មេដឹកនាំលំដាប់ទី ៥ របស់ប្រទេសវៀតណាមម្នាក់ទៀត បានលាឈប់ពីតួនាទីរបស់អ្នកស្រី។ នេះបើយោងតាមការបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍របស់គណបក្សកុម្មុនីស្តវៀតណាម ដែលជាគណបក្សគ្រប់គ្រងអំណាចនៅក្នុងប្រទេសនេះ។
នេះជាមន្ត្រីជាន់ខ្ពស់វៀតណាមទី ៣ ហើយ ដែលបានចាកចេញពីតួនាទីការងារក្នុងរយៈពេល ២ ខែ ខណៈដែលគណបក្សគ្រប់គ្រងអំណាចមួយនេះ កំពុងអនុវត្តការរុះរើមន្ត្រីថ្នាក់កំពូលៗរបស់ខ្លួន។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ។
ការផ្លាស់ប្តូរមន្ត្រីថ្នាក់កំពូលៗនៅក្នុងប្រទេស ដែលគ្រប់គ្រងដោយគណបក្សតែមួយនេះ កើតមានឡើងក្រោយពីមានភាពវឹកវរខាងនយោបាយជាច្រើនសប្តាហ៍ ដោយក្នុងនោះប្រធានរដ្ឋសភានិងប្រធានាធិបតីរបស់ប្រទេសនេះ បានលាឈប់ពីតួនាទីការងាររបស់ខ្លួន ពាក់ព័ន្ធនឹងការចោទប្រកាន់ពីកំហុសឆ្គងដែលមិនត្រូវបានបញ្ជាក់ឱ្យដឹង។
ការផ្លាស់ប្តូរនេះកើតមានឡើង ចំពេលដែលមានយុទ្ធនាការប្រឆាំងអំពើពុករលួយយ៉ាងខ្លាំង ដែលត្រូវបានគេលើកជាសំណួរពីការកើតឡើងនៃការតស៊ូនយោបាយផ្ទៃក្នុងនៅក្នុងប្រទេស ដែលពឹងផ្អែកលើការវិនិយោគមួយនេះ ដែលធ្លាប់ត្រូវបានគេចាត់ទុកជាកន្លែងដែលមានស្ថិរភាពមួយក្នុងពេលកន្លងទៅ។
អ្នកស្រី Thuong Thi Mai អាយុ ៦៦ ឆ្នាំ ត្រូវបានចោទប្រកាន់ពីគណបក្សថា បានប្រព្រឹត្តកំហុសនិងរំលោភបំពាននៅពេលអ្នកស្រីកាន់តំណែងមួយផ្សេងទៀត ក្នុងចន្លោះឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២១។ នេះបើតាមសេចក្តីថ្លែងការណ៍ ដែលត្រូវបានចេញផ្សាយដោយគណបក្ស។
អ្នកស្រី Mai ជាស្ត្រីតែម្នាក់គត់ក្នុងការិយាល័យនយោបាយមជ្ឈិមបក្សដែលជាស្ថាប័នជាន់ខ្ពស់ក្នុងការធ្វើសេចក្តីសម្រេចនានា។ អ្នកស្រីក៏ជាសមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាននៃគណៈកម្មាធិការកណ្តាលគណបក្សកុម្មុយនីស្តវៀតណាម ហើយធ្លាប់ត្រូវបានគិតថានឹងអាចក្លាយជាបេក្ខជនប្រធានាធិបតីវៀតណាមផងដែរ។
ជាមួយនឹងការចាកចេញរបស់អ្នកស្រី គេឃើញនៅសល់តែមេដឹកនាំកំពូល ២ នាក់ប៉ុណ្ណោះក្នុងចំណោមមេដឹកនាំកំពូល ៥ នាក់ ដែលកំពុងស្ថិតក្នុងអំណាចនៅឡើយ នោះគឺអគ្គលេខាបក្សកុម្មនីស្តដែលមានវ័យជរាគឺលោក Nguyen Phu Trong និង នាយករដ្ឋមន្ត្រីលោក Pham Minh Chinh។
អតីតប្រធានាធិបតីវៀតណាមលោក Vo Van Thuong បានចុះចេញពីតំណែងកាលពីខែមីនាកន្លងទៅ បន្ទាប់ពីឡើងកាន់តំណែងបានតែជាងមួយឆ្នាំបន្តិច ដើម្បីជំនួសអតីតប្រធានាធិបតីមុន ដែលត្រូវបានបណ្តេញចេញនៅក្នុងការចុះចេញជាបន្តបន្ទាប់នៃមន្ត្រីកំពូលៗវៀតណាម ដែលមិនធ្លាប់មានក្នុងពេលកន្លងទៅ៕