ល្បឿន​កំណែទម្រង់​នៅ​​អ៊ូសបេគីស្ថាន​រងការ​ចោទសួរ​ ខណៈ​ដែល​ការបោះឆ្នោត​ជិត​មក​ដល់

រូបឯកសារ៖ នៅ​ក្នុង​រូបថត​កាល​ពី​ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ នេះ បង្ហាញ​ពី​ប្រធានាធិបតី​​​អ៊ូសបេគីស្ថាន លោក Shavkat Mirziyoyev ចូលរួម​ក្នុង​កិច្ចប្រជុំ​មួយ​នៅ​ទីក្រុង Ashgabat ប្រទេសតួកម៉េនីស្ថាន។

រដ្ឋមន្រ្តី​ក្រសួងការបរទេស​អាមេរិក​លោក Antony Blinken ស្វាគមន៍​ការ​វិវត្ត​ទៅ​មុខ​នៅ​អ៊ូសបេគីស្ថាន ប៉ុន្តែ​ បាន​អំពាវនាវ​ឲ្យ​មាន​ការ​ការពារ​សិទ្ធិ​ជា​មូលដ្ឋាន។ ហើយ​មន្ត្រី​រដ្ឋាភិបាល​អ៊ូសបេគីស្ថាន បាន​សុំឲ្យ​សហរដ្ឋ​អាមេរិក​មាន​ការ​អត់ធ្មត់​អំពី​បញ្ហា​នេះ។

នៅ​ពេល​ប្រធានាធិបតី​អ៊ូសបេគីស្ថាន​លោក Shavkat Mirziyoyev បំពេញទស្សនកិច្ច​នៅ​រដ្ឋ ធានី​វ៉ាស៊ីនតោន​កាល​ពី​បី​ឆ្នាំ​មុន លោក​បាន​សើរើ​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​យុទ្ធសាស្រ្ត​ជា មួយ​សហរដ្ឋ​អាមេរិក​ និង​បាន​ប្តេជ្ញា​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​មួយ​ចំនួន ខណៈ​បើក​ទ្វារ​ប្រទេស​សម្រាប់​ទំនាក់ទំនង​ជា​ច្រើន​វិស័យ​ជាមួយ​នឹង​សហរដ្ឋអាមេរិក។

អាណត្តិ​ទី​មួយ​នៃ​ការកាន់​តំណែង​របស់​លោក Mirziyoyev ឥឡូវនេះ​កាន់​តែ​កៀក​នឹង​បញ្ចប់ ខណៈ​ដែល​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​គ្រោងនឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី២៤ ខែ​តុលា ហើយ​ភាព​ជោគជ័យ​របស់​លោក​នៅ​ក្នុង​ការ​បំពេញ​ការ​សន្យា​ខាង​លើ​ និង​ការ​សន្យា​ដទៃ​ទៀត​ កំពុង​ត្រូវ​បាន​វាយតម្លៃ​ទាំង​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​និង​នៅ​ក្នុង​ប្រទេស។

សម្រាប់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក មតិនៃ​ការវិនិច្ឆ័យ​មក​លើ​រូប​លោក​គឺ​មាន​ភាព​ចម្រុះ​គ្នា។

កាល​ពី​ខែ​មេសា រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​លោក Antony Blinken បាន​ស្វាគមន៍​នៅ​ក្នុង​កិច្ចសន្ទនា​ជាមួយ​រដ្ឋមន្រ្តី​ការបរទេស​អ៊ូសបេគីស្ថាន​លោក Abdulaziz Kamilov អំពី«ការជឿនលឿន​ទៅ​មុខ​របស់​ប្រទេស​អ៊ូសបេគីស្ថាន​នៅ​លើ​របៀបវារៈ​កំណែទម្រង់​របស់​ប្រទេស​នេះ ដែល​រួម​មាន​ការ​ប្រយុទ្ធប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស ការ​ការពារ​សេរីភាព​សាសនា ​និង​ការ​ពង្រីក​លំហ​សង្គម​ស៊ីវិល» ។

រូបឯកសារ៖ រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោក Antony Blinken ថ្លែង​សុន្ទករថា ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីស្នាក់ការ​អង្គការ​អូតង់​ក្នុង​រាជធានី​ប្រ៊ុចសែល ប្រទេស​ប៊ែលហ្សិក ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១។

