ស្ថិរភាព​សេដ្ឋកិច្ច​របស់​វៀតណាម​បាន​ស្ថិត​នៅក្រោម​ការ​ពិនិត្យ​ពិច័យ

ជាង​ជួសជុល​ម៉ូតូ​អង្កុយ​នៅក្នុង​តូប​ជួសជុល​តាម​បណ្តោយ​ផ្លូវ​មួយ​ក្នុង​ទីក្រុង​ហាណូយ។

ទីក្រុងបាងកក៖ នៅពេល​ដែល​ប្រទេស​នេះ​ប្រឈមមុខ​អតិផរណា​យ៉ាងខ្លាំង​ ឱនភាព​កើនឡើង​ហើយនឹង​ការធ្លាក់​ចុះ​ប្រាក់​បម្រុង​ការប្តូរ​ប្រាក់​បរទេសនោះ​ ពួកអ្នកវិភាគ​ហិរញ្ញ​វត្ថុ​និង​នយោបាយ​និយាយ​ថា​ បញ្ហា​ទាំងនេះ​ជា​សញ្ញានៃ​ការ​រីក​លូតលាស់​ដ៏ឆាប់​រហ័ស​របស់​វៀតណាម។

សេដ្ឋកិច្ច​វៀតណាម​ជារឿយ​ៗត្រូវ​បាន​គេ​សសើរ​ថា ​ជា​ប្រទេស​មួយ​មាន​សេដ្ឋកិច្ច​រើបឡើង​ប្រកប​ដោយ​ជោគជ័យ​បំផុត​នៅក្នុង​ទ្វីប​អាស៊ី។​ សេដ្ឋកិច្ច​វៀតណាម​បាន​រីក​លូតលាស់​ប្រហែល​៦,៥%​ក្នុង​ឆ្នាំ​២០១០​ដែល​កំពុង​បន្ត​ការរីកលូតលាស់​ដ៏ខ្លាំង​ក្នុង​រយៈពេល ​១​ទសវត្សរ៍។

ក៏ប៉ុន្តែ​ ប្រទេសនេះ​រក​មធ្យោបាយ​ដោះស្រាយ​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​ រួមមាន​ទាំង​ឱនភាព​ពាណិជ្ជកម្ម​នៅឆ្នាំ​នេះ​ដែល​ឡើងដល់​កំពូល​ចំនួន ​១២​ពាន់​លាន​ដុល្លាររ។

ឱនភាព​ពាណិជ្ជកម្ម​ និង​អតិផរណា​ដែល​បាន​កើត​ឡើង​ដោយសារ​ការរីក​លូតលាស់​សេដ្ឋកិច្ច​បាន​ដាក់​សម្ពាធ​លើ​ប្រាក់​ដុង ​ដែល​ជា​រូបិយប័ណ្ណ​របស់​ប្រទេស​នោះ។​ រដ្ឋាភិបាល​ដែល​ត្រួតត្រា​យ៉ាង​តឹងរឹង​លើ​ចលនា​ប្រាក់ដុង​បាន​បញ្ចុះ​តម្លៃ​ប្រាក់ដុង​ចំនួន​៣​ដង​ក្នុង​រយៈពេល​១៣​ខែ​កន្លង​មកនេះ។​ ទោះបី​អតិផរណា​នៅ​បន្ត​ក្តី​ ​ក៏​តម្លៃ​ទំនិញ​ប្រើប្រាស់​បាន​កើនឡើង​១១%​នៅឆ្នាំ​នេះ។

មួយផ្នែក​ដើម្បី​ដំឡើង​រូបិយប័ណ្ណ​ វៀតណាម​បាន​ចំណាយ​ប្រាក់​បម្រុង​បរទេស​របស់​ខ្លួន​ ដោយ​ទម្លាក់​ទឹក​ប្រាក់​ពី​ចំនួន​ខ្ពស់​បំផុត​ពី​២៤​ពាន់លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០០៨​មក​ចំនួន​១៤​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ខែ​កញ្ញា។

លោក​ Tom Byrne​ ជា​អនុ​ប្រធាន​ជាន់ខ្ពស់​នៃ​ទីភ្នាក់ងារ​ផ្តល់​ការ​វាយតម្លៃ​លើ​សញ្ញា​ប័ណ្ណ​គឺ​ Moodys Investors Service ​ក្នុង​ប្រទេស​សឹង្ហបូរី។​ លោក​និយាយ​ថា​ ​ ​មាន​ការដាក់​សម្ពាធកាន់​តែខ្លាំង​ឡើង​លើ​ប្រាក់ដុង​ ​ហើយ​ប្រសិនបើ​ប្រាក់​បម្រុង​ធ្លាក់​ត​ទៅ​ទៀត​នោះ​ ​ភាពគ្រោះថ្នាក់​នៃ​វិបត្តិ​សង​ប្រាក់​បំណុលនឹងកើន​ឡើង។

