអ្នកជំនាញលើវិស័យអប់រំបារម្ភថាអាចធ្វើឱ្យសិស្សបាត់បង់តម្លៃនៃសីលធម៌ និងប៉ះពាល់ការសិក្សារបស់សិស្ស។
យុវជន លូ សុធារិទ្ធ ជាសិស្សថ្នាក់ទី ១០ នៅវិទ្យាល័យទួលប្រាសាទសែនសុខ ប្រាប់វីអូអេថា លោកធ្លាប់ជួបប្រទះករណីហិង្សារវាងសិស្ស និងសិស្សនៅវិទ្យាល័យរបស់លោកជាច្រើនដង។ លោកថា វាបានផ្តល់ផលប៉ះពាល់ជាខ្លាំងដល់ខ្លួន និងមិត្តរួមសាលាដទៃទៀត។ សិស្សថ្នាក់ទី ១០ រូបនេះយល់ឃើញថា ការបង្កហិង្សាឬជម្លោះនៅក្នុងសាលាគឺជារឿងមិនល្អ បង្កភាពអសណ្តាប់ធ្នាប់ និងអាចបង្កជាផលប៉ះពាល់ទៅដល់អារម្មណ៍របស់សិស្សានុសិស្សដទៃទៀត។ តាមបទពិសោធន៍ដែលខ្លួនបានជួបប្រទះកន្លងមក យុវជនវ័យ ១៨ ឆ្នាំរូបនេះ លើកឡើងថា ជម្លោះ ឬហិង្សាដែលបានកើតឡើងនៅក្នុងសាលាច្រើនបង្កមកពីការឌឺដងគ្នាទៅវិញទៅមក និងការបង្កើតជាបក្សពួកនិយមជាដើម។
យុវជនរូបនេះថ្លែងថា៖ «ចំពោះទំនាស់ភាគច្រើនកើតឡើងដោយសារការឌឺដងគ្នាទៅវិញទៅមក មានដូចជាបង្កើតបក្សពួកក្រុមនៅក្នុងសាលារៀនដែលធ្វើឱ្យមានការឌឺដងគ្នា បង្កជាហិង្សា ឬក៏ប៉ះពារគ្នាដោយអចេតនាក៏អាចបង្កជាហិង្សាគ្នាទៅវិញទៅមក ព្រោះអីចំពោះសិស្សានុសិស្សខ្លះ គាត់មានជម្លោះនៅខាងក្រៅសាលា ឬក៏ផ្ទាល់ខ្លួន គាត់នៅពេលដែលមានបញ្ហាបន្តិចបន្តួច ក៏គាត់ប្រើជាកំហឹងដើម្បីមកដោះសា្រយដែលបង្កើតបានជាជម្លោះឬក៏ហិង្សា»។
សិស្សានុសិស្សមួយរូបទៀត យុវតី នឿន ស្រី កែវ ជាសិស្សថ្នាក់ទី ១១ មកពីវិទ្យាល័យជាស៊ីមឈូកវ៉ា ប្រាប់វីអូអេថា កន្លងមកនៅក្នុងវិទ្យាល័យរបស់ខ្លួនធ្លាប់មានករណីជម្លោះរវាងសិស្សនិងសិស្ស ប៉ុន្តែបច្ចុប្បន្ននេះសាលាបានពង្រឹងវិន័យច្រើន និងមិនមានករណីជម្លោះកើតឡើងទៀតទេ។
យុវតីវ័យ ១៦ ឆ្នាំនេះថា កត្តាដែលបង្កឱ្យមានជម្លោះរវាងសិស្សនិងសិស្សមានដូចជាការឌឺដងដាក់គ្នា ការចង់ឈ្នះរៀងខ្លួន ការបង្កើតជាបងធំបងតូច ឬជម្លោះស្នេហា។ កញ្ញាគិតថា ជម្លោះនេះបានជះឥទ្ធិពលមិនល្អទៅកាន់សិស្សដទៃទៀត។
កញ្ញាថ្លែងថា៖ «និយាយទៅវាផ្តល់ឥទ្ធិពលខ្លាំងដោយសារតែ ឧទាហរណ៍ថា គាត់រាមច្បង គេចឹងទៅវាធ្វើឱ្យជះឥទ្ធិពលដល់សិស្សប្អូន របៀបថា សាលាមួយហ្នឹងអត់មានសណ្តាប់ធ្នាប់ ឬក៏អនាធិបតេយ្យដែលបង្កឱ្យមានហិង្សាឬក៏ឈ្លោះគ្នា វ៉ៃគ្នាអីបែបអីចឹង»។