ក៏ប៉ុន្តែ លោក Blinken ក៏​បាន​អំពាវនាវ​ឲ្យ​មាន «ការ​ការពារ​សេរីភាព​ជា​មូលដ្ឋាន រួម​មាន​ តម្រូវ​ការ​សម្រាប់​ដំណើរការ​បោះឆ្នោត​ដោយ​សេរី​និង​ប្រកប​ដោយ​ការប្រកួត​ប្រជែង»។ នេះ​បើ​យោង​ទៅ​តាម​សម្រង់​កិច្ច​សន្ទនា​ខាង​លើ​កាល​ពី​ខែ​មុន។

អ៊ូសបេគីស្ថាន​ជា​អតីត​ប្រទេស​កុម្មុយនីស្ត​មួយ​ស្ថិត​នៅ​តំបន់​អាស៊ី​កណ្តាល។ ប្រទេស​នេះ​ជា​ផ្នែក​មួយ​នៃ​អតីត​សហភាព​សូវៀត​មុន​ពេល​ទទួល​បាន​ឯករាជ្យ​នៅ​ឆ្នាំ១៩៩១។

ការ​ជឿនលឿន​លើ​របៀបវារៈ​កំណែទម្រង់​របស់​លោកMirziyoyev ក៏​កំពុង​ទទួល​បាន​ការ​វាយតម្លៃ​ចម្រុះ​នៅ​អ៊ូសបេគីស្ថាន​ជា​ទីកន្លែងដែល​អ្នក​ធ្វើ​គោលនយោបាយ​និង​រដ្ឋមន្រ្តី​បាន​ទទួល​ស្គាល់​នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ VOA ថា ការ​ពង្រីក​តម្រូវការ​របស់​ប្រជាពលរដ្ឋ​សម្រាប់​គណនេយ្យ​ភាព ​និង​ការទទួល​ខុសត្រូវ​មាន​ការ​លំបាក​ដើម្បី​ធ្វើ​ទៅបាន។

លោកស្រី Tanzila Narbaeva ប្រធាន​ព្រឹទ្ធសភា​អ៊ូសបេគីស្ថាន បាន​ទទួល​ស្គាល់​ថា៖ «មក​ទល់​ពេល​នេះ កំណែទម្រង់​មាន​ភាព​រញ៉េរញ៉ៃ។ ជា​រៀងរាល់​ថ្ងៃ​ យើង​កំពុង​រក​ឃើញ​ថា បញ្ហា​របស់​យើង​មាន​ភាព​ស្មុគស្មាញ​ជាង​អ្វី​ដែល​យើង​បាន​រំពឹង​ទុក ហើយ​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ ដើម្បី​ជម្នះ​បញ្ហា​ទាំង​នោះ។ នឹង​មាន​ជា​ឧបសគ្គ​ផ្សេងៗ។ គ្មាន​នរណា​ម្នាក់​មាន​មន្ទិល​ចំពោះ​រឿង​នេះ​ទេ។ យ៉ាងណាក្តី យើង​មិន​ត្រូវ​បញ្ឈប់​ការ​ដោះស្រាយ​បញ្ហា​ទាំង​នោះ​នោះ​ទេ ខណៈធានា​ថា ការ​ដោះស្រាយ​បញ្ហា​ទាំង​នោះ​មាន​លក្ខណៈ​ជា​ប្រព័ន្ធ»។

លោកស្រី Narbaeva ដែល​ជា​ស្រ្តី​មាន​តំណែង​ខ្ពស់​ជាង​គេ​បង្អស់​មួយ​នៅ​ក្នុង​ប្រទេស​អ៊ូសបេ គីស្ថាន ជា​មិត្ត​ដ៏​ជិត​ស្និទ្ធ​នឹង​លោក​ប្រធានាធិបតី Mirziyoyev ដែល​បាន​ព្យាយាម​ស្តារ​ប្រជាប្រិយភាព​ឡើង​វិញ​តាមរយៈ​ការ​ផ្តួចផ្តើម​ធ្វើ​កំណែ​ទម្រង់​ផ្សេងៗ។ លោកស្រី​ទទួល​ស្គាល់​ថា មាន​ការ​លំបាក​នៅ​ក្នុង​ការ​បញ្ចុះបញ្ចូល​សាធារណជន​ដែល​មាន​មន្ទិល​ខ្លាំង​ថា នីតិបញ្ញត្តិ​នៅ​អ៊ូសបេគីស្ថាន​គឺ​ មិនមែន​មាន​តែ​សំបក​ក្រៅ​នោះ​ទេ។

