វៀតណាមនិងអាមេរិកបង្កើនកម្រិតភាពជាដៃគូ ប៉ុន្តែក្រុមសកម្មជនរិះគន់ពីការស្ងាត់ស្ងៀមលើបញ្ហាសិទ្ធិមនុស្សនៅវៀតណាម

ប្រធានាធិបតី​អាមេរិក​លោក Joe Biden ជួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​វៀតណាម​លោក Pham Minh Chinh នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម នៅ​ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣។

រដ្ឋាភិបាល​ក្រុង​ហាណូយ​និង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ បាន​ប្រកាស​ពី​ការបង្កើន​កម្រិត​ទំនាក់ទំនង​ទ្វេភាគី​នៃ​ប្រទេស​ទាំង​ពីរ​ទៅដល់​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ​ ដែល​ជាឋានៈ​ខ្ពស់​នៃ​កម្រិត​ទំនាក់ទំនងការទូត​របស់​វៀតណាម។​ ​ក្រុម​អ្នក​ជំនាញ​មួយ​ចំនួន​និយាយ​ថា យុទ្ធសាស្ត្រមិន​ចូល​ជ្រៀត​ជ្រែក​របស់​អាមេរិក​ទៅ​លើ​នយោបាយផ្ទៃក្នុង​របស់​វៀតណាមមាន​សារៈសំខាន់​ ដែល​ធ្វើ​ឱ្យ​រដ្ឋាភិបាល​ក្រុងហាណូយ​បាន​ឯកភាព​លើ​កិច្ចព្រមព្រៀង​នេះ​ ប៉ុន្តែ​ក្រុម​សកម្មជននិង​សិទ្ធិមនុស្ស​មួយ​ចំនួន​និយាយ​ថា​ ពួក​គេ​មិន​សប្បាយ​ចិត្ត​ដោយ​សារ​តែ​ខ្វះ​ការលើក​ឡើង​ពី​បញ្ហា​សិទ្ធិមនុស្ស​ ស្រប​ពេលដែល​ការ​បង្ក្រាបលើ​សង្គម​ស៊ីវិល​ក្នុង​ប្រទេស​វៀតណាម​ កំពុង​មាន​លក្ខណៈ​អាក្រក់​ខ្លាំង​ឡើងៗ​។ ​

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក​ Joe Biden បាន​ទៅ​ធ្វើ​ទស្សនកិច្ច​រដ្ឋធានី​ហាណូយ​ ​ប្រទេស​វៀតណាម​ កាល​ពី​ថ្ងៃ​ទី​១០ខែ​កញ្ញា​កន្លង​ទៅ ដើម្បី​ជួប​ប្រជុំ​ជា​មួយ​អគ្គលេខា​បក្ស​កុម្មុយនីស្ត​វៀតណាមលោក​ Nguyen Phu Trong។ នៅ​រសៀល​ថ្ងៃ​ទី​១០​ ខែ​កញ្ញា​នោះ​ ​លោក​ Trong និង​លោក​ Biden បាន​ប្រកាស​ថា​ ពួក​គេ​បានព្រមព្រៀង​គ្នា​ទៅលើ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​មួយ​ ​សម្រាប់សន្តិភាព​ សហប្រតិបត្តិការ​ និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​។​ ​នៅ​ក្នុង​សេចក្តី​ប្រកាស​រួម​ដ៏​វែង​មួយ​ មាន​ឃ្លារ​មួយបញ្ជាក់​ពី​ការ«​លើក​កម្ពស់និង​ការពារ​សិទ្ធិមនុស្ស​ផង​ដែរ»។​ ​

លោក​ Phil Robertson នាយករង​ការិយាល័យ​អាស៊ីនៃ​អង្គការ​សិទ្ធិមនុស្ស Human Rights Watch និយាយ​ថា​ ​បញ្ហា​សិទ្ធិមនុស្ស​ត្រូវ​បាន​ចាត់​ទុក​ថា​ «ជា​រឿងបន្ទាប់បន្សំ» ក្នុង​អំឡុង​នៃ​ដំណើរ​ទស្សនកិច្ចរបស់​លោក Biden​ ក្នុង​ប្រទេស​វៀតណាម។​

