វ៉េណេស៊ុយអេឡា​ដោះលែង​ពលរដ្ឋ​អាមេរិក​២នាក់​ក្រោយ​ជំនួប​ជា​​មួយ​ភាគី​អាមេរិក

  • Reuters

រូបឯកសារ៖ ទង់ជាតិ​វ៉េណាស៊ុយអេឡា (ឆ្វេង) និង​ទង់ជាតិ​សហរដ្ឋ​អាមេរិក​ ត្រូវ​បាន​គេ​ដាក់​នៅ​លើ​របង​ដែក​នៃ​អគារ​ apartment មួយ​នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០០៦។ (Photo by DON EMMERT / AFP)

ប្រទេស​វ៉េណេស៊ុយអេឡា​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ បាន​ដោះលែង​ពលរដ្ឋ​អាមេរិកាំង​ដែល ជាប់​ពន្ធនាគារ​យ៉ាងហោចណាស់​ក៏២នាក់ដែរ​ ដែល​នេះ​ទំនងជាកាយវិការ​សុឆន្ទៈ​មួយដល់​រដ្ឋបាលរបស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden បន្ទាប់ពីគណៈប្រតិភូ​ជាន់ខ្ពស់​អាមេរិក​បាន​បំពេញ​ទស្សនកិច្ច​នៅ​រដ្ឋធានី​ការ៉ាកាស។ នេះ​បើតាមប្រភព​មនុស្ស​មួយ​ចំនួនដែល​បាន​ដឹង​រឿង​នេះ​ ហើយ​ដែល​ត្រូវ​បាន​រាយការណ៍​ដោយ​ទី​ភ្នាក់ងារ​ព័ត៌មាន Reuters។

អ្នក​ទោសអាមេរិកាំង​ម្នាក់​ដែល​ត្រូវ​បានដោះលែង​នោះ​គឺ លោកGustavo Cardenas ដែល​ជា​នាយក​ប្រតិបត្តិ​ម្នាក់ក្នុង​ចំណោម​នាយក​ប្រតិបត្តិ៦នាក់​នៃ​ក្រុមហ៊ុន​ប្រេង Citgo ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ឆ្នាំ២០១៧ហើយត្រូវ​បាន​កាត់​ទោស​ពី​បទចោទ​ប្រកាន់​ដែល​រដ្ឋាភិបាល​អាមេរិក​និយាយ​ថា ជា​ការ​មួល​បង្កាច់។ អ្នកទោស​ម្នាក់​ទៀត​ដែល​ត្រូវ​បាន​ដោះលែង​ដែរ​នោះ​ ជាពលរដ្ឋ​អាមេរិកកាំងដើមកំណើត​គុយបា ដែល​ត្រូវ​បាន​ឃុំឃាំង​ក្នុង​បទ​ចោទ​ប្រកាន់​ផ្សេង​ទៀត។ នេះ​បើ​យោង​ទៅ​លើ​ប្រភព​ដដែល​ខាង​លើ​នេះ។

ជំនួប​កាលពី​ចុង​សប្តាហ៍​មុនរវាង​គណៈប្រតិភូ​អាមេរិក​និង​ភាគី​វេណេស៊ុយអេឡា​ បាន​ផ្តោតមិន​ត្រឹមតែ​ការដោះលែង​ពលរដ្ឋ​អាមេរិកាំង​ដែល​ជាប់ឃុំ​នៅវ៉េណេស៊ុយអេឡា​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ ក៏​បាន​ផ្តោត​ផង​ដែរ​លើ​លទ្ធភាព​នៃ​ការបន្ធូរបន្ថយ​ការដាក់​ទណ្ឌកម្ម​ប្រេង​លើ​វ៉េណេហ៊ុយអេឡាដែល​ជា​សមាជិក​របស់​អង្គការ​ផលិត​ប្រេង OPEC និង​ជា​សម្ព័ន្ធមិត្ត​ដ៏​ជិតស្និទ្ធ​របស់​រុស្ស៊ី​ដើម្បី​ធ្វើ​ការផ្គត់ផ្គង់​ប្រេង​នៅ​ពេល​ដែល​ប្រធានាធិបតី​អាមេរិក​លោកJoe Biden បាន​ហាមឃាត់​ដល់​ការ​នាំចូល​ប្រេង​ពី​ប្រទេស​រុស្ស៊ី​នៅ​ក្នុង​ការឆ្លើយតប​ការឈ្លានពាន​របស់​រដ្ឋាភិបាល​ក្រុង​មូស្គូ​លើ​អ៊ុយក្រែន។

គេ​នៅ​មិន​ទាន់​ដឹងទេថា ពេល​នេះពលរដ្ឋ​អាមេរិកាំង​ដែល​ត្រូវ​បាន​ដោះលែង​នោះ​កំពុង​ស្ថិត​នៅ​ទីណា​នៅ​ឡើយ​ទេ។ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន បានស្វះស្វែង​ឲ្យ​មាន​ការដោះលែង​ពលរដ្ឋ​អាមេរិកាំង​យ៉ាងហោច​ណាស់​ក៏៩នាក់​ផងដែរ​ដែល​ក្នុង​នោះ​មាន៦នាក់​មក​ពី​ក្រុមហ៊ុន​ប្រេង Citgo ២នាក់ទៀត​ជាអតីត​កងកម្លាំង​ទ័ព​ពិសេស​អាមេរិក​ និង​ម្នាក់​ទៀត​ជា​អតីត​ទាហាន​ម៉ារីន​អាមេរិក។

គណៈប្រតិភូ​ជាន់​ខ្ពស់​អាមេរិក​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​វេណេស៊ុយអេឡាក្នុង​រយៈ​ពេលប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ ក៏​បាន​ជួប​ជាមួយ​អ្នកទោស​អាមេរិក​ទាំង​នោះ​នៅ​ក្នុងពន្ធនាគារនៃ​ប្រទេស​វ៉េណេស៊ុយអេឡា​កាលពី​ថ្ងៃអាទិត្យ​ផងដែរ។ ប្រេសិត​អាមេរិកាំង​ទទួល​បន្ទុកចំណាប់​ខ្មាំង​អាមេរិកាំង​លោកRoger Carstens ត្រូវ​បាន​គេ​ជឿ​ជាក់​ថា បាន​ស្ថិត​ក្នុង​ចំណោម​គណៈប្រតិភូ​ជាន់​ខ្ពស់​អាមេរិកាំង​នោះ​ហើយ​មិន​បាន​ត្រឡប់​មក​កាន់​សហរដ្ឋ​អាមេរិក​ជាមួយ​គណៈប្រតិភូ​នោះ​ទេ ដោយ​លោកបន្ត​ស្ថិត​នៅ​ក្នុង​ប្រទេស​នេះ​ដើម្បី​ជួយ​សម្រប​សម្រួល​ឲ្យ​មាន​ការដោះ​លែងអ្នក​ទោស​អាមេរិកនៅ​ទី​នោះ៕