ពលរដ្ឋ​អាមេរិកាំង​ដើមកំណើត​វៀតណាម ជួយ​ជនជាតិ​អាហ្វហ្គានីស្ថាន​ដែល​មក​តាំង​លំនៅដ្ឋាន​ជាថ្មី​ក្នុង​សហរដ្ឋ​អាមេរិក

រូបឯកសារ៖ ឧទ្ធម្ភាគចក្រ Chinook របស់​អាមេរិក​មួយគ្រឿង​ហោះ​នៅ​លើ​ទីក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន កាលពី​ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១។

«ខ្ញុំ​ មិនអាច​ទទួល​ទាន​ដំណេក​បានទេ»។

នេះ​ ជាសម្តីរបស់​លោក Dinh Xuan Quan ​អតីត​អ្នកកាន់​កិច្ចការ​ប្រតិបត្តិខាង​ការ​អភិវឌ្ឍន៍អន្តរជាតិ។ នៅពេលដែលលោកដឹង​ដំណឹង​ពី​ប្រទេស​អាហ្វហ្គានីស្ថាន ​ពលរដ្ឋអាមេរិកាំង​ដើម​កំណើតរៀតណាមរូបនេះ ​នឹក​ឃើញ​ឡើងវិញ​ដល់​ការឆ្លងកាត់​របស់​លោក​ នៅ​ពេល​ក្រុង​ព្រៃនគរ​រលំ​កាល​ពី​ជាង​បួន​ទសវត្សរ៍​មុន​នេះ។

រូបភាព​មនុស្ស​ប្រឹងប្រែងរត់​គេច​ខ្លួន​ពីក្រុង​កាប៊ុល​ នាំ​ឱ្យ​លោក Dinh នឹក​ឃើញ​អតីតកាល​ដ៏ឈឺ​ចាប់​។

លោក Dinh Xuan Quan ដែល​រស់នៅ​ក្រុង Garden Grove នៃ​រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក បាន​ប្រាប់​វីអូអេ​ផ្សាយ​ជា​ភាសា​វៀតណាម​ថា លោក Dinh Xuan Quan ដែល​រស់នៅ​ក្រុង Garden Grove នៃ​រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក បាន​ប្រាប់​វីអូអេ​ផ្សាយ​ជា​ភាសា​វៀតណាម​ថា «ខ្ញុំ​នឹក​ឃើញ​អ្វី​ដែល​បានកើត​ឡើង​នៅក្នុង​ប្រទេស​វៀតណាម គឺ​មាន​ជន​ភៀសខ្លួន ការលួច​ឥវ៉ាន់ និង​ភាពចលាចល​ក្នុង​ក្រុង​ព្រៃនគរ»។

«ខ្ញុំ​នឹក​ឃើញ​អ្វីដែលបានកើត​ឡើង​ក្នុងប្រទេស​វៀតណាម​ គឺ​មាន​ជន​ភៀសខ្លួន ការលួចឥវ៉ាន់​ និងភាព​ចលាចលក្នុង​ក្រុង​ព្រៃនគរ»។ នេះជាសម្តី​លោក Dinh ​ប្រាប់​វីអូអេ​ផ្នែកផ្សាយ​ជា​ភាសា​វៀតណាម​ពីផ្ទះ​របស់​លោកក្នុងទីក្រុង Garden Grove រដ្ឋ California ដែលជា​សហគមន៍​វៀតណាម​ធំ​ទី​ពីរ​ក្នុង​សហរដ្ឋ​អាមេរិក។ ​លោកបានថ្លែង​ថា​ នៅ​កាប៊ុល​«គ្មាន​បញ្ហាលួចទេ​ ហើយ​នេះ​ជា​ការល្អ។ លោក​ប្រៀប​ធៀបនឹង​ការចូលលុក​ក្នុង​ធនាគារ និងផ្ទះ​ក្នុង​ក្រុង​ព្រៃនគរ កាលពីឆ្នាំ​១៩៧៥។ លោកនិយាយថា «ជា​មួយ​ពួក​តាលីបង់​ អ្នកមានទោស​ពី​បទ​លួច ​ត្រូវ​កាត់​ដៃ​»។