លោកស្រី​ទទូច​ថា៖ «សភា​មាន​ឯករាជ្យភាព​ពេញលេញ។ យើង​មិន​ទទួល​បញ្ជា​ពី​អ្នកណា​នោះ​ទេ»។

រូបឯកសារ៖ លោកស្រី Tanzila Narbaeva ប្រធាន​ព្រឹទ្ធសភា​អ៊ូសបេគីស្ថាន។

លោក Sardor Umurzakov ជា​ឧបនាយក​រដ្ឋមន្រ្តី​ និង​រដ្ឋមន្រ្តី​ផ្នែក​វិនិយោគ​និង​ពាណិជ្ជកម្ម​អន្តរជាតិ​ ជឿ​ថា ប្រព័ន្ធ​ដឹកនាំ​ត្រូវ​ធ្វើការ​ជិតស្និទ្ធ​ជាមួយ​នឹង​យុវជន​នៅ​អ៊ូសបេគីស្ថាន​ដែល​មាន​ចំនួន​ភាគច្រើន​ហើយ​ដែល​លោក​និយាយ​ថា មាន​ការទាមទារ​កើនឡើង មិនសូវ​អត់ធ្មត់​ និង​រិះគន់​ច្រើន។

លោក​បាន​ថ្លែង​ថា៖ «ពួកគេ​អាច​ទទួល​បាន​ដំណឹង​ផ្សេងៗ​ពី​ពិភពលោក ហើយ​មិន​អាច​បញ្ឈប់​ពួកគេ​បាន​ទេ។ យើង​ត្រូវ​ឲ្យ​ពួកគេ​ចូលរួម​ប្រឡូក បង្កើត​នូវ​ឱកាស លើកកម្ពស់​លក្ខ ខណ្ឌ​ផ្សេងៗ។ គំនិត​ផ្សេងៗ​ត្រូវ​តែ​ប្រែផ្លាស់ជា​គម្រោង​ ហើយ​គម្រោង​នានា​ត្រូវ​ប្រែផ្លាស់​ជា​ក្រុមហ៊ុនដោយ​បង្កើតការ​ងារ​ ធ្វើការ​ផលិត​និង​នាំចេញ​ទំនិញ​ផ្សេងៗ បង់​ពន្ធ និង​ផ្តល់​ឲ្យ​ពលរដ្ឋ​នូវ​លំហ​ដើម្បី​រីកចម្រើនទៅ​មុខ​នៅ​ក្នុង​ប្រទេស​របស់​យើង»។

លោក Akmal Burhanov ប្រមុខ​ទីភ្នាក់ងារ​ប្រឆាំង​អំពើ​ពុករលួយ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ ២០២០ និយាយ​ថា អំពើ​ពុករលួយ​បាន​ចាក់ឫស​នៅ​ក្នុង​ប្រទេស​អ៊ូសបេគីស្ថាន និង​បាន​រីកកាន់​តែធំ​ក្នុង​អំឡុងពេល​មាន​វិបត្តិនៃ​ការ​រាតត្បាត​ជំងឺ​រាតត្បាត​ជំងឺ បញ្ហា​នេះ​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​លោកស្រី Narbaeva លោក Umurzakov ក៏ដូចជា​តំណាងរាស្រ្តនិង​រដ្ឋមន្រ្តី​ដទៃ​ទៀត​ដែរ។

លោក Burhanov បាន​ថ្លែង​ប្រាប់ VOA ថា៖ «យើង​កំពុង​ស្ថិត​នៅក្រោម​សម្ពាធ​យ៉ាងខ្លាំង​ពី​មនុស្សគ្រប់ៗគ្នា។ សាធារណជន​ចង់​ឲ្យ​យើង​ប្រយុទ្ធប្រឆាំង​នឹង​អំពើ​ពុករលួយ​យ៉ាង​ឆាប់​រហ័ស​និង​ប្រកបដោយ​ប្រសិទ្ធភាព។ ពួកគេ​រំពឹង​ចង់​បាន​អភូតហេតុ។ ប៉ុន្តែ​ទីភ្នាក់ងារ​តែ​មួយ​មិន​អាច​សម្រេច​វា​បាន​នោះ​ទេ។ យើង​ត្រូវការ​ការ​រួមចំណែក​ពី​មនុស្ស​ទាំងអស់​គ្នា»។