បើតាមការលើកឡើងរបស់សិស្សានុសិស្សដែលវីអូអេបានសម្ភាស ពួកគេសុទ្ធតែលើកឡើងស្រដៀងគ្នាថា ដើម្បីបញ្ឈប់ ឬកុំឱ្យមានជម្លោះរវាងសិស្សនិងសិស្សនៅក្នុងសាលា ត្រូវមានការចូលរួមពីអាណាព្យាបាល លោកគ្រូអ្នកគ្រូ សិស្សខ្លួនឯង និងមិត្តភ័ក្តិ ដោយមានការពន្យល់ ឬការណែនាំឱ្យបានស៊ីជម្រៅពីផលប៉ះពាល់ដែលអាចជះឥទ្ធិពលអវិជ្ជមានមកលើពួកគេ។
យុវតី នឿន ស្រីកែវ សិស្សថ្នាក់ទី ១១ មកពីវិទ្យាល័យជាស៊ីមឈូកវ៉ា បញ្ជាក់ថា៖ «កត្តាទី ១ កត្តាប៉ាម៉ាក់ ទាមទារឱ្យគាត់យកចិត្តទុកដាក់ ឬផ្តោតទៅលើកូនថា កូនហ្នឹងទៅរៀន ឬក៏ទៅកន្លែងណាផ្សេងៗ។ ហើយទី ២ កត្តាលោកគ្រូអ្នកគ្រូ ឬក៏ខាងសាលា។ បើសិស្សម្នាក់ហ្នឹងទៅសាលាឬក៏អត់ សូមឱ្យគាត់រាយការណ៍មកអាណាព្យាបាល។ ហើយមួយទៀតលើខ្លួនឯង។ តើខ្លួនឯងចង់ប្រព្រឹត្តអំពើបែបហ្នឹងឬហិង្សាដែលសង្គមអត់ទទួលស្គាល់អត់? ហើយមួយទៀតមិត្តភ័ក្តិ។ នៅពេលដែលមិត្តភ័ក្តិអូសទាញអ៊ីចឹងទៅ យើងត្រូវឆ្លើយថាទេ ឬប្រកាន់គោលជំហរខ្លួនឯងថា យើងអត់ដើរនៅលើផ្លូវហ្នឹង»។
យុវតី ឃាង រក្សា សិស្សថ្នាក់ទី ១០ មកពីវិទ្យាល័យមួយក្នុងខេត្តកណ្តាល ប្រាប់វីអូអេថា ជម្លោះ ឬការប្រើប្រាស់អំពើហិង្សានៅក្នុងសាលាបានជះឥទ្ធិពលអាក្រក់ដល់ខ្លួនឯង គ្រួសារ និងសាលារៀន។ កញ្ញាថា ករណីនេះបានកើតឡើងគ្រប់ជំនាន់ និងធ្លាប់មានករណីដែលសិស្សមានជម្លោះ រហូតដល់ការប្រើប្រាស់អំពើហិង្សា និងធ្វើឱ្យមានអ្នកស្លាប់នៅក្នុងករណីនេះផងដែរ។
កញ្ញាថ្លែងថា៖ «សាលាខ្ញុំធ្លាប់មានប្រវត្តិសិស្សវ៉ៃគ្នារហូតដល់ស្លាប់ ដោយសារឈ្លោះគ្នារឿងស្នេហា។ ដូចជាគេឈ្លោះគ្នា ទាស់គ្នា គ្រាន់តែចេញពីសាលាភ្លាមទៅ វាចាប់ផ្តើមកាក់វ៉ៃដល់ស្លាប់អ៊ីចឹង»។
អ្នកស្រី ចាន់ វាសនា អាយុ ៤២ ឆ្នាំ ជាម្តាយម្នាក់ដែលមានកូនកំពុងរៀននៅថ្នាក់វិទ្យាល័យ ប្រាប់វីអូអេថា ការបង្កជាជម្លោះ ឬហិង្សារវាងគ្នានិងគ្នាជារឿងមិនល្អ ថែមទាំងមានផលប៉ះពាល់ខ្លាំងដល់ការសិក្សារបស់សិស្ស។
អ្នកស្រីថ្លែងថា៖ «ចំពោះមតិអ៊ី អ៊ីយល់ឃើញថា ឥឡូវហ្នឹងអ៊ីលើកជាឧទាហរណ៍វិញថា បើសិនជាកូនសិស្សហ្នឹងត្រូវជាកូនអ៊ី អ៊ីគិតថា វាអត់ល្អ អ៊ីចឹងណាក្មួយ! ព្រោះដោយសារថា អារឿងវ៉ៃគ្នានៅសាលាហ្នឹង គឺជារឿងមួយធ្វើឱ្យប៉ះពាល់ខ្លាំងណាស់ក្មួយ ព្រោះអ៊ីអត់ចូលចិត្តនូវទង្វើអ៊ីចឹងទេ»។
