កាលីហ្វ័រនីញ៉ា៖ ចំពោះទាហានអាមេរិកាំងរាប់ម៉ឺននាក់ ការផ្លាស់ប្តូរពីជីវិតយោធាទៅស៊ីវិលវិញមិនមែនជាការងាយស្រួលទេ។ អត្រាអតីតយុទ្ធជនគ្មានការងារធ្វើមានចំនួន៣៥% ហើយគេបានប៉ាន់ស្មានថា មនុស្សជាងមួយសែននាក់ គ្មានដំបូលជ្រក នៅពេលយប់។ រដ្ឋាភិបាលបានផ្តល់កម្មវិធីជួយអតីតយុទ្ធជន ហើយមានអង្គការឯកជនជាច្រើនក៏បានផ្ដល់ជំនួយដល់ជនទាំងនោះដែរ។
ដូច្នោះ Jan Sluizer បានចូលទៅទស្សនាអង្គការមួយហៅ Archi ‘s Acres ដែលជាកម្មវិធីថ្មីដំបូង ធ្វើឡើងនៅលើដីកសិកម្មប្រមាណ២ហិចតាកន្លះនៅតំបន់ភាគខាងត្បូងរដ្ឋកាលីហ្វ័រនីញ៉ា។
ក្រោយពីបានធ្វើជាទាហានបម្រើទ័ពចំនួនបីដងនៅក្នុងប្រទេសអ៊ីរ៉ាក់មកនោះ ពលបាលឯក Colin Archipley នៃកងម៉ារីន បានរៀបចំខ្លួនវិលត្រឡប់មកជីវិតស៊ីវិលវិញ។
លោក និងភរិយាគឺអ្នកស្រី Karen បានទិញកសិដ្ឋានមួយឋិតនៅភាគខាងត្បូងរដ្ឋកាលីហ្វ័រនីញ៉ា ហើយបានចាប់ផ្ដើមដាំដំណាំកសិកម្មប្រើជីរធម្មជាតិ។ ដោយមិនដាំលើដីដំណាំរបស់គាត់ប្រើទឹកសុទ្ធដែលត្រង់រួចហើយ។ ក្រៅពីដំណាំជីរ ស្ពៃ សាឡាត់ និងផ្លែប៉េងប៉ោះ កសិដ្ឋាន Archi’s Acres បានយកចិត្ដទុកដាក់លើអតីតយុទ្ធជនដោយបណ្ដុះ អ្វីដែលលោក Archipley មើលឃើញថា ជាសហគ្រិនកសិកម្មសម្រាប់មនុស្សជំនាន់ក្រោយ។ នាង Karen បានពន្យល់ថា ប្ដីរបស់នាងចង់ចែករំលែកសេចក្តីស្ងប់ចិត្ដ ដែលគាត់រកឃើញនៅលើកសិដ្ឋាននេះ ជាមួយអតីតមិត្ដយុទ្ធជនរបស់គាត់។
«ពេលដែល Colin ថែទាំមើលដើមឈើ និងរុក្ខជាតិ គាត់មានអារម្ភថា គាត់បានជាសះស្បើយគួរឲ្យអស្ចារ្យ រួចគាត់ផ្ដើមនិយាយជាមួយជនអ្នកធ្លាប់ធ្វើទាហានជាមួយគាត់។ អ្នកទាំងនោះចូលធ្វើទាហានវិញ មិនមែនដោយសារគេចង់ទេ គឺដោយសារគេមិនអាចចិញ្ចឹមជីវិតខ្លួនឯងបាន។ ពេលនោះយើងបានវិលមកវិញជាប្ដីប្រពន្ធ ហើយយើងយល់ឃើញថា យើងអាចធ្វើឲ្យមានការផ្លាស់ប្តូរនៅទីនេះ។ វាមិនយុត្ដិធម៌ទេ»។
