បុរសវៀតណាមម្នាក់ដែលមកកាន់ប្រទេសអូស្រ្តាលីជាលើកដំបូងក្នុងនាមជាជនភៀសខ្លួនកាលពីជាង៣០ឆ្នាំមុននោះ ទទួលបានរង្វាន់អក្សរសាស្រ្តជាន់ខ្ពស់អូស្រ្តាលី។ លោក Anh Do ជាអ្នកកំប្លែងនិងជាអ្នកនិពន្ធ សៀវភៅដែលមានចំណងជើងថា«ជនភៀសខ្លួនដ៏រីករាយជាងគេ» ហើយដែលទទួលបានរង្វាន់ចំនួនបី។ សៀវភៅនេះប្រាប់ពីរឿងរ៉ាវរបស់ក្រុមគ្រួសារជនភៀសខ្លួនគេចពីសង្រ្គាមប្រកបដោយគ្រោះថ្នាក់ក្នុងប្រទេសវៀតណាម នៅចុងទសវត្សរ៍១៩៧០។
ក្រោយពីពួកចោរសមុទ្រវាយប្រហារក្នុងពេលគេចខ្លួនពីការកៀបសង្កត់ ក្រោយសង្រ្គាមវៀតណាម លោក Anh Do និងគ្រួសាររបស់លោកបានត្រូវនាវាជំនួញអាល្លឺម៉ង់មួយជួយសង្រ្គោះ និងត្រូវបានបញ្ជូនទៅជំរំជនភៀសខ្លួនក្នុងប្រទេសម៉ាឡេស៊ី។
ឳពុកមាររបស់លោកបានចូលរួមជាមួយទាហានអូស្រ្តាលីជាច្រើនប្រយុទ្ធនៅក្នុងជម្លោះនោះដែលធ្វើឲ្យក្រុមគ្រួសាររបស់លោកក្លាយជាមុខសញ្ញានៃការសងសឹក។
ជាយថាហេតុ ពួកគេត្រូវបានអនុញ្ញាតឲ្យមករស់នៅប្រទេសអូស្រ្តាលី។នៅពេលក្រុមគ្រួសាររបស់លោកមកប្រទេសអូស្រ្តាលីចាប់ផ្តើមជីវិតថ្មីនៅឆ្នាំ១៩៨០នោះ លោក Do ទើបតែមានអាយុពីរឆ្នាំប៉ុណ្ណោះ។
រឿងនេះត្រូវបានរៀបរាប់ក្នុងជីវប្រវត្តិរបស់លោកក្នុងសៀវភៅ«ជនភៀសខ្លួនដ៏រីករាយជាងគេ» ជាភាសាអង់គ្លេសថា The Happiest Refugee ដែលបានទទួលការកោតសរសើរក្នុងកម្មវិធី Australian Book Industry Awards នៅទីក្រុងមេប៊ូន។ សៀវភៅនេះត្រូវបានគេជ្រើសរើសជាសៀវភៅប្រចាំឆ្នាំរបស់ប្រទេសជាតិនេះ។
លោក Do និយាយថា សៀវភៅនេះរៀបរាប់លម្អិតពីរឿងរ៉ាវប្រកបដោយគ្រោះថ្នាក់របស់គ្រួសារលោក រត់គេចចេញពីប្រទេសវៀតណាម។
«ឳពុកមាររបស់ខ្ញុំបានចូលរួមជាមួយទាហានអូស្រ្តាលីប្រយុទ្ធក្នុងសង្រ្គាមវៀតណាម។ ដូច្នេះបន្ទាប់ពីសង្រ្គាមចប់ គ្រួសាររបស់ខ្ញុំត្រូវបានគេធ្វើទុក្ខបុកម្នេញនិងឋិតក្នុងសភាពគ្រោះថ្នាក់។ ឳពុកមាររបស់ខ្ញុំម្នាក់ជាទាហានវិស្វកម្មដែលសម្អាតមីនសម្រាប់ Anzacs គឺអង្គភាពទាហានអូស្រ្តាលី ហើយយើងត្រូវរត់គេចចេញពីប្រទេសវៀតណាម។ យើងមានគ្នា៤០នាក់ជិះទូកនេសាទមួយប្រវែង៩ម៉ែត្រ។ យើងនៅលើសមុទ្រអស់រយៈពេល៥ថ្ងៃ គឺជាដំណើរផ្សងព្រេងប្រកបដោយគ្រោះថ្នាក់។ យើងត្រូវពួកចោរសមុទ្រវាយប្រហារពីរដង»។