សម្រាប់​លោក Dinh ដែល​បាន​ធ្វើការសរុប ៧ឆ្នាំ ក្នុង​ក្រុង​កាប៊ុល​ក្នុងចន្លោះពី​ឆ្នាំ២០០៤ ​ដល់​ឆ្នាំ២០១៦ ឱ្យធនាគារ​ពិភពលោក អង្គការ​សហប្រជាជាតិ ក្រសួងកសិកម្ម​សហរដ្ឋ​អាមេរិក និង​គម្រោងការ​របស់​ទីភ្នាក់ងារ USAID ការ​ចងចាំ​ហេតុការណ៍​នៅ​ព្រៃនគរ ​នាំ​ឱ្យ​លោក​បារម្ភ​អំពី​ក្រុមសហសេវិកអាហ្វហ្គានីស្ថាន​របស់​លោក​ដែល​បានក្លាយ​ទៅ​ជា​មិត្តភ័ក្តិ​របស់​លោក។

លោក Dinh កំពុងជួយ​ធ្វើការឱ្យ​បណ្តាញផ្សាយ​ព័ត៌មានភាសាវៀតណាមក្នុង​ស្រុក​នៅ​ពេល​លោកមាន​អាយុ​ជិត​ ៧០ឆ្នាំ។​ លោក​បាន​និយាយ​ថា «ប្រពន្ធ​ និង​កូន​ពួក​គេ​មិន​អាចធ្វើការ ឬ​ទៅ​សាលារៀន​បានទេ។​ ដូច្នេះ​ការឆ្លើយ​តប​របស់​ខ្ញុំពោរពេញដោយ​ការ​រំជួលចិត្ត​ខ្លាំង ហើយ​នាំឱ្យ​ខ្ញុំនឹកឃើញ​ឆ្នាំ១៩៧៥​ នៅ​ប្រទេស​វៀតណាម»។

លោកពិនិត្យ​មើល​សំណុំ​ឯកសារដើម្បីជួយ​ក្រុមសហសេ​វិក​លោក​ឱ្យមកតាំងលំនៅ​ដ្ឋាន​ជា​ថ្មីក្នុង​សហរដ្ឋ​អាមេរិក។ លោកជាសមាជិកនៃ​ចលនា​ជនជាតិ​វៀតណាម​ស្ម័គ្រចិត្ត​មួយ​នៅ​ទូទាំង​សហរដ្ឋ​អាមេរិកដែលជួយ​គ្រួសារអាហ្វហ្គានីស្ថាន​ដែល​មករស់​នៅ​ជា​ថ្មី​នៅ​អាមេរិក។

ឧទាហរណ៍​នៅ​ក្រុង Seattle រដ្ឋ​វ៉ាស៊ីនតោន គ្រួសារ​អាមេរិកាំង​ដើមកំណើត​វៀតណាម​បានផ្សាយ​តាមបណ្តាញព័ត៌មាន​អំពី​វិធី​ជួយ​គ្រួសារអាហ្វហ្គានីស្ថាន​ចំនួន ៧៥ ដោយសារសេច​ក្តីថ្លែងការណ៍របស់​ក្រុម​នេះ​ចែង​ថា «ឆ្នាំ១៩៧៥​ ជា​ឆ្នាំសំខាន់​មួយសម្រាប់ក្រុម​ពលរដ្ឋអាមេរិកាំងដើមកំណើត​វៀតណាម» ពីព្រោះជនជាតិ​វៀតណាមជិត​១សែន​ ៣​ម៉ឺន​ នាក់​ ត្រូវ​បានជម្លៀស និង​តាំង​ផ្ទះ​សំបែង​ជា​ថ្មី​នៅ​ប្រទេស​ក្រៅ។ ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើតវៀតណាម​រាប់​មិនអស់​ ត្រូវ​ជួយ​ឧបត្ថម្ភដោយ​គ្រួសារ​អាមេរិកាំង ​និង«បាន​ទទួល​អត្ថប្រយោជន៍ពី​ចិត្ត​ល្អនៃ​ក្រុម​ជនដែល​មិនដែលស្គាល់​ពួក​គេ​ដោយ​ផ្តល់​កន្លែង​ជ្រក​កោន​ សេវា ​និងមិត្តភាព។ នៅ​ក្នុង​រដ្ឋ Washington សហគមន៍​យើងមានកា​តព្វកិច្ច​ជួយ​អ្នកដទៃ»​ នេះ បើ​តាម​ការថ្លែងរបស់​គម្រោងការ​ជនជាតិ​វៀតណាម ៧៥គ្រួសារ ​សម្រាប់​ជួយ​ជន​ភៀសខ្លួន​អាហ្វហ្គានីស្ថាន ​៧៥​គ្រួសារ។