មន្រ្តី​ទីភ្នាក់ងារ​របស់​លោក Burhanov កំពុង​ជំរុញ​ឲ្យ​មាន​ច្បាប់​មួយ​ដែល​មិន​ធ្លាប់​មាន​កាលពីពេល​មុន​ដែល​តម្រូវ​ឲ្យ​មាន​ការ​បង្ហាញ​ហិរញ្ញវត្ថុ​ពី​សំណាក់​មន្រ្តីរដ្ឋ។ លោក​បាន​ថ្លែងថា៖ «នេះ​ជា​ពេលវេលា​សម្រាប់​យើង​ក្នុង​ការ​កំណត់​ព្រំដែន​និង​ធ្វើ​ឲ្យ​ប្រាកដ​ថា ប្រព័ន្ធនេះ​មិន​អនុញ្ញាត​ឲ្យ​មាន​ទំនាស់​ផលប្រយោជន៍​ទេ»។

ក្រសួង​យុត្តិធម៌​និង​ការិយាល័យប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿងញៀន​អន្តរជាតិ​និង​កិច្ចការ​អនុវត្ត​ច្បាប់​របស់​ក្រសួងការបរទេស​អាមេរិក​ កំពុង​តែ​ជួយ​ជ្រោមជ្រែង​ទីភ្នាក់ងារប្រឆាំង​អំពើ​ពុក រលួយ​នៅ​អ៊ូសបេគីស្ថាន ដោយ​ផ្តល់​ជា​ជំនួយ​ផ្នែក​បច្ចេកទេស។

លោក Ibrokhim Abdurakhmonov រដ្ឋមន្រ្តី​ទទួលបន្ទុក​ផ្នែក​ច្នៃប្រឌិត​និង​ជា​អ្នកវិទ្យាសាស្រ្ត​ដែល​បាន​ទទួល​ការ​អប់រំ​ពី​សហរដ្ឋអាមេរិក បាន​ធ្វើការ​ជាមួយ​នឹង​ដៃគូ​អន្តរជាតិ​នានា​ហើយ​សង្ឃឹម​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​នឹង​បន្តផ្តល់​ជំនួយ​អភិវឌ្ឍន៍​ដល់​រដ្ឋាភិបាល​ក្រុង​តាស្កិន។

លោក Abdurakhmonov បាន​និយាយ​ថា៖ «យើង​ចង់​បង្កើត​សេដ្ឋកិច្ច​ដែល​ពឹងផ្អែក​លើ​ចំ ណេះដឹង»។ ប៉ុន្តែ​ជាមួយ​នឹង​គោលដៅ​យុទ្ធសាស្រ្ត​ណាមួយ​ក៏​ដោយ អ៊ូសបេគីស្ថាន​កំពុង​ប្រឈម​នឹង​ឧបសគ្គ​នៅ​ក្នុង​ការ​សម្រេច​គោលដៅ​នេះ។ អ៊ូសបេគីស្ថាន​ទទួល​បានកំណើន​សេដ្ឋកិច្ច​និង​ប្រាក់​ចំណូល​ភាគច្រើន​ពី​ធនធាន​ធម្មជាតិ​និង​វត្ថុធាតុ​ដើម។

លោក Abdurakhmonov បាន​បកស្រាយ​ថា៖ «យើង​មាន​អ្នកស្រាវជ្រាវ១០០០​នាក់​ក្នុង​ចំណោម​រាល់​មនុស្ស​១លាន​នាក់... ប្រទេស​អភិវឌ្ឍន៍​មាន​ចំនួន​អ្នកស្រាវជ្រាវ​លើស​ពី​នេះបី​ទៅ​បួន​ដង។ ហើយ​ពិបាក​ជាង​នេះ ប្រព័ន្ធ​ដឹកនាំ​នេះ​មិន​ធ្លាប់ផ្តល់​រង្វាន់​លើក​ទឹកចិត្ត​ដល់​អ្នក​បង្កើត​និង​អ្នក​ច្នៃប្រឌិត​នោះ​ទេ។ កិច្ចការ​ផ្នែក​វិទ្យាសាស្រ្ត​និង​ការ​ស្រាវជ្រាវ​ គឺ​ធ្វើ​ឡើងដើម្បី​គ្រាន់​តែ​ទទួល​បាន​នូវ​ប្រាក់​បៀវត្សរ៍តែ​ប៉ុណ្ណោះ មិនមែន​ដើម្បី​ជំរុញ​ការ​បោះជំហាន​ទៅ​មុខ​ផ្នែក​ចំណេះ​ដឹង​នោះ​ទេ»។