ក្នុងនាមជាអាណាព្យាបាលសិស្ស អ្នកស្រី ចាន់ វាសនា សំណូមពរទៅនាយកសាលា ឬលោកគ្រូអ្នកគ្រូដែលបង្រៀននៅតាមវិទ្យាល័យទាំងអស់ឱ្យជួយពង្រឹងវិន័យ ធ្វើយ៉ាងណាអប់រំសិស្សឱ្យបានខ្ជាប់ខ្ជួន និងដាក់កំហិតទៅលើសិស្សណាដែលហ៊ានប្រព្រឹត្តអំពើហិង្សា ដើម្បីទប់ស្កាត់កុំឱ្យជម្លោះហិង្សារវាងសិស្សនិងសិស្សកើតឡើង។
អ្នកជំនាញលើវិស័យអប់រំយល់ថា ការបង្កអំពើហិង្សានេះបង្ហាញពីអសន្តិសុខមួយដល់សិស្សានុសិស្សនៅតាមគ្រឹះស្ថានសិក្សា ដែលទាមទារឱ្យអ្នកពាក់ព័ន្ធទាំងអស់ រួមមានលោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាលសិស្ស និងក្រសួងអប់រំមានចំណាត់ការ ដើម្បីទប់ស្កាត់ និងបង្ការកុំឱ្យមានជម្លោះ ឬហិង្សារវាងសិស្សនិងសិស្សនៅក្នុង ឬក្រៅបរិវេណសាលារៀនបន្តទៀត។
អ្នកស្រី រឿន សុឃ័ន គ្រូបង្រៀនភាសាខ្មែរ និងសីលធម៌ពលរដ្ឋនៅវិទ្យាល័យជា ស៊ីមសាមគ្គី ប្រាប់វីអូអេថា ជម្លោះរវាងសិស្សនិងសិស្សតែងមាន មិនថានៅក្នុងសាលាឬក្រៅសាលានោះទេ ដោយសារការប្រកាន់ និងបែងចែកបក្ខពួក។
អ្នកស្រីថ្លែងថា៖ «ពួកគាត់ប្រកាន់ណាស់! គ្រាន់តែមើលមុខគ្នា គ្រាន់តែដើរប៉ះគ្នា គ្រាន់តែនិយាយពីមួយ មួយថាអញ្ចេះ នាំពាក្យពីណេះទៅណោះ ពីណោះមកណេះ ធ្វើឱ្យវាមានជម្លោះក៏មានដែរ»។
ក្នុងនាមជាគ្រូបង្រៀនម្នាក់ អ្នកស្រីយល់ថា ដើម្បីបញ្ចប់ជម្លោះនានាដែលអាចកើតមានឡើងសិស្សានុសិស្សទាំងអស់ត្រូវចេះស្រឡាញ់គ្នា យោគយល់គ្នា និងចេះអត់ឱនឱ្យគ្នាទៅវិញទៅមក។
អ្នកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ប្រាប់វីអូអេថា ក្រសួងបានយកចិត្តទុកដាក់ចំពោះបញ្ហានេះ ហើយកន្លងមក ក្រសួងតែងតែរៀបចំសេចក្តីណែនាំជាប្រចាំ ដោយមានការធ្វើបច្ចុប្បន្នភាពជារៀងរាល់ឆ្នាំ ទាំងសាលារៀនសាធារណៈ និងឯកជន នៅក្នុងការរៀបចំឱ្យមានបទបញ្ជាផ្ទៃក្នុងសាលារៀនជាដើម។ អ្នកស្រីបន្ថែមថា ក្រសួងបានប្រឹងប្រែងទប់ស្កាត់ និងធានាឱ្យបាននូវការរស់នៅប្រកបដោយសុខសន្តិភាព និងការយោគយល់អធ្យាស្រ័យគ្នានៅតាមសាលារៀន។