លោក Robertson បាន​សរសេរ​តាម​សារអ៊ីមែលដូច​នេះ​ថា៖​ «សេចក្តី​ថ្លែង​ការណ៍​របស់​សេតវិមានក្រោយ​មក​បានបញ្ជាក់​ពី​ការបារម្ភ​លើ​បញ្ហា​សិទ្ធិមនុស្ស​នេះ​ ​និងបាន​លើក​ឡើង​ពី​ការ​សន្ទនាគ្នារវាង​អាមេរិក​និង​វៀតណាម ដែលកំពុងធ្វើឡើង​ស្តី​ពីបញ្ហា​សិទ្ធិមនុស្ស​ ដែល​នេះ​ជា​ការ​ចាត់​ទុក​បញ្ហា​សិទ្ធិមនុស្ស​ថាគ្រាន់​តែ​ជា​រឿង​បន្ទាប់​បន្សំ​តែ​ប៉ុណ្ណោះ។​ មាន​ការ​ជួប​ប្រជុំ​គ្នា​លើ​បញ្ហា​សិទ្ធិមនុស្ស មួយ​ឆ្នាំ​ម្តងរវាង​មន្ត្រី​ថ្នាក់​កណ្តាលនៃប្រទេស​ទាំង​ពីរ​ ប៉ុន្តែ​មិន​មាន​ឃើញ​អ្វី​ជា​ដុំ​កំភួន​កើតឡើង​នោះឡើយ»។

អ្នក​ចម្រៀង​និង​ជា​សកម្មជនអ្នក​ស្រី Do Nguyen Mai Khoi បាន​រត់​គេច​ពីវៀតណាម​ មក​រស់​នៅ​សហរដ្ឋ​អាមេរិកក្នុង​ឆ្នាំ​២០១៩​ ក្រោយ​មាន​ការ​គំរាមកំហែង​ចាប់​ខ្លួន។​ ​ ​អ្នក​ស្រី​បាន​ប្រាប់​វីអូអេ​ថា​ អ្នក​ស្រី​មាន​ការ​ខក​ចិត្ត​នឹង​ជំហរ​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ ក្នុង​ពេល​ដែល​អ្នកស្រីបាន​ឃើញ​ក្រុម​អាជ្ញាធរ​វៀតណាម​ ចាប់​ក្រុម​សកម្មជន​ដែល​មិន​ចង់​នៅ​ស្ងៀម​ឬ​រស់​នៅ​លាក់​ខ្លួន ​ដាក់​ពន្ធនាគារ​ទាំង​អស់​ ហើយ​រដ្ឋាភិបាល​វៀតណាម​បានចាប់​ផ្តើមចាប់ខ្លួន​ក្រុម​អ្នកការពារ​បរិស្ថាននិង​មេដឹកនាំ​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទាំង​នោះ។
​ ​
មាន​សកម្មជនប្រមាណ​១៩១​នាក់​ពេល​នេះកំពុង​ជាប់​ពន្ធនាគារ​ក្នុង​ប្រទេស​វៀតណាម​។​ នេះ​បើ​តាមការ​លើក​ឡើង​របស់​ក្រុមសិទ្ធិមនុស្សគម្រោង​៨៨​ (The 88 Project)​ ដែល​មាន​មូលដ្ឋាន​ក្នុង​សហរដ្ឋ​អាមេរិក។​

អ្នក​ស្រី Mai Khoi បាន​សរសេរ​សារក្នុងកម្មវិធី​ app Signal ដូច​នេះ​ថា៖«ស្ថានភាព​សិទ្ធិមនុស្ស​និង​សកម្មជន​ក្នុង​ប្រទេស​វៀតណាម​ កាន់​តែ​អាក្រក់​ខ្លាំង​ឡើងៗ ​ចាប់តាំង​ពី​ខ្ញុំចាក​ចេញពី​ប្រទេស​វៀតណាម។ សហរដ្ឋ​អាមេរិក​គិត​ថា​ គេបាន​ធ្វើការងារ​គ្រប់គ្រាន់​រួច​ហើយ ស្តី​ពី​បញ្ហា​សិទ្ធិមនុស្ស​ ដោយគ្រាន់​តែ​ធ្វើ​សេចក្តី​ថ្លែងការណ៍​មួយ​ចំនួន​ នៅ​គ្រប់​ពេល​ដែលសកម្មជន​ល្បីល្បាញ​ណា​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ ឬ​ក៏​ផ្តល់​រង្វាន់​ដល់អ្នក​ទោស​នយោបាយល្បី​ណា​មួយ​។ ខ្ញុំ​គិត​ថា​អាមេរិក​អាច​ធ្វើ​បាន​ច្រើន​ជាង​នេះ»។

ការ​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង

ការបញ្ចុះបញ្ចូល​រដ្ឋាភិបាល​ក្រុង​ហាណូយ​ ​ថា​សហរដ្ឋ​អាមេរិក​ នឹង​មិន​ចូល​ពាក់ព័ន្ធ​ក្នុង​រឿង​នយោបាយ​ផ្ទៃ​ក្នុង​ទេ​ គឺ​ជា​គម្រោងដ៏​យូរ​ឆ្នាំ​មួយក្នុង​ពេល​កន្លង​ទៅ។​

