លោកវីរសេនីយ៍ឯក «Leslie» Le Khac ly អតីតអគ្គសេនាធិការ II Corps នៅទីក្រុង Pleikuនៃកងទ័ពវៀតណាមខាងត្បូង បាននិយាយថា៖ «ខ្ញុំបានបោះឆ្នោតឲ្យគាត់មិនមែនដោយសារខ្ញុំកោតសរសើរគាត់ មិនមែនដោយសារខ្ញុំទទួលស្គាល់ថាគាត់ជាបេក្ខជនដែលមានសមត្ថភាពខ្ពស់សម្រាប់តំណែងជាប្រធានាធិបតីនោះទេ ប៉ុន្តែដោយសារខ្ញុំមិនចូលចិត្តលោកស្រី ហ៊ីលឡារី គ្លីនតុន»។
យោងតាមការស្ទង់មតិជាតិទៅពលរដ្ឋអាមេរិកាំងដើមកំណើតអាស៊ីឆ្នាំ២០១៦ ពលរដ្ឋអាមេរិកាំងដើមកំណើតអាស៊ីជាច្រើនបានបោះឆ្នោតឲ្យលោកស្រី ហ៊ីលឡារី គ្លីនតុន ជាជាងបោះឆ្នោតឲ្យលោក ដូណាល់ ត្រាំ នៅក្នុងការបោះឆ្នោតនៅសហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះ។ អ្នកដែលបោះឆ្នោតគាំទ្រលោក ដូណាល់ ត្រាំ គឺដោយសារមូលហេតុមួយចំនួនផ្សេងៗគ្នា។
អ្នកស្រី Aichau Caoxuanកំពុងតែពឹងផ្អែកលើអ្នកដែលលោកត្រាំនឹងតែងតាំងដើម្បីជួយណែនាំដល់គាត់។ អ្នកស្រីបាននិយាយថា៖ «បុគ្គលិកនិងទីប្រឹក្សារបស់លោក ត្រាំ នឹងនៅទីនោះដើម្បីជួយ។ ដូច្នេះនៅនាទីចុងក្រោយ ខ្ញុំបោះឆ្នោតឲ្យគាត់»។ អ្នកស្រីបាននិយាយយ៉ាងដូច្នេះនៅពេលដែលអ្នកស្រីសម្រាកពីការលេងម៉ាជាំង។
ជនជាតិវៀតណាមផ្សេងទៀតបានបោះឆ្នោតឲ្យគណបក្សសាធារណរដ្ឋដោយសារតែពួកគេមានជំនឿទៅលើគណបក្សនេះ។ លោក Long Pham ដែលកាន់សាសនាគ្រិស្តនិកាយកាតូលិកក៏ដូចជាពលរដ្ឋអាមេរិកកាំងដើមកំណើតវៀតណាមជាច្រើនទៀតដែរ បានថ្លែងថា៖ «ខ្ញុំនៅតែបោះឆ្នោតឲ្យគណបក្សសាធារណរដ្ឋព្រោះខ្ញុំមិនជឿទៅលើការរំលូតកូននោះទេ»។
ខុសពីអ្នកគាំទ្រស្ទាក់ស្ទើររបស់លោក ត្រាំ មួយចំនួនទៀត លោកMike Nguyenដែលក៏ជឿលើសាសនាគ្រិស្តនិកាយកាតូលិកផងដែរ ជឿជាក់ទៅលើរបៀបវារៈដែលលោក ដូណាល់ ត្រាំ បានស្នើឡើង ដោយរួមទាំងការជ្រើសរើសតុលាការកំពូលអភិរក្សនិយមដែលលោក Nguyen សង្ឃឹមថានឹងផ្លាស់ប្តូរបញ្ហាសង្គមមួយចំនួន។
លោក Nguyen បាននិយាយថា៖ «ឧទាហរណ៍ក្រុមគ្រួសារ និងអាពាហ៍ពិពាហ៍។ តាំងពីយូរយារណាស់មកហើយ និយមន័យអាពាហ៍ពិពាហ៍គឺវាងបុរសនិងស្ត្រី។ ខ្ញុំមិនរើសអើងមនុស្សស្រឡាញ់ភេទដូចគ្នានោះទេ ប៉ុន្តែពួកគេមានការទទួលស្គាល់ផ្សេងទៀត ដូចជាសហជីពទទួលស្គាល់អ្នកស្រឡាញ់ភេទដូចគ្នាជាដើម»។
លោកក៏រំពឹងថា សេដ្ឋកិច្ចសហរដ្ឋអាមេរិកនឹងប្រសើរឡើងក្រោមការដឹកនាំរបស់លោកត្រាំ ។ លោកបាននិយាយថា៖ «ដូចជាអ្នកបោះឆ្នោតដទៃទៀតដែរ ខ្ញុំមានក្តីរំពឹងច្រើនណាស់។ ខ្ញុំចង់ឲ្យយកការងារត្រឡប់មកឲ្យប្រជាពលរដ្ឋអាមេរិកាំងវិញ»។
ចំពោះគោលនយោបាយការបរទេសរបស់លោក ត្រាំ លោកវរសេនីយ៍ឯក Le បាននិយាយថា គាត់ចូលចិត្តជំហររឹងមាំរបស់ប្រធានាធិបតីជាប់ឆ្នោតចំពោះប្រទេសចិនដែលអាចផ្តល់ផលប្រយោជន៍ដល់ប្រទេសវៀតណាម។
លោកLeបាននិយាយថា៖ «ខ្ញុំចូលចិត្តគំនិតដែលថា លោក ដូណាល់ ត្រាំ មើលឃើញចិនជាសត្រូវ។ ព្យាយាមទាញវៀតណាមឲ្យត្រឡប់ទៅជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ហើយខ្ញុំចង់ឃើញលោក ដូណាល់ ត្រាំ បន្តគោលនយោបាយនេះ។ នេះគឺជាមធ្យោបាយតែមួយគត់ដែលអ្នកអាចបញ្ឈប់មហិច្ឆតារបស់ចិនបាន»។
មិនថាលោក ត្រាំ បានសន្យាអ្វីនៅក្នុងយុទ្ធនាការបោះឆ្នោតនោះទេ ពលរដ្ឋអាមេរិកាំងដើមកំណើតវៀតណាមជាច្រើនដឹងថា មានដែនកំណត់ចំពោះអ្វីដែលលោកប្រធានាធិបតីអាចធ្វើបាន ហើយប្រធានាធិបតីប្រហែលជាត្រូវសម្របសម្រួលទៅតាមនោះ។
លោក Pham និយាយថា៖ «យើងមានសភា និងតុលាការកំពូល។ មិនដូចជាប្រទេសកំពុងអភិវឌ្ឍន៍ នៅពេលដែលមានស្ដេចថ្មី ទ្រង់អាចផ្លាស់ប្តូរអ្វីៗបានគ្រប់យ៉ាងនោះទេ។ ខ្ញុំនឹងផ្តល់ឱកាសឲ្យគាត់យ៉ាងហោចណាស់មួយឆ្នាំឬពីរឆ្នាំ។ រយៈពេល១០០ថ្ងៃគឺខ្លីពេក។ សហរដ្ឋអាមេរិកគឺដូចជានាវាចម្បាំងធំមួយអញ្ចឹង។ នៅពេលដែលអ្នកចង់បត់ចង្កូត វាត្រូវការពេលវេលា»៕
ប្រែសម្រួលដោយ កាន់ វិច្ឆិកា