ប្រជាពលរដ្ឋរស់នៅលើទំនប់៩៤ ជិតព្រលានយន្តហោះថ្មី ក្នុងស្រុកកណ្តាលស្ទឹង បានស្នើទៅអភិបាលខេត្តកណ្តាលឱ្យបញ្ឈប់ការចោទប្រកាន់ថា ពួកគាត់រស់នៅខុសច្បាប់ នៅគ្រាដែលពួកគាត់កំពុងបារម្ភអំពីការបណ្តេញចេញ។
ពួកគាត់បន្តទាមទារឱ្យអាជ្ញាធរដោះស្រាយ និងផ្តល់ប្លង់កម្មសិទ្ធិដីធ្លីស្របច្បាប់ដល់ពួកគាត់។
លោក ស៊ុន សំបូរ អាយុ៣៩ឆ្នាំ ពលរដ្ឋម្នាក់រស់នៅលើទំនប់៩៤ សម្តែងការព្រួយបារម្ភកាន់តែខ្លាំង នៅពេលឮថា អភិបាលខេត្តកណ្តាលបានលើកឡើងកាលពីកន្លងទៅថា ប្រជាពលរដ្ឋនៅទំនប់៩៤នេះរស់នៅអនាធិបតេយ្យ និងខុសច្បាប់។ លោកអះអាងថា លោករស់នៅទីនោះយូរឆ្នាំមកហើយ ដោយមានការទទួលស្គាល់ពីភូមិឃុំ មានសៀវភៅស្នាក់នៅ អត្តសញ្ញាណបណ្ណ និងបណ្ណបោះឆ្នោត។ ដូច្នេះលោកថា ប្រជាពលរដ្ឋមិនបានរស់នៅដោយខុសច្បាប់ ដូចការចោទប្រកាន់នោះទេ។
កសិករអ្នកដាំបន្លែលក់នៅទំនប់៩៤រូបនោះប្រាប់វីអូអេថា៖ «ពួកខ្ញុំចង់ឱ្យរាជរដ្ឋាភិបាលជួយប្រទានកម្មដីដែលពួកខ្ញុំរស់នៅហ្នឹង ឱ្យមកពួកខ្ញុំដែលរស់នៅសព្វថ្ងៃ ហើយស្នើសុំប្លង់កម្មសិទ្ធិ ចង់រស់នៅកន្លែង អ៊ីចឹង។ ហើយស្នើសុំឱ្យអភិបាលខេត្តបញ្ឈប់កាន់ចោទប្រកាន់មកលើប្រជាពលរដ្ឋដែលរស់នៅ៩៤ថា រស់នៅសំណង់អនាធិបតេយ្យ សំណង់ខុសច្បាប់»។
ចំណែកអ្នកស្រី សុខ ចិន្តា ពលរដ្ឋម្នាក់ទៀតដែលរស់នៅតំបន់ទំនប់៩៤នេះដែរ ប្រាប់វីអូអេថា៖ «ដីដែលខ្ញុំរស់នៅគឺមានលិខិតស្នាមទិញលក់ មានឯកសារបញ្ជាក់ការកាន់កាប់ដីធ្លី អ៊ីចឹងណា៎បង។ និយាយទៅ ខ្ញុំទើបតែទិញហ្នឹង ឆ្នាំ២០១៩ដែរ ហើយខែមួយ ២០១៩ ខ្ញុំថ្មី [ប្រជាពលរដ្ឋថ្មី]»។
ស្រ្តីដែលជាអ្នកលក់ដូរ និងជាអ្នកដាំបន្លែដែរ បន្ថែមទៀតថា មកដល់ពេលនេះ អាជ្ញាធរក៏ដូចជាខាងភូមិឃុំ មិនទាន់រកដំណោះស្រាយជូនប្រជាពលរដ្ឋនៅឡើយទេ។
លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ថ្លែងថា អាជ្ញាធរនឹងបន្តដោះស្រាយជូនប្រជាពលរដ្ឋ។
លោកប្រាប់វីអូអេថា៖ «បើសិនជាគាត់រស់នៅតាមចំណីប្រឡាយ ព្រែក ឬខ្នងទំនប់ ការស្នាក់នៅរបស់លោកទាំងអស់ ប្រជាជនទាំងអស់គឺយើងចេះតែរួម ការរួមសុខ រួមទុក្ខជាមួយគាត់ទេ។ តែយើងធ្វើតាមច្បាប់ ជាបណ្ណកម្មសិទ្ធិនោះគឺមន្ទីរ អង្គភាព ក៏ដូចជាខេត្ត មិនផ្ដល់បណ្ណជាកម្មសិទ្ធិទេ អាហ្នឹងគឺអ៊ីចឹងណា៎។ ប៉ុន្តែការរស់នៅកន្លងមកនោះ វាចេះតែអធ្យាស្រ័យដល់គាត់ស្នាក់នៅបណ្ដោះអាសន្នដើម្បីឱ្យគាត់រកកន្លែង។ ប៉ុន្តែយើងនឹងរួមធ្វើការដោះស្រាយជាមួយគាត់តទៅទៀត។ យើងមិនបោះបង់កិច្ចការនេះចោលទេ»។
