ពលរដ្ឋដែលរត់គេចខ្លួននៅខេត្តព្រះវិហារស្នើបញ្ឈប់ការយាយីនិងដោះស្រាយបញ្ហាដីធ្លី

រូបភាពដកស្រង់ពីបណ្តាញសង្គមរបស់​អង្គការលីកាដូបង្ហាញការតទល់គ្នារវាង​មន្ត្រី​មាន​សមត្ថកិច្ច​និង​ពលរដ្ឋ​នៅឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។ (Facebook/LICADHO)

ក្រោយ​ប៉ះ​ទង្គិច​ហិង្សា​ជាមួយ​អាជ្ញាធរ​ក្នុង​ស្រុក​គូលែន ខេត្ត​ព្រះវិហារ​ទាក់ទង​នឹង​ការ​បណ្តេញ​ចេញ​ពី​លំនៅឋាន កាល​ពី​ដើម​ខែ​មីនា ​ប្រជាពលរដ្ឋ​ជាង ​៣០ ​នាក់ ​បន្ត​រស់​នៅ​ក្នុង​ព្រៃ ដោយ​សារតែ​ពួក​គេ​ខ្លាច​អាជ្ញាធរ​ចាប់​ដាក់​ពន្ធនាគារ ដូច​ពលរដ្ឋ​ជិត ៣០ ​នាក់ ​ដែលត្រូវ​បាន​ឃុំខ្លួន​ក្នុង​ពន្ធនាគារពី​បទឈូស​ឆាយ​ដីព្រៃ។ នេះ​បើ​តាម​ប្រជាពលរដ្ឋ និង​សកម្មជន​ដែល​តាម​ដាន​រឿង​នេះ ប្រាប់​វីអូអេ។ ប្រជាពលរដ្ឋ​បាន​ស្នើ​អាជ្ញាធរ​បញ្ឈប់​ការ​យាយី និងដោះ​ស្រាយ​បញ្ហា​ដីធ្លី​ដោយ​សន្តិវិធី។

ពលរដ្ឋ​ទាំង​នោះ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ​ប្រសិន​បើ​អាជ្ញាធរ​មិន​មាន​ដំណោះស្រាយ​លើ​វិវាទ​ដីធ្លី​នេះ​ទេ ​ពួកគេ​នឹង​ចំណាកស្រុក​ទៅ​ប្រទេស​ថៃ ​ដើម្បី​ជីវភាព និងដោះស្រាយ​បំណុល ជា​ពិសេស​ផ្គត់ផ្គង់​កូនចៅ​របស់​ពួកគេ។ ពួកគេ​ថា​ ការចំណាកស្រុក​ គឺ​ដោយសារ​តែគ្មាន​ជម្រើស ​និង​គ្មាន​មុខ​របរ​ចិញ្ចឹម​ជីវិត​បន្ត ព្រោះ​ផ្ទះ​សម្បែង និង​ដីធ្លី​កសិកម្ម​ដែល​ធ្លាប់​អាស្រ័យ​ផល​ជាង​ ១០​ឆ្នាំ ត្រូវ​បាន​អាជ្ញាធរ​ដុត​បំផ្លាញ​និង​បាត់បង់​។

ស្រ្តី​ម្នាក់​អាយុ​ ៣៤ ​ឆ្នាំ ​ដែល​អះអាងថា​រស់​ស្រុក​គូលែន ខេត្ត​ព្រះវិហារ​ តាំង​ពី​ឆ្នាំ​ ២០១៣ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះក្នុង​លក្ខ​ខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ ដោយ​សារ​ខ្លាច​អាជ្ញាធរ​តាម​ចាប់​។ អ្នកស្រី​បញ្ជាក់​ថា ​បន្ទាប់​ពី​អាជ្ញាធរ​ខេត្ត​ព្រះវិហារ​បណ្តេញ​ពលរដ្ឋ​ចេញ​ពី​លំនៅឋាន​និង​ដុត​បំផ្លាញ​ផ្ទះ​ពលរដ្ឋជាង​ ៣០ ​នាក់ បន្ត​រស់​នៅ​ក្នុងព្រៃ​និង​តែង​តែភិត​ភ័យ​មិនហ៊ាន​ទៅ​ណា​នោះ​ទេ។ អ្នកស្រី​ថា​ ការ​ភៀស​ខ្លួន​រស់​នៅក្នុង​ព្រៃ​នេះ​ប្រឈម​បញ្ហា​ជា​ច្រើន ដូចជា​បញ្ហា​ផ្លូវចិត្ត​ មិន​មានម្ហូប​អាហារ​គ្រប់​គ្រាន់ ​ឈឺ​ស្កាត់ ​ភ័យ​ខ្លាច​សត្វ​ព្រៃ​ និង​បញ្ហា​បំណុលជាដើម។