អ្នកស្រីថ្លែងថា៖ «សម្រាប់រាល់កិច្ចការដែលកើតមានកន្លងមកនេះ នៅពេលដែលមានហេតុការណ៍ណាមួយមិនប្រក្រតីកើតឡើង ឬក៏នៅពេលដែលសិស្សមិនគោរពតាមបញ្ជាផ្ទៃក្នុងនោះ គឺក្រសួងអប់រំក៏ដូចជាសាលារៀននីមួយៗតែងតែប្រកាន់ខ្ជាប់នូវបទបញ្ជាផ្ទៃក្នុងហើយព្យាយាមដោះស្រាយ ដោយការស្វែងយល់ដោយសន្តិវិធី មានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ មិនថា លោកគ្រូ អ្នកគ្រូ ឬប្អូនៗដែលបង្កអំពើហិង្សា ឬស្ថិតនៅក្នុងជម្លោះ ក៏ដូចជាមាតាបិតា អាណាព្យាបាលផងដែរ ដើម្បីចូលរួមដោះស្រាយបញ្ហា ដោយសារយើងស្រឡាញ់ និងចង់ឱ្យគាត់មានអនាគតវែងឆ្ងាយ»។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី ប្រាប់វីអូអេថា រាល់ជម្លោះ ឬការវាយតប់គ្នារបស់សិស្សានុសិស្សដែលធ្លាប់មានកន្លងមកនេះ គឺដោយសារតែប្រព័ន្ធសង្គម ជាពិសេសប្រព័ន្ធអប់រំមានការធ្លាក់ចុះ និងភាពអយុត្តិធម៌ដែលអ្នកស្រីយល់ឃើញថា ជារឿយៗ វាបានផ្តល់ជាគំរូមិនល្អដល់យុវជន។
អ្នកស្រីថ្លែងថា៖ «យើងឃើញហើយថា សង្គមជាតិយើងសព្វថ្ងៃហាក់បីដូចជាលើកកម្ពស់អ្នកដែលត្រូវវាយតប់ អ្នកដែលរងគ្រោះតែងតែអត់មានយុត្តិធម៌។ បើយើងមើលពីបញ្ហាសង្គមរាល់ថ្ងៃហ្នឹង គឺយើងលើកកម្ពស់អ្នកដែលប្រើហិង្សាទៅវិញ»។
អ្នកស្រី អ៊ុក ឆាយ៉ាវី ស្នើឱ្យមាតាបិតាគួរតែយកចិត្តទុកដាក់ចំពោះកូនរបស់ខ្លួន និងតាមដានការសិក្សារបស់ពួកគេឱ្យបានខ្ជាប់ខ្ជួន
សិស្សានុសិស្សដែលវីអូអេបានសម្ភាសលើកឡើងថា ពួកគេមិនចង់ឃើញឱ្យមានជម្លោះហិង្សាកើតមានរវាងសិស្សនិងសិស្សនោះទេ ដោយពួកគេយល់ថា វាជារឿងដែលមិនល្អសម្រាប់សង្គម ហើយវាផ្តល់ភាពអវិជ្ជមានដល់សិស្សដទៃ ក៏ដូចជាធ្វើឱ្យការសិក្សារបស់ពួកគេចុះអន់ថយ។
យុវតី ឃាង រក្សា សិស្សថ្នាក់ទី ១០ មកពីវិទ្យាល័យមួយក្នុងរាជធានីភ្នំពេញ ថ្លែងថា៖ «ពួកយើងនៅក្មេងៗណាស់ អ៊ីចឹងអត់មានរឿងអីដែលពួកយើងទៅវ៉ៃគ្នាទេ ព្រោះពេលដែលយើងមានរឿងអីមួយ អ៊ីចឹងទៅយើងគួរណាស់តែសម្រួលគ្នា ដោយសន្តិវិធី ព្រោះយើងនៅក្មេងៗ។ អ៊ីចឹងអត់អាចយកដៃប៉ះដៃ យកជើងប៉ះជើងបានទេ។ យើងមិនអាចប្រើប្រាស់អំពើហិង្សាទេ ព្រោះវាមិនមែនជាជម្រើស និងដំណោះស្រាយល្អសម្រាប់យើងទេ»៕