អំពើ​ហិង្សា​នៅ​មីយ៉ាន់ម៉ា​ទំនង​ជា​របៀប​វារៈ​ចម្បង​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន

ប្រមុខ​ការទូតអាស៊ានថតរូបជុំគ្នាក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សន្តិសុខនយោបាយនៃសមាគមអាស៊ាននៅក្រុង Labuan Bajo ភាគខាងកើតខេត្ត Nusa Tenggara ប្រទេសឥណ្ឌូនេស៊ី ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣។

ភាពចលាចល​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ទំនង​ជា​ប្រធានបទ​ដែល​គ្របដណ្តប់របៀបវារៈ​នៃ​កិច្ច​ប្រជុំ​កំពូល​នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ នៅ​ក្រុង Labuan Bajo ប្រទេស​ឥណ្ឌូណេស៊ី។

ប្រមុខ​ការទូត​កំពូលៗ​មក​ពី​ ១០ ប្រទេស​ដែល​ត្រូវបាន​ហៅថា​ អាស៊ាន បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​តំបន់រមណីយដ្ឋាន​ Labuan Bajo កាល​ពី​ថ្ងៃ​អង្គារ ដើម្បី​កំណត់របៀបវារៈ​នៃ​កិច្ច​ប្រជុំ​កំពូល​រយៈពេល​ពីរ​ថ្ងៃ​របស់​មេដឹកនាំ​អាស៊ាន​ ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ពុធ ទី ១០ ខែ​ឧសភា​នេះ។ ក្រុម​មេដឹកនាំ​ទំនង​ជា​នឹង​ផ្តោត​ការ​យក​ចិត្តទុកដាក់​លើ​ប្រទេស​មីយ៉ាន់ម៉ា ​ដែល​មាន​ភាព​វឹកវរ​ ចាប់តាំង​ពី​យោធា​បាន​ធ្វើ​រដ្ឋ​ប្រហារផ្តួល​រំលំ​រដ្ឋាភិបាល​ដែល​ជាប់ឆ្នោត​តាម​លទ្ធិប្រជាធិបតេយ្យ​របស់​អ្នកស្រី Aung San Suu Kyi កាលពី​ខែកុម្ភៈ ឆ្នាំ ២០២១។

តុដែលទុកសម្រាប់គណៈប្រតិភូមីយ៉ាន់ម៉ាត្រូវបានទុកចោលក្នុងអំឡុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ មុនកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤២ នៅក្រុង Labuan Bajo ភាគខាងកើតខេត្ត Nusa Tenggara ប្រទេសឥណ្ឌូនេស៊ី ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣។

រដ្ឋប្រហារ​នេះ​បាន​បង្ក​ឲ្យ​មាន​បាតុកម្ម​ប្រឆាំង​របបយោធា​ភ្លាមៗ នៅ​ទូទាំង​ប្រទេស​មីយ៉ាន់ម៉ា ដែល​បាន​នាំ​ឱ្យ​មាន​ការ​ស្លាប់​ជនស៊ីវិល​ជាង ៣.០០០នាក់ និង​ការ​ចាប់ខ្លួន​មនុស្ស​ជាង ១៨.០០០នាក់ ដោយ​ក្រុម​យោធា នេះ​បើយោង​តាម​ក្រុម​ឃ្លាំ​មើល​ឯករាជ្យ​មួយ។ ភាព​ចលាចល​នេះ​ក៏​បាន​វិវត្ត​ទៅ​ជា​ជម្លោះ​នៅតាម​តំបន់​ជនបទ​ដ៏​សាហាវ​រវាង​យោធា និង​ក្រុម​ឧទ្ទាម​ជនជាតិ​ភាគតិច​មួយ​ចំនួន ដែល​បាន​ប្រយុទ្ធគ្នា​អស់​ជា​ច្រើន​ទសវត្សរ៍​ដើម្បី​ទាមទារ​ស្វ័យភាព​កាន់​តែ​ច្រើន។