មូលហេតុ​ដែល​ពលរដ្ឋរស់នៅក្នុង​ព្រៃ ដោយ​សារ​តែ​ពលរដ្ឋខ្លាច​អាជ្ញាធរ​ចាប់​ខ្លួន​យក​ទៅ​ដាក់​ពន្ធនាគារ ដូច​ពលរដ្ឋប្រមាណ៣០​នាក់​ដែល​អាជ្ញាធរ​បាន​ចាប់​ខ្លួន និង​ឃុំ​ខ្លួន​ក្នុង​ពន្ធនា​គារ កាល​ពី​ដើម​ខែ​មីនា។

ពលរដ្ឋ​រូប​នោះ​បាន​អំពាវ​នាវ​ឱ្យ​អាជ្ញាធរ​ដោះ​លែងអ្នក​ភូមិ​ដែល​ជាប់​ពន្ធនាគារ​ឱ្យ​មាន​សេរី​ភាព​ឡើង​វិញ បញ្ឈប់​សកម្ម​ភាព​តាម​ចាប់​ពល​រដ្ឋ និង​ត្រូវដោះស្រាយ​បញ្ហា​នេះ​ដោយ​សន្តិវិធី។ អ្នកស្រី​បង្ហាញ​ការងឿង​ឆ្ងល់ ​និង​ចោទ​ជា​សំណួរ​ថា​ហេតុអ្វីបាន​ជា​អាជ្ញាធរ​មិន​បែង​ចែង​ដី​ដល់​ប្រជាពលរដ្ឋ។

អ្នកស្រី​បញ្ជាក់​ថា​៖ ខ្ញុំ​ឆ្ងល់​អ៊ីចេះ​ថា ដី​ប្រទេស​កម្ពុជា​មាន​ច្រើន​ណាស់ ហេតុអ្វី​បាន​មិន​បែង​ចែង​ឱ្យ​ប្រជាពលរដ្ឋ​ រស់​នៅ​ឱ្យ​បាន​សុខស្រួល​ដូច​ប្រទេស​ដទៃ​ទៀតទៅ​»។

​ស្ត្រីរូប​នេះ​អះអាង​ថា ​ប្រសិន​បើ​បញ្ហា​នេះ​នៅ​តែ​អូស​បន្លាយ ហើយ​ការ​នៅ​រស់​នៅ​ក្នុង​ប្រទេស​លំបាកដោយ​លែង​មាន​ផ្ទះ​សម្បែង និង​ដី​អាស្រ័យ​ផល​កសិកម្មបែប​នេះ ជម្រើស​ចុង​ក្រោយ គឺ​អ្នកស្រី​នឹង​ចំណាកស្រុក​ទៅ​ប្រទេស​ថៃ ដើម្បី​រក​លុយ​ដោះ​បន្ទុក​សេដ្ឋកិច្ច​គ្រួសារ ​ក៏​ដូច​ជា​ផ្គត់ផ្គង់កូន​ទាំង​ពីរ​នាក់​របស់​អ្នកស្រី​។

