ជន​រងគ្រោះ ​និង​អ្នក​តាមដាន​ចង់​ឃើញ​អាជ្ញាធរ​ដាក់​ទោស​​អ្នក​បោក​ប្រជា​ពល​រដ្ឋ​ឱ្យ​ធ្ងន់

រូបឯកសារ៖ ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន (ឆ្វេង) និង​លោក ដួង តារា រដ្ឋលេខាធិការ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី។ លោក​ ដួង តារា​ ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​ «ឆបោក»។ (រូបពីហ្វេសប៊ុក)

ជន​រងគ្រោះ ​និង​អ្នក​ឃ្លាំ​មើល​សង្គម​ជំរុញ​ឱ្យ​អាជ្ញាធរ​ចាត់​វិធាន​ការ​តឹងរ៉ឹង​ទៅ​លើ​បុគ្គល​ទាំង​ឡាយ​ណា​ដែល​បោក​ប្រាស់​ប្រជា​ពល​រដ្ឋ​ ហើយ​ផ្តល់​សំណង​ដល់​ជន​រងគ្រោះ​វិញ​ឲ្យ​បាន​សមរម្យ។​

ថ្មីៗ​នេះ ​មាន​ការ​ចាប់​ខ្លួន​អ្នក​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង​បទ​«ឆបោក» ​ជា​ប្រព័ន្ធ​ជា​បន្ត​បន្ទាប់។ ​ហើយ​កាល​ពី​សប្តាហ៍​មុន​ លោក​ ដួង តារា​ រដ្ឋ​លេខាធិការ​នៃ​ទីស្ដីការ​គណៈ​រដ្ឋ​មន្ត្រី ​និង​ជា​អតីត​ជំនួយ​ការ​របស់​លោក​ ហ៊ុន សែន​អតីត​នាយក​រដ្ឋមន្ត្រី ​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​ «ឆបោក»។​

លោក​ យ៉ុង ហេង​ និស្សិត​កំពុង​បន្ត​សិក្សា​នៅ​សហ​រដ្ឋ​អាមេរិក​ដែល​អះអាង​ថា​ ​ជា​ជន​រងគ្រោះ​នៃ​ក្រុម​បក្ស​ពួក​លោក​ ដួង តារា​ ប្រាប់​វីអូអេ​ថា​ លោក​ចាញ់​បោក​ប្រាក់​ចំនួន​ប្រមាណ​៤​ម៉ឺន​៦​ពាន់​ដុល្លារ​អាមេរិក​ទៅ​បុគ្គលឈ្មោះ ដួង អក្ខរា ​ដែល​ជា​មនុស្ស​ស្និទ្ធ​នឹង​លោក​ដួង តារា​ ខណៈ​លោក​ទទូច​ឱ្យ​មាន​វិធាន​ឆាប់ៗ​ទៅ​លើ​បុគ្គល​ទាំង​នោះ​ ហើយ​ផ្តល់​សំណង​ដល់​លោក​វិញ។

លោក​ថ្លែង​ថា៖​ «ខ្ញុំ​សូម​ឱ្យ​សាលា​ឧទ្ធរណ៍​ជួយ​ពន្លឿន​នីតិ​វិធី​ហ្នឹង​ឱ្យ​បាន​លឿន​ ហើយ​បើក​សវនាការ​ដោយ​សុក្រឹត្យ​ ហើយ​ព្យាយាម​បន្ត​ស្រាវ​ជ្រាវ​ឱ្យ​បាន​ល្អិត​ល្អន់​ទៅ​លើ​ក្រុម​ឆបោក​ជា​ប្រព័ន្ធ​ហ្នឹង​ ព្រោះ​មិនមែន​មាន​តែ​ខ្ញុំ​ម្នាក់​ទេ​ នៅ​មាន​យុវជន​ នៅ​មាន​រាស្ត្រ​សាមញ្ញ​ស្លូត​ត្រង់​ដទៃៗ​ទៀត​ ដែល​ទទួល​រង​នូវ​ការ​ឈឺចាប់​ ទទួល​រង​នូវ​ការ​រង​គ្រោះ​ ចាញ់​បោក​ដោយ​សារ​អំពើ​ឆបោក​ជា​ប្រព័ន្ធ​ជា​ទម្រង់​ហ្នឹង​ តាម​រូបភាព​ផ្សេងៗ​ អាច​ជា​រូបភាព​ការ​រំលោភ​ដីធ្លី ​ទន្រ្ទាន​ដីធ្លី»។​