ក្នុង​ពេល​អតីតកាល​ ​មេដឹកនាំ​វៀតណាមមាន​ការ​ប្រយ័ត្នប្រយែង​ដែល​ថា​ ការ​លើក​កម្ពស់​មួយ​កម្រិត​ទៀត​នៃ​ភាព​ជាដៃគូ​ជាមួយ​សហរដ្ឋ​អាមេរិក​នេះ​ ​អាច​កើត​ឡើង​នូវ​របៀប​វារៈ​នៅ​ពី​ក្រោយ​ណា​មួយ​ ដែល​អាច​ផ្លាស់ប្តូរ​នូវប្រព័ន្ធ​នយោបាយ​បក្សកុម្មុយនីស្ត​របស់​ប្រទេស​នេះ។​ នេះ​បើតាម​ការ​លើក​បញ្ជាក់​របស់លោក​ Le Hong Hiep អ្នក​ស្រាវជ្រាវ​ជាន់ខ្ពស់​នៃវិទ្យាស្ថាន​ ISEAS-Yusof Ishak។ លោក​និយាយ​ថា​ ដោយ​ទុក​តម្លៃ​ប្រជាធិបតេយ្យ​នៅ​មួយ​ឡែក​សិន​នោះ​ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោនអាចបញ្ចុះបញ្ចូលរដ្ឋាភិបាល​ក្រុង​ហាណូយ​ ឱ្យ​បង្កើន​កម្រិត​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​បាន។​
​ ​
លោក Hiep និយាយ​ដូច​នេះ​ទៀត​ថា​៖ «មាន​ការ​សន្យា​ខាងអាមេរិក​ថា​ ​មិន​ត្រូវលូកលាន់​ក្នុងនយោបាយ​របស់​វៀតណាម​នោះ​ទេ។ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​ចុងក្រោយ​នេះ​ ​អាមេរិក​បាន​បន្ថយ​ការ​រិះគន់កាន់​តែ​តិច​ទៅៗទៅ​លើ​កំណត់ហេតុ​សិទ្ធិមនុស្ស​របស់វៀតណាម ហើយ​ដែល​ការណ៍​នេះ ​បាន​ជួយ​សម្រួល​មិន​ឱ្យ​មាន​ការបារម្ភ​ខ្លាំងពី​មេដឹកនាំ​នៃ​ប្រទេស​វៀតណាម​ផង​ដែរ»។

ក្នុង​ការ​បន្ថយ​ការ​ប្រឆាំងលើ​អាមេរិក​នោះ​ ​រដ្ឋបាល​របស់​លោក Biden ​បាន​ប្រើ​ប្រាស់​ភាសា​ទន់ភ្លន់​ ជុំវិញ​បញ្ហា​លើក​កម្ពស់​លទ្ធិ​ប្រជាធិបតេយ្យ​ និងបានគូស​បញ្ជាក់​ពី​ភាព​ខុស​គ្នា​រវាង«កុម្មុយនីស្ត​ល្អ​និង​កុម្មុយនីស្ត​អាក្រក់» នៅ​ក្នុងយុទ្ធសាស្ត្រសន្តិសុខ​ជាតិ​របស់​ខ្លួន​។ ​នេះ​បើ​តាម​ការ​ឡើង​របស់លោក​ Gregory Poling នាយក​គំនិត​ផ្តួចផ្តើមតម្លាភាពលំហរ​សមុទ្រ​អាស៊ី​ នៃ​វិទ្យាស្ថាន​សម្រាប់ការសិក្សា​យុទ្ធសាស្ត្រនិងកិច្ចការ​អន្តរជាតិ​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។​ ​