រូបឯកសារ៖ ការជម្លៀស​បុគ្គលិក និង​ជនស៊ីវិល​ដែល​បាន​ទទួល​ការអនុញ្ញាត​ឲ្យចូល​សហរដ្ឋ​អាមេរិក ពី​ទីក្រុង​ព្រៃនគរ ប្រទេស​វៀតណាម កាលពី​ថ្ងៃទី២៩ ខែមេសា ឆ្នាំ១៩៧៥។

ទោះជាមិនសូវមាន​អ្នក​ដែលមានចំណង​ទាក់​ទង​ផ្ទាល់​ខ្លួន​ដូចលោក Dinh ទៅ​នឹងព្រិត្តិការណ៍​ទាំង​ពីរ​នេះ​ក៏ដោយ ក៏រូប​ភាព​ឧទ្ធម្ភាគចក្រ​យោធាដឹក​ជញ្ជូនមួយគ្រឿង​ដែល​ប្រុងប្រៀបចុះចត​លើ​ដំបូល​ស្ថានទូត​សហរដ្ឋ​អាមេរិក​ក្នុងទីក្រុង​កាប៊ុលនៅ​ថ្ងៃ​១៥ សីហា​ នាំឱ្យ​នឹក​ឃើញ​ដល់​រូបថត​ឧទ្ធម្ភាគចក្រ​ស្រដៀង​គ្នា​នេះ នៅ​លើ​ដំបូល​មាន​មនុស្ស​ច្រើន​នៃ​អាគារ​ផ្ទះ​ល្វែង​មួយ​ដែលក្រុម​បុគ្គលិក​អាមេរិកាំង​រស់នៅ​ដែល​គេយល់ច្រឡំ​ថា​ ជាស្ថានទូត​សហរដ្ឋ​អាមេរិក​នៅទីក្រុង​ព្រៃនគរ។ សម្រាប់​មនុស្ស​រាប់​លាននាក់​នៅ​ទូទាំង​ពិភពលោក ​ព្រឹត្តការណ៍​ទាំង​ពីរនេះ ​មាន​លក្ខណៈ​ស្រដៀង​គ្នា។

អង្គការ​ PIVOT ដែលជាអង្គការ​សហគមន៍ពលរដ្ឋអាមេរិកាំង​ដើមកំណើត​វៀតណាម​ជឿនលឿននិយម​មួយ ​បាននិយាយនៅ​ក្នុងសេចក្តី​ថ្លែងការណ៍​មួយ​ថា ​រូបភាព​ទាំងពីរ​នេះ «នាំឱ្យ​នឹក​ឃើញ​ដល់​ហេតុការណ៍ដែល​ធ្លាប់​កើតឡើងកាលពី​ពេលមុន។ ទោះ​ជាស្ថានការណ៍​ខុស​គ្នា​ក៏​ដោយ ​ក៏យើងបាន​ជួប​ប្រទះ​អ្វី​ដែល​កំពុងកើត​ឡើងនៅ​អាហ្វហ្គានីស្ថាន​ និងដែល​ប្រហែលនឹង​កើតឡើងនៅ​ពេលខាង​មុខ​ក្នុង​ប្រទេស​នោះ»។

សេចក្តី​ថ្លែងការណ៍របស់ក្រុមនេះ​បន្ត​ថា «ជនជាតិ​វៀតណាម​ជាច្រើននាក់​ដែល​គួរ​ត្រូវ​ជម្លៀស បានជាប់​គាំងនៅក្នុង​បរិវេណស្ថាន​ទូត​សហរដ្ឋ​អាមេរិក និង​កន្លែង​ឯ​ទៀតៗ។ មនុស្សរាប់សែន​នាក់​បានជាប់​ឃុំក្នុង​ជំរំ​អប់រំ​ឡើងវិញ ចំណែកឯមនុស្សរាប់លាន​នាក់​ទៀត​ បានប៉ុន​ប៉ងរត់គេចខ្លួន​តាមមធ្យោបាយ​ផ្សេងៗដូចជាការ​លួចជិះទូក​រត់ចេញ​ពី​ប្រទេស​ដែល​បានបណ្តាល​ឱ្យ​មនុស្ស​ជាច្រើននាក់​ស្លាប់​ក្នុង​សមុទ្រ​។ នេះជា​កាតព្វកិច្ច​សីលធម៌របស់​យើង​ដើម្បីធ្វើ​អ្វីគ្រប់បែប​យ៉ាង​ទាំង​អស់​ដែល​យើង​អាចធ្វើ​បាន ដើម្បី​ធ្វើឱ្យ​ប្រាកដ​ប្រជា​ថា ប្រជារាស្ត្រ​អាហ្វហ្គានីស្ថានមិន​ប្រឈម​នឹង​ជោគវាសនាស្រដៀងគ្នា ​ឬអាក្រក់​ជាង​នេះ»។