ចំណែក​ពលរដ្ឋ​ម្នាក់​ទៀត​ប្រាប់​វីអូអេ​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដែរ ដោយ​ភ័យខ្លាច​ដូចគ្នា​។ លោក​ថ្លែង​ថា​កាល​អំឡុង​ឆ្នាំ​ ២០១៥ ​រដ្ឋបាល​ស្រុក​បាន​ចុះ​ឆ្វៀល​ដី​ឱ្យ​ពលរដ្ឋ​តំបន់​នោះ ប៉ុន្តែ​មិន​បាន​ចេញ​ប្លង់​កម្មសិទ្ធិ​ឱ្យពលរដ្ឋ​នោះ​ទេ។ លោក​មិន​នឹក​ស្មាន​ថា​ទាំង​រូប​លោក​និង​ពលរដ្ឋ​ផ្សេង​ទៀត​ជួប​រឿង​បែប​នេះ​ឡើយ ដោយ​គិត​ស្មាន​ថា​មន្ត្រី​ខេត្តចុះ​មក​សួរសុខ​ទុក្ខ​ពលរដ្ឋកាល​ពី​ដើម​ខែ​មីនា ប៉ុន្តែ​បែរ​ជា​មាន​ការ​បណ្តេញ​ចេញ​ពី​លំនៅ​ដ្ឋានទៅ​វិញ។

លោក​បញ្ជាក់​ថា៖ «ខ្ញុំ​ទើប​តែ​[ជួបប្រទះ​បញ្ហា​នេះ​]​លើក​ទីមួយ​ទេ ខ្ញុំ​មិន​ដែលគិត​ថា​មាន​បញ្ហាធំ​កើត​ឡើង​អ៊ីចេះ​ផង ខ្ញុំ​ស្មាន​តែ​ខាង​ខេត្ត​ចុះ ដូចជា​អភិបាល​ខេត្ត​ចុះ ខ្ញុំ​ស្មាន​គាត់​ចុះ​ពិនិត្យ​មើល​ប្រជា​ពលរដ្ឋ តើ​ប្រជាពល​រដ្ឋរស់​នៅ​ដី​នោះ​របៀប​ម៉េច ​ស្មាន​តែ​គាត់​ចុះ​ចែក[ដី​]​ឱ្យ​។ ​ឱ្យប្អូន​ទៅ​មើល​ទៅ ខ្ញុំ​អត់​បាន​ទៅ​មើល​ទេ ដល់​ប្អូន​ទៅ​មើល​គេ​ចាប់​ប្អូន​បាត់​ហើយ​ ទាក់​ទង​អត់​បាន»។

លោក​ស្នើ​ឱ្យ​អាជ្ញាធរ​បញ្ឈប់​សកម្មភាព​តាម​ចាប់​ពលរដ្ឋ​បន្ត​ទៀត​ និង​ដោះ​លែង​ប្អូន​ប្រុសរបស់​លោក​ដែល​កំពុង​ជាប់​ពន្ធនាគារ។

លោក​ថ្លែង​ថា៖ «អាជ្ញាធរ​គួរតែ​ផ្អាក​ចាប់​ប្រជា​ពលរដ្ឋ​ទៀត​ទៅ​ ព្រោះអី​ប្រជាពលរដ្ឋ​សុទ្ធ​តែ​អ្នក​ខ្វះខាត​ អ្នកក្រ។ បើ​នៅ​តែ​តាម​ចាប់​អ៊ីចេះ​ទេ ប្រជាពលរដ្ឋ​បាន​អី​រស់ ណា​មួយ​ជិត​ដល់​ខែ​ស្រែ ខែ​ចម្ការ​ហើយ»។

បុរស​វ័យ ​៣១ ​ឆ្នាំ ​ដែល​មាន​កូន​៣​នាក់​រូប​នេះ អះអាង​ថា​ លោក​ចង់​ចំណាកស្រុក​ទៅ​ប្រទេស​ថៃ ដើម្បី​រក​ចំណូល​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ និង​សង​បំណុលដែល​លោក​ជំពាក់​គេ​ជាង​១០​លាន​រៀល ដែល​លោក​បាន​ខ្ចីយក​មក​ធ្វើ​កសិកម្ម​កាល​ពី​កន្លង​ទៅ។

លោក​ប្រាប់​វីអូអេ​ថា៖ «គិត​អី​មិន​ចេញ​ទេ​បង ដេក​ក៏​មិន​លក់ ហូប​បាយ​ក៏​មិន​កើត​ទេ នឹក​ឃើញ​ថា​ជំពាក់​គេ ហើយ​ដី​ក៏​គេ​យក​អស់​ទៀត បាន​អី​ធ្វើ​ទៀត កូនចៅ​៣ [ឬ] ៤នាក់»។