«ប្រសិនបើ​ ​អត្រា​ប្តូរ​ប្រាក់​មិន​ចុះ​ខ្សោយ​តទៅទៀត​ទេ​ ជាការណ៍ពិត​វា​នាំឲ្យ​មាន​ហេតុផល​កើតឡើង​ជា​បន្ត​បន្ទាប់​ក្នុង​រយៈពេល​ខ្លី​លើ​អតិផរណា​ ​ហើយ​អាច​ធ្វើ​ឲ្យ​មូលធន​ហូរចេញ​កាន់តែ​ច្រើន។​ ក៏ប៉ុន្តែ​ ក្នុង​រយៈពេល​យូរ​ ​វា​នឹង​ជួយ​ឲ្យ​មាន​ការកើន​នូវ​ការប្រណាំងប្រជែង​ខ្លះនូវ​ការនាំចេញ​របស់​វៀតណាម»។

ក៏ប៉ុន្តែ​ ចំណុច​សំខាន់​គឺ​ថា​ ​អ្វីៗ​ដែល​ពួកអាជ្ញាធរ​ធ្វើ​ ​អ្វីៗ​ដែល​ពួកគេ​គិត​ថា​នឹង​គាំទ្រ​អត្រា​ ​នឹង​ធ្វើ​ឲ្យ​មាន​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​កាន់តែ​ធំ​ឡើង។

មាន​ការ​រីក​លូតលាស់​ខ្លាំង​ ​ក៏ប៉ុន្តែ​ប្រហែល​មិន​ខ្លាំងពេក​ដែល​វា​នាំឲ្យ​មាន​អតិផរណា​ខ្ពស់​នោះទេ។

លោក​ Byrne ​និយាយ​ទៀត​ថា​ ​នយោបាយ​របស់​រដ្ឋាភិបាលពេញចិត្ត​ការរីក​លូតលាស់​ដ៏​ឆាប់រហ័ស​ ដែល​ជាការ​ល្អ​សម្រាប់ការងារ​ធ្វើ​និង​ការអភិវឌ្ឍសេដ្ឋ​កិច្ចរយៈពេល​ខ្លី​ ​ក៏ប៉ុន្តែ​វា​មិន​មាន​ចីរភាព​ទេ។

«មនុស្ស​ជាច្រើន​ភ័យខ្លាច​ថា​ ​ប្រាក់​ដុង​អាច​ចុះថ្លៃ​បន្ថែម​ទៀត​ ​ហើយ​ពួកគេកំពុង​វិនិយោគទុន​លើ​មាស​និង​ប្រាក់ដុល្លារ​ ដែលនឹងបន្ថែម​សម្ពាធ​លើ​ប្រាក់​ដុង​ដែរ»។

ទីភ្នាក់ងារ​ Moodys ​និង​ទីភ្នាក់ងារ​ផ្តល់​ការ​វាយ​តម្លៃ​លើ​សញ្ញា​ប័ណ្ណ​បាន​ទម្លាក់​អត្រា​ឥណទាន​របស់​វៀតណាម​នៅខែនេះ​ ពីព្រោះ​ទិន្នន័យ​អតុល្យ​ភាពសេដ្ឋ​កិច្ច​ហើយនិង​សេចក្តីប្រកាស​ថា​ ​ក្រុមហ៊ុន​ស្ថាបនា​កប៉ាល់​ដែល​រដ្ឋ​កាន់​កាប់​ខកខាន​មិន​បាន​សងប្រាក់​កម្ចី​បរទេស។

Vinashin ​ដែល​ជា​ក្រុមហ៊ុន​ដ៏ធំ​បង្អស់​របស់​វៀតណាម​ខកខាន​មិន​បាន​សង​ប្រាក់កម្ចី​ចំនួន​៦​រយលាន​ដុល្លារ។​ ការិយាល័យ​បក្ស​កុម្មយនិស្ត​បាន​ប្រាប់​ក្រុមហ៊ុន​នោះ​ឲ្យ​រៀបចំ​រចនាសម្ព័ន្ធ​សាជាថ្មី។

ការ​ខកខាន​មិនបាន​សង​បំណុល​បាន​បង្កើន​ការព្រួយ​កង្វល់​ថា​ ​រដ្ឋាភិបាល​ឥឡូវ​នេះ​អាច​មាន​លទ្ធភាពតិច​ដើម្បី​ផ្តល់​ការគាំទ្រ​ខាង​ហិរញ្ញវត្ថុ​ដល់​សហ​គ្រាស​ដែល​កាន់កាប់​ដោយ​រដ្ឋ​ដែល​ពោរពេញទៅដោយ​បំណុល។

