មន្ត្រី​វៀតណាម​ថា ប្រទេស​ខ្លួន​បាន​ផលិត​វ៉ាក់សាំង​​គ្រុន​ផ្តាសាយ​ជ្រូក​អាហ្វ្រិក

រូបឯកសារ៖ សត្វជ្រូក​ឈរ​នៅ​ខាង​ក្នុង​ទ្រុង​មួយ​នៅ​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​មួយ​ក្នុង​ភូមិ Jiangjiaqiao ខេត្ត Hebei នៅ​ភាគ​ខាង​ជើង​ប្រទេស​ចិន ថ្ងៃទី​៨ ខែឧសភា ឆ្នាំ២០១៩។

មន្ត្រីវៀតណាម​ម្នាក់​បាន​ឱ្យ​ដឹង​ថា ប្រទេស​របស់​ខ្លួន​បាន​ផលិតវ៉ាក់សាំង​ការពារ​ជំងឺ​គ្រុនផ្តាសាយ​ជ្រូក​អាហ្រ្វិក (African swine fever for pigs) ដោយ​ធ្វើ​ជា​ដៃគូ​ផលិត​ជាមួយ​សហរដ្ឋអាមេរិក​ហើយ​មាន​បំណងក្លាយ​ជាប្រទេស​នាំចេញ​វ៉ាក់សាំង​នេះ​ជា​លើក​ដំបូង​នៅ​ក្នុង​ពិភពលោក។ នេះ​បើតាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

វីរុស​គ្រុន​ផ្តាសាយ​ជ្រូក​នេះ​មិន​បង្ក​គ្រោះថ្នាក់​ដល់អាយុ​ជីវិត​មនុស្ស​ទេ ហើយ​វា​បាន​សម្លាប់​សត្វ​ជ្រូក​នៅ​ក្នុង​តំបន់​អាស៊ី។ មេរោគ​នេះត្រូវ​បាន​រក​ឃើញជា​លើក​ដំបូង​នៅ​ក្នុង​ប្រទេស​វៀតណាម​កាល​ពី​ឆ្នាំ​២០១៩។ សត្វជ្រូក​ជា​ច្រើន​លាន​ក្បាល​ត្រូវ​បាន​សម្លាប់​ចោល​ក្រោយ​ការ​ផ្ទុះ​ជំងឺនោះនៅ​ក្នុង​ប្រទេស​ម៉ុងហ្គោលី កម្ពុជា ទីក្រុង​ហុងកុង​និង​ប្រទេស​ចិន​ដីគោក​ផង​ដែរ។

ការសម្លាប់​សត្វជ្រូក​ដ៏​ច្រើន​សន្ធឹកសន្ធាប់​បាន​ធ្វើ​ឱ្យ​សាច់ជ្រូក​ឡើងថ្លៃ​ជា​ខ្លាំង​និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សង្វាក់​ផ្គត់ផ្គង់​ស្បៀងអាហារ​នៅ​លើ​ពិភព​លោក ហើយ​វៀតណាម​បាន​រង​ផល​ប៉ះពាល់ជា​ខ្លាំងក្នុង​ចំណោម​ប្រទេស​ផ្សេងៗ​មួយ​ចំនួន​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។

អនុ​រដ្ឋមន្ត្រីក្រសួង​កសិកម្មនិង​អភិវឌ្ឍន៍​ជនបទ​វៀតណាម​លោក Phung Duc Tien បាននិយាយ​នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​ថា «ការផលិត​និង​ការចុះ​បញ្ជី​ពាណិជ្ជកម្មនៃ​វ៉ាក់សាំង​នេះ​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រមួយ​របស់​វៀតណាម»។

លោក​បន្ថែម​ទៀត​ថា «យើង​មាន​ទំនុកចិត្ត​ដើម្បី​ផលិត​វ៉ាក់សាំងគ្រុន​ផ្តាសាយ​ជ្រូក​សម្រាប់​ប្រើប្រាស់​ក្នុង​ស្រុក​និង​ការនាំចេញផង​ដែរ»។

បើទោះ​បីជា​យ៉ាង​នេះ​ក្តី ក៏​មន្ត្រី​វៀតណាម​ទាំង​នេះមិន​បាន​និយាយ​ពី​ពេល​វេលាសម្រាប់ការដាក់​ឱ្យ​ប្រើប្រាស់​វ៉ាក់សាំង​ប្រភេទ​នេះ​ ក៏​ដូចជា​សមត្ថភាព​របស់​វៀតណាម​ក្នុង​ការ​ផលិត​វ៉ាក់សំាង​នោះ​ក្នុង​កម្រិត​ចំនួន​ប៉ុន្មាន​នោះ​ឡើយ។

លោក Tien បាន​និយាយ​ថា ចាប់តាំង​ពី​ឆ្នាំ២០២០មក អ្នក​ស្រាវជ្រាវ​វៀតណាមបាន​ធ្វើការ​ជាមួយ​អ្នក​វិទ្យាសាស្ត្រ​សហរដ្ឋ​អាមេរិក​លើប្រភេទ​វ៉ាក់សាំង NAVET-ASFVAC។

មន្ត្រី​វៀតណាម​រូប​នេះ​បន្ថែមទៀត​ថា វិទ្យាស្ថានស្រាវជ្រាវ​កសិកម្មនៃ​ក្រសួង​កសិកម្ម​អាមេរិក​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់មក​ឱ្យនាយកដ្ឋានបសុព្យាបាល​វៀតណាម​ដោយ​គូស​បញ្ជាក់​ថា វ៉ាក់សាំងប្រភេទ NAVET-ASFVAC មាន​សុវត្ថិភាព​និង​ប្រសិទ្ធភាព​ក្នុង​ការប្រើប្រាស់»៕