លោក ដូ (Do)គឺជាអ្នកកំប្លែងប្រកបដោយជោគជ័យ។ លោកគ្រោងនឹងថតរឿង «ជនភៀសខ្លួនដ៏រីករាយជាងគេ» នេះជាខ្សែភាពយន្ត។
ក្នុងរវាងឆ្នាំ១៩៧៥ដល់១៩៩៤ មានជនភៀសខ្លួនវៀតណាមជាង១១ម៉ឺននាក់ត្រូវបានអនុញ្ញាតឲ្យរស់នៅក្នុងប្រទេសអូស្រ្តាលី។ មានប្រជាពលរដ្ឋវៀតណាមរាប់ពាន់នាក់ទៀតត្រូវបានគេផ្តល់ទិដ្ឋាការជាផ្នែកមួយក្នុងកម្មវិធីជួបជុំគ្រួសារជាថ្មី។
ជាញឹកញាប់ ប្រជាពលរដ្ឋអូស្រ្តាលីដើមកំណើតវៀតណាមជាច្រើនជាអ្នកតំណាងជាន់ខ្ពស់នៅក្នុងសាកលវិទ្យាល័យជាច្រើននិងធ្វើការងារប្រកបដោយជំនាញវិជ្ជាជីវៈជាច្រើន ហើយជាទូទៅត្រូវបានចាត់ទុកថា ជាផ្នែកមួយដ៏ជោគជ័យនៃវប្បធម៌ចម្រុះនៅអូស្រ្តាលី។
ទោះជាយ៉ាងណាក៏ដោយ លោកដូ(Do)និយាយថា ប៉ុន្មានឆ្នាំនេះប្រទេសអូស្រ្តាលីដែលផ្តល់ជម្រកឲ្យលោកនោះ មិនសូវជាទទួលស្វាគមន៍អ្នកខាងក្រៅប៉ុន្មានទេ។
«ឥរិយាបទនេះប្រហែលជាត្រូវផ្លាស់ប្តូរបន្តិច។ អ្នកដឹងទេ ខ្ញុំគិតថា សង្រ្គាមវៀតណាម និងរាល់រូបភាពនៃសង្រ្គាមត្រូវបានឆ្លុះបញ្ចាំងអំពីស្រុកកំណើត ក្នុងអំឡុងពេលសង្រ្គាមវៀតណាម។ ខ្ញុំគិតថា កាលណោះប្រទេសអូស្រ្តាលីបានទទួលស្វាគមន៍ជនភៀសខ្លួនវៀតណាមច្រើនជាងជនភៀសខ្លួនទូទៅ បន្ទាប់មកជនភៀសខ្លួនកំពុងតែមានសព្វថ្ងៃ»។
រដ្ឋាភិបាលប្រទេសអូស្រ្តាលីបានផ្តល់ទិដ្ឋាការដល់ជនភៀសខ្លួនជាង១៣០០០នាក់ជារៀងរាល់ឆ្នាំ ក្រោមសន្ធិសញ្ញាអន្តរជាតិជាច្រើន។ ក្នុងសប្តាហ៍នេះ រដ្ឋាភិបាលក្រុងCanberraបានចុះហត្ថលេខាក្នុងកិច្ចព្រមព្រៀងដ៏ចម្រូងចម្រាសមួយដើម្បីបញ្ជូនប្រជាជនសុំសិទ្ធិជ្រកកោនរាប់រយនាក់ទៅកាន់ប្រទេសម៉ាឡេស៊ីជាថ្នូរនឹងជនភៀសខ្លួនយ៉ាងយូរចំនួន៤០០០នាក់។ នេះជាផ្នែកមួយក្នុងគោលបំណងប្រឆាំងនឹងការជួញដូរមនុស្សដែលនាំឲ្យមានការហូរចូលនូវជនអន្តោប្រវេសន្តគ្មានការអនុញ្ញាតដែលធ្វើដំណើរតាមទូកពីដែនទឹកភាគខាងជើងចូលប្រទេសអូស្រ្តាលី៕
ប្រែសម្រួលដោយហ៊ុយ សម្ភស្ស