លោក Baoky Vu លោក Vu ជា​អ្នក​សកម្ម​ខាង​នយោបាយ​ក្នុង​រង្វង់​គណបក្ស​សាធារណរដ្ឋ និង​ជា​សមាជិក​គណៈកម្មការ​រដ្ឋ​នៃ​ប្រព័ន្ធ​មហា​វិទ្យាល័យ​បច្ចេកទេស​នៃ​រដ្ឋ Georgia សហរដ្ឋ​អាមេរិក។

សម្រាប់​លោក Baoky Vu រូបភាព​នៅ​កាប៊ុល​ បានធ្វើឱ្យ​លោកនឹក​ឃើញដែនដី​កោះ Guam របស់​សហរដ្ឋ​អាមេរិក​ដែលនៅ​ទីនោះ​លោក​ឋិត​ក្នុងបណ្តាជនជាតិ​វៀតណាម​១សែននាក់​ដែល​បានរស់​នៅទីនោះ​ជាបណ្តោះ​អាសន្ន ​នៅ​មុន​ និង​ក្រោយក្រុង​ព្រៃនគរ​រលំ។ សព្វថ្ងៃ ​លោក​រស់​នៅទី​ក្រុង​ Atlanta។ លោក Vu ​បាននិយាយ​ថា​ ឃ្លីប​វីដេអូ​ដែល​បង្ហាញ​ក្រុម​ជន​ជាតិអាហ្វហ្គានីស្ថានប្រជ្រៀត​គ្នា​ចូលក្នុងអាកាសយានដ្ឋាន​ក្រុងកាប៊ុល​ ដោយ​សង្ឃឹម​ថា «​ត្រូវជួយ​សង្គ្រោះ​ដោយ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​នោះ​នាំឱ្យ​ការ​ឈឺចាប់​ដែល​លោក​បានជួប​ប្រទះ​កាលពី​៤៦ឆ្នាំ​មុន​នេះ​ វិលត្រឡប់​មកវិញ»។

លោក Vu អាយុ​៥៤ឆ្នាំ បាន​និយាយប្រាប់​ផ្នែកផ្សាយ​ជា​ភាសាវៀតណាម​នៃ​វីអូអេ​ថា ​«រូបភាព​ទាំង​នោះ​ នាំ​ឱ្យ​សោកសៅ។ វា​នាំ​ឱ្យ​ខ្ញុំ​នឹកឃើញ​កាលៈទេសៈជុំវិញ​ការធ្វើ​ចំណាក​ស្រុក--គឺ​ការរត់គេច​ខ្លួន ការចាកចេញ​ពី​ប្រទេស និង​ការដឹង​នៅ​ពេ​ល​នោះ​ដែរ​ថា របបគ្រប់​គ្រង​ដែល​ឡើង​មក​កាន់អំណាច​ជា​របបផ្តាច់ការ»។​ លោក Vu ដែល​សកម្មខាងនយោបាយក្នុងរង្វង់​គណបក្ស​សាធារណរដ្ឋ ​បានបម្រើ​ការជា​មន្ត្រី​ទទួល​ការតែងតាំងក្នុង​រដ្ឋបាល​លោកប្រធានាធិបតី​ George W. Bush និង​ជាអនុប្រធានគណៈកម្មការចាត់​ចែង​ការ​បោះឆ្នោត​ស្រុក​ DeKalb។ សព្វ​ថ្ងៃ ​លោក​ជាសមាជិក​គណៈកម្មការរដ្ឋនៃ​ប្រព័ន្ធមហាវិទ្យាល័យ​បច្ចេកទេស​នៃ​រដ្ឋ Georgia។

លោក​ Dinh Hung Cuong អាយុ​៧៨ឆ្នាំ ជា​អតីតវរសេនិយត្រីនៃ​កង​ទាហាន​ថ្មើរជើងវៀតណាមខាងត្បូងដែល​សព្វថ្ងៃ​រស់នៅ​ក្នុង​ស្រុក Fairfax រដ្ឋ Virginia សហរដ្ឋ​អាមេរិក។