អាស៊ាន​បាន​ចេញ​ផែនការ​ ៥​ ចំណុច ​ក្នុង​គោល​បំណង​បញ្ចប់​អំពើ​ហិង្សា​ ដែល​ត្រូវ​បាន​សម្រេច​ជា​ឯកច្ឆន្ទ​រវាង​សមាគម​អាស៊ាន​និងមេដឹកនាំ​យោធា​មីយ៉ាន់ម៉ា។ ប៉ុន្តែ​របប​យោធា​មីយ៉ាន់ម៉ា​នៅ​មិន​ទាន់​ធ្វើ​តាម​ក្នុង​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​ជា​ឯកច្ឆន្ទ​ ៥ ​ចំណុច​នោះ​ទេ ដែល​នាំ​ឱ្យ​មាន​ការ​រិះគន់​ថា ​អាស៊ានគ្មាន​ប្រយោជន៍។

កាលពី​ថ្ងៃអាទិត្យ ក្បួន​រថយន្ត​ដឹក​អ្នក​ការទូត​មក​ពី​បណ្តា​ប្រទេស​អាស៊ាន​ដើម្បី​ផ្តល់​ជំនួយ​មនុស្សធម៌​ដល់​ជនភៀស​ខ្លួន​នៅ​ក្នុង​រដ្ឋ Shan ភាគខាងកើត​នៃ​ប្រទេស​មីយ៉ាន់ម៉ា បាន​ទទួល​រង​ការ​បាញ់​ប្រហារ។ ការណ៍​នេះ​ជំរុញ​ឱ្យ​មាន​ការឆ្លើយតប​យ៉ាង​ខឹង​សម្បារ​ពី​ប្រធានាធិបតី​ឥណ្ឌូណេស៊ី លោក Joko Widodo ដែល​បាន​ប្តេជ្ញា​ថា សង្គ្រាម​នឹង​មិន​បំបាក់​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ស្វែងរក​សន្តិភាព​យូរ​អង្វែង​នោះទេ។

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​បាន​និយាយ​ថា អំពើ​ហិង្សា​នេះ​គឺ​ជា​លទ្ធផល​នៃ «អំពើ​ហិង្សា​ និង​ការ​មិន​គោរព​នីតិរដ្ឋ​របស់​របប​យោធា»។ អ្នកនាំពាក្យ​រូប​នេះ​ បាន​អំពាវនាវ​ឱ្យ​ប្រទេស​មីយ៉ាន់ម៉ា អនុវត្ត​តាម​កិច្ច​ព្រមព្រៀង​ជា​ជា​ឯកច្ឆន្ទ ៥ ចំណុច​ ឲ្យ​បាន​ត្រឹមត្រូវ និង​គោរព​សេចក្តី​ប្រាថ្នា​ចង់​បាន​លទ្ធិប្រជាធិបតេយ្យ​របស់​ប្រជាជន​ដែល​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា «ពួកគេ​មិន​ចង់​រស់​នៅ​ក្រោម​ការ​ដឹកនាំ​ផ្តាច់ការរបស់​របប​យោធា​មួយ​ថ្ងៃទៀត​ឡើយ»។

របប​យោធា​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ដោយ​និយាយ​ថា កង​កម្លាំង​សន្តិសុខ​នឹង​បន្ត​អនុវត្ត «ប្រតិបត្តិការ​សមស្រប​ប្រឆាំង​អំពើ​ភេរវកម្ម​ដែល​មាន​ចែង​ក្នុង​ច្បាប់» ដោយ​ដាក់​អាទិភាព​កំពូល​លើ​ «ការ​ថែរ​ក្សា​ច្បាប់​និង​សណ្តាប់ធ្នាប់​សង្គម សន្តិភាព​និង​ស្ថិរភាព​សហគមន៍»៕

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP, Reuters និង ​AFP។