ដូច្នោះហើយ ទើបគ្រួសារ Archipleys បានធ្វើការជាមួយការិយាល័យអតីតយុទ្ធជនតំបន់ ដើម្បីជួយឲ្យទាហានដែលវិលត្រឡប់ អាចប្រើចំណេះជាមេដឹកនាំ ដែលគេរៀននៅក្នុងកងទ័ពយកមកប្រើក្នុងផ្នែកឯកជន។
«យើងមានថ្នាក់ដឹកនាំក្មេងៗទំាងនោះ ដែលទើបមានជំនាញថ្មី ការបណ្តុះបណ្តាលថ្មីៗខ្លះ អាចធ្វើឲ្យគេក្លាយទៅជាពលករពូកែធ្វើការ ហើយអាចជាមេដឹកនាំប្រសើរផងដែរ»។
លោក Corey Pollard អាយុ ២៦ឆ្នាំ ជាអតីតយុទ្ធជនម្នាក់ដែលរៀនជំនាញថ្មីទាំងនេះ។ នៅក្នុងឆ្នាំ២០០៥ ក្រោយពីបានបម្រើកងទ័ពនៅក្នុងប្រទេសអ៊ីរ៉ាក់ជាលើកទីបី លោកមិនដឹងធ្វើអ្វីទេក្នុងជីវិតរបស់លោក។ មិត្ដភក្រក្នុងកងឯកភាពម្នាក់បានស្នើឲ្យគាត់ពិនិត្យមើលកម្មវិធីកសិដ្ឋាន Archi’s Acresនេះ។ គាត់ពេញចិត្ដនឹងកម្មវិធីនេះ ដែលបានត្រូវចាត់ចែងដោយអតីតទាហានម៉ារីនដូចគ្នា ហើយដែលផ្ដោតទៅលើការជួយអតីតយុទ្ធជនឲ្យវិលចូលមកក្នុងសង្គមវិញ តាមមធ្យោបាយវិជ្ជមាន។ លោកថ្លែងថា កម្មវិធីនេះផ្ដល់រឿងល្អដល់គាត់។
«ខ្ញុំគិតអំពីបើកមុខរបរដោយខ្លួនឯង។ បើយើងធ្វើការនៅទីនេះរយៈពេលយូរ យើងអាចរៀនចេះដឹង ចេះប្រើរបស់តូចតាចនៅទីនេះ។ ខ្ញុំមិនដែលរៀននៅសាកលវិទ្យាល័យទេ តែខ្ញុំអាចរៀនជំនាញខ្លះដែលខ្ញុំអាចយកទៅប្រើក្នុងពេលអនាគត។ វាល្អសម្រាប់ខ្ញុំ»។
កាលពីខែមករា លោក Colin Archipley បានពង្រីកកម្មវិធី ដើម្បីបង្រៀនចំណេះខាងមុខរបររកស៊ី ហើយបានបញ្ចូលបុគ្គលិកយោធាសកម្មជិតបញ្ចប់បេសកម្មយោធា។ លោក Archipley កត់សម្គាល់ថា អតីតយុទ្ធជនភាគច្រើនកើតជំងឺមួយហៅ Post Traumatic Stress Disorderគឺជំងឺផ្លូវចិត្ដក្រោយធ្វើទាហាន ហើយវាមានសភាពកាន់តែធ្ងន់ធ្ងរ នៅពេលដែលជនទាំងនោះមិនអាចរកការងារធ្វើបាន និងគ្មានផ្ទះនៅ។ លោកថ្លែងទៀតថា បើផ្នែកបុគ្គលិកយោធាចំណាយពេលប៉ុន្មានខែចុងក្រោយនៅក្នុងយោធារៀនជំនាញខ្លះ នោះគេអាចរកការងារធ្វើបានក្នុងពេលក្រោយមក ហើយធ្វើឲ្យអត្រា Post Traumatic Stress Disorder ជំងឺផ្លូវចិត្ដនេះឆ្លាក់ចុះទាប។