លោក​ Dinh Hung Cuong អាយុ​៧៨ឆ្នាំ ជា​អតីតវរសេនិយត្រីនៃ​កង​ទាហាន​ថ្មើរជើងវៀតណាមខាងត្បូងដែល​សព្វថ្ងៃ​រស់នៅ​ក្នុង​ស្រុក Fairfax រដ្ឋ Virginia។ លោក​បាន​កើត​នៅទីក្រុង​ហាណូយ​។ គ្រួសារ​លោក​បាន​រត់​គេច​ខ្លូន​ទៅ​តាំង​លំ​នៅ​ជា​ថ្មី​ក្នុង​ប៉ែក​ខាងត្បូងនៃ​ប្រទេសវៀតណាម​ នៅពេលដែល​ពួក​កុម្មុយនិស្តកាន់កាប់ផ្នែក​ខាងជើង​នៃ​ប្រទេស​វៀតណាម​ក្នុង​ឆ្នាំ១៩៥៤។ កាល​ពី​ដើមខែមេសា ឆ្នាំ១៩៧៥​ លោក​ត្រូវ​របួសនៅពេលប្រយុទ្ធ​នឹង​កងកម្លាំងកុម្មុយនិស្តដើម្បី​រក្សា​ផ្លូវ​ផ្គត់ផ្គង់មួយក្នុងខេត្ត​ Long An ដែលនៅ​ទីនោះ​លោក​បាន​បម្រើការ​ជាអភិបាល​ស្រុក​ Thu Thua រហូត​ដល់វៀតណាម​ខាង​ត្បូង​រលំ​ក្នុង​ឆ្នាំ១៩៧៥។ សហរដ្ឋ​អាមេរិក ​បាន​ជម្លៀស​លោកទៅកោះ Guam ​នៅមុន​រដ្ឋាភិបាល​ក្រុងព្រៃនគររលំ។

លោក​ Dinh Hung Cuong បាននិយាយ​ប្រាប់​ផ្នែកផ្សាយ​ជា​ភាសា​វៀតណាម​នៃវីអូអេ​ថា «ខ្ញុំរំជួល​ចិត្ត ជា​ពិសេស​ដោយរូប​វីដេអូ​បង្ហាញជនជាតិអាហ្វហ្គានីស្ថាន​រត់​តាម​យន្តហោះ​អាមេរិកាំងដែល​ហៀប​ហោះឡើង និងអំពីការដែលមនុស្ស​ខ្លះ​ បានធ្លាក់​ពី​យន្តហោះ​នោះ ​នៅ​ពេល​វា​ហោះឡើង។ ទិដ្ឋភាពដ៏​រន្ធត់​នេះនាំ​ឱ្យ​ខ្ញុំ​នឹក​ឃើញដល់អ្វីដែលបានកើត​ឡើង​នៅ​ក្រុង​ Da Nang ក្នុង​ឆ្នាំ១៩៧៥។ ពេលនោះ មនុស្ស​បាន​ប្រជៀត​គ្នា​ឡើង​ជិះយន្តហោះ​ស៊ីវិល​អាមេរិកាំង​មួយ​គ្រឿង​ទៅ​កាន់ព្រៃនគរ ហើយមានមនុស្ស​ខ្លះតោង​ស្លាប​យន្តហោះ​នោះ។ នៅពេល​យន្តហោះ​នោះ​ចុះចតនៅអាកាសយានដ្ឋាន​ Tan Son Nhat នៅ​ទីក្រុង​ព្រៃនគរ​ គេ​បានរក​ឃើញ​មនុស្ស​ម្នាក់ស្លាប់​នៅក្នុងកន្លែងដាក់កង់​យន្តហោះ​នោះ»។

លោក Nguyen Kim Khoa សព្វថ្ងៃ​លោក​អាយុ​៧៨​ឆ្នាំ បាន​និយាយ​ថា លោក​ជា​អ្នក​បើក​ឧទ្ធម្ភាគចក្រ​ម្នាក់​ក្នុង​ចំណោម​ក្រុមអ្នក​បើកឧទ្ធម្ភាគចក្រ​ចុង​ក្រោយ​ដែល​បាន​ចាកចេញ​ពីមូលដ្ឋានកងទ័ព​អាកាស Bien Hoa ចម្ងាយ​ប្រមាណ ២៥គីឡូម៉ែត្រ​ពីទីក្រុង​ព្រៃនគរ​កាលពី​ថ្ងៃទី២៩ ខែមេសា ឆ្នាំ១៩៧៥។ សព្វថ្ងៃ​លោក​រស់នៅ​ទីក្រុង​ Fresno រដ្ឋ California។