លោក Poling ​ថ្លែង​ដូច​នេះ​ថា៖ «នៅ​ពេលដែល​អ្នកក្រ​ឡេក​មើល​ពី​យុទ្ធសាស្ត្រ​សន្តិសុខ​ជាតិ​អាមេរិក​ ភាសា​ដែល​គេ​បាន​ប្រើ​បញ្ចូលទៅ​ក្នុង​នោះ​ មិនរួម​មាន​ដូច​ជា​ថា ​រដ្ឋ​ផ្តាច់ការ​មានគ្រោះថ្នាក់​ដល់​សហរដ្ឋអាមេរិក​ជា​ដើម។​ យុទ្ធសាស្ត្រ​សន្តិសុខ​ជាតិ​នោះគ្រាន់​តែ​និយាយ​ថា​ ​រដ្ឋបាល​អាមេរិក​ នឹង​ផ្តោត​ទៅ​លើរដ្ឋ​ផ្តាច់​ការ​ប្រឆាំង​ទាំង​ឡាយ​ណា ដែល​នាំចេញ​ភាព​ផ្តាច់​ការ​និយមតែ​ប៉ុណ្ណោះ។​ ​អ្វី​ដែលរដ្ឋបាល​របស់​លោក​ Biden បាន​ធ្វើ​ ជា​ការ​បន្ទន់​ជំហរនៅ​ក្នុង​ភាសា ដែលមិន​សំដៅផ្តាច់​មុខ​តែ​ទៅ​លើ​ប្រទេស​វៀតណាមតែ​មួយ​នោះ​ឡើយ​ តែ​វៀតណាម បាន​ទទួល​ភាសាទន់​ភ្លន់​ច្រើន​ជាង​ប្រទេស​ផ្សេងៗ​ពី​សហរដ្ឋ​អាមេរិក»។ ​

អគ្គលេខា​បក្សកុម្មុយនីស្តវៀតណាម​ លោក ​Trong បានលើក​ឡើង​ពី​សារៈសំខាន់​នៃ​ការ​មិន​ចូល​ជ្រៀតជ្រែក ក្នុង​ពេល​ប្រកាស​បង្កើន​កម្រិត​ភាព​ជា​ដៃគូជា​មួយ​អាមេរិក​កាល​ពី​ថ្ងៃ​ទី​១០​ ខែ​កញ្ញា​កន្លង​ទៅ។​ ​

លោក Trong ​បាន​លើក​ឡើង​ដូចដែល​ត្រូវបាន​ចុះ​ផ្សាយដោយ​សារព័ត៌មាន​ប្រចាំថ្ងៃ​វៀតណាម Thanh Nien​ ដូចនេះ​ថា៖ «​យើង​ផ្តល់​តម្លៃទៅ​លើ​ជំហរ​របស់​អាមេរិកក្នុង​ការ​គាំទ្រ​ប្រទេស​វៀតណាមមួយ​ ​ដែល​ខ្លាំង​ ឯករាជ្យ​ និង​ពឹង​លើ​ខ្លួន​ឯង។​ ​យើង​ក៏​ចង់​សង្កត់​ធ្ងន់​ផង​ដែរ​ថា​ ការ​យល់​ដឹង​ពី​ការ​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​គ្នា​ទៅ​វិញ​ទៅ​មក​ គឺ​ជា​គោលការណ៍​មូលដ្ឋាន​ ដែល​មាន​សារៈ​សំខាន់​ខ្លាំងបំផុត»។

សង្គមស៊ីវិល

លោក​ Duy Hoang នាយក​ប្រតិបត្តិ​នៃគណបក្ស​នយោបាយគាំទ្រ​ប្រជាធិបតេយ្យ​ ដែល​មិនជាប់​ទណ្ឌកម្ម​ ​Viet Tan ក្នុង​ប្រទេស​វៀតណាម និយាយ​ថា​ មាន​រលក​នៃ​ការ​ចាប់ខ្លួន​ក្រុមសកម្មជនជាច្រើន​នាក់​ តាំង​ពី​ឆ្នាំ​២០១៧​មក​ ហើយ​អាជ្ញាធរ​វៀតណាម​ ​ពេល​នេះ​កំពុង​បង្ក្រាប​ក្រុមអង្គការ​ក្រៅ​រដ្ឋាភិបាល​និងសកម្មជន​ការពារ​បរិស្ថាន​ផង​ដែរ។​ ​

ខណៈពេល​ដែល​លោក​មើលឃើញ​ពីផលប្រយោជន៍សំខាន់នៃ​ការ​បង្កើន​កម្រិតភាព​ជា​ដៃគូ​ជាមួយ​អាមេរិក​នោះ ​លោក​ចង់​ឱ្យ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោនលើក​ឡើង​ជា​ចំហរ​ឱ្យ​បានច្រើន​ថែម​ទៀត​ ស្តី​ពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​វៀតណាម។​

លោក​បាន​ថ្លែង​ប្រាប់​វីអូអេ​ថា៖​ «​វា​មាន​សារៈសំខាន់​ ដែលប្រជាជន​វៀតណាម​ ដឹង​ថា​ សហរដ្ឋ​អាមេរិក​ជា​មិត្តរបស់​ប្រជាជន​វៀតណាម​ មិន​មែន​គ្រាន់​តែ​ជាមួយ​រដ្ឋាភិបាល​តែ​ប៉ុណ្ណោះ​ទេ។​ ​ខ្ញុំ​ចង់​ឃើញ​រដ្ឋាភិបាលសហរដ្ឋ​អាមេរិក​ ​ធ្វើ​សកម្មភាព​ខ្លាំង​ជាងនេះ​បន្តិចស្តី​ពី​បញ្ហា​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​វៀតណាម»។

