ជនចំណាកស្រុកជាង៣០០នាក់ដែលសង្ស័យថាមកពីប្រទេសស្រីលង្កាត្រូវបានជួយសង្គ្រោះក្នុងសមុទ្រនៃប្រទេសវៀតណាម បន្ទាប់ពីទូករបស់គេចាប់ផ្តើមលិច។ នេះបើតាមការបញ្ជាក់របស់អាជ្ញាធរវៀតណាមនៅថ្ងៃអង្គារ៍នេះហើយត្រូវបានរាយការណ៍ដោយទីភ្នាក់ងារព័ត៌មាន AFP។
មជ្ឈមណ្ឌលស្រាវជ្រាវដែនសមុទ្រនិងសម្របសម្រួលការសង្គ្រោះវៀតណាមបានឱ្យដឹងថា នាវានេសាទមួយគ្រឿងរបស់មីយ៉ាន់ម៉ាចាប់ផ្តើមជួបឧបសគ្គនៅចម្ងាយប្រ មាណ៤០០គីឡូម៉ែតទល់មុខឆ្នេរសមុទ្រVung Tauដែលស្ថិតនៅភាគខាងត្បូងប្រទេសវៀតណាម ហើយដែលត្រូវគេគិតថាកំពុងធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសកាណាដាដោយមានចម្ងាយប្រមាណជិត១ម៉ឺនគីឡូម៉ែត្រដោយឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិក។
មជ្ឈមណ្ឌលនេះបន្តទៀតថា«កប៉ាល់នេសាទនេះមានបញ្ហា ដោយមានទឹកហូរចូលទៅក្នុងបន្ទប់ដាក់ម៉ាស៊ីនដែលមិនអាចជួសជុលបានចាប់តាំងពីថ្ងៃទី៥ ខែវិច្ឆិកាមក។
បន្ទាប់ពី នាវិកកប៉ាល់នោះហៅឱ្យជួយសង្គ្រោះនាវានេះកាលពីថ្ងៃចន្ទមក ពួក អាជ្ញាធរវៀតណាមបានទាក់ទងទៅនាវារបស់ជប៉ុនមួយគ្រឿងដែលកំពុងធ្វើដំណើរនៅជិតនោះ ឱ្យជួយសង្គ្រោះជនជាតិស្រីលង្កាទាំងនោះ។
កប៉ាល់នេសាទនេះបានអណ្តែតលើផ្ទៃទឹកដោយមានមនុស្សជាច្រើននាក់កំពុងភ័យស្លន់ស្លោនៅលើនោះ។ នេះបើតាមការឱ្យដឹងរបស់មជ្ឈមណ្ឌលវៀតណាមខាងលើ។មនុស្សទាំងចំនួន៣០៣នាក់ដែលរួមមានកូនក្មេង២០នាក់ផងត្រូវបាននាំទៅកាន់ទីកន្លែងសុវត្ថិភាពនៅក្នុងទីក្រុង Vung Tau ប្រទេសវៀតណាម។
ប្រទេសស្រីលង្កាដែលមានបញ្ហាបំណុលបរទេសយ៉ាងជ្រាលជ្រៅនោះកំពុងតែជួបប្រទះការខ្វះខាតម្ហូបអាហារ ប្រេងឥន្ធនៈនិងថ្នាំសង្កូវជាខ្លាំងជាមួយនឹងអតិផលរណា និងការដាច់ភ្លើងខ្លាំង បន្ទាប់ពីអស់ប្រាក់បម្រុងបរទេសដើម្បីនាំចូលទំនិញសំខាន់ៗមកក្នុងប្រទេសរបស់ខ្លួន៕