លោក ណុប វុធ្ធី អភិបាល​រង​ខេត្ត​ព្រះវិហារ និង​ជា​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត អំពាវ​នាវ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់​នៅ​ក្នុង​ព្រៃ ​ចាកចេញ​ពី​ព្រៃ​មក​រស់នៅ​ផ្ទះ​សម្បែង​វិញ។ លោក​បន្ថែម​ថា​ ប្រសិន​បើ​ពលរដ្ឋ​ទាំង​នោះ​ពិត​ជា​ពលរដ្ឋ​រស់​នៅ​ក្នុង​ខេត្ត​ព្រះវិហារ និង​ប្រឈម​បញ្ហា​ខ្វះ​ដី​អាស្រ័យ​ផល​ពិតមែន រដ្ឋបាល​ខេត្ត​នឹង​រៀបចំ​ផ្តល់​ដី​សង្គមកិច្ច​ដល់​ពួកគេ។ ​លោក​ថា ​អាជ្ញាធរ​ក៏​មាន​ដីកា​ចាប់​ខ្លួន​មនុស្ស​៨​នាក់​ផង​ដែរ​ ប៉ុន្តែ​លោក​ថា​ មិនមែន​ជា​ពលរដ្ឋ​ទាំង​នោះ​ទេ។

លោក​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា៖ «យើង​សុំ​ធានា​អះអាង​ថា​ ឱ្យ​គាត់​ចេញ​មក ព្រោះ​គាត់​មិន​មែន​ជា​ជនល្មើស​ទេ។ ជន​ល្មើស​យើង​មាន​ហើយ ​យើង​មាន​ដីកា​មាន​អី​ហើយ មាន​ន័យ​ថា​ គាត់​៨​នាក់ ដែល​កំពុង​រត់​គេច​ខ្លួន ​ប៉ុន្តែ​អត់​ពាក់ព័ន្ធ​បងប្អូន​ប្រជា​ពលរដ្ឋ​ទាំង​នោះ​ទេ។ អ៊ីចឹង​ទេ ​កុំ​ឱ្យ​គាត់​មាន​ការ​ខ្លាច​អី ​ហើយ​បើ​គាត់​មិន​មែន​ជា​អ្នក​ខេត្ត​ព្រះវិហារ​ ខាង​អាជ្ញាធរ​ខេត្ត​នឹង​ជូន​គាត់​ទៅ​ដល់​ស្រុក​កំណើត​វិញ»។

លោក ណុប វុធ្ធី បញ្ជាក់​ថា ​កាល​ពី​ឆ្នាំ​២០១៧ អាជ្ញាធរ​បាន​កាត់​ឆ្វៀល​ដី​ឱ្យ​ពលរដ្ឋ​រួច​រាល់​អស់​ហើយ ដូច្នេះ​លោក​ថា ​ការ​អះអាង​របស់​ពលរដ្ឋ​មិន​ពិត​នោះ​ទេ។

លោក ណុប វុធ្ធី​ ធ្លាប់​ប្រាប់​វីអូអេថា ​ប្រជា​ពលរដ្ឋ​ទាំង​នោះ​រស់​នៅ​លើ​ដី​រដ្ឋ​ខុស​ច្បាប់​ ដែល​រដ្ឋ​បាន​ធ្វើ​សម្បទាន​សេដ្ឋកិច្ច​ឱ្យ​ក្រុមហ៊ុន​សីលាដាម៉ិច ខូ អិលធីឌី (Seladamex Co., Ltd) ហើយ​សមត្ថកិច្ច​ចម្រុះ​បាន​ប្រើ​គ្រាប់បែក​ផ្សែង និង​គ្រាប់​កាំភ្លើង​ចំនួន​២​គ្រាប់​កាល​ពី​ថ្ងៃ​ទី​៦ ខែ​មីនា ​ដើម្បី​ទប់ទល់​នឹង​ការ​តវ៉ា​របស់​ពលរដ្ឋ​នា​ពេល​នោះ។

វីអូអេ​មិន​ទាន់​សុំ​ការ​បញ្ជាក់​ពី​លោក សួស សុខដារ៉ា ​ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះវិហារ បាន​នៅ​ឡើយ​ទេ។