បន្ថែម​លើ​នេះ​ដែរ​ លោក​ក៏​មាន​ការបារម្ភទៅ​លើ​ថា​តើ​គោលបំណង​ដែលលើក​បញ្ជាក់​ក្នុងភាព​ជា​ដៃគូនោះ ដែល​រួម​មានការដោះស្រាយ​បម្រែបម្រួលអាកាស​ធាតុ​ នឹងត្រូវដោះស្រាយដោយ​របៀប​ណា​ជុំវិញ​ការបង្ក្រាប​ក្រុមសង្គម​ស៊ីវិល ដែល​កំពុងមាន​សកម្មភាព​ខ្លាំង​ក្លា​នោះ​។

អ្នក​ការ​ពារ​បរិស្ថានល្បី​ឈ្មោះ៥​រូប​ ត្រូវ​បាន​ចាប់ដាក់​ពន្ធនាគារ ពី​បទ​គេច​ពន្ធកាល​ពីពីរ​ឆ្នាំកន្លង​ទៅ ដែល​ជា​ការ​ចោទ​ប្រកាន់​មួយ​ ដែល​អ្នក​ស្រី​ Hoang ​បាន​ពណ៌នា​ថា​ «ជា​ការ​បង្កើន​ការ​ចោទ​ប្រកាន់​លើ​បញ្ហា​ហិរញ្ញវត្ថុ»។ ក្នុង​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ​ អ្នក​ស្រី Hoang Thi Minh Hong អតីត​ប្រធាន​ប្រតិបត្តិនៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល​NGO Change​ ដែល​ផ្តោត​លើ​បញ្ហា​បរិស្ថាន ត្រូវ​បាន​ចាប់​ខ្លួន​ពី​ការ​ការ​គេច​វេស​មិន​បង់​ពន្ធ ហើយ​កំពុង​ជាប់​ពន្ធនាគាររង់ចាំ​ឡើង​តុលាការ​កាត់​ក្តី។​

អ្នក​ស្រី Hoang​ ​និយាយ​ថា៖​ «តើ​យើង​អាចនិយាយអំពី​ការការពារ​បរិស្ថានបាន​ដោយរបៀប​ណា​ ​បើគ្មានសកម្មជនបរិស្ថាននោះ»។​ ​

អ្នក​ស្រី Mai Khoi នៅ​តែ​មាន​សង្ឃឹម​ថា​ ភាព​ជា​ដៃគូ​ជាមួយ​សហរដ្ឋ​អាមេរិក​ ​អាចជួយ​ដល់​លក្ខខណ្ឌ​សិទ្ធិមនុស្សនៅ​ក្នុង​ប្រទេស​វៀតណាម​ ​ប៉ុន្តែអ្នក​ស្រី​និយាយ​ថា​ អ្នក​ស្រី​នឹង​មាន​ការ​ខកចិត្ត ប្រសិន​បើការ​ព្រមព្រៀង​គ្នារវាង​អាមេរិក​និង​វៀតណាម​ បាន​ប្រព្រឹត្តទៅ ដោយគ្មាន​ការ​ដោះលែង​សកម្មជន​អាកាសធាតុ​ល្បី​ឈ្មោះ​ ដូច​ជាអ្នកស្រី ​Hong​ ជា​ដើម​។​

អ្នកស្រី​ Mai Khoi ​និយាយ​ថា៖​«ខ្ញុំមាន​ការ​ខកចិត្ត​ជា​ខ្លាំង​ ប្រសិន​បើ​សកម្មជន​អាកាសធាតុ នៅ​តែ​ស្ថិត​ក្នុង​ពន្ធនាគារ​ ​ហើយ​ការ​បង្កើនកម្រិតភាព​ជា​ដៃគូ​នៅ​តែ​កើត​មាន​ឡើង​ដដែល​នោះ»​ ដោយ​អ្នក​ស្រីបាន​លើកឡើង​ពី​ការ​ចង់ឱ្យ​មាន​ការ​ដោះលែង​ក្រុម​សកម្មជន​ ដែល​ពេល​នេះ​កំពុង​តែ​ស្ថិត​ក្នុងការ​ឃុំឃាំង​នៅ​ឡើយ៕

ប្រែសម្រួល​ដោយ លោក ជ្រា​ វណ្ណារិទ្ធិ