វៀតណាមបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជាលើកដំបូង ចំនួន ១១៧.០០០ ដូស ពីក្រុមហ៊ុនផលិតឱសថ AstraZeneca កាលពីថ្ងៃពុធម្សិលមិញ មុនយុទ្ធនាការចាក់វ៉ាក់សាំងបង្ការរបស់ខ្លួន ដែលនឹងប្រព្រឹត្តធ្វើឡើងនៅខែក្រោយនេះ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
រដ្ឋាភិបាលវៀតណាមបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា វ៉ាក់សាំងនេះដែលត្រូវបានដឹកតាមជើងយន្តហោះមកដល់ទីក្រុងហូជីមិញ ពីប្រទេសកូរ៉េខាងត្បូងនោះ នឹងត្រូវប្រើដើម្បីចាក់ឲ្យពលរដ្ឋវៀតណាមប្រមាណជាង ៥ម៉ឺននាក់ ដែលជាអ្នកកំពុងស្ថិតក្នុងហានិភ័យខ្ពស់។
តាមបណ្តាញព័ត៌មានបានរាយការណ៍ថា អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាមលោក Truong Quoc Cuong បានទៅអាកាសយានដ្ឋាន ដើម្បីទទួលយកនូវវ៉ាក់សាំងទាំងនោះ ដែលត្រូវបានដឹកពីទីក្រុងសេអ៊ូលនៃប្រទេសកូរ៉េខាងត្បូង។
ក្រុមហ៊ុនផលិតឱសថ SK Bioscience របស់កូរ៉េខាងត្បូង មានរោងចក្រផលិតឱសថមួយ ដែលទទួលបានការយល់ព្រមឲ្យផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន AstraZeneca នោះ។
ក្រសួងសុខាភិបាលវៀតណាម បានប្រាប់ឲ្យដឹងថា វៀតណាមគ្រោងនឹងទិញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន ៩០ លានដូស នៅក្នុងឆ្នាំនេះ ដែលក្នុងនោះមានវ៉ាក់សាំង ៣០ លានដូស តាមរយៈកម្មវិធី COVAX ចំនួន ៣០ លានដូសពីក្រុមហ៊ុន AstraZeneca របស់អង់គ្លេស ហើយក្រៅពីនេះវៀតណាមកំពុងចរចាដើម្បីទិញវ៉ាក់សាំងនេះពីក្រុមហ៊ុនឱសថអាមេរិក Pfizer។
រដ្ឋាភិបាលវៀតណាមបញ្ជាក់ថា ការដឹកជញ្ជូនវ៉ាក់សាំងជើងទី ១ ដែលមកដល់វៀតណាមកាលពីថ្ងៃពុធម្សិលមិញនេះ ជាផ្នែកមួយនៃវ៉ាក់សាំងដែលខ្លួនបានចរចាទិញក្នុងចំនួន ៣០ លានដូសពីក្រុមហ៊ុន AstraZeneca ហើយដែលត្រូវបានដឹកមកប្រទេសវៀតណាមដោយក្រុមហ៊ុនវ៉ាក់សាំងវៀតណាម Joint Stock Co. ដែលជាក្រុមហ៊ុនមួយត្រូវបានបង្កើតឡើង ដើម្បីទទួលបន្ទុកនាំចូលនិងចែកចាយវ៉ាក់សាំងក្នុងប្រទេសវៀតណាម។
វៀតណាមបានរកឃើញករណីឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ៨២០ ករណី ចាប់តាំងពីមានការផ្ទុះរាលដាលជាលើកចុងក្រោយបំផុតកា លពីខែមុន ឬប្រហែល ១ ភាគ ៣ នៃចំនួនឆ្លងសរុបទាំងអស់ ២.៤១២ ករណី។ រហូតមកដល់ពេលនេះ ប្រទេសនេះមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួនត្រឹមតែ ៣៥ នាក់ប៉ុណ្ណោះ៕