ក្រុមហ៊ុន​សីលាដាម៉ិច ​ខូអ៊ិលធីឌី​ ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ទំហំ​ជាង​ ៦.៣០០ ​ហិកតា​សម្រាប់​វិនិយោគ​ដំណាំ​កសិ-ឧស្សាហកម្ម ​ដំណាំ​កៅស៊ូ​ ដែល​ស្ថិត​ក្នុង​ឃុំ​ស្រយង់ ​អំឡុង​ឆ្នាំ​ ២០១១។ នេះ​បើ​តាម​សេចក្តី​ជូន​ដំណឹង​របស់​រដ្ឋបាល​ស្រុក​គូលែន​ចុះ​ថ្ងៃ​ទី ១ ខែ​ធ្នូ​ ឆ្នាំ​ ២០២៣។

ប៉ុន្តែ​ពលរដ្ឋ​ប្រាប់​វីអូអេ​ថា ​ក្រុមហ៊ុន​មួយ​នេះ ​មិន​មាន​សកម្មភាព​អ្វី​តាំង​ពី​អំឡុង​២០១៧​មក​ម្ល៉េះ និង​ទើប​ឮ​ឈ្មោះ​សាជាថ្មី​ក្នុង​រយៈ​ពេល ​២ ឆ្នាំ​ចុង​ក្រោយ​នេះ។

លោក ស្រេង វុទ្ធា ព្រះរាជអាជ្ញា​រង និង​អ្នកនាំ​ពាក្យ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​ព្រះវិហារ ធ្លាប់​ប្រាប់​វីអូអេ​ថា​ ពលរដ្ឋ​ចំនួន ​២៩ ​នាក់​ ក្នុង​ចំណោម​ ៣៦ ​នាក់ ​ដែល​អាជ្ញាធរ​ចាប់​ខ្លួន​ជុំវិញ​វិវាទ​ដីធ្លី​ក្នុង​ស្រុក​គូលែន ត្រូវ​បាន​តំណាង​អយ្យការ​ចោទ​ប្រកាន់​ពី​បទ​«កាប់​រាន់​ព្រៃ ​ឈូស​ឆាយ​ដី​ព្រៃ ហ៊ុមព័ទ្ធ​កាន់​កាប់​ដី​ព្រៃ» ​កាល​ពី​ថ្ងៃ​ទី ៨ ​ខែ​មីនា។ លោក​បន្ត​ថា​ ករណី​នេះ ​ចៅ​ក្រម​ស៊ើប​បាន​សម្រេច​ឃុំ​ខ្លួន​ពលរដ្ឋ​ទាំង​នោះ​ក្នុង​ពន្ធនាគារ។

លោក កើត សារ៉ាយ ប្រធាន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​លោក​បាន​ចុះ​ទៅ​ជួប​ជាមួយ​ពលរដ្ឋ​ដែល​កំពុង​រស់​នៅ​ក្នុង​ព្រៃ​ទាំង​នោះ កាល​ពី​ថ្ងៃ​ពុធ។ លោក​ថា​ ស្ថានភាព​ពលរដ្ឋ​ទាំង​នោះ ​គឺ​លំបាក​ខ្លាំង ទាំង​ការ​ស្នាក់​នៅ ការ​ហូប​ចុក ជំងឺ​ឈឺ​ស្កាត់​ជា​ពិសេសកើតលើ​កុមារ​តែ​ម្តង និង​ការ​ភ័យ​ខ្លាច​អាជ្ញាធរ​ចាប់​ខ្លួន​ពួក​គេ។

លោក​ស្នើ​ឱ្យ​រដ្ឋាភិបាល​និង​អាជ្ញាធរ​ដោះស្រាយ​បញ្ហា​នេះ​ប្រកប​ដោយ​បរិយាបន្ន ដើម្បី​កុំ​ឱ្យ​ពលរដ្ឋ​រង​គ្រោះ​បន្ត​ទៀត។ ប៉ុន្តែ​លោក​ថា ​វា​ទាម​ទារ​នូវឆន្ទៈ​ក្នុង​ការ​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ។