លោក Nguyen Kim Khoa សព្វថ្ងៃអាយុ​៧៨​ឆ្នាំ​ បាននិយាយ​ថា ​លោក​ជាអ្នក​បើក​ឧទ្ធម្ភាគចក្រម្នាក់ក្នុង​ចំណោមក្រុមអ្នក​បើកឧទ្ធម្ភាគចក្រ​ចុង​ក្រោយដែល​បានចាក​ចេញ​ពីមូលដ្ឋានកង​ទ័ព​អាកាស​ Bien Hoa ចម្ងាយ​ប្រមាណ​ ២៥ ​គីឡូម៉ែត្រ​ពីទីក្រុង​ព្រៃ​នគរកាល​ពី​ថ្ងៃ​ទី​២៩ ខែមេសា​ ឆ្នាំ១៩៧៥។ សព្វថ្ងៃ​ លោក​រស់នៅ​ទីក្រុង​ Fresno រដ្ឋ​ California ដែលនៅ​ទី​នោះ លោក​ធ្លាប់​ធ្វើការនៅ​កន្លែងម៉ាស៊ីនភ្លើង ​និង​ជួសជុល​ម៉ាស៊ីនត្រជាក់នៅ​មន្ទីរពេទ្យ​សហគមន៍។ ទីក្រុងនេះ ស្ថិតនៅ​ប្រមាណ២៥០​គីឡូម៉ែត្រ​ពីសហគមន៍​វៀតណាមធំ​បំផុតក្នុង​សហរដ្ឋ​អាមេរិក គឺ​ទីក្រុង​ San Jose រដ្ឋ California ​ដែលឋិតនៅ​ចម្ងាយ​ជិត​ ៣០ គីឡូម៉ែត្រ​ពី​ទីក្រុង Fremont ដែលមានសហគមន៍អាហ្វហ្គានីស្ថាន​ធំជាង​គេក្នុងសហរដ្ឋ​អាមេរិក។

លោក Nguyen Kim Khoa​ បានកើត​នៅ​ក្រុង Haiphong ក្នុង​ប៉ែក​ខាង​ជើង​ប្រទេស​វៀតណាម។ គ្រួសារ​លោក ​បានរត់​គេច​ខ្លួនទៅ​ប៉ែក​ខាង​ត្បូងក្នុង​ឆ្នាំ១៩៥៤។ លោក​បានប្រៀប​ធៀប​ការបាក់​ទ័ពនៃកងកម្លាំងអាហ្វហ្គានីស្ថាន​ទៅនឹង​ការ​ចង​ចាំ​របស់លោកអំពី​ក្រុមទាហានវៀតណាម​ខាងត្បូង។ លោក​បានថ្លែង​ថា «ទោះ​ណាត្រូវ​បោះបង់​ដោយ​សហរដ្ឋ​អាមេរិក​ក៏​ដោយ ក៏យើង​នៅ​តែប្រយុទ្ធក្នុង​សេចក្តី​សង្ឃឹមថា យើង​អាច​យកឈ្នះ​ហើយ​ទទួលការ​គាំទ្រពី​ប្រទេស​ឯទៀតៗ។​ យើង​អាច​ត​ស៊ូ​បានពីរ​ឆ្នាំ​ទៀត​ ​ក្រោយពី​ស.រ.អ.ដកថយ​ មុន​វៀតណាម​ខាង​ត្បូង​ធ្លាក់ក្នុង​កណ្តាប់​ដៃ​ពួកកុម្មុយនិស្ត»។

លោក Nguyen Kim Khoa​ បាន​ពោល​បន្ថែម​ថា «ខ្ញុំមិន​ភ្ញាក់​ផ្អើលទេ នៅ​ពេល​ដែល​ប្រទេស​អាហ្វហ្គានីស្ថាន​រលំ ឆាប់​ជាងវៀតណាម​ខាង​ត្បូង។ ជនជាតិ​អាហ្វហ្គានីស្ថាន​មានអារម្មណ៍ថា ពួក​គេ​ត្រូវ​គេបោះបង់​ចោល ហើយមិន​ឃើញ​មានការ​គាំទ្រ​ចំពោះ​ពួក​គេ ហេតុដូច្នេះក៏​បាត់បង់ឆន្ទៈប្រយុទ្ធ»។

