ការរៀបចំការតាំងពិព័រណ៍ចល័តលើកទី២ ស្តីអំពី«អាពាហ៍ពិពាហ៍ ដោយបង្ខំក្នុងរបបខ្មែរក្រហមនិងកិច្ចសន្ទនាអន្តរជំនាន់» ត្រូវគេគ្រោងនឹងបង្ហាញដល់អ្នកស្រុកសៀមរាបបាន ទស្សនាចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១ខែធ្នូឆ្នាំ២០១៧។ នេះជាផ្នែកមួយនៃគម្រោងមូលនិធិរបស់អង្គការសហប្រជាជាតិដើម្បីលុបបំបាត់អំពើហិង្សាលើស្រី្ត (UNTF) ដែលមានរយៈពេល៣ឆ្នាំ គឺចាប់ពីដើមឆ្នាំ២០១៦។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាក្តីខ្មែរក្រហមកាលពីថ្ងៃអង្គារបានឲ្យដឹងថា អង្គភាពគាំពារជនរងគ្រោះនៃសាលាក្តីកាត់ទោសខ្មែរក្រហមគឺជាអ្នករៀបចំគម្រោងការនេះក្នុងគោលបំណង៣យ៉ាង។ ទី១គឺ ដើម្បីផ្តល់ឱកាសដល់អ្នកចូលរួមបានយល់ដឹងអំពីរឿងរ៉ាវឈឺចាប់របស់ជនរងគ្រោះក្នុងរបបខ្មែរក្រហមនិងផលប៉ះពាល់នៃអាពាហ៍ពិពាហ៍ដោយបង្ខំ ។ ទី២ គឺលើកកម្ពស់ការចូលរួមរបស់ជនរងគ្រោះតាមរយៈការសន្ទនាអន្តរជំនាន់ ដោយផ្តល់ឱកាសឲ្យពួកគេបានជួបនិងចែករំលែកបទពិសោធន៍ស្តីពីការបង្ខំឲ្យរៀបការក្នុងរបបខ្មែរក្រហមដល់យុវជន។ ហើយនឹងទី៣ គឺដើម្បីបង្កើនការយល់ដឹងដល់យុវជននិងសាធារៈជននៅតាមសហគមន៍ ឲ្យស្វែងយល់ពីអំពើហិង្សាយែនឌ័រក្នុងរបបខ្មែរក្រហម និង លើកទឹកចិត្តឲ្យពួកគេចូលរួមប្រឆាំងនឹងអំពើហិង្សាយេនឌ័រ នៅសង្គមកម្ពុជាបច្ចុប្បន្ននិងជម្រុញឲ្យមានសមានចិត្តដល់ជនរងគ្រោះ។
គេរំពឹងថានឹងមានមនុស្ស៦០០នាក់ ជាមន្ត្រីរាជការ សិស្ស និស្សិត គ្រូបង្រៀន ជនរងគ្រោះហិង្សាយែនឌ័រ និងមន្ត្រីអង្គការសង្គមស៊ីវិល ដែលនឹងត្រូវចូលរួមក្នុងថ្ងៃទី១ នៅសាលប្រជុំមន្ទីរពេទ្យជ័យវរ្ម័នទី៧ ចាប់ពីម៉ោង៣ ដល់ម៉ោង៥រសៀល ដើម្បីទស្សនាការតាំងពិព័រណ៍និងការបញ្ចាំងខ្សែភាពយន្តពាក់ព័ន្ធនឹងរបបខ្មែរក្រហមនោះ។ ហើយនៅថ្ងៃបន្ទាប់នឹងមានការធ្វើដូចគ្នានេះទៀតនៅក្នុងសាកលវិទ្យាល័យ អាស៊ីអាគ្នេយ៍ ចាប់ពីម៉ោង៩ព្រឹកដល់ម៉ោង៥ល្ងាច។