ប្រធានរដ្ឋសភាវៀតណាមនឹងធ្វើទស្សនកិច្ចនៅ​កម្ពុជានាចុងសប្តាហ៍នេះ

រូបឯកសារ៖ រូបភាពដែលត្រូវបានថតនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០១៩ បង្ហាញពីសមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Tran Thanh Man ក្នុងកិច្ចប្រជុំនៃរណសិរ្សមាតុភូមិវៀតណាមនៅទីក្រុងហាណូយ។

ប្រធានរដ្ឋសភា​វៀតណាម លោក ជិន ថាញ់មិន (Tran Thanh Man) នឹងម​ក​បំពេញ​ទស្សនកិច្ច​ផ្លូវការនៅ​កម្ពុជា​រយៈពេល​បួន​ថ្ងៃ ដើម្បី​ពង្រឹង និងពង្រីក​កិច្ច​សហប្រតិបត្តិ​ការ​សភា​នៃ​ប្រទេសទាំងពីរ​ឱ្យ​កាន់តែរឹងមាំ​។​

នៅ​ក្នុង​សេចក្តី​ជូន​ដំណឹង​របស់​រដ្ឋសភាជាតិកម្ពុជា ដែលធ្វើ​ឡើង​កាលពី​ថ្ងៃទី​ ១៣ ខែវិច្ឆិកា ឆ្នាំ​ ២០២៤ និង​ទើប​ត្រូវ​បាន​ផ្សព្វផ្សា​យ​នៅ​ថ្ងៃចន្ទនេះ​បញ្ជាក់​ថា ដំណើរ​ទស្សនកិច្ច​របស់លោក​ ជិន ថាញ់មិន មក​កាន់​ប្រទេសកម្ពុជា នឹង​ចាប់​ផ្តើមពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២៤។​

សេចក្តី​ជូន​ដំណឹងនោះ​បន្ថែម​ក្នុង​ន័យ​ដើម​ថា៖ «​ដំណើរទស្សនកិច្ចនេះ ធ្វើ​ឡើង​ក្នុង​គោល​បំណង​ពង្រឹង​ពង្រីក​កិច្ចសហប្រតិបត្តិការសភានៃប្រទេស​ទាំងពីរឱ្យកាន់តែមានភាពរឹងមាំ ស៊ីជម្រៅ និង​គ្រប់ជ្រុងជ្រោយ ទាំងក្នុងក្របខណ្ឌទ្វេភាគីនិងពហុភាគី ស្របតាម​ស្មារតី​ភាព​ជា​អ្នក​ជិតខាង​ល្អ មិត្តភាព​ជា​ប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និរន្តរភាពយូរអង្វែង និង​កិច្ច​សហ​ប្រតិបត្តិការ​ភាព​ជា​ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដោយតម្កល់ផលប្រយោជន៍ប្រជាជន និង​ប្រទេស​ជាតិ​ទាំង​ពី​រជា​ស្នូល»។

សេចក្តី​ជូន​ដំណឹង​ដដែល​បន្ថែម​ថា ក្នុងអំឡុង​ទស្សនកិច្ច លោក ជិន ថាញ់មិន នឹង​មាន​ជំនួប​ចរចា​ទ្វេភាគី ជាមួយប្រធានរដ្ឋសភាកម្ពុជា​ ​ដោយ​នឹង​មាន​ការ​សម្ពោធ​អគាររដ្ឋបាលរដ្ឋសភា​កម្ពុជា​ថ្មី ដែល​ជាអំណោយ​រ​បស់សាធារណរដ្ឋសង្គមនិយមវៀតណាម។​

លោក ជិន ថាញ់មិន និងគណៈប្រតិភូ​វៀតណាម​ក៏​គ្រោង​ចូលក្រាបថ្វាយបង្គំគាល់ព្រះមហាក្សត្រ​កម្ពុជា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី លោកហ៊ុន សែន ប្រធានព្រឹទ្ធសភា លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន ម៉ាណែត និងឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​មួយ​ចំនួន។

អ្នកតាមដាន​ភូមិសាស្ត្រនយោបាយ​លោក​ សេង វណ្ណលី លើកឡើងថា ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​រដ្ឋសភា​វៀតណាម បង្ហាញ​អំពីទំនាក់ទំនង​ស្អិត​រមួត​រវាងស្ថាប័ន​រដ្ឋាភិបាល និងស្ថាប័ន​នីតិប្បញ្ញត្តិ​របស់ប្រទេស​ទាំងពីរ។ លោក​ថា ទស្សនកិច្ច​នេះ​ក៏​ឆ្លុះបញ្ចាំងពីសារសំខាន់​នៃ​ក្រប​ខណ្ឌកិច្ច​សហប្រតិបត្តិ​ការ​ក្នុង​ការ​ធ្វើការងារ និង​អនុម័តច្បាប់​របស់​ប្រទេស​ទាំងពីរ និង​ជា​ពហុ​ភាគី​ក្នុងតំបន់អាស៊ាន។

លោក​បន្ថែម​ថា៖ «កិច្ចសហប្រតិបត្តិការ​ទ្វេរភាគី​ជារឿងមួយ ការ​ជំរុញ​កិច្ច​សហប្រតិបត្តិ​ការ​ក្នុង​ក្របខណ្ឌ​ពហុភាគី​ដែលធ្វើយ៉ាងណា​ ដើម្បី​ធ្វើម៉េច​ឱ្យមានការ​ស្នើច្បាប់ និង​អនុម័តច្បាប់​ឱ្យ​ស្រប​ទៅនឹងគោលដៅនៃ​ការ​ធ្វើ​សមាហរណកម្ម​នីតិបញ្ញត្តិ​របស់អាស៊ាន​ឱ្យមាន​ដំណើរ​ការ​ដោយ​រលូន ហើយ​កុំ​ឱ្យ​មានការ​អនុវត្ត​ផ្ទុយ​ពីគ្នា»។

នេះជាដំណើរ​ទស្សនកិច្ចកម្ពុជា​ជា​លើកដំបូងរបស់​លោក​ ជិន ថាញ់មិន ក្នុង​តំណែង​ជា​ប្រធាន​សភា​វៀតណាម បន្ទាប់ពីលោក​ត្រូវ​បាន​សភាវៀតណាម​បោះឆ្នោតឱ្យធ្វើជាប្រធានកាល​ពី​ខែ​ឧសភាកន្លង​ទៅ។

ក្នុង​ដំណើរ​ទស្សន​កិច្ចនៅកម្ពុជា ​លោក ជិន ថាញ់មិន នឹង​ចូលរួមថ្លែងសុន្ទរកថា​បើក​សន្និសីទអន្តរជាតិ​នៃ​គណបក្ស​នយោបាយ​អាស៊ី (ICAPP) និង​ពិធី​បើក​សម័យ​ប្រជុំ​ពេញ​អង្គនៃ​សភា​អន្តរជាតិ​ដើម្បី​ភាព​អត់ឱន និង​សន្តិភាព (IPTP) លើកទី ១១ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ នេះបើតាមសេចក្តី​ជូន​ដំណឹង​របស់​រដ្ឋសភាជាតិកម្ពុជា៕