រដ្ឋមន្រ្តី​ក្រសួង​ថាមពល​លោក Alisher Sultanov ទទូច​ថា នៅ​ទីបំផុត​ ប្រទេស​អ៊ូសបេគីស្ថាន​បាន​ចាប់ផ្តើម​ធ្វើ​កំណែទម្រង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្នែក​ឧស្ម័ន​និង​អគ្គិសនី​របស់​ខ្លួន។ លោក​និយាយ​ថា៖ «ប្រព័ន្ធ​ផ្គត់ផ្គង់​ចាស់​គំរិល​មិន​អាច​បំពេញ​នូវ​តម្រូវ​ការ​ដែល​កំពុង​តែ​កើន​ឡើង​នោះ​ទេ» ខណៈដែល​លោកសង្កត់ធ្ងន់​ពី​តម្រូវការ​សម្រាប់​ឯករាជ្យ​ភាព​ផ្នែក​ថាមពល។

លោក Sultanov បាន​ប្រាប់VOA ថា លោក​ទទួល​ខុសត្រូវ​សម្រាប់​ការ​ខ្វះខាត​ថាមពល​ប្រើ ប្រាស់​ កាល​ពី​រដូវ​ធ្លាក់ទឹកកក​ឆ្នាំ​មុន​ហើយ​បាន​ទទួល​ស្គាល់​ថា ប្រព័ន្ធ​ដំណើរការ​ដែល​លោក​កំពុង​មើល​ការខុសត្រូវ​មានអំពើពុករលួយ​យ៉ាងខ្លាំង ខ្វះខាត​ការ​ទទួល​ខុសត្រូវ និង​ខកខាន​ក្នុង​ការ​ផ្តល់​សេវាកម្ម​ប្រកប​ដោយ​ប្រសិទ្ធភាព​និង​ជាប់លាប់​ទេ។

លោក Avazbek Madaminov រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​ដែល​ទទួល​បន្ទុក​មើល​ការ​ខុសត្រូវ​លើ​អង្គការ​ក្រៅ​រដ្ឋាភិបាល ក៏​បាន​អះអាង​ដែរ​ថា ការិយាល័យ​របស់​លោក​មិន​ទទួលបញ្ជា​ពី​នរ ណា​នោះ​ទេ។ មាន​តែ​រដ្ឋមន្រ្តី​ប៉ុណ្ណោះ​ទេ​ដែល​ធ្វើ​សេចក្តីសម្រេច​ចុងក្រោយ​លើការ​ចុះបញ្ជី​អង្គការ​ក្រៅរដ្ឋាភិបាល​និង​គណបក្ស​នយោបាយ។

ក៏ប៉ុន្តែ​ក្រុម​អ្នក​រិះគន់​ក្នុង​ស្រុក​និងអន្តរជាតិ​និយាយ​ថា អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាង ៩.០០០ នៅ​ក្នុង​ប្រទេស​អ៊ូបេគីស្ថាន​មិន​តំណាង​ឲ្យ​សង្គមស៊ីវិល​ពិតប្រាកដ​នោះទេ ហើយ​ថា ប្រព័ន្ធ​ដឹកនាំ «ក្រៅ​រដ្ឋាភិបាល» នា​ពេល​បច្ចុប្បន្ន​គឺគ្រាន់​តែ​ជា​ការ​ពង្រីក​បន្ថែម​នៃ​រដ្ឋាភិបាល​ប៉ុណ្ណោះ។

រដ្ឋាភិបាល​ក្រុង​តាស្កិន​បាន​បង្កើត​មួយ​ផ្នែក​ធំ​នៃ​ច្បាប់​សង្គមស៊ីវិល​នៅ​ក្រោម​មេដឹកនាំ​កាល​ពី​មុន​គឺ​លោក Islam Karimov ក្នុង​គោលបំណង​ប្រើប្រាស់​ជា​វាំងនន​មួយ​ដើម្បី​បំភ័ន្ត​ពិភព លោក​ឲ្យ​ជឿ​ថា អ៊ូសបេគីស្ថាន​កំពុង​តែ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ។