បើ​តាម​លោក ​យ៉ុង ហេង​ ការ​បោស​សំអាត​អំពើ​ពុក​រលួយ​គួរតែ​ជា​គោល​នយោបាយ​អាទិភាព​សម្រាប់​អ្នក​ដឹកនាំ​ឈាម​ថ្មី​ ដែល​លោក​ថា​ នៅ​ពេល​ណា​ដែល​ប្រទេស​ជាតិ​ស្អាត​ស្អំ​ នោះ​អ្នក​វិនិយោគ​បរទេស​នឹង​ហ៊ាន​ចូល​មក​ក្នុង​ស្រុក​ខ្មែរ។​

នៅ​ក្នុង​លិខិត​ឆ្លើយតបមួយ​ដែល​វីអូអេ​ទទួល​បាន លោក ដួង អក្ខរា បាន​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់នានា​ពាក់ព័ន្ធ​នឹង​អំពើ​ឆបោក​នេះ។ លោក​បញ្ជាក់​ថាលោក​«មិន​បាន​ប្រព្រឹត្ត​អំពើ​អសីលធម៌ ឆបោក ដូច​ការ​ចោទ​ប្រកាន់​របស់​លោក ហេង យ៉ុង» ឡើយ។

វីអូអេ​បាន​ព្យាយាម​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នក​នាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​លោក​ អ៊ី រិន្ទ ​និង​លោក ​សួស វិទ្យារ៉ាន់ធី​ ព្រមទាំង​តំណាង​អយ្យការ​សាលា​ដំបូង​ លោក​ ប្លង់ សុផល ​ពាក់ព័ន្ធ​នឹង​ចំណាត់​ការ​លើ​លោក ​ដួង តារា ​ជុំវិញ​សំណុំ​រឿង​ឆបោក​នេះ ​ប៉ុន្តែ​ពួក​គេ​មិន​ឆ្លើយ​តប ​និង ​ទូរស័ព្ទ​គ្មាន​អ្នក​ទទួល។​

បើ​តាម​ការ​ផ្សាយ​របស់​សារ​ព័ត៌មាន​ក្នុង​ស្រុក​ដែល​ស្រង់​សម្តី​របស់​លោក​ ប្លង់ សុផល ​តំណាង​អយ្យការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ លោក ​ដួង តារា ​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ក្នុង​ពន្ធនាគារ​រាជធានី​ភ្នំពេញ ​(PJ)។

លោក​ អំ សំអាត​ នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ សម្តែង​ការ​សាទរ​ចំពោះ​ចំណាត់​ការ​របស់​រដ្ឋាភិបាល​ដើម្បី​បញ្ចប់​វប្បធម៌​នៃ​ការ​បោកប្រាស់​ដែល​កំពុង​កើត​មាន​នៅ​កម្ពុជា។ ​លោក​ថា ​អ្នក​ប្រព្រឹត្ត​អំពើ​ឆបោក​ភាគ​ច្រើន​ជា​អ្នក​មាន​ចំណេះដឹង​ និង​ជិត​ស្និទ្ធ​នឹង​អ្នក​មាន​អំណាច។​

លោក​បញ្ជាក់​ថា៖​ «វា​បង្កើន​នូវ​វប្បធម៌​ពុក​រលួយ​ដែល​យក​ឈ្មោះ​ថ្នាក់​ដឹក​នាំ​ទៅ​យក​លុយ​ យក​កាក់ បោក​លុយ​បោក​កាក់​តាម​រយៈ​បុណ្យ​ស័ក្តិ​អី​ជាដើម។​ អាហ្នឹង​ជា​វប្បធម៌​មិន​ល្អ​ ហើយ​បើសិន​ជា​មន្ត្រី​ដែល​បាន​តួនាទី​ដោយសារ​ការ​សូក​ប៉ាន់​អ៊ីចឹង ​អាហ្នឹង​ហើយ​ជា​វប្បធម៌​មួយ​ដែល​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​មិន​រីក​ចម្រើន​ ហើយ​វា​អាច​មាន​អំពើ​ពុករលួយ ​ហើយ​អាការ​បម្រើ​សេវា​សាធារណៈ​ក៏​មិន​បាន​ល្អ​ដែរ»។​