លោក​ Din Van អាយុ៧៣ឆ្នាំ ជា​អតីតទាហានឆ័ត្រយោង​នៃ​កងទ័ព​វៀតណាម​ខាងត្បូង។ ក្រោយមក​លោកធ្វើការ​ជាអ្នក​បច្ចេកទេស​ខាង​ក្រឡឹងសម្រាប់​ម៉ាស៊ីនធ្ងន់ៗ។ សព្វថ្ងៃ​ លោក​រស់នៅទីក្រុង Houston រដ្ឋ Texas ដែលជា​សគមន៍​វៀតណាម​ធំទី​បីក្នុង​សហរដ្ឋ​អាមេរិក។ លោក​បាន​និយាយ​ប្រាប់​ផ្នែកផ្សាយ​ជា​ភាសា​វៀតណាម​នៃ​វីអូអេថា ​កាល​ពី​ឆ្នាំ១៩៧២​ លោក​បាន​បម្រើ​ការក្នុង​ខេត្ត Quang Tri ដែលមាន​ការប្រយុទ្ធ​សាហាវ​បំផុត​ខ្លះ​។

អ្នកមាន​ដើម​កំណើតនៅ​ទីក្រុង​ព្រៃនគរ​រូបនេះ​ បាន​និយាយ​ប្រាប់ផ្នែកផ្សាយ​ជា​ភាសាវៀតណាម​នៃវីអូអេ​ថា​ «ខ្ញុំ​យល់​ថា ​សហរដ្ឋ​អា​មេរិក​ គួរ​ត្រូវ​បន្ទោសច្រើន​ចំពោះ​ការរលំនេះ។ ជនជាតិ​អាហ្វហ្គានីស្ថាន ជា​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋ​អាមេរិក។ អាមេរិក​គួរវាយតម្លៃ​ឱ្យ​បាន​ត្រឹមត្រូវ​អំពីសមត្ថភាពរបស់ពួក​គេក្នុង​ការ​ទប់​ទល់​នឹងការ​វាយប្រហារ​របស់​ពួក​តាលីបង់ ​ហើយគួរ​គ្រោង​ដក​ថយ​យូរ​ជាង​នេះ។ ឥឡូវ​ពួក​តាលីបង់​យក​អាវុធ​ទាំង​អស់ដែល​អាមេរិក​បន្សល់ទុក។ ខ្ញុំ​យល់​ថា ​ជាការគួរ​ឲ្យសោក​ស្តាយ​ណាស់»។

អ្នកស្រី Phan Binh Minh ដែល​បានធ្វើការឱ្យ​ទីភ្នាក់ងារ​ព័ត៌មាន​វៀតណាម​នៅ​វៀតណាម​ខាងត្បូង ​បាន​ឆ្លងកាត់​ការ​ដួលរលំ​នៃ​រដ្ឋាភិបាល​ក្រុង​ព្រៃនគរ។ រូបថតនេះ ថត​នៅ​ឆ្នាំ១៩៧៤។

អ្នកស្រី Phan Binh Minh ដែល​បានធ្វើការឱ្យ​ទីភ្នាក់ងារ​ព័ត៌មាន​វៀតណាម​នៅ​វៀតណាម​ខាងត្បូង ​បាន​ឆ្លងកាត់​ការ​ដួលរលំ​នៃ​រដ្ឋាភិបាល​ក្រុង​ព្រៃនគរ។ សព្វថ្ងៃ ​អ្នក​ស្រី​ចូល​និវត្តន៍ហើយ ហើយ​កំពុង​រស់​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់ជា​មួយ​ស្វាមី ​និង​កូន​ពីរនាក់។ ស្ត្រី​អាយុ ៧៤ ឆ្នាំ​រូប​នេះ ​បានពោល​ថា​ ទោះជា​កាលៈទេសៈនយោបាយ​នៃ​សង្គ្រាមក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន និងប្រទេស​វៀតណាម​ខុស​គ្នា​ក៏​ដោយ ក៏​ការរលំ​នៃ​ក្រុង​កាប៊ុល​ និង​ក្រុង​ព្រៃនគរ មានភាព​ស្រដៀង​គ្នា​ដែរ។

