ចំនួនអ្នកស្លាប់នៅក្នុងប្រទេសវៀតណាមដោយសារខ្យល់ព្យុះទីហ្វុង Yagi បានកើនដល់ ៥៩ នាក់ហើយ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP ដែលយោងលើសេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយវៀតណាមកាលពីថ្ងៃចន្ទ។
អ្នកឧតុនិយមវិទ្យាថា ខ្យល់ព្យុះ Yagi នេះគឺជាព្យុះទីហ្វុងដ៏ខ្លាំងក្លាបំផុតដែលបក់បោកចំភាគខាងជើងប្រទេសវៀតណាមនៅក្នុងរយៈពេល ៣០ ឆ្នាំចុងក្រោយនេះ។ ខ្យល់ព្យុះនេះបានបោកបំបាក់ស្ពាន បំប៉ើងដំបូលអគារ និងបំផ្លិចបំផ្លាញរោងចក្រនានា បន្ទាប់ពីបានបក់បោកមកដល់កាលពីថ្ងៃសៅរ៍សប្ដាហ៍មុនក្នុងកម្លាំងខ្យល់លើស ១៤៩ គីឡូម៉ែត្រក្នុងមួយម៉ោង។
ការដាច់ចរន្តអគ្គិសនីដែលបណ្ដាលមកពីខ្យល់ព្យុះនេះបានបង្អាក់ធ្ងន់ធ្ងរដល់រោងចក្រនានានៅភាគខាងជើងវៀតណាម ដែលជាមណ្ឌលផលិតកម្មដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាសាកលលោកនានាដូចជា Samsung និង Foxconn ជាដើម។
ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសវៀតណាមបានរាយការណ៍ថា ខ្យល់ព្យុះនេះបានសម្លាប់មនុស្ស ៥៩ នាក់នៅក្នុងប្រទេស ដោយមនុស្ស ៤៤ នាក់ក្នុងចំណោមនោះបានស្លាប់ដោយសារជំនន់បាក់ដីនិងជំនន់គំហុក។
អាជ្ញាធរបាននិយាយកាលពីថ្ងៃចន្ទថា មនុស្ស ២៤៧ នាក់បានរងរបួសដោយសារខ្យល់ព្យុះនេះ៕