ក៏ប៉ុន្តែ​ លោក​ Carl Thayer ​ជាសាស្រ្តាចារ្យ​ខាង​នយោបាយ​នៅ​បណ្ឌិត្យសភា​ការពារ​ប្រទេស​អូស្រ្តាលី​ និយាយ​ថា​ ​ការសម្រេច​នេះ​ទំនង​ជា​រឿងនយោបាយ​ជាង​បញ្ហា​សេដ្ឋកិច្ច។ ​លោក​និយាយ​ទៀត​ថា​ ​ពួក​មេដឹកនាំ​ជាន់ខ្ពស់​ប្រហែល​សម្រេច​រៀបចំ​រចនាសម្ព័ន្ធ​ក្រុមហ៊ុន​ Vinashin ​សាជាថ្មី​ដែល​ជា​ការបង្ហាញ​នូវ​ការ​មិន​សប្បាយចិត្ត​ជាមួយ​នយោបាយ​សេដ្ឋកិច្ច​រីកលូតលាស់​ដ៏​ឆាប់រហ័ស​របស់​នាយក​រដ្ឋមន្រ្តី​ Nguyen Tan Dung។

«បញ្ហា​ក្រុមហ៊ុន​ Vinashin ​ជា​ការបង្ហាញ​ពីភាពខ្លាំង​របស់​នាយក​រដ្ឋមន្រ្តី។ ​ដូច្នេះ​វា​ជា​ការពិបាក​មួយ​សម្រាប់​ខ្ញុំ​ដែល​មើល​មិនឃើញ​ថា​ ​បញ្ហានេះ​ជារឿង​នយោ​បាយ​នោះ។​ ខ្ញុំ​ប្រាកដ​ជា​មិន​គិត​ថា​ ​មេដឹកនាំ​វៀតណាមបាន​ប្រកាន់​យក​ជំហរ​ដែល​បាន​បណ្តាល​ឲ្យមាន​គ្រោះថ្នាក់​សីលធ៌ម​មួយ​ទេ​ ហើយនិយាយ​ថា​ ​ សហ​គ្រាស​រដ្ឋត្រូវតែ​ការពារ​ខ្លួន​អ្នក។​ ខ្ញុំ​ចង់​និយាយ​ថា​ ​មាន​អារម្មណ៍​បែបនេះ​ ក៏ប៉ុន្តែ​មិន​មាន​ច្រើនទេ​ ពីព្រោះ​នេះ​ជាការ​ធ្វើ​ឲ្យគ្រោះ​ថ្នាក់​ដល់​ខ្លួន​ឯង​ពីព្រោះ​នេះ​ជាអ្វី​ដែល​រដ្ឋាភិបាល​ពឹងពាក់។ ពួកគេ​ចង់​ឲ្យ​សហ​គ្រាស​រដ្ឋ​មាន​ប្រសិទ្ធិភាព​ហើយ​ពួកគេ​បាន​សម្រួល​បញ្ហា​នេះ។ ក៏ប៉ុន្តែ​ ក្រុមហ៊ុន​ Vinishin ជាក្រុមហ៊ុន​ដ៏​ធំ​បំផុត​ដែល​មិនអាច​ឲ្យ​បាត់បង់​បាន»។

កាលពី​ខែ​មុន​ ​នាយករដ្ឋមន្រ្តី​បាន​សុខចិត្ត​ទទួលយក​ការខុសត្រូវ​ចំពោះ​បញ្ហា​ក្រុមហ៊ុន​ Vinishin ​ដែល​បំណុល​របស់​ក្រុមហ៊ុន​នោះ​មាន​ប្រហែល​៤,៥​ពាន់លាន​ដុល្លារ។

លោក​ Thayer ​និយាយ​ថា​ ​សមាជ​គណៈបក្សកុម្មុយនិស្ត​នៅក្នុង​ខែមករា​ មិន​ទំនង​ធ្វើ​ការប្រកាស​សំខាន់​ណាមួយ​លើ​បញ្ហា​សេដ្ឋកិច្ច​នោះទេ។​ ហើយ​ លោក​និយាយ​ទៀតថា​ ទោះបី​មាន​ការរិះគន់​លើ​បញ្ហា​សេដ្ឋកិច្ច​ក៏ដោយ​ នាយក​រដ្ឋមន្រ្តី​ទំនង​នៅតែ​រក្សា​តួនាទី​របស់​លោក​ ​ពីព្រោះ​លោក​មាន​គូប្រគួត​ប្រជែង​តិចតួច​ប៉ុណ្ណោះ។