លោក​ថ្លែង​ថា៖ «ស្ថិត​នៅ​ត្រង់​សំណួរ​មួយ ​តើ​រដ្ឋ​មាន​ឆន្ទៈ​នៅក្នុង​ការ​សម្របសម្រួល​រៀបចំ​ឱ្យ​មាន​ការ​ទម្រង់​អភិវឌ្ឍ​បែប​បរិយាបន្ន មាន​ន័យ​ថា ជា​ទម្រង់​អភិវឌ្ឍ​មួយ​ចំណេញ​ទាំង​រដ្ឋ ចំណេញ​ទាំង​រាស្ត្រ។ ខ្ញុំថា ​គួរតែ​មាន​គំនិត​បែប​ហ្នឹង​ឡើង​វិញ ​គឺគ្រប់​ដំណោះ​ស្រាយ គ្រប់​បញ្ហា គឺ​ត្រូវ​គិត​រឿង​អស់​ហ្នឹង​ ថា​ដោះ​យ៉ាង​ម៉េច​ក៏​ដោយ ដោះ​ក្នុង​ផ្លូវ​ណា​ក៏​ដោះ​ទៅ ​ប៉ុន្តែ​ក្នុង​ផ្លូវ​គោលដៅ​តែ​មួយ គឺ​ធ្វើ​ម៉េច​អត់​ឱ្យ​រាស្ត្រ​ទឹក​ភ្នែក​ហើយ ឱ្យ​រាស្ត្រ​ចំណេញ រដ្ឋ​ខ្លួន​ឯង​ក៏​ចំណេញ»។

លោក​បន្ថែម​ថា​ ប្រសិន​បើរដ្ឋាភិបាល ​ក្នុង​នាម​ជា​អ្នក​រៀបចំ​គោល​នយោបាយ​ជាតិ និង​ដឹកនាំ​ប្រទេស​មិន​អាចសម្របសម្រួល​ឱ្យ​ពលរដ្ឋ​មាន​ទី​លំនៅ​សមរម្យ ​និង​រស់​នៅ​ប្រកប​ដោយ​សេចក្តី​ថ្លៃថ្នូរ​ទេ នោះ​វា​នឹង​បង្ហាញ​ពី​ភាពបរាជ័យ​របស់​រដ្ឋាភិបាល។

គួរ​បញ្ជាក់​ថា ​វិវាទ​ដី​ធ្លី​នេះ​បាន​កើតឡើង​កាល​ពី​ថ្ងៃ​ទី​ ៦ ខែ​មីនា ដោយ​កង​កម្លាំង​ប្រដាប់​អាវុធ​មួយ​ក្រុម​ ​ដែល​រួម​មាន​កង​រាជ​អាវុធហត្ថ​ ​និង​មន្ត្រី​នគរបាល​ជាច្រើន​នាក់ ​រួម​ជាមួយ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​មួយ​ចំនួន​បាន​ប្រមូល​ផ្តុំ​គ្នា ដើម្បី​ការពារ​ដីធ្លី​ដែល​កំពុង​មាន​ជម្លោះ​ ដោយ​មាន​ការ​បាញ់​គ្រាប់​កាំភ្លើង​ពិត និង​ចាប់​ខ្លួន​ពលរដ្ឋ​មួយ​ចំនួន។ ​នេះ​បើ​តាម​ការ​រាយការណ៍​របស់​អង្គការ​លីកាដូ។

អង្គការ​លីកាដូ​បន្ថែម​ថា​ ក្រុមហ៊ុន​សីលាដាម៉ិច​ ខូអិលធី​ឌី ​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច ​កាលពី​ខែ​មីនា ឆ្នាំ​ ២០១១ នៅ​ក្នុង​ឃុំ​ស្រយង់ និង​ឃុំ​ភ្នំ​ត្បែង​ពីរ ស្រុក​គូលែន ខេត្ត​ព្រះវិហារ។ បើ​តាម​អង្គការ​លីកាដូ ការ​ទទួល​បាន​ដី​សម្បទាន​នេះ​ធ្វើ​ឱ្យ​កើត​មានជម្លោះ​ដីធ្លី​ជាមួយ​ពលរដ្ឋ​រាប់​រយ​គ្រួសារ​ដែល​រស់​នៅ​ទីនោះ៕