អ្នកស្រី​បាននិយាយ​ប្រាប់​ផ្នែកផ្សាយ​ជា​ភាសា​វៀតណាម​នៃវីអូអេថា «​នៅពេល​ដែល​ខ្ញុំឃើញ​ទិដ្ឋភាពក្នុង​ក្រុង​កាប៊ុល​ ខ្ញុំ​មានសមានចិត្តជាមួយ​ប្រជារាស្ត្រ​អាហ្វហ្គានីស្ថាន ​ពី​ព្រោះ​ពួក​គេមានការ​ភ័យ​ខ្លាច និង​រង​ទុក្ខវេទនា​ខ្ឡាំង​ណាស់»។

សព្វថ្ងៃ​ លោក​ Dinh Xuan Quan ព្យាយាមទាក់​ទងជា​មួយមិត្តភ័ក្តិ​ចាស់ៗនៅអាហ្វហ្គានីស្ថាន​តាម​បណ្តាញ​អ៊ីនធឺណិត​ដែល​នៅមានដំណើរការ។ លោក​បាននិយាយថា​ «ខ្ញុំប្រឹងប្រែង​រក​ពួក​គេនិង​ផ្តល់ដំណឹង​ដល់​ពួក​គេ និង​រំឭក​ដល់ថ្ងៃដែល​មាន​ការជ្រួលច្របល់​ក្នុង​ប្រ​ទេស​វៀតណាម​ នៅ​មុនថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥»។

ដូច​មនុស្ស​ឯ​ទៀតៗ​ដែរ​ លោក​បានធ្វើការប្រៀប​ធៀប​ ​និង​រកភាពខុស​គ្នា​ផងដែរ។

លោក​ Dinh Xuan Quan​ បានថ្លែង​ថា «ប្រទេស​វៀតណាម​ ធ្លាប់​ជា​ប្រទេស​មួយ ស្ថិត​នៅ​ក្រោមអាណានិគមរបស់​បារាំង។ ចំណែកឯប្រទេសអាហ្វហ្គានីស្ថានវិញ​ ​មិន​បាន​ស្ថិតនៅ​ក្រោម​អាណានិគម​របស់​សហរដ្ឋ​អាមេរិក​ទេ»។ លោក​បាន​ចង្អុលបង្ហាញថាពួក​តាលីបង់ជឿ​សាសនា​ស៊ប់​ ហើយ​ពួក​កុម្មុយនិស្ត​វៀតណាម​ខាងជើង​ដែលគ្រប់គ្រង​ប្រទេសវៀតណាម​ មិន​ជឿ​សាសនា​ទេ។

សម្រាប់​ពេល​នេះ​ អង្គការ PIVOT ចង់បង្វែរការពិភាក្សាទៅ​ក្នុង​សហគមន៍​ពល​រដ្ឋអាមេរិកាំង​ដើមកំណើត​វៀតណាម​វិញ។

ក្រុម​នេះ​បានថ្លែង​ថា «នឹង​មានពេល​វេលា​ច្រើនសម្រាប់ជជែក​ដេញ​ដោល​គ្នាអំពី​គោលនយោបាយ​ការបរទេស​របស់​សហរដ្ឋ​អាមេរិក ​យុទ្ធសាស្ត្រយោធា និង​អំពីសំណួរ​ថា​ នរណាចាញ់នៅអាហ្វហ្គានីស្ថាន​។ តែពេលនេះ​ ​មិន​មែន​ជា​ពេល​សម្រាប់ពិភាក្សា​គ្នា​ទេ។ យើង​មានការ​ទទួល​ខុសត្រូវ​ ​និង​មានកាតព្វកិច្ច​ខាង​សីលធ៌ម​ក្នុងឋានៈជា​ជនជាតិ​អាមេរិកាំង»​ដើម្បី​ការពារប្រជារាស្ត្រ​អាហ្វហ្គានីស្ថាន។ «ដូច​ដែល​សហគមន៍​ពលរដ្ឋ​អាមេរិកាំង​ដើមកំណើតវៀតណាម​ បានបង្ហាញ​ឱ្យ​ឃើញ​ស្រាប់​ហើយថា ក្រុម​ជនភៀសខ្លួន​ពី​សង្គ្រាម​ដែលមក​តាំ​ងទីលំនៅ​ជា​ថ្មីក្នុង​ប្រទេស​នេះ ​ក្លាយជា​អ្នក​ធ្វើ​វិភាគទាន​ដ៏មានតម្លៃ​ដល់ជីវភាព និងវប្បធម៌នៃមហា​ប្រទេស​នេះ»៕

Long Nguyen រាយការណ៍​បន្ថែម

ប្រែសម្រួលដោយលោក ឈឹម សុមេធ