«ទោះបី​ពួកគេ​បាន​ប្រឈមមុខ​សន្និសីទ​របស់​ម្ចាស់​ជំនួយ​នៅឆ្នាំ​នេះ​ក៏ដោយ​ ​ទោះបី​មាន​ការរិះគន់​របស់​ពួកគេ​ក៏ដោយ​ ​ហើយ​ខ្ញុំ​កំពុង​បញ្ចាំង​ឲ្យឃើញ​ថា​ ​ នាយក​រដ្ឋមន្រ្តី​ប្រាកដ​ជា​និយាយ​ថា​ ​យើង​អាច​ធ្វើ​ឲ្យរីក​លូតលាស់​ ​យើង​មាន​ស្ថិរភាព​ខាង​ម៉ាក្រូ​សេដ្ឋកិច្ច​ ហើយនឹង​រក្សា​ស្ថិរភាព​ខាង​នយោ​បាយ​ ​នៅពេល​ជាមួយគ្នា​នោះ​ដែរ។​ ដូច្នេះ​លោក​កំពុង​ត្រេះ​បាល់​៣​ ​ហើយ​ភាព​ប្លែក​នោះ​គឺថា​ វា​ទំនង​ដូច​ជាបាល់​មួយ​អាច​ត្រូវ​ទម្លាក់​ចោល។​ ហើយថា​ ​លោក​អាច​ធ្វើឲ្យ​មាន​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច»។

ពួកអ្នកវិភាគ​ហិរញ្ញវត្ថុ​និង​តំបន់​និយាយ​ថា​ ​បញ្ហា​កាល​ពីពេលថ្មីៗ​នេះ​ក្នុង​ប្រទេស​វៀតណាម​ រួមមាន​ការ​ខកខាន​មិន​សងប្រាក់​របស់​ក្រុមហ៊ុន​ ​Vinashin​ អាច​បន្លាច​ពួក​អ្នក​វិនិយោគទុន​បរទេស​ខ្លះ។ ​ក៏ប៉ុន្តែ​ ​លោក​ Byrne ​នៅ​ទីភ្នាក់ងារ​ Moodys ​និយាយថា ​ទិដ្ឋភាព​សេដ្ឋកិច្ច​រយៈពេល​យូរ​របស់​វៀតណាម​ ​នៅមាន​ភាពវិជ្ជមាន​នៅ​ឡើយ។

«វៀតណាម​បាន​ធ្វើ​វិធានការណ៍​ ​បាន​ចាត់វិធានការណ៍​ដើម្បី​ស្វាគមន៍​ការ​វិនិយោគទុន​បរទេស​ដោយ​ផ្ទាល់​ ​ហើយ​ដូច្នេះ​ ​ខ្ញុំ​គិត​ពី​ការជួយជ្រោមជ្រែង​ សក្តានុពល​ការរីក​លូតលាស់​រយៈ​ពេលយូរ។​ អ្វី​ដែល​ប្រាកដ​ជា​បាន​ផ្តល់​ការ លើក​ទឹកចិត្ត​ដល់​ប្រទេស​វៀតណាម​គឺ​ទំនាក់ទំនង​ពាណិជ្ជ​កម្មទ្វេភាគី​ជាមួយ​សហ​រដ្ឋ​អាមេរិក​ដែល​ត្រូវ​បានចុះ​ហត្ថលេខា​កាលពី​ប៉ុន្មាន​ឆ្នាំ​កន្លង​មកនេះ​ ដែល​ធ្វើ​ឲ្យ​វៀតណាម​អាចដឹក​ទំនិញ​ទៅកាន់​ទីផ្សារ​សហ​រដ្ឋ​អាមេរិក»។

លោក​ Byrn ​និយាយ​ថា​ ​ក្រៅពី​ការសងប្រាក់​ ​វៀតណាម​ចាំបាច់​ធ្វើ​ឲ្យ​មាន​តម្លាភាព​កាន់​តែប្រសើរ​ឡើង​លើ​ទិន្នន័យ​សេដ្ឋកិច្ច​និង​នយោបាយ។​ ឧទាហរណ៍​ ​លោក​និយាយ​ថា​ ព័ត៌មាន​ថ្មីៗ​ស្តីពី​ប្រាក់​បម្រុងបរទេស​ត្រូវបាន​ផ្សព្វផ្សាយ​មាន​ការយឺតយ៉ាវ​ជាង​ប្រទេស​ផ្សេងៗ​ដែល​ស្ថិត​ក្នុង​តំណាក់ការ​អភិវឌ្ឍន៍​ប្រហាក់​ប្រហែល​គ្នា។ លោក​និយាយ​ទៀតថា​ ​ព័ត៌មាន​ជាច្រើន​ស្តីពី​បំណុល​និង​ការ​ឧបត្ថម្ភ​ក្រុមហ៊ុន​ដែល​រដ្ឋកាន់កាប់​ ​ក៏នឹង​ធ្វើ​ឲ្យ​ល្អ​ប្រសើរ​ឡើង​នូវ​បរិកាស​វិនិយោគ​ទុន​ដែរ។

ប្រែសម្រួល​ដោយលោក​ជឹង ប៉ូជីន៕