ក្រុមហ៊ុន​ព័ត៌មានវិទ្យា​ធំ​ជាង​គេ​របស់​វៀតណាម​សរសើរ​ពាណិជ្ជកម្ម​សេរី​ថា​ជំរុញ​កំណើន​សេដ្ឋកិច្ច

  • Daniel Schearf

លោក​រដ្ឋ​មន្ត្រី​ពាណិជ្ជកម្ម Tran Tuan Anh ថ្លែង​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្នុង​កិច្ចប្រជុំ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ប៉ាស៊ីហ្វិក នៅ​ក្នុង​ក្រុង Danang ប្រទេស​វៀតណាម កាលពី​ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧។

បណ្តា​ប្រទេស​ចំនួន​១១ ដែល​បាន​ជួប​ប្រជុំ​នៅ​អំឡុង​ពេល​កិច្ចប្រជុំ​កំពូល APEC នៅ​ក្រុង​ដាណាង ប្រទេស​វៀតណាម កាល​ពី​ពេល​ថ្មីៗ​នេះ ​បាន​ព្រមព្រៀង​គ្នា​ ដើម្បី​សម្រេច​ឲ្យ​បាន​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ឆ្លង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ថ្មី​មួយ ទោះ​បី​ជា សហរដ្ឋ​អាមេរិក​ ដែល​ជា​ទីផ្សារ​ធំ​ជាង​គេ​បង្អស់​នៅ​លើ​ពិភពលោក បាន​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​នេះ​ក៏​ដោយ។ វៀតណាម​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ជា​ប្រទេស​ដែល​ទទួល​បាន​ផលប្រយោជន៍​ធំ​ជាង​គេ​បង្អស់​មួយ​ពី​ពាណិជ្ជកម្ម​សេរី​ជាង​មុន​ ខណៈ​ដែល​ប្រទេស​នេះ​កំពុង​បង្កើន​ការ​នាំ​ចេញ ដែល​រួម​មាន​ការ​នាំ​ចេញ​​បច្ចេកវិទ្យា​ផង​ដែរ។

ពាណិជ្ជកម្ម​សេរី និង​ការ​វិនិយោគកំពុង​ជំរុញ​កំណើន​សេដ្ឋកិច្ច​វៀតណាម ជាង​៦%​ក្នុង​មួយ​ក្នុង​ឆ្នាំ ធ្វើ​ឲ្យ​វៀតណាម​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ចំនួន​បួន ដែល​មាន​កំណើន​សេដ្ឋកិច្ច​លឿន​ជាង​គេ​បង្អស់​នៅ​អាស៊ី។

លោក Truong Gia Binh នាយក​ក្រុមហ៊ុន FPT Group បាន​ថ្លែង​ប្រាប់ VOA ថា៖

«ពិត​ណាស់​ ខ្ញុំ​គិត​ថា ជា​ការ​សំខាន់​ដែល​វៀតណាម​មិន​ត្រឹម​តែ​បើក​ទ្វារ​សម្រាប់​បរទេស​ទេ ថែម​ទាំង​លើក​កម្ពស់​ច្បាប់​ពាណិជ្ជកម្ម និង​ផលិតកម្ម​ និង​ធ្វើ​ឲ្យ​វៀតណាម​កាន់​តែ​ល្បី​នៅ​អន្តរជាតិ»។

ក្រុមហ៊ុន​ព័ត៌មានវិទ្យា​នៅ​វៀតណាម​នេះ​អាច​ចំណេញ​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ សម្រេច​ឡើង​ពេល​កិច្ចប្រជុំ​ APEC។

​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​វៀតណាម លោក Tran Tuan Anh ថ្លែង​ថា៖

«ផ្អែក​លើ​លទ្ធផល​នៃ​ការ​ពិភាក្សា​បួន​ជុំ ​នៅ​ក្រុង​ដាណាង​ ក្រុម​រដ្ឋមន្ត្រី​បាន​ព្រមព្រៀង​លើ​ចំណុច​សំខាន់ៗ​ រួមឈ្មោះសម្រាប់​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មី​មួយ​ ដែល​ប្រទេស​ ១១​ជា​សមាជិក គឺ​ កិច្ចព្រមព្រៀង​ទូលំទូលាយ និង​ជឿនលឿន​ទៅ​មុខ​នៃ​ភាព​ជា​ដៃគូ​ឆ្លង​មហាសមុទ្រ​ប៉ាស៊ីហ្វិក (CPTPP)»។

កិច្ចព្រមព្រៀង​ថ្មី​នេះធ្វើ​ឡើង​ បន្ទាប់​ពី​លោក​ដូណាល់ ត្រាំ​ ដក​សហរដ្ឋអាមេរិក​ចេញ​ ហើយ​ងាក​ទៅ​រក​កិច្ចព្រមព្រៀង​ទ្វេភាគី។

​លោក Truong Gia Binh ប្រធាន​ក្រុមហ៊ុន FPT បាន​និយាយ​ថា៖

«ខ្ញុំ​ជឿជាក់​ថា នៅ​ចំណុច​មួយ​ សហរដ្ឋ​អាមេរិក​នឹង​វិល​មក​ពិភាក្សា​ពី​ការ​ប្តេជ្ញា​មុតមាំ​លើ​កំណើន​សេដ្ឋកិច្ច។ ហើយ​ខ្ញុំ​គិត​ថា នោះ​នឹង​ជា​របៀប​ ដែល​អាមេរិក​ដើរ​តួ​ជា អ្នក​ដឹកនាំ​លើ​ពិភពលោក»។

ក្រុមហ៊ុន FPT ​ថា ខ្លួន​នឹង​មិន​ឲ្យ​ខកខាន​បដិវត្តន៍​ឌីជីថល​នៅ​លើ​ពិភពលោក​ទេ។

លោក Truong Gia Binh បាន​បន្ត​ថា៖

«វៀតណាម​យឺត​យ៉ាវ​សម្រាប់​បដិវត្តន៍​វិស័យ​ឧស្សាហកម្មបី​លើក​មក​ហើយ។ ការ​វិវត្ត​វិស័យ​ឧស្សាហកម្ម​លើក​ទី​បួន​ (ឌីជីថល) គឺ​ជា​ឱកាស​តែ​មួយ​ ប្រហែល​ចុង​ក្រោយ​ផង សម្រាប់​វៀតណាម​ ដើម្បី​តាម​ឲ្យ​ទាន់​ពិភពលោក»។

ក្រុមហ៊ុន​ FTP ដែល​មាន​សាខា​ធំ​រួច​ទៅ​ហើយ​ក្នុង​ស្រុក កំពុង​សម្លឹង​ទៅការ​ពង្រីក​ទីផ្សារ​នៅ​អាស៊ី៕

​ប្រែសម្រួល​ដោយ​ ណឹម សុភ័ក្ត្របញ្ញា