លោក វណ្ណ សុផាត អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្សនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ជំរុញឱ្យអាជ្ញាធរដោះស្រាយ និងឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋ។
លោកបញ្ជាក់ថា៖ «ទាក់ទងនឹងការរស់នៅលើទំនប់ហ្នឹង បើទោះបីជាដីសាធារណៈរបស់រដ្ឋក៏ដោយ ដែលលោកអភិបាលខេត្តចោទប្រកាន់ថា អ៊ីចឹងក៏ដោយ ប៉ុន្តែការរស់នៅរបស់ពួកគាត់ មកធ្វើការរស់នៅជាយូរណាស់មកហើយ ហើយក៏មិនមែនការរស់នៅដោយឯកឯង ចេះតែមកធ្វើផ្ទះធ្វើសម្បែងអីនៅហ្នឹង ដោយមិនមានការដឹង ឮពីអាជ្ញាធរមូលដ្ឋាន ក៏ដូចជាអាជ្ញាធរថ្នាក់ស្រុកហ្នឹងទេ គឺសុទ្ធតែមានការដឹងឮទាំងអស់»។
លោកបន្ថែមថា៖ «បើសិនជាចោទប្រកាន់ពួកគាត់អ៊ីចឹងគឺតាំងពីដំបូងឡើយគឺអាជ្ញាធរត្រូវមានការហាមឃាត់គាត់ អត់ឱ្យគាត់មកនៅ ត្រូវពន្យល់ប្រាប់គាត់ ណែនាំគាត់ថា អាហ្នឹងជាដីសាធារណៈរបស់រដ្ឋ ការរស់នៅនៅហ្នឹងជាការរស់នៅខុសច្បាប់អ៊ីចឹង។ អាហ្នឹងត្រូវអ៊ីចឹង។ ប៉ុន្តែបើសិនជាគាត់មករស់នៅក្នុងនាមជាប្រជាពលរដ្ឋរបស់ដែលគាត់ជាអភិបាលខេត្ត ជាអភិបាលស្រុក ជាអាជ្ញាធរមូលដ្ឋានទៅហើយ ស្រាប់តែមកដល់ពេលមានបញ្ហាកើតមានឡើង មានការចោទប្រកាន់ ចង់ឱ្យគាត់រើចេញអ៊ីចឹង ទៅជាចោទប្រកាន់ថា ពួកគាត់រស់នៅដោយខុសច្បាប់លើដីសាធារណៈរបស់រដ្ឋអ៊ីចឹង អាហ្នឹងមានន័យថា ការគេចចេញពីការទទួលខុសត្រូវរបស់អាជ្ញាធរ»។
បើតាមសេចក្តីថ្លែងការណ៍របស់ប្រជាពលរដ្ឋដែលរស់នៅទំនប់៩៤ ចុះថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ ប្រជាពលរដ្ឋប្រមាណ៤៧៣គ្រួសារប្រឈមនឹងការបណ្តេញចេញ ព្រោះតែគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះថ្មី ដែលចាប់ផ្តើមតាំងពីឆ្នាំ២០១៩។
គួរបញ្ជាក់ថា ក្រុមហ៊ុន OCIC កំពុងសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ដែលមានតម្លៃជាទឹកប្រាក់ប្រមាណ១.៥០០លានដុល្លារអាមេរិក ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ បច្ចុប្បន្ននេះ ក្រុមហ៊ុននេះក៏កំពុងមានវិវាទដីធ្លីជាមួយពលរដ្ឋ ដែលរស់នៅក្នុងឃុំមួយចំនួន ក្នុងតំបន់អភិវឌ្ឍន៍ព្រលានយន្តហោះថ្មីនោះផងដែរ ទាក់ទងនឹងការផ្តល់សំណងដីធ្លី ដែលពលរដ្ឋថា ក្រុមហ៊ុនផ្តល់តម្លៃទាប ដែលពួកគេមិនអាចទទួលយកបាន៕