ចំណែក​អ្នក​សិក្សា​ពី​ការ​វិវត្ត​សង្គម​លោក ​មាស នី​ក៏​ប្រាប់​វីអូអេ​ដែរ​ថា​ ករណី​នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ​ ដែល​កើត​ឡើង​ក្នុង​ចំណោម​អ្នក​មាន​អំណាច​ ហើយ​យក​អំណាច​ទៅ​បោក​ប្រាស់​ប្រជា​ពលរដ្ឋ។​

អ្នក​វិភាគ​រូប​នេះ​សាទរ​ចំពោះ​ចំណាត់​ការ​របស់​អាជ្ញាធរ​ ហើយ​ជំរុញ​ឱ្យ​បន្ត​តាម​រក​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត។​

លោក​បញ្ជាក់​ថា៖​ «សម្រាប់​ខ្ញុំ​ ខ្ញុំ​គាំទ្រ​វិធាន​ការ​ហ្នឹង​ ហើយ​ចង់​ឱ្យ​រដ្ឋាភិបាល​ធ្វើ​ម៉េច​ឱ្យ​បាន​ក្តៅ​ជាង​នេះ​ទៀត​ ហើយ​ឱ្យ​មាន​ជាប់​រហូត​ ហើយ​រឿង​សំខាន់​បំផុត​ដែល​ពល​រដ្ឋ​ចង់​បាន​គឺ​ដំណោះ​ស្រាយ​ទៅ​លើ​សំណង​នានា​ដែល​អាច​ធ្វើ​ទៅ​បាន​ កុំ​ឱ្យ​គ្រាន់​តែ​ចាប់​មនុស្ស​ទៅ​ដាក់​គុក។​ អ្នក​រង​គ្រោះ​ចង់​បាន​គឺ​សំណង​សមស្រប ​សំណង​សមរម្យ»។​

កាល​ពី​ខែ​មីនា ​ឆ្នាំ​ ២០២៤ ​ អាជ្ញាធរ​បាន​ចាប់​ខ្លួន​អ្នកស្រី ​ឡេង ចាន់ណា ​និង​បក្ខ​ពួក​មួយ​ចំនួន​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​សៀមរាប។ ​តុលាការ​បាន​ចោទ​ប្រកាន់​អ្នកស្រី ​ឡេង ចាន់ណា ​និង​បក្ខពួក​ពី​បទ​ «ឆបោក​មាន​ស្ថាន​ទម្ងន់​ទោស» ​«មិន​បំពេញ​កាតព្វ​កិច្ច​ឧបករណ៍‍‍​អាច​ជួញ​ដូរ​បាន‍»​ និង​«សម្អាត​ប្រាក់»។​

កាល​ពី​ខែ​សីហា ​អាជ្ញាធរ​បាន​ចាប់​ខ្លួន​អតីត​អគ្គ​នាយក​ក្រុមហ៊ុន​ខេមបូឌាន​ អ៊ិនវេសស្ទ័រ ​ឃែភីថល​ ផាតនើរ ​ម.ក​ (CIC)​ លោក​ គុយ វ៉ាត​ ពីបទ​ឆបោក​ប្រាក់​រាប់​សិប​លាន​ដុល្លារ​ ក្រោយ​មាន​ការ​ដាក់​ពាក្យ​បណ្តឹង​ជា​ច្រើន​ទៅ​កាន់​តុលាការ​ពី​សំណាក់​ជន​រង​គ្រោះ៕

កំណត់និពន្ធ៖ អត្ថបទនេះ​ ត្រូវ​បាន​កែ​សម្រួល​ ក្រោយ​វីអូអេ​ទទួល​បាន​ការ​ឆ្លើយ​តប​ពី​ លោក ដួង អក្ខរា។