“ធ្វើការជាមួយមន្ដ្រីយោធាសកម្មមានន័យថា យើងអាចបង្រៀន ផ្ដល់ចំណេះឲ្យអ្នកទាំងនោះ ហើយគេអាចយល់ដឹងអំពីបរិយាកាសក្នុងទីកន្លែងការងារមុនពេលរោគសញ្ញាទាំងនោះកើតមានឡើង។ ខ្ញុំសង្ឍឹមថា វាមិនគ្រាន់តែបង្កើតកសិករថ្មី ឬ សហគ្រិនថ្មី ឬពាណិជ្ជករថ្មី ឬផ្តល់ការងារធ្វើឲ្យអ្នកទាំងនោះប៉ុណ្ណោះទេ តែយើងបានកាត់បន្ថយជំងឺផ្លូវចិត្ដនេះ ហើយធ្វើឲ្យកិច្ចប្រឹងប្រែងទាំងនោះរឹតតែសកម្មឡើង»។
ក្នុងកម្មវិធីបង្រៀន៦សប្ដាហ៍ លោក Colin Archipley បង្ហាត់ចំណេះខាងកសិកម្ម ដូចជារបៀបដាំដំណាំ និងការប្រមូលយកផល។ Karen អតីតអ្នកកាត់ដេរម៉ូដសម្លៀកបំពាក់ទំនើប នឹងបង្រៀនអំពីការរកទីផ្សារលក់ទំនិញ។ គ្រូបង្រៀនមកពីអង្គការរដ្ឋបាលពាណិជ្ជកម្មតូចតាចក៏បានចូលរួមដែរ។ គ្រូទាំងនោះនឹងបង្រៀនគណនេយ្យលុយកាក់ និងការព្យាករណ៍ បង្រៀនអំពីមូលដ្ឋាននៃសហគ្រាស បង្រៀនអំពីការសរសេរប្រវត្ដិរូបការងារ និងរបៀបរៀបចំផែនការសម្រាប់មុខរបរទាក់ទងនឹងកិច្ចប្រតិបត្ដិការនៅក្នុងកសិដ្ឋាន។
លោក Archipley គិតថា សិស្សរបស់លោកនឹងមិនមានបញ្ហាក្នុងការរកការងារធ្វើទេ។ លោកថ្លែងថា ការងារទាំងនោះកំពុងរង់ចាំពួកគេជាស្រេចហើយ។
«យើងគិតថា សហគមន៍របស់អតីតយុទ្ធជនជាទីកន្លែងល្អសម្រាប់បំពេញការងារទាំងនោះ សម្រាប់ជំនួសកសិករដែលជិតចូលនិវត្ដ ហើយដែលគ្មាននរណាជំនួស ឬគេអាចរៀនជួសជុលគ្រឿងម៉ាស៊ីន ដែលគេអាចលក់ចេញទូទាំងប្រទេសអាមេរិក ហើយគេអាចពេញចិត្ដនឹងកិច្ចការរបស់គេ ដែលរួមចំណែកផ្ដល់អាហារដល់ជនជាតិអាមេរិកាំង»។
លោក Archipley សង្ឃឹមថា នឹងពង្រីកកម្មវិធីសិក្សារបស់លោកសម្រាប់អតីតយុទ្ធជននៅតំបន់ឆ្នេរសមុទ្រខាងកើតនៃសរអ។ លោកក៏គ្រោងនឹងបើកសិក្ខាសាលា៦សប្ដាហ៍ ហើយចុះផ្សាយក្នុងបណ្ដាញអ៊ីនធឺណិត ដើម្បីឲ្យទាហាននៅគ្រប់ទីកន្លែងអាចរៀនតាមបណ្ដាញអ៊ីនធឺណិតបាន។
ប្រែសម្រួលដោយលោក អ៊ូ ធួក