សកម្មជន​អ៊ូសបេគីស្ថាន​និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​នៅ​ក្រៅ​ប្រទេស​ត្អូញត្អែរ​ថា ក្រសួង​ផ្តល់​ការ​ចុះ​បញ្ជី​ឲ្យ​អង្គការ​ណា​ ដែល​សន្យា​នឹង​ដើរតួ​ជា​ទីភ្នាក់ងារ​របស់​ពួកគេ​ប៉ុណ្ណោះ។ ជា​ជាង​ដាក់​និយ័តកម្ម​លើ​អង្គការ​ទាំង​នោះ ពួកគេ​និយាយ​ថា រដ្ឋាភិបាលបាន​លូកដៃ​ដោយ​ផ្ទាល់ ដោយ​ដាក់​សម្ពាធ​លើ​អង្គការ​ណាដែល​ទាមទារ​សេវាកម្ម តម្លាភាព ការ​ទទួល​ខុសត្រូវ ​និង​យុត្តិធម៌​ប្រសើរ​ជាង​មុន។

រដ្ឋាភិបាល​ក្រុង​តាស្កិន​ទទួល​បាន​អនុសាសន៍​ជា​ច្រើន​ពី​បណ្តា​ប្រទេស​ដៃគូ​នៅ​បស្ចិមលោក ជាពិសេស​ ពាក់ព័ន្ធ​នឹងការ​ធានា​ឲ្យ​បាននូវ​សង្គមស៊ីវិលដែលរឹងមាំនិង​ប្រកប​ដោយ​ស្វ័យ ភាព​ជាង​មុន។

នៅ​ពេល​ត្រូវ​បាន​ចោទសួរ លោក Madaminov និយាយ​ថា អ៊ូសបេគីស្ថាន​ស្តាប់​ប្រទេស​លោក​ខាង​លិច យល់​ពី​កាតព្វកិច្ច​អន្តរជាតិ​របស់​ខ្លួន​និង​ព្យាយាម​តាម​តែ​អាច​ធ្វើ​បាន​ដើម្បី​សម្រប​ទៅ​តាម​បទដ្ឋាន​អន្តរជាតិ ខណៈ​បង្កើត​នូវ«លំហ​សង្គម​ស៊ីវិល» តាម​ទម្រង់​របស់​ខ្លួន​មួយ ដែល​កើត​ចេញ​ពី​តម្រូវការ និង​ផលប្រយោជន៍​របស់​ពលរដ្ឋអ៊ូសបេគីស្ថាន។

លោក Madaminov និយាយ​ថា៖ «ភាព​ជោគជ័យនៃ​សង្គម​ស៊ីវិល​របស់​យើង​នៅ​ទីបំផុត​គឺ​ពឹង ផ្អែក​លើ​ឆន្ទៈ​និង​ការ​ប្តេជ្ញា​របស់​អ្នក​ដឹកនាំ​អង្គការ​ទាំង​នោះ។ ច្បាប់​និង​ប្រព័ន្ធ​ដែល​យើង​កំពុង​ធ្វើការ​កែទម្រង់​ ផ្តល់​នូវ​ឱកាស​ ដើម្បី​នាំ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​វិជ្ជមាន​សម្រាប់​ជីវិត​ពលរដ្ឋ​អ៊ូសបេគីស្ថាន។

គ្រប់​ឥស្សរជននយោបាយ​ជាន់​ខ្ពស់​ដែល VOA បាន​សម្ភាសន៍​យល់​ថា ការ​គាំទ្រ​និង​ជំនួយ​របស់​សហរដ្ឋអាមេរិក​ ជា​កត្តា​ចម្បង​មួយ​ដើម្បី​កែទម្រង់​ប្រទេស​អ៊ូសបេគីស្ថាន ដោយ​ទទួល​ស្គាល់​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​មាន​ក្តី​រំពឹង​ខ្ពស់។

សារ​របស់​ពួកគេ​គឺ បន្ត​ជួយ​តាម​បែបផែន​តាមដែល​អាច​ធ្វើ​បាន។ មាន​ការ​អត់ធ្មត់​ជាមួយ​នឹងអ៊ូសបេគីស្ថាន​ដោយសារ​តែ​ប្រទេស​នេះ​កំពុង​តែ​រៀនសូត្រ​ពី​មួយ​ជំហាន​ទៅ​មួយ​ជំហាន។ ពួកគេ​បាន​បន្ត​ថា ដូច​ដែល​សហរដ្ឋអាមេរិក​ប្រាថ្នា​ចង់​បាន អ៊ូសបេគីស្ថាន​ក៏​ចង់​បាន​សន្តិសុខ វឌ្ឍនភាព​ និង​សេរីភាពពេញលេញ​នៅ​ទីបំផុត​ផង​ដែរ៕

ប្រែសម្រួល​ដោយ​លោក​ ណឹម សុភ័ក្រ្តបញ្ញា